Thursday, February 16, 2023

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។



តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឲ្យដឹងអំពីលទ្ធផលជំនួបថា ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថាឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣ ។

ឯកឧត្តម យ៉ូស៊ីដា បានសម្ដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តម យ៉ូស៊ីដា បានបន្ថែមថា បើសិនគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាពឡើយ។ ឯកឧត្តម នឹងជំរុញពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬអ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។ ក្នុងន័យនេះ ឯកឧត្តម យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម យ៉ូស៊ីដា ហើយបានជម្រាបជូនពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសបានរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ 

សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនោះ ពិតជាពិបាកណាស់ កម្ពុជាបានរងនូវការបាត់បង់ស្ទើរទាំងអស់។មួយចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេច គ្មានជម្រើសផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់ ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕

លិខិតមិត្តអ្នកអាន៖ ពួកជើងឯកខាងសេរីភាពសារព័ត៌មានអស់លក្ខណ៍!

នៅពេលយើងឃើញអាជ្ញាធរប្រទេសឥណ្ឌាចុះឡោមព័ទ្ធ និងឆែកឆេរទីស្នាក់ការសារព័ត៌មាន BBC របស់អង់គ្លេសក្នុងទីក្រុងម៉ុមបៃ និងញូវដេលី ក្រោយពីសារព័ត៌មានមួយនេះបានចេញផ្សាយឯកសារវីដេអូ វាយប្រហារលើប្រធានាធិបតីឥណ្ឌា បានធ្វើឲ្យយើងនឹកឃើញដល់ប្រតិបត្តិការក្តៅគគុកជាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស ក្នុងការបិទខ្ទប់សារព័ត៌មានរបស់រុស្ស៊ី RT និង Sputnik ទាំងអស់ឲ្យលែងមើលឃើញនៅលើទឹកដីរបស់ខ្លួនកាលពីឆ្នាំទៅមិញ។


ពេលនោះអ្នកកាសែតដែលបម្រើការឲ្យសារព័ត៌មានទាំងពីរនេះបានចាកចេញពីការិយាល័យរបស់ខ្លួនដោយមិនអាចតវ៉ាបានឡើយ និងដោយគ្មានអង្គការសិទ្ធិមនុស្ស ឬសង្គមស៊ីវិលណាជួយឈឺឆ្អាលឡើយ។ មូលហេតុដែលគេបានលើកមកពន្យល់សម្រាប់ប្រតិបត្តិការបិទមាត់សារព័ត៌មានរុស្ស៊ី គឺដោយសារ «សារព័ត៌មានទាំងនោះបានផ្សាយព័ត៌មានមិនពិត» ស្តីពីអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយប្រឆាំងរុស្ស៊ី។ ក្រោមហេតុផលនេះ ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក និងអឺរ៉ុបទាំងមូលលែងអាចទទួលព័ត៌មានអ្វីទាំងអស់ពីភាគីរុស្ស៊ី ពោលគឺពួកគេត្រូវបង្ខំចិត្តទទួលយកព័ត៌មានតែម្ខាងប៉ុណ្ណោះ។ មិនត្រឹមតែនៅអឺរ៉ុបនិងអាមេរិកទេ សូម្បីនៅកម្ពុជានិងប្រទេសផ្សេងទៀត ក៏មើលលែងឃើញទូរទស្សន៍រុស្ស៊ីទៀតដែរ។

សំណួរដែលចោទឡើងពេលនោះរហូតមកទល់ពេលនេះគឺថា ប្រសិនបើប្រទេសលោកខាងលិចទាំងនោះជាជើងឯកខាងសេរីភាពសារព័ត៌មាន ដូចដែលអង្គការមួយនោះ​តែងបង្ហាញជារៀងរាល់ឆ្នាំមែននោះ ហេតុដូចម្តេចបានជាត្រូវបិទខ្ទប់សារព័ត៌មានរបស់រុស្ស៊ី?

