នៅថ្ងៃទី ២៧ ខែ
មករា ឆ្នាំ ២០១៦នេះ ឯកឧត្តម ជុំ សុន្ទរី
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានចុះ ទៅអន្តរាគមន៍ដោះស្រាយបញ្ហាតម្លើងប្រាក់ឈ្នួល
ជូនពលករខ្មែរទៅធ្វើការនៅបរទេសដែលទទួលរងនូវការរំលោភបំពានពីសំណាក់និយោជកនៃក្រុមហ៊ុន
និងអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះ ដែលត្រូវប្ដីធ្វើបាប។
ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានចុះជួយដោះស្រាយបញ្ហាជូនពលករខ្មែរទៅធ្វើការនៅបរទេសរួមមាន
រាជាណាចក្រថៃ ប្រទេសចិន និងប្រទេសម៉ាឡេស៊ី
តបតាមការតវ៉ាពីស្ថានទូតនីមួយៗ។ ដែលអន្តរាគមន៍ទាំងនោះមានដូចជា៖
អនុវត្តតាមការណែនាំរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ស្ថាន-
ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ
២០១៦ បានចុះ ទៅអន្តរាគមន៍ដោះស្រាយបញ្ហាតម្លើងប្រាក់ឈ្នួល ជូនពលករខ្មែរស្របច្បាប់ចំនួន២៦០នាក់
ដែលធ្វើការនៅការដ្ឋានសាងសង់់ក្នុងឃុំបាងវួរ ស្រុកបាងស្ម័គ្រ ខេត្តឆាក់ឆឹងសៅ(Chachoengsao) ប្រទេសថៃ ហើយទទួលរងនូវការរំលោភបំពានពីសំណាក់និយោជកនៃក្រុមហ៊ុន សំណង់ឈ្មោះ POTEAM BUILDER CO.,
LTD ។
បន្ទាប់ពីមានជំនួបប្រជុំរវាងតំណាងស្ថានទូត តំណាងមន្ទីរការងារខេត្តឆាក់ឆឹងសៅ
តំណាងនិយោជក និងតំណាងពលកររួចមក ជាលទ្ធផលតំណាងនិយោជកបានឯកភាព តម្លើងប្រាក់ឈ្នូល
៣០០ បាត ក្នុងមួយថ្ងៃស្មើៗគ្នាសំរាប់បុរសនិងស្រ្តី និងយល់ព្រមប្រគល់ លិខិតឆ្លងដែនជូនពលករវិញ។
ឯកឧត្តម ជុំ
សុន្ទរី បានបន្ថែមថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន
បានអន្តរាគមន៍ជួយស្រ្តីខ្មែរ រងគ្រោះចំនួន០២នាក់ ដែលត្រូវប្ដីធ្វើបាប មានឈ្មោះ
ហួន ស្រីតូច អាយុ ២៨ ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
និងសេង សា អាយុ ២៨ ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំបាជ័យ ខេត្តកំពង់ធំ។
ស្រ្ដីខ្មែររងគ្រោះទាំងពីរនាក់
ហួន ស្រីតូច និង សេង សា នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៧
ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១៣:៣០ នាទី
រសៀល តាមជើងយន្តហោះ CZ 6059
អ្នកនាំពាក្យ
ក្រសួងការបរទេសក៏បានឲ្យដឹងផងដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០១នាក់
ឈ្មោះ សុខ សាន អាយុ ២៤ ឆ្នាំ នៅភូមិកំប៉ី ឃុំរំចេក ស្រុកមេមត់
ខេត្តត្បូងឃ្មុំ ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី
តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤ ហើយជួបប្រទះនឹងការលំបាកក្នុងការងារ
អោយបានត្រឡប់មកកម្ពុជាវិញ ។
តាមការតវ៉ាពីស្ថានទូតនៅថ្ងៃទី
១៥ ខែ មករា ឆ្នាំ ២០១៦ ថៅកែបានយល់ព្រមបើកប្រាក់ខែ គ្រប់ចំនួនអោយពលការិនី សុខ
សាន។
កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ
ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប ចុកជូនដល់ពលការិនី រូបនេះ ។
ពលការិនី សុខ
សាន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៤: ០០ រសៀល តាមជើងយន្តហោះ AK ៥៣៤៕