Monday, May 02, 2016

សម្រង់ប្រសាសន៍សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាកម្មករ កម្មការិនី បុគ្គលិក មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខួបលើកទី ២០ នៃការសន្យាជួប ជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកជួបជុំជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ សាជាថ្មីម្ដងទៀត នៅក្នុងខួបលើកទី​ ១៣០ នៃទិវាពលកម្មអន្តរជាតិ។ ថ្ងៃនេះ ក៏ជាឆ្នាំខួបលើកទី ២០ នៃការសន្យា និងការអនុវត្តជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ នេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកកាន់ទីនេះជាបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គឺត្រូវបាន​តំ​ណាង​ដោយឯកឧត្តម អតីតឧបនាយករដ្ឋមន្រ្តី គាត ឈន់។ ថ្ងៃនេះ ខ្ញុំ​ព្រះករុណាខ្ញុំ ពិតជាមាន​ការ​រីក​រាយ​ដែល​បានជួបជុំសាជាថ្មីម្ដងទៀត តាមអ្វីដែលយើងធ្លាប់​បាននិយាយគ្នាថា ខ្ញុំព្រះករុណាខ្ញុំ នឹងមកជួបជុំជា​មួយ​នឹង​កម្មករ/ការិនី នៅកំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុនេះ ជារៀងរាល់ឆ្នាំ ដើម្បីតំណាងអោយការ​ជួបជុំ​កម្ម​ករ/ការិនី នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសខ្លួន​ខ្ញុំព្រះ​ករុ​ណាខ្ញុំផ្ទាល់​ ក្នុង​ឋានៈជា​ប្រមុខ​នៃរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើជូនចំពោះកម្មករ/​កា​រិនី​ទាំង​អស់​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា នូវការជូនពរ ក៏ដូចជាសង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើនកុះករ​រាប់រយ​រោង​ចក្រ​សហ​គ្រាស នឹងខិតខំមានការរៀបចំសប្បាយរីករាយ រហូតទៅដល់មានប្រឡងបវរកញ្ញាចុង​ក្រោយ​នៅ​ថ្ងៃ​នេះ មាន ២០ គូ, ស្រី ២០ និងប្រុស ២០ ប្រឡងផ្ដាច់ព្រ័ត្រនៅថ្ងៃនេះតែម្ដង។
របាយការណ៍បោកប្រាស់ព្រះមហាក្សត្រ៖ កម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិ
ពិតមែនហើយ នៅក្នុងទិវាពល​កម្មអន្តរជាតិតែងតែមានការហែក្បួនធំៗ នៅក្នុង និងតាមប្រទេសនានានៅ​លើ​ពិភពលោក។ ដោយឡែកនៅកម្ពុជារបស់យើង ក៏មានការរៀបចំហែក្បួនមួយចំនួនដោយមនុស្សមួយក្រុម​រាប់​សិប​នាក់ ឬរាប់រយនាក់នៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែធាតុអាកាសក្ដៅណាស់។ ខ្ញុំគិតថា ប្រហែលជាហែចុះ​ហែ​ឡើង​សល់តែមេក្បួនតែប៉ុណ្ណោះ ហើយក៏មេក្បួននោះ ប្រហែលជាអាចគេចទៅរកហាងកាហ្វេផងក៏មិនដឹង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បរិយាកាសបែបនេះ បង្ហាញអោយឃើញថា សុខសន្ដិភាពកំពុង​គ្រប​ដណ្ដប់នៅលើទឹក​ដី​នៃព្រះរាជាណាចក្រកម្ពុជា។ របាយការណ៍ពីអ្នកនយោបាយខ្លះ ថ្វាយទៅ​ព្រះ​មហា​ក្សត្រថា ប្រទេសកម្ពុជា​កំ​ពុង​ស្ថិតនៅក្នុងវិបត្តិ។ វាមិនមែនជារឿងពិតនោះទេ។ សូមអោយគេពិនិត្យមើល​អោយច្បាស់។ ខ្លួនគេផ្ទាល់កំ​ពុង​តែដើរលេងទេនៅ​ថ្ងៃ​នេះនោះ។ បើកំពុងដើរលេង ​មានន័យថា គេក៏មិនមានវិបត្តិអ្វីដែរ។ អញ្ចឹងទេគ្រាន់​តែ​ថា ដូចថាទះៗ អោយដឹងខ្លួនទៅ។ ខ្លួនឯងនិយាយបោកប្រជាពលរដ្ឋមិន​គ្រប់​គ្រាន់​ទេ ទៅបោកព្រះមហា​ក្សត្រ​ទៀត។ .. ព្រះមហាក្សត្រ ព្រះអង្គទតឃើញ​សភាពការណ៍វាយ៉ាងម៉េច អីយ៉ាងម៉េច(ហើយ)។
មូលហេតុ ៣ កំណត់យកនៅថ្ងៃទី ១ ខែ ឧសភា រៀង​រាល់ឆ្នាំ ជួបជុំកម្មករ/ការិនីនៅផែកំពង់សោម
អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាព​នៃកំពង់ផែស្វយ័តក្រុង​ព្រះ​សី​ហនុ​​របស់យើង ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានណាស់អនុស្សាវ​រីយ៍​នៅទីនេះខ្លាំងណាស់។ ដែលកំណត់យកថ្ងៃទី ១ ខែ ឧសភា រៀង​រាល់ឆ្នាំ ដើម្បីជួបជុំកម្មករ កម្មការិនីនៅទីនេះ​ដោយសារមានហេតុផល។ហេតុផលដំបូង គឺខ្ញុំព្រះករុណាខ្ញុំ​ បានមកជួបជុំកម្មករ កម្មការិនីរបស់យើង​តាំងពី​ឆ្នាំ ១៩៧៩ នៅកំពង់ផែនេះឯង។ ពេលនោះ ខ្ញុំព្រះករុ​ណាខ្ញុំ ត្រូវបានចាត់អោយធ្វើប្រធានគណៈកម្មការ​រំដោះទំ​និញ​ ចេញពីកំពង់ផែក្រុងព្រះសីហនុ។ឥឡូវអ្នក​ដែលនៅរស់រានមានជីវិត ហើយអ្នកនៅបន្តការងារ គឺមាន​ឯកឧត្តម អ៊ុក រ៉ាប៊ុន នេះ។ (ឯ.ឧ) អ៊ុក រ៉ាប៊ុន មានសារុងសូត្រប្រើមុនគេបង្អស់។ មិនដឹងថា​គាត់ទៅ​រក​ពី​ទីណា​ទេ(ព្រោះ)ជំនាន់ ប៉ុល ពត មិនដែល​សល់សារុងសូត្រទេ។ (ខ្ញុំព្រះករុណាខ្ញុំ)ទៅដេកនៅដំណាក់​ខាងលើ​នោះ។ អត់មានស្អី​ទាំងអស់។ ស្ដាប់ទីទុយយំ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់រំលឹក កម្មករ​របស់យើងសុទ្ធតែយក​ខ្សែចង​ជើង​ខោ​ទាំងអស់។ ម៉េចបានយកខ្សែចងជើងខោ? ព្រោះ(គាត់)លីបាវ (លួច)ចាក់ទំលាយអង្ករ អោយធ្លាក់ចូល​ក្នុង​ជើងខោ។
កាលហ្នឹងអត់មានដងយោងអីអញ្ចឹងទេ។ ខ្ញុំបានប្រាប់អ្នកដឹកនាំនៅកន្លែងហ្នឹងថា កុំយកចិត្តទុកដាក់ពេកអា​លួច​តាម​​ជើងខោ។ គ្នាលួចយកទៅចិញ្ចឹមគ្រួសារទេ។ អាលួចទាំងឡានដែលត្រូវប្រយ័ត្ន។ វាដឹកចេញពី​ហ្នឹង​ទៅ វាមាន​យកទៅដល់ភ្នំពេញឯណា វាជម្លៀសទៅត្រង់ណេះ ៣ បាវ ត្រង់ណោះ ៤ បាវ ល្មមដល់ភ្នំពេញ​នៅ​សល់​​ប៉ុន្មានបាវហ្នឹង អាហ្នឹងគឺជាចំណុចពិសេសទី ១។ ហើយប្រហែលជាអ្នកដែលនៅរស់រានមានជីវិត កម្មករ​ដែលនៅរស់រានមានជីវិត ប្រហែលជាចាស់ៗ អស់ហើយ។ ខ្ញុំព្រះករុណាខ្ញុំ ប្រជុំកម្មករនៅឯសណ្ឋាគារ ៧ ជាន់ ដើម្បីជំរុញលើកទឹកចិត្តអោយកម្មកររបស់យើងជួយរំដោះទំនិញកាលពីពេលនោះ។
