Tuesday, December 29, 2020

លិខិតមិត្តអ្នកអាន៖ ដំណក់ប្រេងលើកដំបូងលើទឹកដីអង្គរ កើតចេញពីសមិទ្ធផលសន្តិភាព

ទីបំផុត ការប្រកាសអំពីដំណក់ប្រេងលើកដំបូងនៅលើទឹកដីអង្គរដ៏កំសត់មួយនេះត្រូវបានប្រកាស់ឲ្យបានដឹងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺអាចត្រូវបានចាត់ទុកថាជាព្រឹ​ត្តិកា​រណ៍ជាតិដ៏មានភ័ព្វសំណាងរបស់កម្ពុជាដែលបានកើតឡើងគាប់ជូនជាមួយនឹងខួបទី២២ឆ្នាំនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ហើយដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតមក។ ព្រឹត្តិការណ៍នៃថ្ងៃបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាដែលបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ពិតជាបានចងចាំជានិច្ចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាស្ថាបនិកនិងជាអ្នកដឹកនាំអនុវត្ត ក្នុងការបញ្ចប់នូវអ្វីដែលគេហៅជាទូទៅថាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ឬហៅជាផ្លូវការថា ពួកកម្ពុជាប្រជាធិបតេយ្យដ៏គួរឱ្យខ្លាចបំផុតក្នុងប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ឯងនៃរប​បមួយនោះក្នុងអតីតកាល។ ពាក្យ «អរគុណសន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព» បានក្លាយជាពាក្យដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូបបានចងចាំដក់ក្នុងចិត្តរហូតមានអ្នកប្រវត្តិ​សា​ស្រ្ត និងអ្នកសិក្សាធំៗបានកត់ត្រាទុកក្នុងសំណេររបស់ពួកគេ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ឡើងវិញពិសេសដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាពរជ័យសម្រាប់ប្រជាជនកម្ពុជា​ដ៏កំសត់ និងសមិទ្ធផលនានាដែលខ្មែរយើងបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាមស៊ីវិល។ បើទោះបីកម្ពុជាកំពុងទទួលរងប៉ះពាល់ដោយការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩មកលើសេដ្ឋកិច្ចកម្ពុជាក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែអាចយកឈ្នះ និងគ្រប់គ្រងបានជានិច្ចនូវការផ្ទុះឆ្លងនៃមេរោគកូវីដ-១៩បានយ៉ាងជោគជ័យ​ហើយទីបំផុតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១​លើលោ​​កក្នុងចំណោមប្រទេសក្នុងសាកលលោកក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩នេះ បន្ថែមលើកេរ្តិ៍ឈ្មោះដ៏ល្អបំផុតរបស់កម្ពុជាជាប្រទេសមានគុណធម៌ក្នុងការជួយមនុស្សជាតិក្នុងគ្រាមានគ្រោះអាសន្នក្នុងស​ម័យការផ្ទុះឆ្លងមេរោគកូវីដ-១៩កន្លងមក។ សន្និសីទថ្លែងបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីជ័យជំនៈកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ គឺជាព្រឹត្តិការណ៍នៃជ័យជំនះផ្ទួនគ្នានឹងសមិទ្ធផលសន្តិភាព ដែលសម្រេចបានដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះមានរយៈពេល២២ឆ្នាំ។ ហើ​យ​​សន្តិភាពដែលកម្ពុជាសម្រេចចុងក្រោយនេះគឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាទាំ​ងមូ​លត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង្សជាអតមៈ។ ប្រវត្តិសាស្រ្តខ្មែរជាងប្រាំរយឆ្នាំបានបង្ហាញច្បាស់ថា ខ្មែរមិនដែលបានសុខសាន្ត មិនដែលបានរស់ក្នុងសន្តិភាព និងឯកភាពជាតិពេញលេញដូចពេលនេះទេ។ សន្តិភាព គឺតម្លៃដែលខ្មែរមិនដែលទទួលបាន