Tuesday, December 29, 2020

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជិត៣ម៉ោង ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា, ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ លោកប្រាយុទ្ធ ច័ន្ទអូឆា និងរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ថែទាំពលករខ្មែរនៅក្នុងប្រទេសថៃ ដែលនេះស្តែងឱ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរជាថ្មី ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់រថយន្ត ដល់ការដឹកជញ្ជូនពលករ ដើម្បីធ្វើចត្តាឡីស័ក

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានទទួលលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា សុំឱ្យជួយទប់ស្កាត់ពលករខ្មែរចូលទៅប្រទេសថៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ហើយរឿងនេះសម្តេចក៏ធ្លាប់បានអំពាវនាវរួចហើយដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មនុស្សមួយចំនួនបានដៀមដាមឱ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអ្វីក៏ទៅរកពេទ្យបរទេស តែគេត្រូវដឹងថា ខ្មែរព្យាបាលអ្នកជំងឺកូវីដ ៣៦០នាក់ហើយជាសះស្បើយ ដែលភាគច្រើនជាជនបរទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិនរារាំងជនបរទេស ឬជនជាតិអង់គ្លេសចូលមកកម្ពុជាទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយដែលនិយាយថា «នាំកូវីដ១៩មកចម្លងដល់គណបក្សប្រជាជនកម្ពុជាឱ្យងាប់ទាំងអស់» តែពួកគេកុំភ្លេចថា នៅកម្ពុជាមិនមែនមានតែគណបក្សប្រជាជនទេ គឺគណបក្សផ្សេងៗ និងសាច់ញាតិរបស់គេដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា កាលមុនកម្ពុជាចាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បន្ទាប់ពីចប់កូវីដ១៩ទៅ តើមានអីទៀត ឥឡូវនេះ មាន Covid-19 plus កើតនៅអាហ្វ្រិកខាងត្បូងរួចទៅហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំ២០២០ នឹងបញ្ចូលក្របខណ្ឌគ្រូពេទ្យ២ពាន់នាក់សិន ហើយឆ្នាំ២០២១ នឹងបញ្ចូល៣ពាន់នាក់ទៀត ប៉ុន្តែបើខ្វះត្រូវបញ្ចូលថែមទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្រូពេទ្យដែលបញ្ចូលក្របខណ្ឌថ្មី ត្រូវតែហ៊ានប្រយុទ្ធនឹងជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះយើងត្រូវមានវិធានការមួយចំនួនដែលត្រូវប្រកាន់យក ក្នុងនោះមាន ៣ការពារ និង៣កុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានពិភាក្សាជាមួយក្រសួងសុខាភិបាល និងសម្តេចក្រឡាហោម ស ខេង ដោយកំណត់ស្តង់ដារគម្លាតត្រឹម១,៥ម៉ែត្រឡើង ដើម្បីទប់ស្កាត់កូវីដ១៩ នៅកម្ពុជា ជំនួសឱ្យការកំណត់ចំនួនមនុស្សជួបជុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះនៅកម្ពុជាអាចជួបជុំគ្នាបានច្រើន អាស្រ័យលើទីតាំង ឱ្យតែរក្សាគម្លាតតាមស្តង់ដារសុវត្ថិភាព ដោយយក១,៥ម៉ែត្រជាគោល

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រៀនតាមអនឡាញ ប្រហែលជាប្រសិទ្ធភាពតិច

* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានជនខិតខូចមួយចំនួនបានចោទសម្តេចថា ធ្វើឱ្យខូចប្រព័ន្ធអប់រំ នៅពេលសម្រេចឱ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ប៉ុន្តែសម្តេចត្រូវគិតពីសុវត្ថិភាពសិស្សជាអាទិភាពបំផុត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «គ្មាននរណាម៉ត់ចត់ជាង ហ៊ុន សែន»