អ្នកដែលអួតក្អេងក្អាងខាងជើងឯកនៃសេរីភាពសារព័ត៌មាន​តែងតែអះអាង​យ៉ាង​រត់មាត់ថា ប្រជាពលរដ្ឋត្រូវការព័ត៌មានគ្រប់ជ្រុងដោយមិនអាចខ្វះជ្រុងណាមួយបានឡើយ រាប់ទាំងសំឡេងប្រឆាំងផង។ ប៉ុន្តែនៅពេលដែលព័ត៌មានទាំងនោះប៉ះពាល់​ផលប្រយោជន៍ជាតិរបស់ខ្លួន ក៏សម្រេចបិទខ្ទប់ជាប្រព័ន្ធតែម្តងដោយអត្តនោម័ត។

នៅពេលមានការបិទខ្ទប់សារព័ត៌មានរុស្ស៊ីជាលក្ខណៈប្រព័ន្ធនោះ គេមិនបានលឺស្ថាន​ទូតលោកខាងលិចណាមួយនៅភ្នំពេញចេញមកថ្លែងសារដើម្បីទាមទាររកសេរីភាពសារព័ត៌មានទាល់តែសោះ។ គេក៏មិនបានឃើញអង្គការអន្តរជាតិ ឬសង្គមស៊ីវិលនៅស្រុក​ខ្មែរចេញសេចក្តីថ្លែងការណ៍ណាមួយថ្កោលទោសការបិទខ្ទប់នេះទាល់តែសោះ។

ចំណែកសារព័ត៌មានមហាឯករាជ្យទាំងឡាយ ទាំងក្នុងនិងក្រៅស្រុកដែលតែងតែហារមាត់និយាយអាក្រក់ពីកម្ពុជាឥតឈប់ឈរនោះក៏នៅតែបន្តបិទបបេរ បិទភ្នែក បិទត្រចៀក ដូចគេចុក។ រហូតមកទល់ពេលនេះ ការបិទខ្ទប់នៅតែបន្តដដែលដោយមិនទាន់បើកវិញឡើយ ប៉ុន្តែជើងឯកខាងប្រជាធិបតេយ្យ និងខាងសេរីភាពសារព័ត៌មានទាំងនោះ នៅតែបន្តបិទ​មាត់ស្ងាត់ឈឹង​ដូចចោរលួចសេះ។

ឥឡូវនេះ គ្រាន់តែកម្ពុជាបិទសារព័ត៌មានដែលជាកូនជឹងរបស់ខ្លួនតែមួយដែលបានបំពានវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយប្រទេសទាំងមូល ស្រាប់តែពួកមេកន្ទ្រាញទាំងឡាយ ចេញមកឡាំប៉ា លោតដូចស្វាលេងប៉ាហ៊ី ស្រែកចេចចាកពេញព្រៃប្រៀបដូចមេឃបាក់ធ្លាក់សង្កត់លើក្បាល។ សកម្មភាពនេះបានធ្វើឲ្យ​ក្មេងៗ​ឃ្វាលគោតាមភូមិនាំគ្នាអស់សំណើចយ៉ាងខ្លាំង រហូតដល់អ្នកខ្លះសើចឡើងហៀរសំបោរ ជ្រុះខោចេញពីខ្លួនក៏មាន។

ពួកគេសើចត្បិតហួសចិត្តនឹងមហារាជដែលដេកលក់​យ៉ាងស្កប់ស្កល់ សូម្បីតែរន្ទះបាញ់ពេញមេឃក៏មិនខ្ទីឮ ស្រាប់តែមកធ្វើភ្ញាក់ខ្លួនក្រញ៉ាង លោតជើងបីជើងបួនដោយគ្រាន់តែលឺសំឡេងក្មេងឃ្វាលគោបាញ់​កាំភ្លោះមួយគ្រាប់​ដើម្បី​ដេញគោ​ប៉ុណ្ណោះ។ ពិតជាកំពូលអ្នកសម្តែងមែន ទាំងមហារាជ និងមីនុមមីនាង ស្រុះគ្នាល្អណាស់។

សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍សេរីភាព​សារព័ត៌មាន គេពិតជាយល់ច្បាស់ណាស់អំពីល្បិចកលអស់ទាំងនេះ ពីព្រោះវានៅលើគោកពេក ដោយគ្មានអ្វីពិបាកមើលឡើយ។ ខ្លួនឯងធ្វើរឿងប៉ុនភ្នំចេះតែធ្វើបាន គេធ្វើរឿងប៉ុនគ្រាប់ខ្សាច់ បែរជានាំគ្នាទះប៉ោត ទូងស្គរ ឡកឆៃយ៉ាំ សម្បើមណាស់។

ដូច្នេះ វាសមរម្យណាស់ដែលអាជ្ញាធរកម្ពុជាត្រូវកម្ចាត់ចោលឧបាយកលពិសពិលទាំងនេះចេញពីកម្ពុជាឲ្យដូចជាការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមឲ្យអស់ពីកម្ពុជាយ៉ាងដូច្នោះដែរដើម្បីកុំឲ្យពួកជើងឯកខាងសេរីភាពសារព័ត៌មានទាំងនោះពូកែលាក់ពុតនិងសម្ងំធ្វើព្យុះភ្លៀងតទៅទៀត៕

អត្ថបទដោយ៖ បញ្ញវន្តខ្មែរ

លិខិតមិត្តអ្នកអាន៖ តើការគាំទ្រចំណាត់ការលើ VOD គឺដោយសារខ្លាចមេដឹកនាំ និងជាការនិយាយហៃអើតាមគ្នាឬ?

