Sunday, July 04, 2021
អភិបាលរាជធានី៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ-១៩
តាមរយ:កិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយ: Video Conference នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយនៅមានការឆ្លងទៀត។
លោកបន្តថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយការងារនេះរាជធានីភ្នំពេញ បានឈានមួយជំហ៊ានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។
លោកបានបន្តទៀតថា យើងនឹងពិភាក្សាលំអិតថែមទៀតទៅលើយន្តការដែលត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង។
ជាមួយគ្នានេះ លោកអភិបាលរាជធានីស្នើរអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនីមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវការឲ្យជួយដែលញាំញីដោយជំងឺកូវីដ.១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
លោក ឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយ:ពេល២សប្តាហ៍ចុងក្រោយនេះមែន តែមនុស្សដែលឆ្លងនោះនៅមានកំលាំងមាំមួន នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយ:ការធ្វើសន្និសិទសារព័ត៌មានឲ្យមានការយល់ដឹងជាសាធារណ:ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ។
ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTVជាដើមលោកថា គឺមិនត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេ ក្រុង ស្រែកបានអស់លោកធ្វើនោះ៕