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យសិស្សទាំងអស់ចំណាំមុខ អ្នកដែលចេញមុខប្រឆាំងជាមួយពួកគេ ដោយសារតែការសម្រេចឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើហ៊ុនសែនល្ងង់ មិនអាចដឹកនាំប្រទេសពីបាតដៃទទេរហូតមកដល់ពេលនេះបានទេ មិនអាចដឹកនាំការផ្តួលរំលំ មិនអាចចរចាបញ្ចប់សង្គ្រាមបានទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ជនបរទេសមួយចំនួនដែលប្រមាថ ហ៊ុន សែន គឺគ្រាន់តែជាអ្នករស់នៅបរទេសប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដថា ខួរក្បាលរបស់អ្នកឯងល្អជាងហ៊ុនសែនទេ»

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការជួបជុំណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព

* សម្តេចតេជោ ហ៊ុន សែន ចេញមុខការពារជាថ្មីចំពោះ លោក ឆែម សាវុធ និងគ្រួសារ ព្រោះពួកគាត់ជាជនរងគ្រោះដោយសារកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពិនិត្យមើលអ្នកចំណូលថ្មីក្នុងមូលដ្ឋានខ្លួន ហើយត្រូវចាត់ចែងឱ្យធ្វើចត្តាឡីស័កបើពួកគាត់តើមកពីក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដំណឹងល្អរបស់កម្ពុជា ថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ដែលត្រូវបានចាប់ផ្តើមហើយ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ

* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីព្រះបន្ទូលរបស់ ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ដែលថា សម្ដេចជាកូនខ្មែរដែលឆ្លាត

* សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមកម្ពុជា ដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាត់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះ

* សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងពេលចរចានៅផ្ទះសម្ដេច ឆ្នាំ១៩៩៨ សម្ដេចបានជូនថវិកាទៅមេដឹកនាំខ្មែរក្រហមមួយគ្រួសារ១ម៉ឺនដុល្លារ

* សម្ដេចតេជោ ហ៊ុន សែន ផ្តាំទៅ លោកចាន់ យ៉េត ប្រធានគណបក្សនយោបាយមួយ ឲ្យដកខ្លួនឲ្យឆ្ងាយ អំពីរឿងដីធ្លីនៅភូមិជង្រុក និងការបោកប្រាស់អ្នកដទៃ

* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឲ្យរកឯកសារឱ្យគ្រប់បើសិនជា លោក ចាន់ យ៉េត មិនដកខ្លួនពីរឿងដីធ្លី និងបោកប្រាស់អ្នកដទៃ ត្រូវចាប់ខ្លួនភ្លាម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវរង់ចាំអស់រយៈពេល៣០ឆ្នាំ ទម្រាំរកឃើញប្រេងលើកដំបូងរបស់កម្ពុជាដូចពេលនេះ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមម៉ោង៥ល្ងាច ម្សិលមិញនេះ កម្ពុជាមានលុយ ១៣លានលានរៀល នៅក្នុងធនាគារជាតិ ខណៈទុនបម្រុងមានប្រមាណជាង២ពាន់លានរៀល ក្នុងនោះក៏មានបរិមាណមាស ៤៤តោន៤០០គីឡូ ជាកេរមរតកសម្តេចនរោត្តមសីហនុ នៅប្រទេសស្វីស១២តោន៣០០គីឡូ តម្កល់ទុកនៅធនាគារកណ្តាលអង់គ្លេស១៧តោន ១៥តោននៅធនាគារជាតិកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ពុជាមានជាង៣០ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជា១៥ពាន់លានដុល្លារ ទោះបីជាកូវីដ១៩ តែការនាំចេញរបស់កម្ពុជាកើនឡើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល ហ៊ុន សែន អត់ទាន់មានលុយប្រេងចាយ១សេនទេ ប៉ុន្តែរដ្ឋាភិបាល ហ៊ុន សែន នៅតែអាចរស់បាន

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា សម្តេចនឹងបន្តកាន់តំណែងរហូតដល់អាយុ៧៨ឆ្នាំ គឺ១០ឆ្នាំទៀត

