Thursday, September 19, 2024

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ




ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ 


សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕





នាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា



ក្នុងឱកាសនៃជំនួប លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេប អំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។  


សម្ដេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្សគឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕



#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ




 ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

 ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ  បានលើកឡើងអំពីប្រវត្តិសាស្ត្រ និង ចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន  ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។ ឯកឧត្តម បន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និង ចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់  និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖ (១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ។ (៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា៕







ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព



ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេស​នាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់ ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់សិក្សារៀន​សូត្រ។ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀនពីខាងក្រៅផង ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ប្រធានបទស្តីពី«ការត្រួតពិនិត្យនីត្យានុកូល​ភាព» ពិតជាមានសារសំខាន់និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក្នុងនោះមានទាំងការងារកំណែទម្រង់ច្បាប់ និងអភិបាលកិច្ចល្អ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឋាមពល និងភាពជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់និងស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យនិងការវាយតម្លៃលើការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ​​នានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគស្មាញនៃសង្គម‑សេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤បានកំណត់យកការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ មានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលនៅក្នុងនោះ មានចែងអំពីគោលការណ៍ធំៗជាច្រើន ដូចជា ស្ថាប័ននយោបាយនិងធម្មនុញ្ញ ស្ថាប័នធានាការអនុវត្ត​ច្បាប់ សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច សំដៅធានានិរន្តរភាពនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋ ដែលយកប្រជាជនជាធំ។ ការធានានូវអនុលោមភាពនិងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ទាំងក្នុងន័យចង្អៀតនិងទូលាយ គឺជាយន្តការចំបងមួយ ហើយ ប្រទេសជាច្រើន រួមទាំងកម្ពុជាបានបង្កើតឱ្យមានយន្តការត្រួតពិនិត្យធម្មនុញ្ញភាព ដើម្បីធានាថារាល់ច្បាប់ទាំងអស់ត្រូវតែមានអនុលោមភាពជាមួយរដ្ឋធម្មនុញ្ញនេះ។ បន្ថែមពីលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ការធានានីត្យានុកូលភាពនៃសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរសាធារណៈ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ទាំងនៅក្នុងការដាក់ចេញលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ទាំងសកម្មភាព ទាំងការសម្រេចចិត្ត គឺជាកិច្ចការងារសំខាន់ផងដែរ ហើយដែលជាប្រធានបទនៃវគ្គបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះ។ ហើយមិនតែប៉ុណ្ណោះ មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ និង មាត្រា៤និងមាត្រា៦នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ​រដ្ឋមន្ដ្រី ឆ្នាំ២០១៨ បានកំណត់យ៉ាងច្បាស់ពីតួនាទីរបស់រាជរដ្ឋាភិបាល ដែលជាអ្នកធានានិងការពារនីត្យានុកូលភាពផង និងការអនុវត្តច្បាប់ ផង។ឯកឧត្តម វង្សី វិស្សុត​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដែលជាយន្តការដឹកនាំ ស​ម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។ ក្នុងនាមជាប្រធាន គ.ក.ច. ឯកឧត្តម វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំលើកទី១ របស់   គ.ក.ច. កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារ ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់។ ឯកឧត្តមបន្តថា ឯកសារទាំងនេះនឹងកំណត់បញ្ហាជាសារវន្តមួយចំនួនពាក់ព័ន្ធនឹងចក្ខុវិស័យ​បេស​កកម្ម យុទ្ធសាស្ត្រគន្លឹះ យុទ្ធសាស្ត្រគាំទ្រ យន្តការគាំទ្រ និងផែនការសកម្មភាពការងារកែទម្រង់ របស់ គ.ក.ច. ដោយរួមទាំងការបកស្រាយអំពីនីត្យានុកូលភាពផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម បណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាវាគ្មិនកិត្តិយស ពោរពេញដោយសមត្ថភាព និងបទពិសោធ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិងបទពិសោធដល់វគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលជួបឯកអគ្គរាជទូតនូវែលសេឡង់



នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។


ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម។ 


ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ផងដែរ៕


Deputy Prime Minister receives a courtesy call from New Zealand’s envoy

---


On 18 September 2024, His Excellency Deputy Prime Minister SOK Chenda Sophea, Minister of Foreign Affairs and International Cooperation, received a courtesy call from His Excellency Jonathan Kings, Ambassador of New Zealand to the Kingdom of Cambodia with Residence in Bangkok, at the Ministry.


His Excellency SOK Chenda Sophea welcomed and thanked His Excellency Jonathan Kings for delivering a lecture on “65 Years of Cambodia-New Zealand Relations and New Zealand’s Policy Priorities” at National Institute of Diplomacy and International Relations. The Deputy Prime Minister recalled the productive meeting with His Excellency Deputy Prime Minister Winston Peters, Minister of Foreign Affairs of New Zealand, in July in Vientiane.


The Deputy Prime Minister expressed his deep thanks to New Zealand for its assistance and suggested that the two countries work together more in the areas of agriculture, agro-processing, and human resource development. Additionally, the Deputy Prime Minister suggested that New Zealand hold business seminars in any of the ASEAN member states where a large number of New Zealanders could attend and hear from representatives of the Council for the Development of Cambodia about trade and investment opportunities in Cambodia. 


The Deputy Prime Minister and the Ambassador expressed their delight with the positive working relationship and mutually beneficial relationship between Cambodia and New Zealand, and they emphasized the need to continue building on this relationship.  


They also discussed mutually important regional and global concerns, as well as the dialogue relations between ASEAN and New Zealand.