Thursday, February 16, 2023

លិខិតមិត្តអ្នកអាន៖ ពួកជើងឯកខាងសេរីភាពសារព័ត៌មានអស់លក្ខណ៍!

នៅពេលយើងឃើញអាជ្ញាធរប្រទេសឥណ្ឌាចុះឡោមព័ទ្ធ និងឆែកឆេរទីស្នាក់ការសារព័ត៌មាន BBC របស់អង់គ្លេសក្នុងទីក្រុងម៉ុមបៃ និងញូវដេលី ក្រោយពីសារព័ត៌មានមួយនេះបានចេញផ្សាយឯកសារវីដេអូ វាយប្រហារលើប្រធានាធិបតីឥណ្ឌា បានធ្វើឲ្យយើងនឹកឃើញដល់ប្រតិបត្តិការក្តៅគគុកជាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស ក្នុងការបិទខ្ទប់សារព័ត៌មានរបស់រុស្ស៊ី RT និង Sputnik ទាំងអស់ឲ្យលែងមើលឃើញនៅលើទឹកដីរបស់ខ្លួនកាលពីឆ្នាំទៅមិញ។


ពេលនោះអ្នកកាសែតដែលបម្រើការឲ្យសារព័ត៌មានទាំងពីរនេះបានចាកចេញពីការិយាល័យរបស់ខ្លួនដោយមិនអាចតវ៉ាបានឡើយ និងដោយគ្មានអង្គការសិទ្ធិមនុស្ស ឬសង្គមស៊ីវិលណាជួយឈឺឆ្អាលឡើយ។ មូលហេតុដែលគេបានលើកមកពន្យល់សម្រាប់ប្រតិបត្តិការបិទមាត់សារព័ត៌មានរុស្ស៊ី គឺដោយសារ «សារព័ត៌មានទាំងនោះបានផ្សាយព័ត៌មានមិនពិត» ស្តីពីអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយប្រឆាំងរុស្ស៊ី។ ក្រោមហេតុផលនេះ ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក និងអឺរ៉ុបទាំងមូលលែងអាចទទួលព័ត៌មានអ្វីទាំងអស់ពីភាគីរុស្ស៊ី ពោលគឺពួកគេត្រូវបង្ខំចិត្តទទួលយកព័ត៌មានតែម្ខាងប៉ុណ្ណោះ។ មិនត្រឹមតែនៅអឺរ៉ុបនិងអាមេរិកទេ សូម្បីនៅកម្ពុជានិងប្រទេសផ្សេងទៀត ក៏មើលលែងឃើញទូរទស្សន៍រុស្ស៊ីទៀតដែរ។

សំណួរដែលចោទឡើងពេលនោះរហូតមកទល់ពេលនេះគឺថា ប្រសិនបើប្រទេសលោកខាងលិចទាំងនោះជាជើងឯកខាងសេរីភាពសារព័ត៌មាន ដូចដែលអង្គការមួយនោះ​តែងបង្ហាញជារៀងរាល់ឆ្នាំមែននោះ ហេតុដូចម្តេចបានជាត្រូវបិទខ្ទប់សារព័ត៌មានរបស់រុស្ស៊ី?

អ្នកដែលអួតក្អេងក្អាងខាងជើងឯកនៃសេរីភាពសារព័ត៌មាន​តែងតែអះអាង​យ៉ាង​រត់មាត់ថា ប្រជាពលរដ្ឋត្រូវការព័ត៌មានគ្រប់ជ្រុងដោយមិនអាចខ្វះជ្រុងណាមួយបានឡើយ រាប់ទាំងសំឡេងប្រឆាំងផង។ ប៉ុន្តែនៅពេលដែលព័ត៌មានទាំងនោះប៉ះពាល់​ផលប្រយោជន៍ជាតិរបស់ខ្លួន ក៏សម្រេចបិទខ្ទប់ជាប្រព័ន្ធតែម្តងដោយអត្តនោម័ត។

