Friday, September 20, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួប ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ




នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួប ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងថ្មី និងបានបង្ហាញនូវស្មារតីសុទិដ្ឋិនិយមចំពោះកិច្ចសហការរវាងប្រទេសទាំងពីរ ដែលកន្លងមកតែងតែមានផ្លែផ្កាទាំងក្នុងក្របខ័ណ្ឌទេ្វភាគី និងក្របខ័ណ្ឌអាស៊ាន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយសម្របសម្រួលឱ្យគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលីស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងសម្របសម្រួលកិច្ចការរបស់នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា” ក្នុងអំឡុងខែឧសភាកន្លងមកនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ដែលមានរយៈកាលប្រមាណ ៧២ឆ្នាំមកហើយ ជាពិសេសបានរំលឹកអំពីការចូលរួមរបស់ប្រទេសអូស្ត្រាលី ក្នុងតួនាទីជាអ្នកថែរក្សាសន្តិភាពក្នុងក្របខណ្ឌអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC។ ក្នុងស្មារតីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកជាដៃគូយ៉ាងសំខាន់របស់ប្រទេសអូស្ត្រាលី។ 

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិស័យហិរញ្ញវត្ថុ និងធនាគារ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នាចំពោះភាពចាំបាច់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំផ្ទាល់ លើការដ្ឋានការងារកែទម្រង់សំខាន់ៗ ដូចជាក្នុងវិស័យទេសចរណ៍ ក៏ដូចជានៅក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយកម្រៃដឹកជញ្ជូន ចំណាយនិងបន្ទុកអនុលោមភាពមិនចាំបាច់នានា និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម និងជាពិសេសកំពុងគិតគូរអំពីការរៀបចំក្របខ័ណ្ឌទាក់ទាញវិនិយោគិនពីក្រៅប្រទេស រួមទាំងប្រទេសអូស្ត្រាលីផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ 

សម្រាប់កិច្ចសហប្រតិបត្តិការទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជំរុញឱ្យមានការសហការបន្ថែមលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល, គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment) ព្រមទាំងការលើកកម្ពស់ធនធានមនុស្ស សំដៅពង្រឹងអភិបាលកិច្ចក្នុងក្រសួង ស្ថាប័ន ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃមុខ៕







ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្វពិធីកាន់បិណ្ឌ នៅវត្តប៉ាកណាម ដែលក្រុមប្រឆាំងចោទប្រកាន់ថា វត្តស្ថិតក្នុងទឹកដីប្រទេសវៀតណាម




កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សីលវ័ន សិលវតី ប្រជាពុទ្ធបរិស័ទ្ធជាច្រើនកុះករ បានផ្តួចផ្តើមគំនិតនាំយកនូវបច្ច័យ និងទេយ្យវត្ថុនានាយកទៅប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌវេនទី២ ក្នុងទីអារាមវត្ត ប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ។


ឯកឧត្តម គួច ចំរើន និងអ្នកចូលរួម បានអុជទាន ធូប ថ្វាយផ្កាភ្ញី និងការសូត្រធម៌ស្វាធ្យាយ ជយន្តោ សូត្រមន្ត និងការប្រោះព្រំចំរើនព្រះបរិត្ត តាមគន្លងព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃនិមន្តចូលរួមប្រមាណជិត៤០អង្គ បានញ៉ាំងឱ្យបរិវេនវត្តប៉ាកណាម មានសភាព អ៊ូអរ អធិកអធ័មជាខ្លាំង។


បន្ទាប់ពីបានប្រគេនបច្ច័យកាន់បិណ្ឌរួចហើយ ឯកឧត្តម គួច ចំរើន ក៏បានផ្តល់នូវកិច្ចសម្ភាសន៍ពិសេសជូនសារព័ត៌មានជាច្រើនស្ថាប័នដែលបានចុះទៅថតផ្តិតផ្ទាល់នៅក្នុងពិធីបុណ្យ ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់លាស់ នូវទីតាំងវត្តប៉ាកណាម ដែលជាវត្តខ្មែរ គឺស្ថិតក្នុងអធិបតេយ្យភាពទឹកដីខ្មែរ និងមានការសាងសង់ព្រះវិហារ និងសាលាធម្មសភា  និងមានទាំងពុទ្ធកសិក្សាជាថ្នាលពង្រឹងនូវព្រះធម៌ ព្រះវិន័យ សម្រាប់ព្រះសង្ឃសិក្សា បដិបត្តិ និងថែមទាំងមានការទំនុកបម្រុងព្រះសង្ឃរៀនសូត្រ ដោយព្រះចៅអធិការវត្ត និងសប្បុរសជនបានដ៏ល្អបំផុត។


វត្តមាននៃការរួបរួមជួបជុំគ្នាធ្វើបុណ្យកាន់បិណ្ឌ ក៏ជាសារមួយដ៏មានសារៈសំខាន់ បញ្ជាក់ជូនសាធារណជនទាំងក្នុងនិងក្រៅប្រទេសថា សូមកុំបន្តចាញ់បោកការបង្ហោះផ្សាយ ភូតកុហក បោកប្រាស់របស់ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតរឿងថា វត្តប៉ាកណាម ត្រូវបានបាត់បង់ ដោយសារប្រទេសជិតខាងរំលោភទន្ទ្រានកាន់កាប់  តែការពិត វត្តប៉ាកណាម នៅតែជាវត្តរបស់ខ្មែរ និងបង្គោលព្រំដែនដែលនៅចម្ងាយពីវត្តជិត១គីឡូម៉ែត្រ មានបង្គោលព្រំដែនច្បាស់លាស់ ដែលបានបន្សល់ទុកនៅតាំងពីសម័យបារាំងមកម៉្លេះ គឺបង្គោល កម្ពុជា - កូសាំងស៊ីន ដ៏រឹងមាំ គ្មានប្រទេសណាមួយរំលោភលើអធិបតេយ្យប្រទេសណាបានឡើយ៕









ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ




ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ដែលស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។


ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង វត្តប៉ាកណាម មានព្រះសង្ឃខ្មែរគង់នៅ និងមានប្រជាពុទ្ធបរិស័ទខ្មែរយើងអញ្ជើញទៅធ្វើបុណ្យទានយ៉ាងច្រើនកុះករផងដែរ។


ឯកឧត្តម ប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីខ្មែរ កាន់កាប់ដោយភាគីកម្ពុជាយ៉ាងពេញលេញ ដូច្នេះ សូមក្រុមប្រឆាំងឈប់ធ្វើនយោបាយភូតកុហកតទៅទៀត៕