ទី ២ កំពង់ផែ​ព្រះសីហនុនេះ (ហៀបតែនឹង)បាត់ទៅហើយ តាមរយៈនៃការធ្វើ​ឯកជនូបនីយកម្ម ប្រគល់​អោយ​ក្រុមហ៊ុនបរទេស។ (តែ)ខ្ញុំព្រះករុណាខ្ញុំ មិនយល់ព្រមទេ។ ពេលនោះ យើង​មាន​នាយក​រដ្ឋមន្រ្តីដល់​ទៅ ២, នាយករដ្ឋមន្រ្តី ១ (គាត់)លេងបាត់ទៅហើយ (តែ)ខ្ញុំមិនព្រម។ ដល់មិនព្រម ខ្ញុំថា បើសិនជា​ហ៊ាន​ប្រថុយ គឺ​ខ្ញុំ​នឹងបំផុសកម្មករនៅហ្នឹង គឺលេងតែម្ដង។ រឿងហ្នឹង(នៅឆ្នាំ) ១៩៩៥។ (កំពង់​ផែ​ព្រះ​សីហនុ)បាត់ទៅ​ហើយ។ (នៅឆ្នាំ) ១៩៩៦ ខ្ញុំមកយាមតែម្ដង។ មករាល់ឆ្នាំ មកដើម្បីយាម។ អស់​ព្រលាន​យន្ដហោះនៅភ្នំពេញ​ហើយ ថែម​អានេះមួយទៀត។ អត់ទេអត់បានទេ។ អានេះ(កំពង់ផែព្រះសីហនុ) ខ្ញុំខំ​ទៅមកៗ តាំងពីដំបូលរបស់យើង​ហ្នឹង វាបាក់វាបែក វាធ្លុះវាធ្លាយអីសព្វបែបយ៉ាង ស្រាប់តែមកដល់ធ្វើ​រដ្ឋាភិបាលចម្រុះ អត់គិតធ្វើអី គិតតែពី​ស៊ី​ញ៉េ​បោះអោយគេតែម្ដង។ ​ឯងខំថែទាំតាំងពីឆ្នាំ ១៩៧៩។ អញ្ចឹងបានខំមកហ្នឹង មានរឿងអីចឹង។
… រឿងចុងក្រោយ ត្រូវដឹងថា នេះជាក្បាលនាគ ចំណុចនេះ តំណាងអោយប្រទេស ហើយតំណាង​អោយ​ភាពរីកចម្រើនរបស់ប្រទេស អាហរ័ណ នីហរ័ណ ការនាំចេញ និង​ការ​នាំ​ចូល សិ្ថតនៅកំពង់ផែ​ទឹក​ជ្រៅ​រ​បស់យើង​នេះ​ឯង។ អញ្ចឹងយើងពិនិត្យមើលវឌ្ឍនភាពរបស់វា។ សូមបញ្ជាក់ កាលពេលនោះ យើងបានធូរ​បន្តិច​ដែរ ត្រង់​ជប៉ុន(មានរបៀបធ្វើការរបស់គាត់)។ ជប៉ុនគាត់មានចំណុចខុសគេ។ តែកាលណាមានឯកជន​ចូល​លូកឡំហើយ ជប៉ុនមិនអោយ​ខ្ចីលុយទេ។ អត់អោយលុយតែម្ដង។ បើថារដ្ឋធ្វើ អាហ្នឹងជប៉ុន​អោយ​ខ្ចី​លុយ។ អញ្ចឹងបានជាព្រលានយន្ដ​ហោះ​​ភ្នំពេញ (ជប៉ុន)ដកលុយពីហ្នឹង យកទៅធ្វើនៅវៀងចន្ទន៍។ ដល់អានេះ  ADB ថាទាល់តែអ្នកឯង​ធ្វើឯកជនភាវូបនីយកម្ម បានអោយខ្ចីលុយ។ ដល់ទៅជប៉ុនថា បើអ្នកឯងធ្វើឯកជន​ភាវូប​នីយ​កម្មហើយ ខ្ញុំមិនអោយខ្ចីលុយទេ។ អញ្ចឹងសូម្បីតែគ្រូយើង គាត់ធ្វើអោយយើងវេទនាណាស់​។ ទីចុង​បំផុត កូនសិស្ស​ត្រូវ​បង្រៀនគ្រូ។ ប្រើពាក្យថា សុខដុមនីយកម្ម ព្រោះគ្រូខាងធនាគារពិភពលោកផ្សេង គ្រូ​ខាង​ធនាគា​អ​ភិវឌ្ឍន៍អាស៊ីផ្សេង គ្រូខាង IMF ផ្សេង គ្រូមកពីបារាំងផ្សេង គ្រូមកពីជប៉ុនផ្សេង បើអញ្ចឹងយក​ខ្មែរធ្វើ​គ្រូតែម្ដង​ទៅ (គឺ)ធ្វើសុខដុមភាវូបនីយកម្ម
​អ្នកជំនាញៗ មិនត្រូវគ្នា ចាប់បង្ខំយើង។ នៅកំពង់ផែក្រុងព្រះសីហនុនេះ បើខ្ញុំកុំរឹង គេអោយយើងលក់គយ ឆ្នាំ ២០០៤-២០០៥ ហើយ។ អញ្ចឹងបានមនុស្សនៅស្ថាប័នអន្តរជាតិខ្លះ ពេលខ្ញុំនិយាយអញ្ចឹង គេមិនចង់​ស្ដាប់​ទេ។ ប៉ុន្តែ បើគេនិយាយមកលើយើងវិញ ប៉ះពាល់យើងវិញ ចំៗឈ្មោះ ហើយនិយាយខុសហើយ អត់​មាន​សុំទោសអីមួយម៉ាត់។ ដល់យើងនិយាយទៅវិញ (គេ)ថា​និយាយអី រំលឹកអីច្រើនម្ល៉េះ។ បើមិនរំលឹកធ្វើមេ​រៀន​មិនបានទេ។ គេអោយយើងលក់គយនេះ។ ច្រកចេញចូល​តែមួយនេះ។ ច្រកចេញចូលតែមួយនេះ គេទុក​អោយយើង ៥១% ហើយគេគូរប្លង់, ៤៩% ទៀត គេអោយ​ផ្នែកឯកជន។ មានពីរផ្នែក ម្ខាងហៅ private sector មានប្រឡោះមួយទៀតខាង government sector។ អញ្ចឹងគេអោយយើងលក់គយ  ដែលជាសេវា​អធិប​តេយ្យ។ គយត្រូវបំពាក់អាវុធ គយត្រូវបំពាក់ឧទ្ធម្ភាគចក្រប្រដេញ គយត្រូវបំពាក់ម៉ារីនប្រដេញ រួចដល់​ អោយឯនជនកាន់កាប់ វាមិនងាប់​ប្រទេស។
ឥឡូវត្រូវរបស់ខ្ញុំតើ អត់ហ៊ានហើបមាត់ទេ។ មានជំនាញការពីររូបបានសរសេរសំបុត្រ​ទុកថា បើ​សិន​ធ្វើ​តាម​​គេនោះកុំបន្ទោសខ្ញុំ(នៅ)ថ្ងៃក្រោយ។ គេដកខ្លួន។ ឥឡូវសំបុត្រហ្នឹង គឺគ្នាយើងរក្សា​ទុកសំងាត់។ គ្នា​សរ​សេរ​ទុក ព្រោះនៅក្រោមបញ្ជាគេដែរ ក្នុងករណីដែលយើងធ្វើតាមគេ។ ប៉ុន្តែខ្ញុំអត់អត់លេងជាមួយ​ទេ។ លេង​ប្រុង​(លក់គយ)ច្រកចេញចូលតែមួយទាំងអស់ មិនថាតែក្រុងព្រះសីហនុទេ។ ប៉ុន្តែ មុនដំបូង​ចាប់ផ្ដើម​ពី​អា​ហ្នឹង។ ច្រកចេញចូលតែមួយ យើងយក ៤៩% គឺឲ្យឯកជនកាន់។ ឯកជនគេត្រៀមហើយស្រេច។ មកពី​ប្រទេសមួយ ដែលខ្ញុំមិនចេញឈ្មោះ។ អញ្ចឹងទេ បានជាមានអនុស្សាវរីយ៍នៅទីនេះ
អរគុណដល់ព្រះបរមរតនកោដ្ឋដែលបានកសាងផ្លូវដែក និងកំពង់ផែទឹកជ្រៅនេះឡើង
មកដល់ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយបន្តិច។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរពីទីក្រុងភ្នំពេញ មក​កាន់កំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ តាមរយៈរថភ្លើង ដែលត្រូវចំណាយពេល ៧ ម៉ោង។ ពេល​ដែល​យើងនិយាយដល់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងនិយាយទៅដល់បញ្ហាផ្លូវដែក ក្នុងឋានៈជាក្មេងជំ​នាន់​​ក្រោយ ហើយដែលខ្ញុំព្រះករុណាខ្ញុំ បង្ហោះតាមហ្វេសប៊ុក ប្រើពាក្យថា ផឹកទឹកនឹកដល់ប្រភពទឹក ទទួល​ទាន​ផ្លែឈើនឹកដល់អ្នកដាំដើម ទូលបង្គំយើងខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ព្រះប្រមុខរដ្ឋនៅពេលនោះ ដែលព្រះអង្គបានដឹកនាំកសាងទាំងផ្លូវដែក និងទាំងកំពង់ផែ​ទឹក​ជ្រៅ​របស់យើងនេះ។ មានការធ្វើអត្ថាធិប្បាយខ្លះមិនត្រឹមត្រូវទេ ជាពិសសផ្លូវដែកដែលតភ្ជាប់ពីទីក្រុងភ្នំពេញ មក​ក្រុងព្រះសីហនុ ថាធ្វើជំនាន់បារាំង។ មិនមែនទេ គឺធ្វើជំនាន់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ដែល​ពេល​នោះមិនមានគ្រឿងចក្រដូចបច្ចុប្បន្នទេ។ បើគ្មានការខិតខំរបស់ព្រះប្រមុខរដ្ឋ​នៅក្នុងដំណាក់កាល​សង្គម​រាស្ត្រ​និយម ទោះបីថា យើងជួសជុលឡើងវិញ ស្តារឡើងវិញ ក៏ប៉ុន្តែអត់មានរបស់ចាស់ យើងប្រើពាក្យ​ជួស​ជុល​ ឬប្រើពាក្យស្តារក៏អត់បានដែរ។
ខ្ញុំកំពុងគិត។ ម្សិលមិញនិយាយជាមួយឯកឧត្តម ស៊ុន ចាន់ថុល និយាយជាមួយឧកញ៉ា គិត ម៉េង​ ថា ត្រ​ឡប់​ទៅវិញ ខ្ញុំរកវិធីដើម្បីចូលគាល់ព្រះមហាក្សត្រ និងយាងព្រះមហាក្សត្រ ដើម្បីយាងតាមរទេះភ្លើង ព្រោះ​រទេះ​​ភ្លើងយើងមានវ៉ាហ្គុងអត់ម៉ាស៊ីនត្រជាក់ មានវ៉ាហ្គុងមានម៉ាស៊ីនត្រជាក់ ហើយមាន free wifi ទៀត។ ​ព្រះ​បិតារបស់ព្រះអង្គបានសោយទីវង្គតទៅហើយ នៅព្រះរាជបុត្រកំពុងគ្រងរាជ្យនៅឡើយ។ ដូច្នេះ ខ្ញុំនឹងដង្ហែព្រះ​មហា​ក្សត្រ​មក​សាជាថ្មីម្តងទៀត ដើម្បី(ទ្រង់បានទតឃើញថា)​ ស្នាព្រះហស្ថរបស់ព្រះបិតារបស់ព្រះអង្គ ត្រូវ​បាន​ថែទាំនៅក្នុងដំណាក់កាលរបស់ព្រះអង្គពេលនេះ ហើយជាការលើកទឹកចិត្តមួយចំពោះ ការតភ្ជាប់រវាងកំ​ពង់​ផែ​ទឹក​ជ្រៅ​ជាមួយ​នឹង​ការដឹកជញ្ជូនតាមផ្លូវដែក។
