
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា
សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ
ឆ្នាំ២០១៤ ដើម្បីចូលរួមធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
ដើម្បីបង្កើតប្រធានសភាភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។
ទាក់ទងនឹងកិច្ចប្រជុំសភា ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
បង្កើតប្រធានសភាភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចបានធ្វើទៅហួសកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០១៤។
ថ្លែងក្នុងពិធីបើកសន្និសីទជាតិផ្សព្វផ្សាយច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
និងច្បាប់ស្ដីពីការរៀបចំការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ដែលរៀបចំធ្វើនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ដោយក្រសួងយុត្តិធម៌
សម្ដេចតេជោមានប្រសាសន៍ឲ្យដឹងអំពីការសម្រេចចិត្តដោះស្រាយបញ្ហានយោបាយរបស់សម្តេចជាមួយគណបក្សសង្គ្រោះជាតិនាពេលកន្លងមកថា
ខ្ញុំសុខចិត្តផ្អាកពេលវេលាហោះទៅប្រទេសថៃប្រជុំ GMS ដើម្បីចូលរួមក្នុងការធ្វើវិសោធនកម្ម
គាំទ្រឱ្យមានឋានានុក្រមប្រើពាក្យថា ប្រធាន(សមាជិកសភា)
ភាគតិចដែលចាប់ពី២៥ភាគរយឡើងទៅ ជាដៃគូសន្ទនា ជាមួយប្រមុខរាជរដ្ឋាភិបាល
នេះមានក្នុងកិច្ចព្រមព្រៀងនៅចំការមនឯណា? ប៉ុន្តែវាស្ថិតនៅក្នុងដែនសមត្ថកិច្ចយើងធ្វើបានយើងធ្វើ។
ដោយឡែកសិទ្ធិសម្រេចរបស់តុលាការ
សម្តេចតេជោបានមានប្រសាសន៍ពន្យល់ថានៅក្នុងតុលាការ
ខ្ញុំទៅដឹងរឿងគេចោទអ្នកណាយ៉ាងម៉េច រួចមកបន្ទោស
និយាយឱ្យច្បាស់ត្រង់កន្លែងហ្នឹង។
តែខ្ញុំក៏សុំនិយាយឱ្យច្បាស់ដែររឿងបញ្ហាតុលាការនេះ ខ្ញុំមានសិទ្ធិគ្រាន់តែសេវាបម្រើជូនទេ។
ទាក់ទិននឹងការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត
ដែលគណបក្សទាំងពីរ (ប្រជាជនកម្ពុជា-សង្រ្គោះជាតិ)
បាននិងកំពុងពិភាក្សាគ្នានោះ
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា ច្បាប់ស្ដីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រយៈពេលចុងក្រោយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ខ្ញុំបានជួបឯកឧត្ដម
សម រង្ស៊ី។ ខ្ញុំថា វាលំបាកម្ល៉េះ គ្រាន់តែរក ៩នាក់ រកប៉ុណ្ណឹងមិនបាន
កន្លងទៅចេះតែនិយាយថា បក្សពួកនិយម គ្រួសារនិយម
ដូច្នេះយើងដាក់ហាមក្នុងនោះតែម្ដងទៅខ្លាចអី កុំឱ្យមានសាច់ញាតិ
ញាតិពន្ធអីនៅក្នុងហ្នឹង ព្រោះវាកើតការលម្អៀង។ សញ្ជាតិតែមួយក៏ដូច្នេះដែរ
ខ្ញុំថាបើចេះស្នេហាជាតិម៉េចក៏មិនហ៊ានលាសញ្ជាតិមកបម្រើជាតិ
ឥឡូវបើថាចង់ទាំងអស់ក៏សូមអញ្ជើញ ទាំងក្រុមប្រឹក្សាធម្មនុញ្ញ
ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា ទាំងសមាជិករាជរដ្ឋាភិបាល