* សម្តេចតេជោ ហ៊ុន សែន៖ បក្សណាមិនដឹងទេ តែបក្សប្រជាជនកម្ពុជា គេធ្វើការជាក្រុម

* សម្តេចតេជោ ហ៊ុន សែន រំលឹកម្តងទៀតថា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីដទៃទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកឯងកាន់តែរិះគន់ ខ្ញុំកាន់តែនៅបន្តកាន់តំណែង

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលនេះក្រុមដែលចង់ផ្តួលរំលំសម្តេច កំពុងចង់ចរចា ប៉ុន្តែសម្តេចប្រកាសមិនចរចាជាមួយឡើយ គឺត្រូវតែអនុវត្តច្បាប់

* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ

* សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ លុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្ដេចទៅគឺ សម្ដេច ទៀ បាញ់ ជាតួអង្គដ៏សំខាន់នៅក្នុងនយោបាយឈ្នះឈ្នះ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យបីប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិការ លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងនោះមានទាំងព្រះមហាក្សត្រផងដែរ

* សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ

* សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងអ្នកអត្ថាធិប្បាយថា សម្ដេចចង់រំលងចោលនូវវ៉ាក់សាំងរបស់ចិន

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើវ៉ាក់សាំងចិន ត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកនោះ រឹតតែល្អថែមទៀតដោយសារតែចិននៅជិតនឹងកម្ពុជា

* សម្ដេចតេជោ ហ៊ុន សែន ព្រមានមិនអត់ឲ្យអ្នកដែលប្រមាថប្រពន្ធ និងកូនរបស់សម្ដេចជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម

* សម្ដេចតេជោ ហ៊ុន សែន សុខចិត្តកាត់ដៃខ្លួនឯង បើសម្ដេចអត់អោនឱ្យអ្នកដែលប្រមាថកូន និងប្រពន្ធរបស់សម្ដេចថា ជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១១៖៥២នាទីព្រឹកថ្ងៃដដែលនេះ៕