កម្ពុជានឹងមានកំពង់ផែពហុបំណង សម្រាប់ប្រើក្នុងការខួងប្រេង
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងរួចមកហើយ គឺជប៉ុនបានឲ្យខ្ចីលុយ ពង្រីកជាបន្តបន្ទាប់ ហើយ​ការ​ពង្រីក​របស់យើងនេះ ឥឡូវបានឈានដល់ដំណាក់កាលដែលត្រូវគិតគូរអំពីការបន្ថែម នៅក្រោយឆ្នាំ ២០២០។ យប់មិញ ឯកឧត្តម លូ គឹមឈុន បានយកផែនការមេទៅរាយការណ៍ឲ្យខ្ញុំ អំពីការបន្ថែមដែលយើងត្រូវរកទុន ប៉ុន្តែរបាយការណ៍​ជប៉ុនគេបានសិក្សាហើយ ដើម្បីពង្រីកយ៉ាងម៉េចអីយ៉ាងម៉េច ហើយថ្ងៃក្រោយយើងមានកំពង់​ផែ​របស់យើងនៅទីនេះ ដែលហៅថាកំពង់ផែពហុបំណង ដើម្បីផ្គត់ផ្គង់សម្រាប់ការខួងប្រេងនៅក្នុងប្រ​ទេស​របស់​យើង។ ឥឡូវនេះ សម្រាប់ការខួងប្រេង យើងប្រើប្រាស់(សេវា)ពីប្រទេសជិត​ខាង ដូចជាចេញមកពីថៃ និង​ចេញមកពីវៀតណាម។ ប៉ុន្តែនៅពេលខាងមុខ​ ត្រូវចេញដំណើរមកពីខាងកម្ពុជាតែម្តង ដើម្បីផ្គត់ផ្គង់​ឲ្យ​តំបន់​ខួងប្រេងទាំងឡាយរបស់ប្រទេសកម្ពុជា។
លេងហ្វេសប៊ុក សម្រាប់ទាក់ទងជាមួយនឹងប្រជាជន
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះប្រជាពលរដ្ឋនៅតាមផ្លូវពីម្សិលមិញ (ដែល​ការ) ធ្វើដំណើរតាមរទេះភ្លើង ផ្អើលមួយនគរ។ បង្ហោះលើកទីមួយ ឥឡូវនេះបានជិត ៨ ម៉ឺន like ជាង ៧ ម៉ឺន like អាហ្នឹងចេញពីភ្នំពេញមកបន្តិច ប្រាប់ថាផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ​ កំពុងធ្វើដំណើរតាមរទេះភ្លើង បានជាង ៧ ម៉ឺន like …។ កុំមកបន្ទោសខ្ញុំ ធ្វើម៉េចគេចុចមក អ្នកណាចេះបញ្ជាហ្វេសប៊ុក ឲ្យ like ជំនួស ឲ្យខ្មោច like … ខ្ញុំប្រើហ្វេសប៊ុក គ្រាន់តែដើម្បីនឹងធ្វើការជាមួយនឹងប្រជាពលរដ្ឋបានលឿនជាង។ ម្សិលមិញខ្ញុំឆ្លើយខ្លួនឯងខ្លះ ហើយនៅជាមួយ ស៊ុន ចាន់ថុល ស្រាប់ផង ប្រជាពលរដ្ឋគាត់ថា សម្តេចបើសិន ជាមានខ្សែរថភ្លើងទៅ​សៀម​រាប​កាន់តែល្អ។ ខ្ញុំក៏ឆ្លើយតាមរយៈនឹងថា បានកំពុងសិក្សា និងរកថវិកា​ ដើម្បីសាង​សង់ហើយ។ រួចហើយ​ថត​ផែន​ទីបញ្ជូនទៅវិញ។ ឆ្លើយជាមួយគាត់។ អាហ្នឹងជាទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ គាត់ចង់បាន គាត់​ចង់​ដឹង​ថាយើងគិតដល់ណា។ ខ្ញុំអត់មានប្រឡងប្រជែងជាមួយអ្នកណាទេ បើថារករឿងអី ទៅរករឿងម្ចាស់​ហ្វេស​ប៊ុកទៅ ខ្ញុំអត់ដឹងទេ។
មិនមានការដោះដូរអ្វីមួយទេ
អ្នកបង្ករឿងទាំងឡាយ កុំចោទរដ្ឋាភិបាលឲ្យសោះ។ ប្រជាជនគេសប្បាយ គេអត់ធ្វើអីខុស គេសប្បាយ។ ប៉ុន្តែអ្នកឯងធ្វើអីខុស ទៅ​ដេក​​ព្រៃស។ អាហ្នឹងរឿងរបស់អ្នកឯងតើ។ ទាំងពួកគ្រឿងញៀន ទាំងពួកល្មើស​ច្បាប់​ទាំង​ឡាយ ទៅដេកព្រៃស។ បើធ្វើខុស អ្នកណាធ្វើអីកើត អ្នកណាទៅជួយកើត ហើយកុំដោះដូរ អត់មាន​អី​ដោះ​ដូរ​ទេ។ ម្សិលមិញ មានការប្រជុំ មានការប៉ុនប៉ង(ធ្វើ)ការដោះដូរ។ សូម្បីតែនាយករដ្ឋមន្ត្រី​ក៏អំណាចមាន​ព្រំ​ដែន​ដែរ។ សូមអស់លោកជា NGO ឬអ្នកដែលធ្វើការនៅអង្គការសហប្រជាជាតិ កុំអាងអភ័យឯកសិទ្ធិឲ្យសោះ។ និយាយឲ្យច្បាស់។ លោកឯងសូកសាក្សី អ្នកឯងនិយាយសង្កត់គេអី ច្បាប់គឺច្បាប់។ អត់មករញ៉េរញ៉ៃ ចង់​ដោះដូរស្អី។ អត់មានត្រូវការដោះដូរទេ។
កម្ពុជា សហការផង ប្រកួតប្រជែងផង
ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ហេតុអ្វីបានជាយើងប្រឹងសម្រួលកិច្ចការទាំងឡាយ ទាក់ទងទៅលើ​ ការ​ដឹកជញ្ជូន។ ការសម្រួលពាណិជ្ជកម្មមួយម៉ាត់ ទាក់ទងនឹងការដឹកជញ្ជូន មានបែបបទគយ​ បញ្ហានេះ បញ្ហា​នោះ គ្រប់បែបយ៉ាង។ យើងខិតខំទាំងអស់នេះ ដើម្បីការអភិវឌ្ឍជារួមសម្រាប់ប្រទេសរបស់យើង​។ ដូច្នេះ​ហើយ ទាមទារនូវការគិតគូរបញ្ហាជាកញ្ចប់តែម្តង។ យើងមិនត្រូវភ្លេចថា បណ្តាប្រទេសក្នុងតំបន់ និងក្នុង​ពិភព​លោក ពោរពេញទៅដោយសាមគ្គីភាព និងសមាហរណកម្ម ប៉ុន្តែក៏មានការប្រកួតប្រជែងគ្នា។ បើប្រទេស​មួយ​ចំនួន សហការផង រារាំងផង ឯយើងសហការផង ប្រកួតប្រជែងផង។ យើងប្រើពាក្យអញ្ចេះវិញ វាងាយស្តាប់ ប៉ុន្តែបើនិយាយអំពីប្រទេសមហាអំណាចមួយចំនួន គេហៅថាសហការផង រារាំងផង។ កុំឲ្យទៅលឿនពេក ក្រែង​មាននុយក្លេអ៊ែរលឿនជាង និងយន្តហោះទំនើបជាង។ អញ្ចឹងមានការសហការផង មានការរារាំងផង។
ប៉ុន្តែសម្រាប់យើងអត់ទេ យើងប្រើពាក្យ សហការផង ប្រកួតប្រជែងផង ហេតុអី? យើងពិនិត្យមើលសេដ្ឋកិច្ច​យើង​ជាមួយនឹងសេដ្ឋកិច្ចថៃ។ សេដ្ឋកិច្ចយើងជាមួយនឹងសេដ្ឋកិច្ចវៀតណាម។ កម្ពុជាក៏មានអង្ករនាំចេញ ថៃក៏​មាន​អង្ករនាំចេញ វៀតណាមក៏មានអង្ករនាំចេញ។ ឥឡូវហ្វីលីពីនកំពុងខ្វះ ដល់ហ្វីលីពីនកំពុងខ្វះ ត្រូវដាក់​ដេញ​ថ្លៃ។ អ្នកដែលចូលដេញថ្លៃ គឺមានវៀតណាម មានថៃ និងមានកម្ពុជា។ កម្ពុជាចូលដេញថ្លៃ ២ ដងហើយ មិនដែលឈ្នះគេទេ ឧបមា ១​ តោន គេដាក់ ៤២០ យើងដាក់ ៤៣០ ឬ ៤៥០។ អញ្ចឹងអ្នកណា​គេ​ល្ងង់​មក​ទិញ​អា​ថ្លៃ វាច្បាស់ជាទិញអាថោកហើយ ទិញពីប្រទេសដែលលក់ថោកជាង។ អញ្ចឹងទេ នៅទីនេះ យើងត្រូវរក​គ្រប់​វិធី​ទាំងអស់ ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយប្រកួតប្រជែងដណ្តើមទីផ្សារសម្រាប់ការនាំចេញ។ នេះ​ហើយ​ជាចំណុចនៃការប្រកួតប្រជែង ប៉ុន្តែមិនមែនប្រកួតប្រជែងរហូតដល់បំផ្លាញគ្នានោះទេ។
តម្លៃភ្លើងជូនប្រជាពលរដ្ឋទូទាំងប្រទេស ៥០ គីឡូវ៉ាត់ ៦១០ រៀល​ ចាប់ពីថ្ងៃ ០១ មេសា ២០១៧
រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ជាមួយនឹងបញ្ហាទាំងឡាយ ដែលទាក់ទងនឹង អភិវឌ្ឍន៍ប្រទេស​ ដើម្បីឈានទៅរកការប្រកួតប្រជែង ក្នុងនោះមានបញ្ហាតម្លៃអគ្គិសនី(ផងដែរ)។ រាជរដ្ឋា​ភិបាលក៏កំពុងរកវិធី​ចុះ​ថ្លៃ​អគ្គិសនី ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យកសិកម្ម ទាំងអគ្គិ​សនី​ប្រើប្រាស់ដោយប្រជាពលរដ្ឋ ហើយចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧ តទៅ ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រ​ទេស ដែលភ្ជាប់ជាមួយនឹងបណ្តាញជាតិ ហើយប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ នឹងទទួលបានភ្លើងប្រើប្រាស់​ ត្រឹមតម្លៃ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះ(ជាតម្លៃសម្រាប់)មួយទូទាំងប្រទេសតែម្តង។ សម្រាប់អ្នក​​ដែល​ប្រើប្រាស់ក្រោម ១០ គីឡូវ៉ាត់ អាហ្នឹងកាន់តែតិច ព្រោះជួនកាលគាត់ប្រើអំពូលមួយ ហើយកូនកង្ហារ​​មួយ​អញ្ចឹង​​ទៅ។ ម៉ាស៊ីនបូមទឹក  ការទាញម៉ូទ័របូមទឹក នៅក្នុងពេលវេលាមួយគឺត្រូវប្រើថោកជាង។ ក្នុងវិស័យ​ឧស្សា​ហកម្មក៏ដូចគ្នា។ នេះជាការជួយទៅដល់ការផលិតរបស់ប្រជាពលរដ្ឋ ទាំងផ្នែកឧស្សាកម្ម ទាំងផ្នែកកសិ​កម្ម ទាំងផ្នែកសេវា និងជីវភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើង។
បញ្ចុះថ្លៃដឹកជញ្ជូននៅកំពង់ផែក្រុងព្រះសីហនុ ១០%, កំពង់ផែភ្នំពេញ ៥%, កាំសាប ១០%
ទាក់ទងជាមួយនឹងតម្លៃដឹកជញ្ជូន ជាផ្នែកមួយនៃការប្រកួតប្រជែងឈ្នះ ប្រកួតមានប្រៀប។ មានឧត្តមភាព ឬ​គ្មានឧត្តមភាព ទាក់ទងនឹងថ្លៃដឹកជញ្ជូនដែរ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំសូមប្រកាស កំពង់ផែក្រុងព្រះសីហនុចុះថ្លៃ ១០ ភាគរយ ប្រៀបធៀបនឹងពេលមុន។ អរគុណណាស់ចំពោះក្រុមប្រឹក្សាភិបាល អគ្គនាយក ក៏ដូចជា​ថ្នាក់​ដឹក​នាំ កម្មករ/ការិនី ចុះថ្លៃ ១០ ភាគរយ នេះវានឹងសម្រួលឲ្យអ្នកកុងតឺន័រ ចូលមកកំពង់ផែរបស់យើងកាន់តែច្រើន ហើយកាត់បន្ថយថ្លៃដើម។ តាមរយៈនោះ ទំនិញនាំចូលវាអាចចុះថ្លៃបន្តិចដែរ និងទំនិញនាំចេញទៅប្រកួត​ប្រ​ជែង​ជាមួយប្រទេសគេ (ក៏អាចនឹង)ឈ្នះ ហើយអ្នកដែលឈ្នះពិតប្រាកដគឺប្រជាពលរដ្ឋអ្នកផលិត។ កំពង់ផែភ្នំ​ពេញ​ចុះ ៥ ភាគរយ កាំសាបចុះ ១០ ភាគរយ ចាប់អនុវត្តពីថ្ងៃហ្នឹងទៅ។ ដូចថា ពីមុនយក ១០០ ឥឡូវយកតែ ៩០ ទេ អាហ្នឹងកាំសាប និងកំពង់ផែនេះ ប៉ុន្តែកំពង់ផែភ្នំពេញពីដើមយក ១០០ ចាប់ពីថ្ងៃហ្នឹងទៅ យកតែ ៩៥ ទេ។ អ្នកធ្វើសកម្មភាពក្នុងការដឹកជញ្ជូននេះ នឹងត្រូវបានចំណេញ ១០ ភាគរយ និង ៥ ភាគរយ។ បើ​គិត​ការ​ដឹកជញ្ជូនមកទិសខាងលិចនេះ គឺតម្លៃរបស់វាបានធ្លាក់ចុះហើយ ការប្រកួតប្រជែងនៅពេលខាងមុខ ទៅ​លើ​ការនាំចេញ/នាំចូល ពិតជាប្រព្រឹត្តទៅបានល្អ។
ការបញ្ឈប់ការបង់ប្រាក់ផ្លូវជាតិលេខ ៤
មួយទៀត ចាប់តាំងពីរាជរដ្ឋាភិបាលបានបញ្ចប់កិច្ចព្រមព្រៀងផ្លូវជាតិលេខ ៤ អ្នកអង្គុយហ្នឹង ដែលធ្វើដំណើរ​ទៅ​ភ្នំពេញឈប់បង់លុយប៉ុន្មានហើយ? វាបានទាំងអស់។ មុននេះកម្លាំងរបស់យើងតិចណាស់។ យើងធ្វើ​កិច្ច​ព្រម​ព្រៀងជាមួយនឹងវិស័យឯកជន ដើម្បីឲ្យជួយថែទាំផ្លូវពង្រីកផ្លូវ។ ប៉ុន្តែយើងពិនិត្យទៅ មានការលំបាក​សម្រាប់​ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ឥឡូវ អ្នកធ្វើដំណើរមិនមែនគ្រាន់តែជាអ្នករស់នៅក្រុង​ព្រះ​សីហនុទទួលផលទេ អ្នកដែលចង់មកលេងកំពង់សោម តាំងពីលុបអាផ្លូវហ្នឹងទៅ ពីមុនគាត់គិត​ថាដេក​អូតែល​អស់ប៉ុណ្ណេះ ទិញប្រេងសាំងអស់ប៉ុណ្ណេះ បង់ថ្លៃឡានកន្លែងយកលុយអស់ប៉ុណ្ណេះ ពេលមកអស់ប៉ុណ្ណេះ ពេល​ទៅ។ អញ្ចឹងគិតចុះគិតឡើងខ្វះលុយថ្លៃផ្លូវអត់មកលេង។ តែឥឡូវគាត់គិតថាទេ អត់ត្រូវបង់ផង អញ្ចឹងមក​លេង។ គ្រាន់តែប៉ុណ្ណឹងក្នុងមួយឆ្នាំ អ្នកដឹកទំនិញ និងប្រជាពលរដ្ឋទទួលផលជាង ១៧ លានដុល្លារ​សហ​រដ្ឋ​អាមេរិក។ រដ្ឋសុខចិត្តខាតបង់។
លុបបំបាត់វិក័យបត្រ ៤៨% ក្រៅផ្លូវការ ដែលជាអំពើពុករលួយ
រឿងមួយដែលត្រូវបាន(ខ្ញុំ)ដាក់ជាបទបញ្ជា ឲ្យធ្វើការដោះស្រាយលើបញ្ហាពាក់ព័ន្ធ និងភាពមិនប្រក្រតីនៃ បញ្ហា​ដឹកជញ្ជូន។ យោងតាមរបាយការណ៍សម្ងាត់មួយបានឲ្យដឹងថា ចំណាយផ្លូវការដែលមានវិក័យបត្រ ៤៩ ភាគរយ ចំណាយក្រៅផ្លូវការអត់មានវិក័យបត្រ ៤៨ ភាគរយ។ តម្លៃសេវាបញ្ជូនទំនិញ ៣ ភាគរយ។ សូម​ឲ្យ​កាត់អា ៤៨ ភាគរយនៃចំណាយក្រៅផ្លូវការ។ ត្រូវធ្វើអាហ្នឹង។ បើកាលណាធ្វើអាហ្នឹងបាន ការទៅដេញ​ថ្លៃ​អង្ករ​នៅហ្វីលីពីន អត់ពិបាកទេ។ ខ្ញុំមិនច្បាស់ថាវាប្រាកដប៉ុណ្ណាទេ ប៉ុន្តែជើងលេខនេះអាចជឿទុកចិត្តបាន។ ខ្ញុំមិននិយាយពីទំហំទឹកប្រាក់ទេ ក៏ប៉ុន្តែ ខ្ញុំនិយាយអំពីចំណែកភាគរយ ចំណាយផ្លូវការមានវិក័យបត្រ ៤៩ ភាគរយ ចំណាយក្រៅផ្លូវការ ៤៨ ភាគរយ។ ត្រូវលុបបំបាត់ ៤៨ ភាគរយ​ នៃចំណាយ ទុកឲ្យគាត់ចំណាយ​ពិត​ប្រាកដប៉ុណ្ណា។ ទាំងអស់វានឹងបានផលទៅប្រជាជននៅទូទាំងប្រទេស។
បើរោងចក្រ សហគ្រាសដឹកជញ្ជូនតម្លៃថោក ពួកគាត់នឹងសន្សំបានប្រាក់ចំណេញ ហើយប្រាក់ចំណេញនេះ គាត់​យកទៅពង្រីករោងចក្របន្ថែម ទៅបង្កើនជីវភាពឲ្យកម្មករ/ការិនីរបស់យើង ហើយបើវិស័យ​កសិ​កម្ម​វិញ គាត់នឹងប្រើប្រាស់តម្លៃដឹកជញ្ជូន ដែលពីមុនធ្លាប់បង់ខ្ពស់ ឥឡូវបង់ទាប ទៅបង្កើនតម្លៃទិញស្រូវពីកសិករ ដែលកសិករទទួលបានផលពីការលក់ស្រូវ ការលក់កសិផលរបស់គាត់ដែរ។ ឯកសារហ្នឹងដាក់កុង ហ្វីដង់​ស្យែល អញ្ចឹង ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវធ្វើការជាមួយនឹងផ្នែកពាក់ព័ន្ធដើម្បីតាមមើល  ហើយរាយ​ការណ៍​ឲ្យខ្ញុំ។ សុំប្រគល់មួយច្បាប់មកឯកឧត្តម ប៊ិន ឈិន ដែលទទួលធ្វើការងារហ្នឹងផងដែរ ។​ យើង​ខិត​ខំ​បំ​បាត់ ព្រោះនេះជាអំពើពុករលួយមួយដែលនាំទៅដល់បាត់បង់ភាពប្រកួតប្រជែង ហើយការបាត់បង់​​ភាព​ប្រ​កួតប្រជែងនេះ មិនត្រឹមតែពាក់ព័ន្ធបញ្ហាក្រុមហ៊ុនទេ តែវាក៏ទាក់ទងជាមួយកម្មករ ជាមួយកសិករផងដែរ
តើពេលបញ្ចុះថ្លៃភ្លើងសម្រាប់ម៉ាស៊ីនកិនស្រូវ កសិករនឹងលក់ស្រូវបានថ្លៃជាងមុនឬទេ?
