Monday, May 02, 2016

គណៈកម្មា​ធិការ​សាខាកាក​បាទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន ចុះជួយ​សង្រ្គោះ​បន្ទាន់ដល់​គ្រួសារ​រងគ្រោះដោយ​ខ្យល់កន្រ្តាក់

នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយស​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​ និងមាន​ការចូលរួម​ពីលោក​ជំទាវប្រធានគណៈកម្មា​ធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តប៉ៃលិន និងសមាជិក សមាជិកាគណៈ​កម្មាធិកាសាខា បានចុះពិនិត្យ និងជួយផ្ទាល់​ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០៦ៈ០០នាទី ចំនួន០៦ ភូមិ ក្នុង​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលហេតុ​ការណ៍នេះបង្កឡើងធ្វើឲ្យ​ប៉ះពាល់ផ្ទះប្រជាពល​រដ្ឋជាបឋមចំនួន ៨៣ខ្នងផ្ទះ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន១៨ខ្នងផ្ទះ ដោយមិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ ដោយការចុះជួយនាពេលនេះ គឺសង្រ្គោះបន្ទាន់ចំពោះមុខ និងបឋមតែប៉ុណ្ណោះ ព្រោះនៅពេលថ្ងៃនេះអាកាសធាតុក្នុងខេត្តប៉ៃលិន កំពុងមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់ នៅឡើយ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង នូវទ្រព្យសម្បត្តិ និងការខូចខាតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះ ដោយខ្យល់កន្រ្តាក់នាពេលនេះ ម្យ៉ាងវិញទៀត ឯកឧត្តមសូមចូលរួមរំលែកទុក្ខលំបាកនេះ ដោយបាននាំយកនូវអំណោយសង្រ្គោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកផ្តល់ជូន ដោយក្នុងមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោមួយចំនួន ឃីតមួយ មាន ភួយ១ សារ៉ុង១ ក្រម៉ា១ មុងជ្រលក់ថ្នាំ ១ និងទឹកសុទ្ធដបធំ ១យួរ និងថវិកា ៥០,០០០រៀល ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១៨គ្រួសារ ទទួលបានបន្ថែមនូវ តង់ម្នាក់មួយ ហើយក្រុមការងារបានជួយប្រក់តង់បណ្តោះអាសន្នជូនដល់ផ្ទះដែលរងគ្រោះធ្ងន់ធ្ងរប៉ើងដំបូលទាំងស្រុង ផងដែរ ។

ឯកឧត្តម ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តប៉ៃលិន ការរស់នៅត្រូវមានអនាម័យល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ និងគ្រោះថ្នាក់ដែលបង្ករឡើងដោយគ្រោះធម្មជាតិ ជាយថាហេតុ ។






No comments:

Post a Comment