ដោយ សារការបែកបាក់ និងសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនសតវត្ស ហើយយើងទើបតែទទួលបានក្នុងរយៈពេ​លជាង២ទសវត្សកន្លងមកនេះ គឺពិតជា ឱសថទិព្វ ដែលរកបានដោយលោក ហ៊ុន សែន ស្ថាបនិកសន្តិភាព ផ្តើមដំណើរចាប់តាំងពីឆ្នាំ១៩៨៧ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និ​យា​យដោយឡែក និងជាស្ថាបនិកសន្តិភាពអមតៈពីដើមឆ្នាំ១៩៩៩និយាយជារួម។ សន្តិភាព បានបើកទំព័រប្រវត្តិសាស្រ្តខ្មែរថ្មី ជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ និង ការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានផ្តល់ឱកាសឱ្យអ្នកនយោបាយខ្មែរអាចធ្វើសកម្ម​ភាព​នយោបាយដោយសេរីនិងដោយឈរលើការគោរពគោលការណ៍នីតិរដ្ឋ។ ឈរលើមូលដ្ឋានសន្តិភាព និងឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយ​ដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយជាកាលានុវត្តភាពពេជ្រសម្រាប់ប្រជាជនកម្ពុជាទាំងមូលចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។ សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់បំផុត ដើម្បីការកសាង និងការអភិវឌ្ឍជាតិឡើងវិញ។ សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ ជាមួយនឹងបរិយាកាសអំណោយផលសុខសន្តិភាពពេញលេញនេះ លោក ហ៊ុន សែន ដែលជាបិតាសន្តិភាពកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ១៩៩៨ ក្នុងដើមអាណត្តិទី២ នៃរាជរដ្ឋាភិបាលរបស់លោក និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។ សម្រាប់កម្ពុជាទាំងមូលយល់ច្បាស់ថា សន្តិភាពមិនមែនជប់បានដោយមន្តអាគមទេ តែកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងសាច់ស្រស់ ឈាមស្រស់របសពលរដ្ឋខ្មែរ។ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឬសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសន្តិភាពដែលអាចស្ថិតនៅគង់វង្សបាន គឺប្រជាជនខ្មែរត្រូវចូលរួមការពារសន្តិភាព ដោយប្រែក្លាយឱ្យទៅជាវប្បធម៌សន្តិភាពមួយ ដែលមានន័យថា ការផ្សាំបណ្តុះនូវចំណេះដឹង ប្រាជ្ញា ស្មារតីឱ្យកើតឡើងនូវភាពស្ងប់ សុខសាន្ត ទាំងក្នុងសង្គមជាតិខ្មែរ និងជាមួយសង្គមអន្តរជាតិលើរាល់ទំនាក់ទំនងការទូតក្នុងស្មារតីសន្តិសហវិជ្ជមាន។ ជារួម ទោះបីក្នុងកាលៈទេសៈប្រឈមដ៏លំបាកបំផុតរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និ​ងកិច្ចស្តាសេដ្ឋកិច្ចឡើងវិញក៏ដោយក៏ប្រជាពលខ្មែរទាំងមូលបានយល់យ៉ាងច្បាស់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជាទាំងមូលបានអរគុណសន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព។ យើងមានសន្តិភាព យើងមានអ្វី​ៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមដ៏រ៉ាំរ៉ៃ។ សម្រាប់ប្រជាជនកម្ពុជា ប្រសិនបើគ្មានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះទេ នោះក៏នឹងគ្មានដំណក់ប្រេងលើកដំបូងកើតឡើងនៅលើទឹកដីដ៏កំសត់មួយនេះដែរ ហើយដំណក់ប្រេងលើកដំបូងរបស់កម្ពុជានាពេលនេះ វាគឺពិតជាពរជ័យដ៏ប្រសើរបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលនឹងប្រើប្រាស់ពរជ័យនេះទៅលើការអភិវឌ្ឍក្នុងវិស័យអទិភាព គឺការអបរំនិងសុខាភិបាលនៅកម្ពុជាទាំងស្រុង៕ ដោយ៖ ឡុង បូរិតា


No comments:

Post a Comment