លិខិតមិត្តអ្នកអាន៖ ដំណក់ប្រេងលើកដំបូងលើទឹកដីអង្គរ កើតចេញពីសមិទ្ធផលសន្តិភាព

ទីបំផុត ការប្រកាសអំពីដំណក់ប្រេងលើកដំបូងនៅលើទឹកដីអង្គរដ៏កំសត់មួយនេះត្រូវបានប្រកាស់ឲ្យបានដឹងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺអាចត្រូវបានចាត់ទុកថាជាព្រឹ​ត្តិកា​រណ៍ជាតិដ៏មានភ័ព្វសំណាងរបស់កម្ពុជាដែលបានកើតឡើងគាប់ជូនជាមួយនឹងខួបទី២២ឆ្នាំនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ហើយដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតមក។ ព្រឹត្តិការណ៍នៃថ្ងៃបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាដែលបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ពិតជាបានចងចាំជានិច្ចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាស្ថាបនិកនិងជាអ្នកដឹកនាំអនុវត្ត ក្នុងការបញ្ចប់នូវអ្វីដែលគេហៅជាទូទៅថាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ឬហៅជាផ្លូវការថា ពួកកម្ពុជាប្រជាធិបតេយ្យដ៏គួរឱ្យខ្លាចបំផុតក្នុងប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ឯងនៃរប​បមួយនោះក្នុងអតីតកាល។ ពាក្យ «អរគុណសន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព» បានក្លាយជាពាក្យដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូបបានចងចាំដក់ក្នុងចិត្តរហូតមានអ្នកប្រវត្តិ​សា​ស្រ្ត និងអ្នកសិក្សាធំៗបានកត់ត្រាទុកក្នុងសំណេររបស់ពួកគេ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ឡើងវិញពិសេសដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាពរជ័យសម្រាប់ប្រជាជនកម្ពុជា​ដ៏កំសត់ និងសមិទ្ធផលនានាដែលខ្មែរយើងបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាមស៊ីវិល។ បើទោះបីកម្ពុជាកំពុងទទួលរងប៉ះពាល់ដោយការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩មកលើសេដ្ឋកិច្ចកម្ពុជាក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែអាចយកឈ្នះ និងគ្រប់គ្រងបានជានិច្ចនូវការផ្ទុះឆ្លងនៃមេរោគកូវីដ-១៩បានយ៉ាងជោគជ័យ​ហើយទីបំផុតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១​លើលោ​​កក្នុងចំណោមប្រទេសក្នុងសាកលលោកក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩នេះ បន្ថែមលើកេរ្តិ៍ឈ្មោះដ៏ល្អបំផុតរបស់កម្ពុជាជាប្រទេសមានគុណធម៌ក្នុងការជួយមនុស្សជាតិក្នុងគ្រាមានគ្រោះអាសន្នក្នុងស​ម័យការផ្ទុះឆ្លងមេរោគកូវីដ-១៩កន្លងមក។ សន្និសីទថ្លែងបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីជ័យជំនៈកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ គឺជាព្រឹត្តិការណ៍នៃជ័យជំនះផ្ទួនគ្នានឹងសមិទ្ធផលសន្តិភាព ដែលសម្រេចបានដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះមានរយៈពេល២២ឆ្នាំ។ ហើ​យ​​សន្តិភាពដែលកម្ពុជាសម្រេចចុងក្រោយនេះគឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាទាំ​ងមូ​លត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង្សជាអតមៈ។ ប្រវត្តិសាស្រ្តខ្មែរជាងប្រាំរយឆ្នាំបានបង្ហាញច្បាស់ថា ខ្មែរមិនដែលបានសុខសាន្ត មិនដែលបានរស់ក្នុងសន្តិភាព និងឯកភាពជាតិពេញលេញដូចពេលនេះទេ។ សន្តិភាព គឺតម្លៃដែលខ្មែរមិនដែលទទួលបាន ដោយ សារការបែកបាក់ និងសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនសតវត្ស ហើយយើងទើបតែទទួលបានក្នុងរយៈពេ​លជាង២ទសវត្សកន្លងមកនេះ គឺពិតជា ឱសថទិព្វ ដែលរកបានដោយលោក ហ៊ុន សែន ស្ថាបនិកសន្តិភាព ផ្តើមដំណើរចាប់តាំងពីឆ្នាំ១៩៨៧ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និ​យា​យដោយឡែក និងជាស្ថាបនិកសន្តិភាពអមតៈពីដើមឆ្នាំ១៩៩៩និយាយជារួម។ សន្តិភាព បានបើកទំព័រប្រវត្តិសាស្រ្តខ្មែរថ្មី ជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ និង ការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានផ្តល់ឱកាសឱ្យអ្នកនយោបាយខ្មែរអាចធ្វើសកម្ម​ភាព​នយោបាយដោយសេរីនិងដោយឈរលើការគោរពគោលការណ៍នីតិរដ្ឋ។ ឈរលើមូលដ្ឋានសន្តិភាព និងឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយ​ដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយជាកាលានុវត្តភាពពេជ្រសម្រាប់ប្រជាជនកម្ពុជាទាំងមូលចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។ សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់បំផុត ដើម្បីការកសាង និងការអភិវឌ្ឍជាតិឡើងវិញ។ សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ ជាមួយនឹងបរិយាកាសអំណោយផលសុខសន្តិភាពពេញលេញនេះ លោក ហ៊ុន សែន ដែលជាបិតាសន្តិភាពកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ១៩៩៨ ក្នុងដើមអាណត្តិទី២ នៃរាជរដ្ឋាភិបាលរបស់លោក និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។ សម្រាប់កម្ពុជាទាំងមូលយល់ច្បាស់ថា សន្តិភាពមិនមែនជប់បានដោយមន្តអាគមទេ តែកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងសាច់ស្រស់ ឈាមស្រស់របសពលរដ្ឋខ្មែរ។ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឬសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសន្តិភាពដែលអាចស្ថិតនៅគង់វង្សបាន គឺប្រជាជនខ្មែរត្រូវចូលរួមការពារសន្តិភាព ដោយប្រែក្លាយឱ្យទៅជាវប្បធម៌សន្តិភាពមួយ ដែលមានន័យថា ការផ្សាំបណ្តុះនូវចំណេះដឹង ប្រាជ្ញា ស្មារតីឱ្យកើតឡើងនូវភាពស្ងប់ សុខសាន្ត ទាំងក្នុងសង្គមជាតិខ្មែរ និងជាមួយសង្គមអន្តរជាតិលើរាល់ទំនាក់ទំនងការទូតក្នុងស្មារតីសន្តិសហវិជ្ជមាន។ ជារួម ទោះបីក្នុងកាលៈទេសៈប្រឈមដ៏លំបាកបំផុតរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និ​ងកិច្ចស្តាសេដ្ឋកិច្ចឡើងវិញក៏ដោយក៏ប្រជាពលខ្មែរទាំងមូលបានយល់យ៉ាងច្បាស់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជាទាំងមូលបានអរគុណសន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព។ យើងមានសន្តិភាព យើងមានអ្វី​ៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមដ៏រ៉ាំរ៉ៃ។ សម្រាប់ប្រជាជនកម្ពុជា ប្រសិនបើគ្មានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះទេ នោះក៏នឹងគ្មានដំណក់ប្រេងលើកដំបូងកើតឡើងនៅលើទឹកដីដ៏កំសត់មួយនេះដែរ ហើយដំណក់ប្រេងលើកដំបូងរបស់កម្ពុជានាពេលនេះ វាគឺពិតជាពរជ័យដ៏ប្រសើរបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលនឹងប្រើប្រាស់ពរជ័យនេះទៅលើការអភិវឌ្ឍក្នុងវិស័យអទិភាព គឺការអបរំនិងសុខាភិបាលនៅកម្ពុជាទាំងស្រុង៕ ដោយ៖ ឡុង បូរិតា


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កត្តាសន្តិភាព នាំមកនូវសមិទ្ធផលនានា និងតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ដោយសារកត្តាសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ បាននិងកំពុងនាំមកនូវសមិទ្ធផលនានា និងសមិទ្ធផលថ្មីលើកដំបូងគឺតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកាសពីតំណក់ប្រេងលើកដំបូងនេះ គឺគាប់ជួននឹងខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះដែលបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ លោកបានបន្តថា បើគ្មាននយោបាយឈ្នះឈ្នះទេ ក៏គ្មានសន្តិភាព និងការបញ្ចប់សង្រ្គាម ក៏គ្មានតំណក់ប្រេងលើកដំបូងដែរ។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ លោកមានមោទនភាពខ្លាំងណាស់ចំពោះការចូលរួមទាំងឡាយពីប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ដើម្បីបញ្ចប់សង្រ្គាមដែលអ្នកមុនបានបន្សល់ទុក ក្នុងនាមយើងជាខ្មែរដូចគ្នា ដែលជាអ្វីដែលកូនខ្មែរត្រូវតែធ្វើ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីថ្ងៃបើកបវេសនកាលឡើងវិញ តាមការសិក្សារបៀបគន្លងថ្មី !

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស អោយក្រសួង អប់រំ យុវជន និង កីឡា ធ្វើការកំណត់យក ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ជា ថ្ងៃ បើក បវេសនកាលចូល សិក្សា ឆ្នាំ ថ្មី  ដល់សិស្សានុសិស្សឱ្យមានការរៀនសូត្រក្នុងសាលាវិញ។ ដូច្នេះសូមក្រសួង អប់រំ យុវជន និងកីឡា ត្រូវ រៀបចំ របៀប សិក្សា តាម គន្លង ថ្មី ក្នុង វិស័យ អប់រំ ដោយ ត្រូវធ្វើយ៉ាងណា ការពារ នូវ ការឆ្លង រីករាលដាល នៃជំងឺ កូ វីដ ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសផងដែរ៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អ្នកប្រឆាំងនឹងការសម្រេចចិត្តក្នុងការឱ្យសិស្សជាប់បាក់ឌុប គឺប្រឆាំងនឹងសិស្សនិងអាណាព្យាបាល

