ចេញផ្សាយថ្ងៃ: ( ១៧ - ធ្នូ - ២០១៤ )
រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤
- លោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និសីទទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនងការទូត កម្ពុជា-ចិន នាសម័យសម្តេចព្រះ នរោត្តម សីហនុ» នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសវិទ្យាស្ថានខុងជឺ ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីរំលឹកដល់ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមក្នុងការកសាងទំនាក់ទំនងការទូតកម្ពុជា-ចិន របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការរៀបចំសន្និសីទនេះ។
វេទិកាដ៏មានសារៈសំខាន់នេះ ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស និស្សិត ចែករំលែកទស្សនៈ បទពិសោធន៍ និងសិក្សាស្វែងយល់ ឱ្យកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀត អំពីការកកើត ការវិវត្ត ហើយជាពិសេសអំពីសារៈសំខាន់នៃទំនាក់ទំនងការទូត កម្ពុជា-ចិន។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត ដល់មហាជនគ្រប់ស្រទាប់ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសារៈសំខាន់នៃទំនាក់ទំនងការទូតរបស់ប្រជាជាតិទាំងពីរ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
គួររំឭកផងដែរថា ៦ឆ្នាំក្រោយពីគណបក្សកុម្មុយនិស្តចិនបានឡើងកាន់អំណាច និង២ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង កម្ពុជានិងចិន ក៏ចាប់មានទំនាក់ទំនងជាមួយគ្នា។ ដំបូងជាទំនាក់ទំនងក្រៅផ្លូវការ ប៉ុន្តែ ជាទំនាក់ទំនងដ៏ជិតស្និទ្ធមួយ រវាងសម្តេចព្រះ នរោត្តម សីហនុ និងលោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន នៅក្នុងឱកាសសន្និសីទប្រទេសមិនចូលបក្សសម្ព័ន្ធ នៅក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥៥។ ចាប់តាំងពីដើមឆ្នាំ១៩៥៨ បើទោះជាចិននិងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាក៏ដោយ ថ្នាក់ដឹកនាំនៃប្រទសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក ហើយប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និត ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលដ៏ខ្លី។ មិត្តល្អជួយគ្នាក្នុងគ្រាក្រ បានក្លាយជាពាក្យស្លោកប្រកបដោយគុណធម៌ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែង ក្នុងទសវត្សរ៍ឆ្នាំ៦០ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ក្នុងការតស៊ូមតិនៅលើវេទិកាអន្តរជាតិនានា ដើម្បីជួយគាំទ្រឱ្យសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈប្រចាំអង្គការសហប្រជាជាតិ។
យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ព្រះអង្គមិនត្រឹមតែបានលះបង់ព្រះកាយពល ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ហើយបានកសាងប្រទេសកម្ពុជានៅក្នុងសម័យសង្គមរាស្រ្តនិយមឱ្យក្លាយជាប្រទេសដ៏រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងជាអ្នកការទូតដ៏ឆ្នើមដែលបានកសាងទំនាក់ទំនងយ៉ាងល្អ ក្នុងស្មារតីសន្តិភាព និងសន្តិសហវិជ្ជមានជាមួយប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ជាពិសេស ជាមួយមហាមិត្តចិន។ ទាំងនេះបានធ្វើឱ្យព្រះអង្គទទួលបាននូវការគោរពស្រឡាញ់ និងកោតសរសើរ ពីប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិន ថាជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលពោរពេញទៅដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ ជាគំរូសម្រាប់អ្នកដឹកនាំ និងអ្នកការទូតទាំងអស់រៀនសូត្រតាម។
ដោយឈរលើស្មារតីមិត្តភាពជាអមតៈ និងដើរតាមមាគ៌ាដ៏វិសេសវិសាលរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន រហូតឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជាជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ជាមិត្តភក្តិល្អ និងជាដៃគូល្អរបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រដោយឥតងាករេចំពោះនយោបាយចិនតែមួយ និងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ដោយសារកត្តាអំណោយផលទាំងនេះ អ្នកវិនិយោគ និងទេសចរចិន បានមកបណ្តាក់ទុនវិនិយោគ និងទស្សនាកម្ពុជា កាន់តែច្រើនជាបន្តបន្ទាប់។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
