Friday, January 18, 2019

ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរព្រះគុណទូលថ្វាយ សម្តេចព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយជាថ្នាំពេទ្យចំនួន២០កេស និងមីយើងចំនួន ២០០កេស ដល់កាកបាទក្រហមកម្ពុជា។
សារលិខិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា «ខ្ញុំម្ចាស់ សូមថ្វាយនូវអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ។ ខ្ញុំម្ចាស់ សូមចាត់ចែងយកព្រះរាជអំណោយទាំងអស់ ទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ឱ្យបានទាន់ពេលវេលា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាអាទិ៍ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះសព្ទសាធុការពរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមហាក្សត្រីប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សារលិខិតរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អរគុណជាថ្មីដល់ជនរួមជាតិ និងគ្រប់បក្សនយោបាយបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើន!

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានអរគុណជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិ និងគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីឲ្យកម្ពុជាមាន ឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងទៀតថា ដោយសារតែប្រទេសកម្ពុជាយើង មានសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបធ្វើឲ្យដៃគូពាណិជ្ជករ វិនិយោគិន និងសហគមន៍អន្តរជាតិមានជំនឿទុក ចិត្តយ៉ាងខ្លាំង មកលើការដឹកនាំរបស់កម្ពុជា។
ជាក់ស្តែង កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
ខ្លឹមសារបង្ហោះលើ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានអត្ថន័យទាំងស្រុងយ៉ាង ដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? មួយរយៈកាលកន្លងទៅនេះ ប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំងទៅមុខគួរអោយកត់សម្គាល់ ហើយពួកគេបានកោតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជាយើង។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើន បន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
អ្វីដែលយើងអាចធ្វើបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងលំនឹងនៃកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទាំងអស់នេះហើយដែលបានធ្វើអោយដៃគូ ពាណិជ្ជករ វិនិយោគគិន និងសហគមន៍អន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់កម្ពុជា។
អរគុណបងប្អូនជនរួមជាតិ និងគណបក្សនយោយាបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពជើងគោក នឹងប្រារព្ធពិធីខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីចូលរួមអបអរសាទរពិធីខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានអង្គរក្ស ត្រូវចល័តអាវុធនិងរថពាសដែក ពីក្រុងតាខ្មៅ ខេត្តកណ្តាល នៅទីតាំងប្រារព្ធពិធី ធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេសដល់ផ្លូវជាតិលេខ៤ បទស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ពេលចប់ពិធីខួបគម្រប់២០ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សនឹងចល័តអាវុធ និងរថពាសដែក ពីទីតាំងប្រារព្ធពិធីតាម​តម្រាយ​ផ្លូវដដែល ចូលទៅបញ្ជាការដ្ឋានអង្គរក្សវិញ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ ៖

អាកាសធាតុនឹងចុះត្រជាក់ ចាប់ពីថ្ងៃទី២៥-២៧ ខែមករា

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា នៅថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ របស់ក្រសួងធនធានទឹក។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា «លក្ខណៈបែបនេះ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជា ចុះត្រជាក់ជា​ថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមក នៅក្នុងរង្វង់ពី១៧-១៩ អង្សាសេ»។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើង​នៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលចុះត្រជាក់នេះ ៕