យើងក៏កំពុងពិនិត្យ ហើយក៏កំពុងមានចំណារទៅឲ្យឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទី នរិន្ទ ឯកឧត្តម កែវ រតនៈ។ យប់មិញជួប កែវ រតនៈ បន្តិច ព្រោះខាងក្រសួងកសិកម្ម កំពុងតែស្នើដើម្បីសុំឲ្យ​អ្នករោង​ចក្រ​ម៉ា​ស៊ីន​កិន​ ស្រូវប្រើប្រាស់ភ្លើងឲ្យបានថោកបន្តិច។ ប៉ុន្តែ ល្ងាចមិញ ខ្ញុំក៏បាននិយាយបន្តិច​ថា ឥឡូវ បើសិនជាចុះតម្លៃ​នៃ​(ភ្លើងប្រើសម្រាប់)ម៉ាស៊ីនកិនស្រូវ តើអ្នកដែលទៅទិញស្រូវហ្នឹង ហ៊ានតម្លើង​តម្លៃស្រូវពីកសិករ​ឬអត់? បើមិន​អញ្ចឹង​បានទៅលើតែគាត់(ម្ចាស់ម៉ាស៊ីនកិនស្រូវ)ហ្នឹង។ ​ឯកឧត្តម វ៉េង សុខុន ជាអ្នកស្នើ រដ្ឋមន្រ្តីកសិកម្មថ្មី ប៉ុន្តែ ត្រូវគិត ត្រូវហ៊ាន។ ឥឡូវ ខាងឯកឧត្តម វ៉េង សុខុន ឯង ត្រូវប្រជុំ​ខាងសមាគមកិនស្រូវអង្ករ​ជាមួយ​នឹង​ផ្នែក​ណា​ទៀត មានពាណិជ្ជកម្ម ជាដើម ដើម្បីថាតើហ៊ានតទល់​ឬទេ? ឥឡូវ ឧបមាថា ខាងនោះ គេចុះតម្លៃភ្លើង​ឲ្យ​មក​ខាងហ្នឹង ២០% តើលោកឯងហ៊ានតម្លើងថ្លៃស្រូវ ១០% ឬអត់? ឧទាហរណ៍ទេ។ ហ៊ានលេងទៅ លេងមក បើមិនអញ្ចឹង បាន(ចំណេញ)តែថៅកែម៉ា​ស៊ីនកិនស្រូវ វាមិនងាប់ទៅហើយ។ អានេះជាក្បួនច្បាប់សេដ្ឋកិច្ច ខ្ញុំ​មិនមែនអ្នកសេដ្ឋកិច្ចទេ ហើយក៏មិន​មែនអ្នកជើងចាស់ទេ គ្រាន់តែជើងយូរតែប៉ុណ្ណឹង។
ពង្រឹងសមត្ថភាពកំពង់ផែ និងផ្លូវដែក សម្រាប់ការនាំចេញនាំចូលទំនិញ
ធ្វើម៉េចចែករំលែកផលប្រយោជន៍ឲ្យបានទាំងអស់គ្នា សម្រាប់ប្រជាពលរដ្ឋរបស់​យើង។ អតីតកាលរបស់យើង វាឈឺចាប់ណាស់ទៅហើយ។ ឥឡូវនេះ បច្ចុប្បន្ន និងទៅអនាគត យើងត្រូវ​រកពន្លឺភ្លឺស្វាងមួយ ដើម្បីសេដ្ឋ​កិច្ច​របស់​ប្រទេសយើង។ ជាថ្មីម្តងទៀត អរគុណណាស់ជាមួយនឹង​ការខិតខំរបស់ក្រសួងសាធារណការ និងដឹក​ជញ្ជូន ដែលជាក្រសួងអាណាប័ក ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រុមប្រឹក្សាភិបាល ក៏ដូចជាកម្មករ/ការិនី នៅកន្លែងនេះ ដែលខ្ញុំនៅតែស្រមៃនឹងភ្នែក​ឃើញថា លីបាវ ហើយខោអាវខ្មៅចងជើងខោ។ តែឥឡូវ វាមិនមែន​អញ្ចឹង​ទៀតទេ សុទ្ធតែកុងតឺន័រធំៗ ដង​យោងធំៗ ណាស់។ ឥឡូវអា ២ គ្រឿង មិនទាន់មកដល់ទេ តែ​បញ្ជា​ទិញ​ហើយ ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍ថា​ ២២ លានដុល្លារ។ ប៉ុន្តែ​ យើងហ៊ានលេង ព្រោះ​ទំនិញ​នាំចេញនាំចូលរបស់យើង គ្រាន់តែជាមួយថៃ ៤៣០០ លានដុល្លារ ជាមួយវៀតណាម ជាង ៣០០០ លាន​ដុល្លារ ជាមួយចិនជិត ៥០០០ លានដុល្លារ។ ការនាំចេញ នាំចូលរបស់យើងកាន់តែច្រើន ដូច្នេះ ត្រូវពង្រឹង​សមត្ថ​ភាពកំពង់ផែនេះ ពង្រឹងសមត្ថភាពផ្លូវដែក។ (សម្រាប់)ការដឹកជញ្ជូនតាមផ្លូវដែក​ (សូម)អំពាវ​នាវចំពោះ​ប្រ​ជា​ពលរដ្ឋ ខ្ញុំ​ជិះ​ហើយ។ សប្បាយណាស់។ មានអ្នកសួរថា ប៉ុន្មានម៉ោងធ្វើដំណើរ? ប៉ុន្តែ ដោយសារក្រសួង​សា​ធារ​ណការ គាត់មានក្រុមឆ្លើយតប ឃើញឆ្លើយថា ៧ ម៉ោង។ កំពុងរកវិធីឲ្យនៅ​សល់តែ ៥ ម៉ោង។ ឯខ្ញុំ​​ត្រូវ​​ឆ្លើយ​ផ្ទាល់មួយទៀតថា ក្នុងពេលនេះ ៧ ម៉ោង ប៉ុន្តែ កំពុងរកវិធីឲ្យមកនៅ ៥ ម៉ោង។ នេះជាទំនាក់ទំនង​ដែល​ប្រ​ជា​ពលរដ្ឋសួរមក​នាយករដ្ឋមន្រ្តី ដែលធ្វើដំណើរផ្ទាល់លើរថភ្លើង។ នៅពេលខាងមុខ យើងចេញពី​កំពត​មក​លឿនជាង ៥០ គីឡូម៉ែត្រ/ម៉ោង តែពេលចេញពី(ភ្នំពេញ)នោះ មានភូមិប្រជាពលរដ្ឋច្រើន តែនៅតែអាច​ដោះ​ស្រាយ​បាន នៅ​ពេលដែលយើងរៀបចំឲ្យបានមាំទាំ។ អាចធ្វើដំណើរងាយស្រួល ទាំងអ្នកធ្វើដំណើរ​ក៏មាន​សុវត្ថិ​ភាព។ អត់រវល់នឹងរឿងស្ទះចរាចរណ៍អី​ទេ។ ផ្លូវដែកនេះ ត្រូវបានធ្វើសកម្មភាព​យ៉ាងមមាញឹកមុនឆ្នាំ ១៩៧០ ប៉ុន្តែ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ មក គឺផ្លូវដែកត្រូវបានកាត់ផ្តាច់តាម​រយៈសង្គ្រាម។ ជំនាន់ ប៉ុល ពត ដំណើរការ ដល់ក្រោយ ប៉ុលពត ថ្ងៃណាក៏ជាថ្ងៃ​វ៉ៃ​គ្នាដែរ។ វ៉ៃដាច់រទេះភ្លើង។ ឥឡូវអត់មានសង្គ្រាមអីត​ទៅ​ទៀត​ទេ
ផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យ ៤ នាក់ ដែលខំទិញសំបុត្រមកជិះរថភ្លើងជាមួយ
មានរឿងអស្ចារ្យមួយ។ ឃើញក្នុង Facebook មានរូបថតយុវជន ៤ នាក់ អង្គុយ​ហូបពោតជាមួយខ្ញុំ។ គ្នា​ជា​និស្សិត​ដែលប្រឡងជាប់ ប៉ុន្តែអត់លុយបង់ថ្លៃសាលា កំពុងតែរៀន ហើយបាននៅអន្តេវាសិកទៀត។ អត់លុយ​បង់​ថ្លៃសាលា អត់មានសិទ្ធិចូលប្រឡងទេ រៀននៅ​សាលាពេទ្យ។ ដល់អញ្ចឹងទេ រកវិធីទិញសំបុត្រ(រថភ្លើង)​បាន។ ​ដល់ហៅទៅអង្គុយជាមួយ ឲ្យហូបពោតមួយម្នាក់ ឃើញចងដៃ​ខាងនេះមួយសរសៃ ខាងនោះមួយ​សរសៃ អំបោះក្រហម ក៏សួរថាម៉េចបានចងដៃ ទើបថាម្សិលមិញទៅព្រះអង្គដងកើ បន់ស្រន់ឲ្យជួប​(សម្តេច)។ ជួបដូចចិត្ត។ មិនត្រឹមតែជួបទេ បានអាហារូបករណ៍អត់បង់ថ្លៃទេ។ ឥឡូវប្រហែលជាទៅវិញហើយ។ មានអ្នក​ខ្លះ​ស្រវាស្រទេញ ប្រឹង​រៀនសូត្រ តែមានមួយចំនួន ឪពុកម្តាយមានលុយ មានបុណ្យសក្តិ បែរជានាំគ្នា​កាប់គ្នា​លេង​ គ្រឿង​ញៀន ល្បែងស៊ីសងទៅ
ទោះមានភ្លៀង ក៏ត្រូវបន្តជីក និងស្តារអណ្តូង ស្រះ ប្រឡាយ
.. ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចជាមួយនឹងការអំពាវនាវបន្តយកចិត្តទុកដាក់ លើការដោះស្រាយទឹក​ជូនប្រជាពល​រដ្ឋ។ ពិតមែនហើយ ម្សិលមិញនេះ កក្រើកមេឃ កក្រើកដី ភ្លៀង មិនមែនភ្លៀងតែស្រុកយើង​ទេ ថៃក៏ភ្លៀងដែរ។ ប៉ុន្តែ សូមបញ្ជាក់ថា បើទោះបីមានភ្លៀងធ្លាក់កន្លែងខ្លះ មិនមានការចាំបាច់បន្ថែមទឹកទេ ដោយសារតែប្រជា​ពល​រដ្ឋ​បាន​ទទួល​ទឹក និងគាត់ត្រងទឹកភ្លៀងសម្រាប់​ការប្រើប្រាស់ ក៏ប៉ុន្តែ យើងត្រូវធ្វើ​យុទ្ធនាការបន្ត តាមរយៈ​ស្តារ​អណ្តូងទឹកឲ្យកាន់តែជ្រៅ អណ្តូងណាដែលរីងនោះ ស្តារឲ្យវាជ្រៅទុកឲ្យ​ហើយទៅ ស្តារស្រះ ជីកស្រះ ជីក​អណ្តូង ស្តារប្រឡាយថ្មីបន្ថែមទៀត ដើម្បីកុំឲ្យឆ្នាំក្រោយ កើតបាតុភូត​ចែកទឹកទៀត។ ឆ្នាំនេះ គ្រោះធម្មជាតិ​ផ្តល់​មេរៀន​ឲ្យយើងដូចឆ្នាំ ២០០០ អញ្ចឹង។ ជំនន់ឆ្នាំ ២០០០ ផ្តល់មេរៀនឲ្យយើងធំណាស់ ព្រោះយើង​នាំគ្នា​ភ្លេច​ខ្លួន នាំគ្នាធ្វើស្ពាន ធ្វើផ្លូវ ធ្វើស្អីៗ ទាបតាម​កម្ពស់ទឹកធម្មតា ដល់ជំនន់ឆ្នាំ ២០០០ គ្រឹប គឺតម្រូវឲ្យយើង​ធ្វើ​ស្ពាន​ធ្វើផ្លូវ ឬក៏រហូតដល់ធ្វើផ្ទះលើកឲ្យ​ខ្ពស់ផុតពីកម្ពស់ទឹកឆ្នាំ ២០០០​​។ ដូចគ្នានេះដែរ ឆ្នាំនេះ យើងបុក យើងជីកអណ្តូង ​ត្រឹមតែ ៧ ម៉ែត្រ វា​ចេញ ក៏ប៉ុន្តែ ទឹកធ្លាក់ចុះដល់ទៅ ៩ ម៉ែត្រ បើអញ្ចឹងត្រូវជីកអណ្តូង​ទម្លាក់​ជម្រៅ​ទៅ ១០ ម៉ែត្រ ទុកឲ្យ​ហើយទៅ។ ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ចំពោះព្រះសង្ឃ អាជ្ញាធរគ្រប់លំ​ដាប់​ថ្នាក់ គណៈកម្មាធិការជាតិគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញា​ធរ ក៏ដូចជាសប្បុរសជន យុវជន/នារីរបស់យើង ក្នុងហ្នឹង ក៏មានសមាជិក/ជិកា គណបក្សប្រជាជន​កម្ពុជា ដែលបានធ្វើសកម្មភាពព្រមៗ ស្រុះៗគ្នា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរបស់យើង។​
បក្សខ្លះថា ទាល់តែបានកាន់អំណាច ទើបចុះមកចែកទឹកជូនប្រជាពលរដ្ឋ
ខ្ញុំ​បានស្តាប់លឺនឹងត្រចៀក នូវការសម្ភាសន៍ខ្លះ គេថា ចាំគេកាន់​អំណាច​​សិន។ គួរទេអាហ្នឹង? អ្នកបោះ​ឆ្នោត​ឲ្យ​បក្សដទៃ (អាចពិចារណាមើល)តើគួរទេ? ​(គ្រាន់តែ)ទឹកដែលសុំផឹកបាន ហើយម៉េចចាំ​ដល់ទាល់តែ​កាន់​​អំណាច បានឲ្យ? គេថា បើគ្រាន់តែជួយយោបល់បាន តែបើថាជួយទឹកមិនបាន។ ព្រះអើយ​ព្រះ ហួស​ហេតុ​ពេកហើយអស់លោក។ បើសិនជាខ្ញុំវិញ ប្រកាសគាំទ្រ​ហើយ ឲ្យយុវជនទៅតែម្តង សមាជិកបក្ស ដល់ទៅ​ធ្វើ​ម៉េចយើងហ៊ានដេញ ទោះបីសុទ្ធតែសមាជិកគណ​បក្សប្រជាជននាំទឹកចេញទៅ តែឃើញសមាជិកបក្សដទៃ​ទៅ​ចូលរួមថា អត់មានទឹក តែមានកម្លាំងលី យើងហ៊ានដេញគេចេញទេ? អត់ហ៊ានទេ។ អញ្ចឹងបានសេចក្តីថា អ្នកធ្វើនយោបាយនៅខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ។ អ្នកដែល​ទទួល​ទឹក មិនមែន​សមា​ជិក​គណបក្សប្រជាជនទាំងអស់ឯណា គណបក្ស​ប្រជាជន​អត់បានសួរអត្តសញ្ញាណថា​បោះឆ្នោតឲ្យ​អ្នក​ណា​ទេ។ នេះជាប្រជាពលរដ្ឋរបស់យើង។​ ពេលវេលានេះ អត់និយាយរឿងបក្ស ឬមិនបក្សទេ។
ខ្ញុំបានអំ​ពាវ​នាវ មិនមែនអំពាវនាវតែបក្សប្រជាជនទេ អំពាវនាវបណ្តាបក្សនយោបាយ ទាំងបក្សចាស់​ដែល​បង្កើត​ពីមុនមក និងបក្សដែលថ្មីៗបង្កើត បើថាមិនចូលរួម មិនមានលទ្ធភាពគ្រាន់តែថា គាំទ្រណាស់សកម្ម​ភាព​ហ្នឹង ហើយក៏​មាន​ជួនកាលទៅ ៤ ទៅ ១០ នាក់ ក្នុងចំនោមអ្នកណា ខ្ញុំមិនដឹងទេ(អាចនិយាយ)ថា ខ្ញុំអត់​មាន​ទឹកទេ តែមាន​កម្លាំង​សែង មានលទ្ធភាពជួយ​ទៅចែក។ តើអ្នកណាហ៊ានដេញ? ពិតហើយម្សិលមិញភ្លៀង គ្រាន់តែវាយចូលក្នុង Whatsapp (ប្រាប់ថាមានភ្លៀង) ប៉ុន្តែភ្លៀងនេះ ប្រយោជន៍បានមួយចំនួនហើយ ក្នុង​ហ្នឹងរាប់ទាំងសត្វ ពីមុនយើង​ដោះ​ស្រាយបានតែមនុស្សទេ តែសត្វអត់។ ឥឡូវនេះបានហើយ ក្របី គោនៅ​ស្ទឹង​ត្រែង លែងងាប់ហើយ ប្រជាពលរដ្ឋបានត្រងទឹកហ្នឹងទុក។ កន្លែងខ្លះមិនបន្តលើការចែក​ទឹក ប៉ុន្តែបន្ត​ការ​ជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយបន្ថែម។
ប្តូរពីទិវាពលកម្មអន្តរជាតិ ១ ឧសភា មកជាទិវាធនធានមនុស្សអន្តរជាតិ ១ ឧសភា វិញ
ទិវាពលកម្មអន្តរជាតិក៏ល្មមដល់ពេលវេលាមួយ ដែលពិភពលោកគួរតែប្រើពាក្យថាទិវាធនធានមនុស្ស​អន្តរជាតិ​តែ​ម្តងទៅ។ អាហ្នឹងគួរតែដូរ ១៣០ ឆ្នាំ(ហើយ) គួរតែដូរទេ? ការពិត យើងកំពុងរុញការបណ្តុះបណ្តាល​ធន​ធាន​មនុស្សហ្នឹងឯង។ តែពិភពលោកគេថាអញ្ចឹង។ ឥឡូវ ខ្ញុំសូមចាប់ផ្តើមពីកម្ពុជាទៅចុះ។ ណាមួយគិតថា កម្ពុជា​យក​ថ្ងៃទី ១ ឧសភា ហ្នឹង ធ្វើទិវាធនធានមនុស្ស ផ្សារភ្ជាប់នឹងទិវាពលកម្មអន្តរជាតិតែម្តង ធ្វើទាំងអស់តែម្តង។ អាចចាប់ផ្តើមពីកម្ពុជាដែរ ព្រោះវាមាន​ប្រវត្តិ​របស់វា។ ពីដើមគេប្រើមនុស្សដូចសត្វធាតុ បានជា​មានការ​តស៊ូ​ ទៅជាទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែឥឡូវវាហួសសម័យ គួរហៅថាទិវាធនធានមនុស្ស។ ចាំពិចារណាជាមួយ​គ្នា​មើល ដាក់ទិវា​ធនធានមនុស្សកម្ពុជា យកថ្ងៃ​ ១ ឧសភា ធ្វើរួម(គ្នា)។ ពេលយើងជួបដោយឡែក​នៅកោះ​ពេជ្រ យើងជួបទាំងកម្មករ សាស្ត្រាចារ្យ គ្រូបង្រៀន បើអញ្ចឹង វាជាស្ថានភាពនៃធនធានមនុស្ស កុំឲ្យនៅតែ​ពលកម្ម​រហូត​អញ្ចឹង។ នេះជាការសាកល្បងបោះបាល់មួយ តើមានមនុស្សក្រឡេកមើលប៉ុន្មាន។ អ្នកការទូតជើង​យូរ ជួនកាលអត់ទាន់ធ្វើអីទេ គ្រាន់តែបោះ(បាល់)ទៅ ដើម្បីសង្កេតមើល តើមនុស្សតាម​មើលបាល់ប៉ុន្មាន ប៉ុន្តែ​លេងវាមានផលប្រយោជន៍ កុំថាកម្ពុជាតូចហើយគ្មានគំនិតផ្តួចផ្តើម។
សូមបរទេសកុំលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

