Thursday, December 07, 2023

សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ









នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។


ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ។  ជាមួយគ្នានេះផងដែរ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធិផលការងារមួយចំនួន ជាអាទិ៍៖ ១. កម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង; ២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និង ៣. ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានច្បាប់ដ៏សំខាន់នេះ ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការី នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា, ការកាត់បន្ថយភាពក្រីក្រ, លំហរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដល់គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ ៕




អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម





នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី  និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។


ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។   ឯកឧត្តម ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕








អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣





នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។ 


មានវត្តមានក្នុងពិធីខាងលើនេះរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរយនាក់។ 


លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។


នាឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរដែលតែងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបន្ថែមថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរដ៏ចំណាស់មួយ។ ពិធីនេះបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមនូវសក្កានុពលវប្បធម៌និងទេសចរណ៍កម្ពុជាដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Beijing Urban Construction Group ចូលជួបសម្តែងការគួរសម







នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។


ក្នុងឱកាសនៃជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ មួយវិញទៀត លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ គម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។


ជាចុងក្រោយ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម ៕