Wednesday, November 29, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប ជួយឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅដោយជោគជ័យ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះរាជពិធីបុណ្យអុំទូក   បណ្តែតប្រទីប  និងសំពះព្រះខែ  អកអំបុក បានប្រព្រឹត្តទៅដោយរលូន  និងប្រកប ដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើត ស្នាមញញឹមដល់មហាគ្រួសារខ្មែរ  និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ។

សម្តេចធិបតី បានគូសរំលេចតាមបណ្តាញសង្គមនាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា នេះថា «ភាពជោគ ជ័យនេះ  អាចសម្រេចទៅបាន  គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តា ក្រុមការងារពាក់ព័ន្ធ  ជាពិសេស កងកម្លាំងគ្រប់ប្រភេទ  ដែលបានលះបង់ពេលវេលា  និងកម្លាំងកាយចិត្តធ្វើយ៉ាង ណា ធានាឱ្យបានសេចក្តីសុខ  សុវត្ដិភាព  សណ្តាប់ធ្នាប់សាធារណៈ  និងបង្កលក្ខណ:គ្រប់បែបយ៉ាង  ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល  និងក្នុងនាមសម្តេចផ្ទាល់  សម្តេចធិបតី ថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់  ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព  និងអនាម័យ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ  សិល្បៈ ការីនីទាំងអស់  ដែលបានផ្តល់ផ្ទាំងទស្សនីយភាពរីករាយ  និងការរាំលេងកំសាន្តគ្រប់ទីកន្លែង ដល់ មហាជន  ប្រកបដោយភាពស្រស់ស្រាយ  និងសប្បាយអឺងកង។

សូមបញ្ជាក់ថា បន្ទាប់ពីការខកខានអស់រយៈពេលប្រមាណ៣ឆ្នាំជាប់គ្នា ព្រះរាជពិធីបុណ្យអុំទូក   បណ្តែត ប្រទីប  និងសំពះព្រះខែ  អកអំបុកដែលជាព្រះរាជបវេណីរបស់ខ្មែរ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិ ក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងព្រះរាជពិធីរយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមទាំងអ្នកទេសចរបរទេសផង ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយបំផុត។

ក្នុងនោះគេបានសង្កេតឃើញថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអរតាមបរវេណ ដងទន្លេ យ៉ា ងស្រស់បំព្រងសម្រាប់ជាទីទស្សនា និងកម្សាន្ត។ ដោយឡែកសន្តិសុខ សណ្តាប់ធ្នាប់ ក៏ត្រូវបានយក ចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងកងកម្លាំបពាក់ព័ន្ធគ្រប់ប្រភេទ ជាហេតុធ្វើឱ្យព្រះរាជពិធីរយៈ ពេល៣ថ្ងៃមិន មាន បាតុភាពមិនល្អណាមួយកើតឡើងនោះឡើយ។

ទិដ្ឋភាពដ៏រីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ ធ្វើឱ្យគេមើលឃើញពីតម្លៃសុខសន្តិភាព និងសមត្ថភាពនៃការរៀបចំរបស់រាជរដ្ឋាភិបាលប្រកបដោយភាពល្អប្រសើរ៕