គេសប្បាយប៉ុណ្ណឹង ទៅជាថាប្រទេសនេះ កំពុងវិបត្តិ។ ហើយបើបរទេសណានិយាយថាប្រទេសនេះវិបត្តិ សូម​មើល​ប្រទេសខ្លួនឯងមើល ថាវាយ៉ាងម៉េច? ដូចជាអឺរ៉ុប ការវាយប្រហារភេរវកម្ម វិបត្តិជនភៀសខ្លួន សិទ្ធិស៊ីវិល​ជន​ភៀសខ្លួនទៅណា? ទីនេះ គេគ្រាន់តែប្រឆាំងជាមួយ ពួកអនាធិបតេយ្យ  ព្រោះកាលណា​តែ​មិនមែននីតិរដ្ឋ​ហើយ គឺអនាធិបតេយ្យហើយ។ ប្រជាធិបតេយ្យ ត្រូវអមដោយនីតិរដ្ឋ។ ពំ្រដែនសេរីភាព​របស់អ្នក មាន​ព្រំដែនជាមួយសេរីភាពរបស់អ្នកដទៃ។ អ្នករំលោភ អ្នកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យើងចាត់​វិធាន​​ការ​មិន​​ឲ្យ​ខក​ខាន ដើម្បីការពារនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន និងរដ្ឋាភិបាលរបស់​យើង។ សូមបរទេសកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ កម្ពុជាមិនបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់អ្នក​ដទៃទេ តែសូមអ្នកដទៃគោរពនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កុំជ្រៀតជ្រែកអោយ​សោះ។ អ្នកធ្លាប់តែនិយាយថាសុំអោយបែងចែកអំណាច នីតិបញ្ញត្តិ នីតីប្រតិបត្តិ និងតុលាការ ក៏ប៉ុន្តែអ្នកកំ​ពុងដាក់សម្ពោធខ្លះមកឲ្យយើង ដើម្បីបំពានលើអំនាចរបស់តុលាការ។ អ្នកកំពុងធ្វើខុសខ្លួនឯង។ ក៏ប៉ុន្តែអ្នក​សំណាងហើយ អ្នកមិនបានជួបខ្ញុំផ្ទាល់ បើអ្នកជួបខ្ញុំផ្ទាល់ អ្នកនឹងទទួលរងនូវការអាម៉ាស់ដែលខ្ញុំស្តីអោយ​ចំ​ពោះមុខ។ សូម្បីប្រធានាធិបតី អូបាម៉ា និយាយជាមួយខ្ញុំឆ្នាំ ​២០១២ ខ្ញុំថា ស្រុកខ្មែរអត់មានអ្នកទោសនយោ​បាយ​ទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ




សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី កុំឲ្យបរទេសលូក​ដៃចូលកិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជា

សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​អំពាវ​នាវ​​ជា​​ថ្មីថា សូមឲ្យប្រទេស​ដទៃ​កុំមក​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឲ្យ​សោះ ព្រោះ​កម្ពុជា​​មិន​បាន​​​​លូក​លាន់​ចូល​កិ​ច្ច​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ។ ការ​អំពាវ​នាវ​ជា​ថ្មី​នេះ បានធ្វើឡើងគ្រា​​ដែលសម្ដេច​អគ្គមហា​សេនាបតី​​តេ​ជោ ​នាយករដ្ឋមន្រ្ដី បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​កម្មក​រ​-កម្មការនី និង​បុគ្គលិក​ទាំងអស់​នៃកំពង់​ផែស្វយ័ត​ខេត្ដ​ព្រះ​សីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០​១​៦នេះ។
​សម្ដេ​ច​​តេជោ ​នាយក​រដ្ឋ​មន្រ្ដី បានមាន​ប្រសាសន៍​ដោយស្នើ​ឲ្យប្រទេស ដែលមាន​បំណង​លូក​ដៃ​ចូល​កិច្ចការ​​ផ្ទៃ​ក្នុងរ​បស់​កម្ពុជា សូមគោរព​នូវឯករាជ្យ អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា ដោយ​កុំលូក​ដៃចូល​កិច្ចការ​ផ្ទៃក្នុង​របស់កម្ពុជា​ឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បន្ដ​ថា ពីមុន​មក​មានប្រទេស​មួយចំនួន​​បាន​ស្នើ​ឲ្យ​រា​ជ​​​រ​ដ្ឋា​ភិ​បាល​កម្ពុជា​បែងចែក​ឲ្យដាច់​ពីគ្នា​ នូវអំណាច​នីតិបញ្ញប្ប,​ អំណាច​នីតិប្រតិ​បត្ដិ, និ​ង​អំណាច​តុលា​កា​រ តែ​ពេល​នេះបែរ​ជាប្រទេស​ទាំង​នោះ មកដាក់​សម្ភាធ​ខ្លះ​ដល់​កម្ពុជា ដើម្បី​បំពាន​លើ​​អំណាច​​តុលា​កា​​រ​ទៅវិញ ដែលនេះ​ជាទង្វើ​ខុសឆ្គង​មួយរបស់​បរទេស។
ជាមួយ​គ្នានេះ​ស​ម្ដេចតេជោ ហ៊ុន សែន បានលើក​ឡើង​ថា ប្រទេសកម្ពុជា​មិនមាន​ជួ​បវិបត្ដិអ្វី​ឡើ​យ ហើ​យ​​ប្រសិនបើមាន​ជនបរទេស​ណាម្នាក់​និយាយថា ប្រទេស​កម្ពុជា​មានវិបត្ដិ​នោះ សូម​មើល​ប្រទេ​ស​​ខ្លួន​​ឯ​ង​វិ​ញ​​ផងថា​តើជួប​បញ្ហាអ្វីដែរ ដូចជា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប ដែល​រង​ការ​វាយ​ប្រ​ហារ​ដោយ​​ភេវរក​ម្ម គឺបានជួប​វិបត្ដិជន​ភៀស​ខ្លួន ហើយ​នៅពេល​ជួបបញ្ហា​វិបត្ដិនេះ​ហើយ គឺសិទ្ធិជន​ភៀសខ្លួន​ត្រូ​វបាន​​បា​ត់​​បង់​ជាក់ជា​មិនខាន។
សម្ដេច​តេជោនាយក​រដ្ឋមន្រ្ដី បានបញ្ជាក់​ថា រាជរដ្ឋា​ភិបាល​កម្ពុជា គ្រាន់តែ​​ប្រឆាំ​ង​​​​ពួក​​អា​ណា​ធិ​ប​តេ​យ្យ​​ប៉ុណ្ណោះ ព្រោះកាល​ណាមិន​មែន​នីតិរដ្ឋ គឺអាណា​ធិបតេយ្យ​ហើយ។ សម្ដេ​​ច​តេជោ បាន​​លើកឡើង​​ទៀត​ថា ប្រជាធិបតេយ្យ​គឺត្រូវ​អ​មដោយ​នីតិរដ្ឋ ហើយសេ​រីភាព​រប​ស់ប្រ​ជា​​ពល​រដ្ឋ​ម្នាក់ៗ​មាន​ព្រំដែន ជាមួយនឹ​ងសេរីភាព​របស់អ្នក​ដទៃ។ ប្រសិនបើជន​ណាម្នាក់​រំ​លោភសេរី​ភាព​​អ្នកដទៃ គឺត្រូវទទួល​​ខុស​ត្រូវ​ចំពោះមុខច្បាប់ ហើយត្រូវចាត់​វិធាន​ការ​ដាច់ខាត ដើម្បី​ការពា​​រ​កិត្ដិ​យស​ និង​សេចក្ដីថ្លៃថ្នូរ​របស់​គណ​បក្សប្រជាជន​កម្ពុជា និងរាជរដ្ឋា​ភិបាល​កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅកាន់​ក្រុម​តំណាង​រាស្រ្ដ​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​បាន​សរសេរ​លិខិតទួល​ថ្វាយព្រះ​មហាក្សត្រ​អំពីស្ថាន​នយោបាយ​នៅកម្ពុជា ដោយ​ក្រុម​តំណា​ង​​រា​ស្រ្ដ​​គណ​បក្ស​ប្រឆាំង បានលើក​ឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្ដិ​នយោ​បាយ ហើយស្នើ​សុំព្រះ​មហា​ក្ស​ត្រ​​ជួ​យអន្ដរាគមន៍។ សម្ដេច​តេជោ បាន​គូស​បញ្ជាក់ ថា ប្រទេស​កម្ពុជាកំ​ពុងមាន​សុខសន្ដិភាព និង​ស្ថិរ​ភាព​នយោបាយ ហើយ​គ្មាន​វិបត្ដិ​នយោបាយ​នោះទេ ហើយអ្នកដែ​ល​លើកឡើង​ពីវិបត្ដិ​នយោ​បាយ​​នោះ គឺពួកគេ​កំពុង​តែដើរ​លេង​យ៉ាង​សប្បាយ​ទាំងនៅ​ក្នុងប្រទេ និងក្រៅប្រទេស​៕ 








អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងក្រុមការងារ IGeS នៃប្រទេសអ៊ីតាលី បញ្ចប់ការជួសជុលកាំជណ្តើរកសិណប្រាសាទអង្គរវត្តផ្នែកខាងលិចស្លាបខាងជើង

កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី  ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។