(ភ្នំពេញ)៖ មានអ្នកខ្លះយល់ថា ការដែលមន្ត្រីរាជការគាំទ្រចំណាត់ការលើ VOD គឺដោយសារខ្លាចមេដឹកនាំ ដូច្នេះត្រូវតែនិយាយហៃអើតាមគ្នា។ ខុសហើយ។ នេះគឺជាការយល់ច្រឡំធំណាស់។

ខ្ញុំសូមទាញចំណាប់អារម្មណ៍សាធារណជនមកមើលតាមទស្សនៈគ្រប់គ្រងរដ្ឋ។ ករណីនេះគឺជាករណីធំណាស់ ព្រោះ VOD បានធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តស្ថាប័នគ្រប់គ្រងរដ្ឋ។ ការប៉ះពាល់ទៅលើ សម្តេចតេជោ ហ៊ុន សែន ក្តី ឯកឧត្តម ហ៊ុន ម៉ាណែត ក្តី ឬក៏មន្ត្រីសាធារណៈដទៃទៀតក្តី គឺមិនមែនជាការប៉ះពាល់ត្រឹមបុគ្គលឯកជន ឬប៉ះពាល់តែចំពោះបុគ្គលដែលរងការចោទប្រកាន់នោះទេ តែវាប៉ះពាល់លើគណនេយ្យភាព ភាពស្អាតស្អំ និងទំនុកចិត្តចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ។


ហេតុអ្វីបានជាប៉ះពាល់ស្ថាប័នរដ្ឋមិនបាន?

នៅក្នុងច្បាប់គ្រប់ប្រទេសទាំងអស់ ការប៉ះពាល់ដល់ស្ថាប័នរដ្ឋ ឬបុគ្គលសាធារណៈ គឺមានទំងន់ទោសធ្ងន់លើសពីការប៉ះពាល់ដល់បុគ្គលឯកជន។ អ្នកជំនាញច្បាប់អាចមានការបកស្រាយមូលហេតុក្បោះក្បាយជាងសំណេរនេះ។ ប៉ុន្តែបើនិយាយអោយសាមញ្ញនេះគឺដោយសារថា ទំនុកចិត្តចំពោះស្ថាប័នរដ្ឋមានសារសំខាន់មិនអាចខ្វះបានសម្រាប់អាជ្ញាធរ ឬស្ថាប័នសាធារណៈ ក្នុងការបម្រើសេវាសាធារណៈដល់ប្រជាជន និងការគ្រប់គ្រងប្រទេស។

ខ្ញុំសូមលើកឧទាហរណ៍ងាយយល់ ទាក់ទងនឹងការគ្រប់គ្រងជំងឺកូវីដ។ នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ប្រសិនបើមានអ្នកសារព័ត៌មាននិយាយថា កម្ពុជាជារដ្ឋាភិបាលអាយ៉ងចិន យកថ្នាំវ៉ាក់សាំងចិនគ្មានគុណភាព ដែលអឺរ៉ុបមិនទទួលស្គាល់ មកចាក់អោយប្រជាជនខ្លួន តើប្រជាជននឹងទទួលចាក់វ៉ាក់សាំង តាមការអំពាវនាវរបស់រដ្ឋាភិបាលដែរឬទេ?