នៅពេលមានការបិទខ្ទប់សារព័ត៌មានរុស្ស៊ីជាលក្ខណៈប្រព័ន្ធនោះ គេមិនបានលឺស្ថាន​ទូតលោកខាងលិចណាមួយនៅភ្នំពេញចេញមកថ្លែងសារដើម្បីទាមទាររកសេរីភាពសារព័ត៌មានទាល់តែសោះ។ គេក៏មិនបានឃើញអង្គការអន្តរជាតិ ឬសង្គមស៊ីវិលនៅស្រុក​ខ្មែរចេញសេចក្តីថ្លែងការណ៍ណាមួយថ្កោលទោសការបិទខ្ទប់នេះទាល់តែសោះ។

ចំណែកសារព័ត៌មានមហាឯករាជ្យទាំងឡាយ ទាំងក្នុងនិងក្រៅស្រុកដែលតែងតែហារមាត់និយាយអាក្រក់ពីកម្ពុជាឥតឈប់ឈរនោះក៏នៅតែបន្តបិទបបេរ បិទភ្នែក បិទត្រចៀក ដូចគេចុក។ រហូតមកទល់ពេលនេះ ការបិទខ្ទប់នៅតែបន្តដដែលដោយមិនទាន់បើកវិញឡើយ ប៉ុន្តែជើងឯកខាងប្រជាធិបតេយ្យ និងខាងសេរីភាពសារព័ត៌មានទាំងនោះ នៅតែបន្តបិទ​មាត់ស្ងាត់ឈឹង​ដូចចោរលួចសេះ។

ឥឡូវនេះ គ្រាន់តែកម្ពុជាបិទសារព័ត៌មានដែលជាកូនជឹងរបស់ខ្លួនតែមួយដែលបានបំពានវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយប្រទេសទាំងមូល ស្រាប់តែពួកមេកន្ទ្រាញទាំងឡាយ ចេញមកឡាំប៉ា លោតដូចស្វាលេងប៉ាហ៊ី ស្រែកចេចចាកពេញព្រៃប្រៀបដូចមេឃបាក់ធ្លាក់សង្កត់លើក្បាល។ សកម្មភាពនេះបានធ្វើឲ្យ​ក្មេងៗ​ឃ្វាលគោតាមភូមិនាំគ្នាអស់សំណើចយ៉ាងខ្លាំង រហូតដល់អ្នកខ្លះសើចឡើងហៀរសំបោរ ជ្រុះខោចេញពីខ្លួនក៏មាន។

ពួកគេសើចត្បិតហួសចិត្តនឹងមហារាជដែលដេកលក់​យ៉ាងស្កប់ស្កល់ សូម្បីតែរន្ទះបាញ់ពេញមេឃក៏មិនខ្ទីឮ ស្រាប់តែមកធ្វើភ្ញាក់ខ្លួនក្រញ៉ាង លោតជើងបីជើងបួនដោយគ្រាន់តែលឺសំឡេងក្មេងឃ្វាលគោបាញ់​កាំភ្លោះមួយគ្រាប់​ដើម្បី​ដេញគោ​ប៉ុណ្ណោះ។ ពិតជាកំពូលអ្នកសម្តែងមែន ទាំងមហារាជ និងមីនុមមីនាង ស្រុះគ្នាល្អណាស់។

សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍សេរីភាព​សារព័ត៌មាន គេពិតជាយល់ច្បាស់ណាស់អំពីល្បិចកលអស់ទាំងនេះ ពីព្រោះវានៅលើគោកពេក ដោយគ្មានអ្វីពិបាកមើលឡើយ។ ខ្លួនឯងធ្វើរឿងប៉ុនភ្នំចេះតែធ្វើបាន គេធ្វើរឿងប៉ុនគ្រាប់ខ្សាច់ បែរជានាំគ្នាទះប៉ោត ទូងស្គរ ឡកឆៃយ៉ាំ សម្បើមណាស់។

ដូច្នេះ វាសមរម្យណាស់ដែលអាជ្ញាធរកម្ពុជាត្រូវកម្ចាត់ចោលឧបាយកលពិសពិលទាំងនេះចេញពីកម្ពុជាឲ្យដូចជាការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមឲ្យអស់ពីកម្ពុជាយ៉ាងដូច្នោះដែរដើម្បីកុំឲ្យពួកជើងឯកខាងសេរីភាពសារព័ត៌មានទាំងនោះពូកែលាក់ពុតនិងសម្ងំធ្វើព្យុះភ្លៀងតទៅទៀត៕

អត្ថបទដោយ៖ បញ្ញវន្តខ្មែរ

No comments:

Post a Comment