សន្និសីទរយៈពេលពីរថ្ងៃនេះ គឺជាវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងចំណងការទូតកម្ពុជា-ចិន ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដែលសុទ្ធសឹងជាឥស្សរជនសំខាន់ៗនៅក្នុងវិស័យការទូត ជាពិសេស ឯកឧត្តម លោកជំទាវដែលធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យអ្នកចូលរួមទាំងអស់ ត្រងយកពុទ្ធិ និងបទពិសោធន៍ ដែលទទួលបានពីវេទិកានេះ ដើម្បីជាមូលដ្ឋានសម្រាប់ការស្វែងយល់និងការសិក្សាស្រាវជ្រាវបន្តទៀត។ ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រឱ្យមានការសិក្សាស្រាវជ្រាវ និងរៀបចំវេទិកាវិទ្យាសាស្ត្របែបនេះជាបន្តទៀត ដើម្បីពង្រីកការយល់ដឹងកាន់តែទូលំទូលាយអំពីស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជជាតិ ព្រះបរមរតនកោដ្ឋ។ សន្និសីទនេះ ក៏ជាវិភាគទានដ៏មានតម្លៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើងថែមទៀត។ ខ្ញុំយល់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនក្នុងសម័យសម្តេចព្រះ នរោត្តម សីហនុ គួរត្រូវបានចងក្រង បោះពុម្ព និងផ្សព្វផ្សាយ ជាខេមរភាសា ភាសាចិន និងភាសាអង់គ្លេស ឱ្យបានទូលំទូលាយដល់មហាជនជាតិនិងអន្តរជាតិ។ ក្នុងស្មារតីនេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅក្នុងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយប្រសិទ្ធនាមថា មជ្ឈមណ្ឌលស្រាវជ្រាវសម្តេចព្រះ នរោត្តម សីហនុ ដែលយើងគ្រោងនឹងបើកស្លាកនាពេលបន្តិចទៀតនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងបណ្តាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាទាំងអស់ ចំពោះការចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជាកន្លែងប្រមូលផ្តុំនៃអ្នកសិក្សាស្រាវស្រាវទាំងអស់ ជាពិសេស ក្រុមការងារសិក្សាស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងន័យនេះ ខ្ញុំពិតជារីករាយ និងសូមថ្លែងអំណរគុណ ចំពោះលោកសាស្ត្រាចារ្យបណ្ឌិតហ្វុង ជុងភីង អនុប្រធានវិទ្យាស្ថានអន្តរជាតិសហសម័យរបស់ប្រទេសចិន ដែលនៅក្នុងជំនួបពិភាក្សាការងារជាមួយខ្ញុំកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ លោកសាស្ត្រាចារ្យបានសម្តែងការគាំទ្រ ហើយនឹងផ្តល់កិច្ចសហការដល់ក្រុមស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភាកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងវាគ្មិននិងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកពុទ្ធិ និងបទពិសោធន៍ ដើម្បីធ្វើឱ្យសន្និសីទនេះទទួលបានលទ្ធផលជាផ្លែផ្កា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅតាមចំណេះ និងជំនាញរបស់ខ្លួន ហើយបានបោះពុម្ព ផ្សព្វផ្សាយ ធ្វើបាឋកថាថ្នាក់ជាតិនិងអន្តរជាតិនានា។ ក្នុងនោះ ស្នាដៃសៀវភៅ «ដែក និង ថ្ម» និងសៀវភៅ «IRON & STONE» ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្រុមស្រាវជ្រាវដឹកនាំដោយលោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន បានសិក្សាស្រាវជ្រាវ អំពីស្ថានីយឧស្សាហកម្មឡស្លដែកបុរាណនៅកម្ពុជា។ កម្រងស្នាដៃស្រាវជ្រាវនេះ គឺបានបញ្ជាក់ឱ្យឃើញថា បុព្វបុរសខ្មែរជំនាន់ដើម មានសមត្ថភាព និងបច្ចេកទេសខ្ពស់ខាងវិទ្យាសាស្រ្ដ អាចស្ល ចម្រាញ់ និងផលិតដែកយ៉ាងស្ទាត់ជំនាញ ដែលជាកត្តារួមចំណែកដល់ការកសាងចក្រភពខែ្មរដ៏រុងរឿង។ តាមរយៈការសិក្សានេះ ស្ថានីយផលិតដែកជាង២០០ ត្រូវបានរកឃើញ ហើយការចម្រាញ់ដែកជាទ្រង់ទ្រាយធំនៅកម្ពុជា មានតាំងតែពីឆ្នាំ៦៣៧ នៃគ្រិស្ដសករាជ មកម្ល៉េះ ដែលនេះគឺជាចំណេះដឹងបន្ថែមអំពីវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវទាំងអស់ បន្តធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើប្រធានបទសំខាន់ៗនានា ឱ្យកាន់តែច្រើនថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈតរៀងទៅ។
ខ្ញុំសូមប្រកាសបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនង កម្ពុជា-ចិន នាសម័យ សម្តេចព្រះ នរោត្តម សីហនុ» ចាប់ពីពេលនេះ។
សូមអគុណ!