ការចោទប្រកាន់នេះមានគ្រោះថ្នាក់ពីរយ៉ាង។ ទី១ គឺប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ថាមិនមានសមត្ថភាពពិចារណាថ្លឹងថ្លែងតាមវិទ្យាសាស្ត្រ ក្នុងការគ្រប់គ្រងសុខភាពសាធារណៈ។ ទី២ គឺប៉ះពាល់ និងធ្វើអោយរាំងស្ទះធ្ងន់ធ្ងរដល់ចំណាត់ការជារួមរបស់អាជ្ញាធរក្នុងការគ្រប់គ្រងសន្តិសុខសុខាភិបាល។

បើយើងមើលតែមួយជ្រុងគឺអាចនិយាយថា ជាសិទ្ធិសេរីភាពសារព័ត៌មាន ឬសិទ្ធិបញ្ចេញមតិ ប៉ុន្តែបើមើលមួយជ្រុងទៀតគឺប៉ះពាល់ដល់គណនេយ្យភាព និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋចំពោះសុខុមាលភាពប្រជាជន ធ្វើអោយប្រជាជនបាត់ជំនឿលើអាជ្ញាធរ និងរារាំងដល់ការបំពេញកាតព្វកិច្ច របស់រដ្ឋាភិបាលក្នុងការការពារសុខភាពប្រជាជនទាំងមូល។ ករណីនេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។

ការមិនជឿរដ្ឋាភិបាលគឺជាសិទ្ធិបុគ្គល ប៉ុន្តែការបំផ្លាញទំនុកចិត្តស្ថាប័នរដ្ឋដោយការប៉ះពាល់ដល់ភាពស្អាតស្អំ និងសុចរិតភាពរបស់ស្ថាប័ន ឬបុគ្គលសាធារណៈ មិនមែនជាសិទ្ធិបុគ្គលនោះឡើយ។ ហើយរឹតតែមិនមែនជាសិទ្ធិបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីរៈដោយមានការទទួលខុសត្រូវចំពោះមុខច្បាប់នោះដែរ។

អ្វីដែល VOD និយាយផ្សព្វផ្សាយដល់សាធារណជន គឺជាការនិយាយដោយមានន័យបង្កប់ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។ បើតាមអ្វីដែលសាធារណជនបានអាន ឬស្តាប់ VOD សាធារណជនប្រាកដជាយល់ និងធ្វើការវិនិច្ឆ័យថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់បានឡើងកាន់តំណែងផង គាត់បានធ្វើការបំពានអំណាចតួនាទីទៅហើយ។

បើនិយាយចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត នេះគឺជាការប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះសេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់បុគ្គលឯកជនគាត់ ប៉ុន្តែបន្ថែមលើសហ្នឹង គឺគាត់មានឋានៈតួនាទីជាបុគ្គលសាធារណៈ ដូច្នេះឥទ្ធិពលនៃទំនុកចិត្តវាបានប៉ះពាល់លើសពី ឯកឧត្តម ហ៊ុន ម៉ាណែត តែម្នាក់ឯងទៅទៀត។ បានន័យថា បើមិនធ្វើការកែតម្រូវការផ្សាយព័ត៌មាននេះទេ សាធារណជននឹងមានការយល់ច្រឡំ និងវិនិច្ឆ័យខុសចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ ដែលអនុញ្ញាតអោយមានការគ្រប់គ្រងកិច្ចការសាធារណៈ និងកិច្ចការស្ថាប័ន តាមតែអំពើចិត្ត ដោយគ្មានក្រឹត្យក្រមច្បាប់ និងនីតិវិធីការងារត្រឹមត្រូវ មិនសាកសមជាស្ថាប័នទទួលបន្ទុកជោគវាសនាជាតិ។

សូមកុំប្រើអារម្មណ៍មកវិនិច្ឆ័យ សូមកុំងាយវេចខ្ចប់បញ្ហាដាក់ចូលក្នុងកន្ត្រកសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន ឬសេរីភាពនៃការបញ្ចេញមតិអ្វីលឿនពេក។ ប្រទេសជាតិមានច្បាប់ សូមពិនិត្យមើលអោយបានគ្រប់ជ្រុង គ្រប់ទិដ្ឋភាពច្បាប់ ហើយថ្លឹងថ្លែងថា មួយណាមានទំងន់ជាង។ សម្រាប់ពលរដ្ឋស៊ីវិល័យគ្រប់រូប តោងយល់ថា សិទ្ធិតែងតែភ្ជាប់ជាមួយនឹងកាតព្វកិច្ច។ សូមកុំវង្វេងគិតតែទាមទារសិទ្ធិ ហើយភ្លេចពីកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់ នៅក្រោមរដ្ឋធម្មនុញ្ញអោយសោះ។

ស៊ឹម វីរៈ

ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

ប្រធានាធិបតីអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ។

លោកប្រធានាធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ។

អំឡុងមានវត្តមាននៅកម្ពុជានេះ លោកបានទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប ជួបសន្ទនាជាមួយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