Thursday, February 16, 2023

លិខិតមិត្តអ្នកអាន៖ តើការគាំទ្រចំណាត់ការលើ VOD គឺដោយសារខ្លាចមេដឹកនាំ និងជាការនិយាយហៃអើតាមគ្នាឬ?

(ភ្នំពេញ)៖ មានអ្នកខ្លះយល់ថា ការដែលមន្ត្រីរាជការគាំទ្រចំណាត់ការលើ VOD គឺដោយសារខ្លាចមេដឹកនាំ ដូច្នេះត្រូវតែនិយាយហៃអើតាមគ្នា។ ខុសហើយ។ នេះគឺជាការយល់ច្រឡំធំណាស់។

ខ្ញុំសូមទាញចំណាប់អារម្មណ៍សាធារណជនមកមើលតាមទស្សនៈគ្រប់គ្រងរដ្ឋ។ ករណីនេះគឺជាករណីធំណាស់ ព្រោះ VOD បានធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តស្ថាប័នគ្រប់គ្រងរដ្ឋ។ ការប៉ះពាល់ទៅលើ សម្តេចតេជោ ហ៊ុន សែន ក្តី ឯកឧត្តម ហ៊ុន ម៉ាណែត ក្តី ឬក៏មន្ត្រីសាធារណៈដទៃទៀតក្តី គឺមិនមែនជាការប៉ះពាល់ត្រឹមបុគ្គលឯកជន ឬប៉ះពាល់តែចំពោះបុគ្គលដែលរងការចោទប្រកាន់នោះទេ តែវាប៉ះពាល់លើគណនេយ្យភាព ភាពស្អាតស្អំ និងទំនុកចិត្តចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ។


ហេតុអ្វីបានជាប៉ះពាល់ស្ថាប័នរដ្ឋមិនបាន?

នៅក្នុងច្បាប់គ្រប់ប្រទេសទាំងអស់ ការប៉ះពាល់ដល់ស្ថាប័នរដ្ឋ ឬបុគ្គលសាធារណៈ គឺមានទំងន់ទោសធ្ងន់លើសពីការប៉ះពាល់ដល់បុគ្គលឯកជន។ អ្នកជំនាញច្បាប់អាចមានការបកស្រាយមូលហេតុក្បោះក្បាយជាងសំណេរនេះ។ ប៉ុន្តែបើនិយាយអោយសាមញ្ញនេះគឺដោយសារថា ទំនុកចិត្តចំពោះស្ថាប័នរដ្ឋមានសារសំខាន់មិនអាចខ្វះបានសម្រាប់អាជ្ញាធរ ឬស្ថាប័នសាធារណៈ ក្នុងការបម្រើសេវាសាធារណៈដល់ប្រជាជន និងការគ្រប់គ្រងប្រទេស។

ខ្ញុំសូមលើកឧទាហរណ៍ងាយយល់ ទាក់ទងនឹងការគ្រប់គ្រងជំងឺកូវីដ។ នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ប្រសិនបើមានអ្នកសារព័ត៌មាននិយាយថា កម្ពុជាជារដ្ឋាភិបាលអាយ៉ងចិន យកថ្នាំវ៉ាក់សាំងចិនគ្មានគុណភាព ដែលអឺរ៉ុបមិនទទួលស្គាល់ មកចាក់អោយប្រជាជនខ្លួន តើប្រជាជននឹងទទួលចាក់វ៉ាក់សាំង តាមការអំពាវនាវរបស់រដ្ឋាភិបាលដែរឬទេ?

ការចោទប្រកាន់នេះមានគ្រោះថ្នាក់ពីរយ៉ាង។ ទី១ គឺប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ថាមិនមានសមត្ថភាពពិចារណាថ្លឹងថ្លែងតាមវិទ្យាសាស្ត្រ ក្នុងការគ្រប់គ្រងសុខភាពសាធារណៈ។ ទី២ គឺប៉ះពាល់ និងធ្វើអោយរាំងស្ទះធ្ងន់ធ្ងរដល់ចំណាត់ការជារួមរបស់អាជ្ញាធរក្នុងការគ្រប់គ្រងសន្តិសុខសុខាភិបាល។