លោក  Valter Maria Santoro ប្រធានគម្រោង IGeS បានប្រាប់ថា ការជួសជុលជណ្តើរកសិណនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ហើយបញ្ចប់នៅចុងឆ្នាំ២០១៥ លើប្រវែង៨០ម៉ែត្រ ដោយថវិការរបស់រដ្ឋាភិបាលអ៊ីតាលីផងនិងថវិការបស់អាជ្ញាធរជាតិអប្សរាផង។ លោកបន្តទៀតថា មុននឹងជួសជុលយើងក៏បានសិក្សាពីផលប៉ះពាល់ដែលធ្វើឱ្យសំណង់រលំស្រុត ស្រទាប់ដី កម្រិតទឹក រួមទាំងរចនាសម្ពន្ធកសិណនេះផង ដើម្បីរក្សាទ្រង់ទ្រាយដើម ដោយមានអ្នកជំនាញខ្មែរនិងអ៊ីតាលីធ្វើការរួមគ្នា។  ចំពោះការជួសជុលបើប្រើបច្ចេកទេសបុរាណតែមួយគត់ ក៏មិនអាចធានាសុវត្ថិភាពនិងភាពយូរអង្វែងនៃសំណង់បានដែរ ដូច្នេះទាមទារឱ្យប្រើបច្ចេកទេសទំនើបនិងសម្ភារៈថ្មី (ថ្មភក់ ថ្មបាយក្រៀមថ្មី និងការបិទភ្ជិត)  ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ឱ្យមានអាយុកាលនិងស្ថេរភាពបានយូរ។   
ចុងក្រោយលោកក៏សម្តែងចំណាប់អារម្មណ៍ថា នៅកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរមានអ្នកជំនាញគ្រប់គ្រាន់ ថែមទាំងមានសមត្ថភាពអាចដឹកនាំធ្វើការជួសជុលប្រាសាទបាន ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាបានក្លាយជាស្ថាប័នជាតិដ៏លេចធ្លោមួយដែលមានថវិកានិងអ្នកជំនាញប្រកបដោយប្រសិទ្ធភាព គ្រាន់តែនៅខ្វះខាតបច្ចេកទេសសុីជម្រៅបន្តិចបន្តួចប៉ុណ្ណោះ ដែលស្ថាប័នអន្តរជាតិក៏កំពុងជួយដែរ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ IGeS ទាំងបច្ចុប្បន្ននិងកន្លងមក ក្រុមការងារនេះបានធ្វើការងារជាច្រើនដើម្បីសង្គ្រោះប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ហើយអាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននេះដែរ ទាំងថវិកានិងបច្ចេកទេសគ្រប់គម្រោង។ ក្រៅពីនោះក៏បានជួយសម្រួលបែបបទរដ្ឋបាល ការស្វែងរកសម្ភារៈ និងផ្តល់អ្នកជំនាញផ្នែកស្រាវជ្រាវ មើលស្រទាប់ដីដែលចាក់បង្គរនៅលើច្រាំងកសិណ អ្នកសម្រង់ប្លង់ ដើម្បីឈ្វេងយល់អំពីរចនាសម្ពន្ធបុរាណ ឱ្យជួសជុសទៅតាមទ្រង់ទ្រាយបុរាណនិងរក្សាលក្ខណៈដើមនៃសំណង់បុរាណបាន ហើយទៅអនាគត អាជ្ញាធរជាតិអប្សរាក៏ជួយគម្រោង IGeS ក្នុងការផ្តល់យោបល់ទាក់ទងនឹងរចនាសម្ពន្ធណាមួយនៅអង្គរវត្ត ដែលមានអាទិភាពនិងសារប្រយោជន៍ គួរជួសជុលនិងអភិរក្សមុនគេផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ IGeS បានចូលមកធ្វើការនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ដោយបានជួសជុលប្រាសាទប្រែរូបមុនគេ បន្ទាប់មកក៏បានបំពេញបេសកម្មការងារយ៉ាងច្រើននៅប្រាសាទអង្គរវត្ត ដូចជាជួសជុលក្តារបែនព្រះពន្លាខាងលិចនៅរួតបាកាន កាំជណ្តើរកសិណមុខលោកតារាជប្រវែង៦០ម៉ែត្រ។ ដោយឡែកគម្រោងទៅអនាគតនឹងជួសជុលជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងត្បូងចំនួន៨០ម៉ែត្រទៀតផងដែរ។ ក្រៅពីនោះ IGeS ក៏បានបណ្តុះបណ្តាលអ្នកជំនាញនិងកម្មករខ្មែរ ឱ្យមានសមត្ថភាពច្បាស់លាស់អាចធ្វើការនៅក្នុងការដ្ឋានបានយ៉ាងគួរឱ្យកោតសរសើរទៀតផង៕






គណៈកម្មា​ធិការ​សាខាកាក​បាទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន ចុះជួយ​សង្រ្គោះ​បន្ទាន់ដល់​គ្រួសារ​រងគ្រោះដោយ​ខ្យល់កន្រ្តាក់

នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយស​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​ និងមាន​ការចូលរួម​ពីលោក​ជំទាវប្រធានគណៈកម្មា​ធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តប៉ៃលិន និងសមាជិក សមាជិកាគណៈ​កម្មាធិកាសាខា បានចុះពិនិត្យ និងជួយផ្ទាល់​ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០៦ៈ០០នាទី ចំនួន០៦ ភូមិ ក្នុង​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលហេតុ​ការណ៍នេះបង្កឡើងធ្វើឲ្យ​ប៉ះពាល់ផ្ទះប្រជាពល​រដ្ឋជាបឋមចំនួន ៨៣ខ្នងផ្ទះ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន១៨ខ្នងផ្ទះ ដោយមិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ ដោយការចុះជួយនាពេលនេះ គឺសង្រ្គោះបន្ទាន់ចំពោះមុខ និងបឋមតែប៉ុណ្ណោះ ព្រោះនៅពេលថ្ងៃនេះអាកាសធាតុក្នុងខេត្តប៉ៃលិន កំពុងមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់ នៅឡើយ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង នូវទ្រព្យសម្បត្តិ និងការខូចខាតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះ ដោយខ្យល់កន្រ្តាក់នាពេលនេះ ម្យ៉ាងវិញទៀត ឯកឧត្តមសូមចូលរួមរំលែកទុក្ខលំបាកនេះ ដោយបាននាំយកនូវអំណោយសង្រ្គោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកផ្តល់ជូន ដោយក្នុងមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោមួយចំនួន ឃីតមួយ មាន ភួយ១ សារ៉ុង១ ក្រម៉ា១ មុងជ្រលក់ថ្នាំ ១ និងទឹកសុទ្ធដបធំ ១យួរ និងថវិកា ៥០,០០០រៀល ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១៨គ្រួសារ ទទួលបានបន្ថែមនូវ តង់ម្នាក់មួយ ហើយក្រុមការងារបានជួយប្រក់តង់បណ្តោះអាសន្នជូនដល់ផ្ទះដែលរងគ្រោះធ្ងន់ធ្ងរប៉ើងដំបូលទាំងស្រុង ផងដែរ ។

ឯកឧត្តម ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តប៉ៃលិន ការរស់នៅត្រូវមានអនាម័យល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ និងគ្រោះថ្នាក់ដែលបង្ករឡើងដោយគ្រោះធម្មជាតិ ជាយថាហេតុ ។