ដូច្នេះសញ្ជាតិតែមួយកុំអាលពង្រាយសុំតែមួយបានហើយ
គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៩នាក់
រើសម្នាក់ដែលគ្មានសញ្ជាតិបរទេសបាន ឬអត់? ក្នុងមនុស្ស ១៥លាននាក់នេះ
ហើយកុំឱ្យមានញាតិពន្ធរបស់មេដឹកនាំបក្សទៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន
ឬអត់បាន?។
ដោយឡែកទាក់ទិននឹងសកម្មភាពភេវរកម្មចាប់មនុស្សធ្វើចំណាប់ខ្មាំង
ដែលបង្កឡើងដោយក្រុម ISIS កាលពីថ្ងៃទី១៥
ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបណ្ដាលឱ្យមនុស្ស
៣នាក់ស្លាប់ រាប់ទាំងពួកភេរវករម្នាក់ និងរបួសមួយចំនួនផងនោះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមសោកស្ដាយ និងថ្កោលទោស
ជាមួយប្រជាជន ព្រមទាំងរដ្ឋាភិបាលអូស្ត្រាលីចំពោះអំពើភេរវកម្មនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
យើងចូលរួមរំលែកនូវការលំបាកជាមួយដៃគូមិត្តភក្ដិ
របស់យើងទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងទៅលើភេរវកម្ម
ដែលបានកើតនៅឯស៊ីដនីកាលពីម្សិលមិញនេះ ហើយយើងក៏ចូលរួមជាមួយមិត្តភក្ដិរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួក
ISIS ដែលរឿងនេះជាប្រធានបទសំខាន់ណាស់
ក្នុងការពិភាក្សាក្នុងអង្គប្រជុំអាស៊ាន។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា
រឿងនេះដូចដែលសហរដ្ឋអាមេរិកបានធ្វើការប្រកាសប៉ុន្មានថ្ងៃមុន
ពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកបានប្រកាសអំពីការធ្វើទារុណកម្មរបស់ពួក CIA ទៅលើអ្នកដែលខ្លួនសួរចម្លើយ។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នទៅលើបញ្ហានេះរួចទៅហើយ។
ប៉ុន្តែតាមការស្មានរបស់ខ្ញុំបញ្ហាកើតនៅស៊ីដនី (អូស្ត្រាលី)
បើទោះបីជាគ្មានរបាយការណ៍របស់ព្រឹទ្ធសភាអាម៉េរិក
ទាក់ទិនជាមួយការធ្វើទារុណកម្មរបស់ CIA ទៅលើអ្នកដែលត្រូវសួរចម្លើយ
ក៏រឿងនេះវាកើតដែរ។ ដូច្នេះ បញ្ហាទាក់ទង និងភេរវកម្មជារឿងធំណាស់។
សម្តេចតេជោមានប្រសាសន៍ថា
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកអង្គការសហប្រជាជាតិ
អាស៊ានបូកអាម៉េរិក និងអាស៊ីបូព៌ា ខ្ញុំបានសួរប្រធានាធិបតី អូបាម៉ា
ត្រង់ៗតែម្ដង ខ្ញុំមិនអានសុន្ទរកថាទេ ខ្ញុំសួរតែម្ដង
អរគុណដែលប្រធានាធិបតី អូបាម៉ា បានឆ្លើយចំពោះសំណួរខ្ញុំ
ដែលបានគ្របដណ្ដប់២ភាគ៣ នៃបញ្ហាដែលគាត់ និយាយត្រឡប់មកអាស៊ាន
តែគាត់ប្រើពេល២ភាគ៣ ឆ្លើយតបទៅនឹងសំណួររបស់ខ្ញុំទាក់ទៅនឹងបញ្ហា ISIS ក៏ប៉ុន្តែខ្ញុំមិនអាចនឹងយកបញ្ហាសំដីរបស់គាត់ចម្លើយរបស់គាត់នៅក្នុងអង្គប្រជុំអាស៊ាន-អាម៉េរិកនោះ
មកលាតត្រដាងនៅទីនេះបានទេ។ ប៉ុន្តែជាទូទៅនៅក្នុងក្របខ័ណ្ឌអាស៊ី
បូព៌ាយើងបានកត់សម្គាល់ថា ISIS គឺជាគ្រោះថ្នាក់ជាងអង្គការភេរវកម្ម ណាៗទាំងអស់៕

No comments:
Post a Comment