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ការដែលលោកសម្រេចចិត្តឱ្យសិស្សទាំងអស់ជាប់បាក់ឌុបដោយគ្មាននិទ្ទេសនោះដោយសារតែស្ថិតនៅក្នុងស្ថានភាពពិសេសគឺជាឆ្នាំពិសេសដែលកម្ពុជាកំពុងជួបប្រទះនឹងការរាតត្បាតដោយសារជំងឺកូវីដ-១៩។ លោកបន្តថា អ្នកប្រឆាំងនឹងការសម្រេចចិត្តក្នុងការឱ្យសិស្សជាប់បាក់ឌុប គឺប្រឆាំងនឹងសិស្សរាប់ម៉ឺននាក់និងអាណាព្យាបាល ជីដូនជីតារាប់លាននាក់ផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចឱ្យសិស្សជាប់បាក់ឌុបនេះ ក៏ជាការផ្តល់ឱកាសដល់សិស្សបានចុះឈ្មោះសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយឡែកសម្រាប់សាកលវិទ្យាល័យនានា អាចប្រើប្រាស់នីតិវិធីផ្សេងៗក្នុងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍របស់ខ្លួនបាន។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មូលហេតុដែលលោកសម្រេចឱ្យសិស្សទាំងអស់ជាប់បាក់ឌុបដោយគ្មាននិទ្ទេសនេះ គឺដោយសារតែយើងមិនអាចរៀបចំការប្រឡងដូចរាល់ឆ្នាំបានដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» ប៉ុន្តែមិនមានន័យថា បញ្ចប់ជំងឺកូវីដនោះឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា»

ស្របពេលនៃខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ជាតិនិងប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីលោកប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» តែប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថា បញ្ហាកូវីដ-១៩នេះបញ្ចប់នោះទេ ដោយសារវាកំពុងតែរាតត្បាតនៅលើពិភពលោកយ៉ាងកាចសាហាវបំផុត។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» នេះដោយសារមានមូលហេតុ៣យ៉ាងគឺ៖ ទី១- កម្ពុជាគ្រប់គ្រងសភាពការណ៍បានមិនឱ្យមានអ្នកស្លាប់ដោយសារជំងឺនេះ ទី២- កម្ពុជាអាចគ្រប់គ្រងពលករខ្មែរមកពីប្រទេសថៃបានមិនឱ្យមានការឆ្លង និងទី៣- កម្ពុជារឹងបន្តឹងការគ្រប់គ្រងជំងឺនេះនៅតាមយន្តហោះដោយសារមួយរយៈមុននោះមានតែអ្នកជំងឺដែលឆ្លងនៅតាមជើងយន្តហោះចូលមកដល់កម្ពុជាតែប៉ុណ្ណោះ៕



ផ្សាយបន្តផ្ទាល់ពិសេស៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងការណ៍ពិសេសជូនជនរួមជាតិជុំវិញស្ថានភាពជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងវិធានការណ៍បន្ត

 ផ្សាយបន្តផ្ទាល់ពិសេស៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងការណ៍ពិសេសជូនជនរួមជាតិជុំវិញស្ថានភាពជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងវិធានការណ៍បន្ត

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែលបានថែទាំពលករកម្ពុជាក្នុងពេលផ្ទុះជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ដែលបានមើលថែទាំពលករកម្ពុជានៅប្រទេសថៃក្នុងអំឡុងពេលដែលប្រទេសថៃកំពុងតែមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលចំណុចនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាងគ្នាដោយគ្មានការរើសអើងចំពោះពលករខ្មែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ក៏មានពលករខ្មែរមួយចំនួនដែលមិនទាន់ស្របច្បាប់ ខាងភាគីថៃក៏បានជួយជ្រោមជ្រែងឱ្យបានកាន់កាតបណ្តោះអាសន្នផងដែរដែលនេះជាការចូលរួមចំណែកនៅក្នុងការដោះស្រាយការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការដោះស្រាយការងារដើម្បីសេដ្ឋកិច្ចរបស់ប្រទេសថៃផងដែរ៕