ទិវាកាលឃុំកុមាររាជា
“១”
(បទពាក្យប្រាំពីរ)
ពេលព្រឹកអរុណចាំងរស្មី ចេញពីព្រឹក្សព្រៃក្បែរបព្វតា
បំភ្លឺសព្វសត្វ និងមនុស្សា កុមាររាជាចាករាត្រី ។
សត្វស្លាបញីឈ្មោលចាកទ្រនំ ស្រែកច្រៀងប្រគំតូរ្យតន្ត្រី
ហិចហើរច្រវាត់ ខំឃ្មាតខ្មី ស្វែងរកចំណី គ្រប់ទីឋាន ។
ប្រជានិករផងទាំងឡាយ មានចិត្តរីករាយពីសំរាន្ត
និន្ទ្រាលង់លក់យ៉ាងសុខសាន្ត រៀបចំខ្លួនប្រាណទៅធ្វើការ ។
ពូមីង បងប្រុស និងបងស្រី ខំប្រឹងលកលៃគ្រប់អាត្មា
បង្កបង្កើនផលផ្លែផ្កា ចិញ្ចឹមគ្រួសារ មិនឲ្យខ្វះ ។
យុវជន យុវតី វ័យកំលាំង ចុះធ្វើការខ្លាំងជំនួសចាស់
ទៅតាមលទ្ធភាព មានច្រើនណាស់ អនាគតភ្លឺច្បាស់ ល្អះត្រចង់ ។
ឯកុមារា កុមារី ខិតខំតាមវ័យគ្មានបង្អង់
ស្វែងរកចំណេះដោយផ្ចិតផ្ចង់ ត្រាច់ចរតំរង់ទៅសាលា ។
ពេលល្ងាចពន្លឺពណ៌សុវណ្ណ ទោរទន់ទៅកាន់ទិសបច្ឆិមា
បន្ថយសូរ្យសែងសែនស្រស់ថ្លា ចាំងលើរុក្ខាពណ៌ខៀវខ្ចី ។
ជំនោរត្រជាក់ផាត់ពីឆ្ងាយ ហាក់ដូចនាំកាយពេលរាត្រី
បាត់ការនឿយហត់ក្តីអប្រិយ ឲ្យមានរស្មីល្អឥតអាក់ ។
កុមាររាជាឃុំមនោរម្យ រស់បានសុខុម គ្មានថ្នាំងថ្នាក់
ជីវភាពប្រសើរល្អប្រត្យក្ស ដោយគណបក្សប្រជាជន ។
១- ស្រុកបាទី ខេត្ដតាកែវ
ដោយ ហូយ គឹមអាន