បើយើងមើលតែមួយជ្រុងគឺអាចនិយាយថា ជាសិទ្ធិសេរីភាពសារព័ត៌មាន ឬសិទ្ធិបញ្ចេញមតិ ប៉ុន្តែបើមើលមួយជ្រុងទៀតគឺប៉ះពាល់ដល់គណនេយ្យភាព និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋចំពោះសុខុមាលភាពប្រជាជន ធ្វើអោយប្រជាជនបាត់ជំនឿលើអាជ្ញាធរ និងរារាំងដល់ការបំពេញកាតព្វកិច្ច របស់រដ្ឋាភិបាលក្នុងការការពារសុខភាពប្រជាជនទាំងមូល។ ករណីនេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។

ការមិនជឿរដ្ឋាភិបាលគឺជាសិទ្ធិបុគ្គល ប៉ុន្តែការបំផ្លាញទំនុកចិត្តស្ថាប័នរដ្ឋដោយការប៉ះពាល់ដល់ភាពស្អាតស្អំ និងសុចរិតភាពរបស់ស្ថាប័ន ឬបុគ្គលសាធារណៈ មិនមែនជាសិទ្ធិបុគ្គលនោះឡើយ។ ហើយរឹតតែមិនមែនជាសិទ្ធិបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីរៈដោយមានការទទួលខុសត្រូវចំពោះមុខច្បាប់នោះដែរ។

អ្វីដែល VOD និយាយផ្សព្វផ្សាយដល់សាធារណជន គឺជាការនិយាយដោយមានន័យបង្កប់ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។ បើតាមអ្វីដែលសាធារណជនបានអាន ឬស្តាប់ VOD សាធារណជនប្រាកដជាយល់ និងធ្វើការវិនិច្ឆ័យថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់បានឡើងកាន់តំណែងផង គាត់បានធ្វើការបំពានអំណាចតួនាទីទៅហើយ។

បើនិយាយចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត នេះគឺជាការប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះសេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់បុគ្គលឯកជនគាត់ ប៉ុន្តែបន្ថែមលើសហ្នឹង គឺគាត់មានឋានៈតួនាទីជាបុគ្គលសាធារណៈ ដូច្នេះឥទ្ធិពលនៃទំនុកចិត្តវាបានប៉ះពាល់លើសពី ឯកឧត្តម ហ៊ុន ម៉ាណែត តែម្នាក់ឯងទៅទៀត។ បានន័យថា បើមិនធ្វើការកែតម្រូវការផ្សាយព័ត៌មាននេះទេ សាធារណជននឹងមានការយល់ច្រឡំ និងវិនិច្ឆ័យខុសចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ ដែលអនុញ្ញាតអោយមានការគ្រប់គ្រងកិច្ចការសាធារណៈ និងកិច្ចការស្ថាប័ន តាមតែអំពើចិត្ត ដោយគ្មានក្រឹត្យក្រមច្បាប់ និងនីតិវិធីការងារត្រឹមត្រូវ មិនសាកសមជាស្ថាប័នទទួលបន្ទុកជោគវាសនាជាតិ។

សូមកុំប្រើអារម្មណ៍មកវិនិច្ឆ័យ សូមកុំងាយវេចខ្ចប់បញ្ហាដាក់ចូលក្នុងកន្ត្រកសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន ឬសេរីភាពនៃការបញ្ចេញមតិអ្វីលឿនពេក។ ប្រទេសជាតិមានច្បាប់ សូមពិនិត្យមើលអោយបានគ្រប់ជ្រុង គ្រប់ទិដ្ឋភាពច្បាប់ ហើយថ្លឹងថ្លែងថា មួយណាមានទំងន់ជាង។ សម្រាប់ពលរដ្ឋស៊ីវិល័យគ្រប់រូប តោងយល់ថា សិទ្ធិតែងតែភ្ជាប់ជាមួយនឹងកាតព្វកិច្ច។ សូមកុំវង្វេងគិតតែទាមទារសិទ្ធិ ហើយភ្លេចពីកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់ នៅក្រោមរដ្ឋធម្មនុញ្ញអោយសោះ។

ស៊ឹម វីរៈ

ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

No comments:

Post a Comment