Friday, October 18, 2024

ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត



នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 


នៅក្នុងជំនួប ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន  បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ឯកឧត្តម​ ស៉ិនឡៈវង្ស​ ឃុតផៃធូន​ បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។ 


ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ 


សម្ដេចបវរធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន  បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ​ ក៏ដូចជា​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ ផងដែរ៕






ការពាររាជរដ្ឋាភិបាល និងការពារសមិទ្ធផលសង្គមជាតិ គឺជាតួនាទីរបស់យើងទាំងអស់គ្នា



ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា មានតួនាទីក្នុងការការពាររាជរដ្ឋាភិបាល និងការពាររាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល មិនឱ្យក្រុមជ្រុលនិយមមួយក្ដាប់តូចបំភ្លៃ បំភ្លើសពីការពិតបានឡើយ។


នៅក្នុងឱកាស អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ែន បូណា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំ បានធ្វើឱ្យប្រទេសកម្ពុជា មានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម។


ឯកឧត្តម ប៉ែន បូណា បានបន្ដថា សមិទ្ធផលដែលយើងមានសព្វថ្ងៃ មានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ។


រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត៕







សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ព្រមផ្តល់ដំណើរកម្សាន្តជូនជនចាស់ជរានៅអង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ ទៅកាន់ភ្នំគូលែន





សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានសម្រេចផ្តល់ដំណើរកម្សាន្តជូនជនចាស់ជរា នៅអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ទៅកាន់ភ្នំគូលែន តាមសំណើ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនចាស់ជរា នូវបំណងប្រាថ្នារបស់ពួកគាត់។


ការសម្រេចផ្តល់ដំណើរកម្សាន្តនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ការរៀបចំដំណើរកម្សាន្តដល់លោកយាយ ទៅភ្នំគូលែននេះ គឺនឹងរៀបចំរថយន្តជូនលោកយាយដល់លើភ្នំគូលែន តែម្តង ដើម្បីជួយសម្រាលដល់ការលំបាក៕








សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់អាហារូបករណ៍ ដល់កុមារនៃអង្គការ PSE និង CCF




សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ជាមួយនឹងការប្រកាសផ្តល់នូវអាហារូបករណ៍នេះដែរ សម្តេច  ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ បន្តខិតខំសិក្សាបន្ថែមទៀតដើម្បីអនាគតខ្លួនឯង។


នៅក្នុងឱកាសអញ្ជើញជួបសំណះសំណាល ជាមួយកុមារ និងលោកតា លោកយាយ នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមានអាហារូបករណ៍សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា  រៀននៅក្នុងប្រទេសតាមសាកលវិទ្យាល័យផ្សេងៗ និងរៀននៅក្រៅប្រទេស មាននៅប្រទេសចិន ហើយសម្តេចបានជំរុញឱ្យសិស្សានុសិស្សទាំងប្រឹងប្រែងសិក្សាឱ្យបានចប់ថ្នាក់ទី១២ ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា។


ជាមួយគ្នានោះ សម្រាប់អ្នកដែលចង់រៀន និងដាក់ចិត្តរៀន គឺសម្តេច ផ្តល់អាហារូបករណ៍ឱ្យបាន ហើយត្រូវខិតខំរៀនឱ្យបានពូកែដើម្បីអនាគតរបស់ខ្លួន ដោយអាចរៀនបានទាំងនៅសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងសាកលវិទ្យាល័យនៅក្នុងប្រទេសចិនផងដែរ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្មេងៗនៅមណ្ឌល CCF និង PSE ហៅសម្តេចថា «ប៉ាណែត» ឬ «ពុក»



នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។


នៅក្នុងពិធីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យក្មេងៗនៅមណ្ឌល CCF និង PSE ហៅសម្តេចថា «ប៉ាណែត» ឬ «ពុក»ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះចំពោះស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអង្គការ PSE និង CCF ដែលបានជួយដល់ប្រជាជនកម្ពុជា។


គួរបញ្ជាក់ថា អង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ ត្រូវបានបង្កើតឡើងរយៈពេល២០ឆ្នាំមកហើយ ដែលរហូតដល់ពេលនេះ មានសិស្សានុសិស្ស កំពុងស្នាក់នៅ និងសិក្សាជាង១៨០០នាក់។ រយៈពេលជាង២០ឆ្នាំមកនេះ អង្គការបានចំណាយថវិកាប្រមាណ១០០លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីនានា ក្នុងគោលដៅជួយកុមារកម្ពុជា៕







ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ



កំពង់ធំ៖  នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជ័យលាភីជូនដល់ទូកដែលចូលរួមប្រណាំង។

ពិធីនេះមានការចូលរួមពី  ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុង ស្រុករបស់ខ្លូនផងដែរ។

ឯកឧត្តម  នួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា ក្នុងឆ្នាំនេះ មានទូកចូលរួមចំនួន ៦៥ទូក ក្នុងនោះទូកវែង ០៩ទូក ទូកខ្នាតអន្តរជាតិ ៤១ទូក ទូកផ្កាចារចំនួន ១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន ២ ០៦១នាក់ ក្នុងនោះមានចំណុះពិត ១ ៦៩១នាក់ និងកីឡាករបម្រុង ចំនួន ៣៧០នាក់។ ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។ ភាពសប្បាយរីករាយនៅថ្ងៃនេះគឺបានមកដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ជាពិសេស ក្រោមការណែនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ដែលតែងតែបានគាំទ្រទាំងគំនិត ស្មារតី ថវិកា និងសម្ភារៈ ធ្វើឲ្យខេត្តកំពង់ធំមានការរីកចម្រើនកាន់តែឆាប់រហ័ស។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្ដម វង្សី វិស្សុត  ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ  បានប្រគល់ជ័យលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

• ទូកវែងបុរស៖  ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល

 ផែនលេខ២ ទទួលបានថវិកា ៣.០០០.០០០រៀល

 ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល

• ទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល

• ទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល

 ផែនលេខ២ ទទួលបានថវិកា ១.២០០.០០០រៀល

 ផែនលេខ៣ ទទួលបានថវិកា ៨០០.០០០រៀល

• ទូកខ្នាតអន្តរជាតិនារី៖ ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល

• ទូកផ្កាចារបុរស៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល

 ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល

 ផែនលេខ៣ ទទួលបានថវិកា ៦០០.០០០រៀល

• ទូកផ្កាចារនារី៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល

 ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល។

ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំការប្រណាំងទូកនេះដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកំពង់ធំ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់លក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ។