Tuesday, May 28, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត ចាត់ទុកការប្រតិបត្តិល្អក្នុងការរៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច



 

​ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង-ស្ថាប័ន, សភាពាណិជ្ជកម្ម, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ស.ស.យ.ក. និង និស្សិតសរុបប្រមាណ៥០០នាក់ក្នុងគោលដៅ ពង្រឹងសមត្ថភាព, ចែករំលែក, ផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកប្រធានបទស្តីពី «ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ពិតជាមានសារសំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីដែលជាសេនាធិការក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី លើការងារពិនិត្យ និងកែសម្រួលការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ, គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្នុងនោះ, រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅធានាបាននូវភាពមានប្រយោជន៍ ភាពជឿទុកចិត្តបាន តម្លាភាព ភាពស្មើគ្នានៅចំពោះមុខច្បាប់ និងភាពដែលអាចអនុវត្តបាន ដែលជាគោលការណ៍សំខាន់ នៃការកសាងនីតិរដ្ឋក៏ដូចជាការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្នុងរយៈពេលយូរអង្វែង។

សម្រាប់ ឯកឧត្តម វង្សី វិស្សុត ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ជាក់ស្ដែង,  ការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់, ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ ការដាក់ឱ្យអនុវត្ដបទប្បញ្ញត្តិ ដែលមិនមានលក្ខណៈអំណោយផលនឹងបង្កើនជាបន្ទុកចំណាយអនុលោមភាព, ការរឹតត្បិតសេរីភាព, និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់សង្គម-សេដ្ឋកិច្ចជាយថាហេតុ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពស្វាហាប់, ថាមវន្ដ និងវាងវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ដ និងជំរុញលើកកម្ពស់ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ដោយបានរៀបចំបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដែលជាយន្ដការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្ដការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ដ ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃជារួមថា ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិទាមទារឱ្យមានការចូលរួម និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ,ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមនិយាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ មានដូចជា៖ ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។  

ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទី៣. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងបង្កើនសមត្ថភាពរបស់អង្គភាព និងធនធានមនុស្ស ដែលមានសមត្ថភាពស្វែងយល់អំពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ, ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា និងការវិភាគសេដ្ឋកិច្ច និងសង្គម។

ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្ដទុកដាក់ក្នុងការវិភាជថវិកាគ្រប់គ្រាន់សម្រាប់ក្រសួង ស្ថាប័ន ដើម្បីធានាដល់ការអនុវត្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់ និងទី៥. គ្រប់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងយន្ដការសម្រេចចិត្ដបទប្បញ្ញត្តិដោយផ្អែកលើវិទ្យាសាស្រ្ដ ដើម្បីធានាថារាល់ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយបែបវិទ្យាសាស្រ្ដផ្ដល់នូវសង្គតិភាព, និងភាពដែលអាចប៉ាន់ប្រមាណបាននូវលទ្ធផលនៃច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយទាំងនេះ។

មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងថា ច្បាប់អាចដើរតួជាឃ្នាស់ដែលអាចលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់សេដ្ឋកិច្ច ប៉ុន្តែក៏អាចដើរតួជាបន្ទុកសម្រាប់ប្រជាពលរដ្ឋ ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍផងដែរក្នុងករណីរៀបចំមិនបានល្អ។ ហើយអ្នករៀបចំច្បាប់ក៏ត្រូវប្រកាន់ខ្ជាប់នូវម្ខាងគឺគោលការណ៍នីតិរដ្ឋ ដែលយកច្បាប់ជាធំ ហើយម្ខាងទៀតគឺគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច ដើម្បីធានាថារាល់ច្បាប់ដែលត្រូវបានដាក់ឱ្យអនុម័ត និងអនុវត្តពិតជាជះឥទ្ធិពលល្អដល់ប្រទេសជាតិ។ ជាមួយគ្នានេះ ការរៀបចំច្បាប់នីមួយៗត្រូវមានការគិតគូរច្បាស់លាស់នៅគ្រប់ដំណាក់កាល ដោយចាប់ផ្តើមពីការយល់ដឹងអំពីគោលដៅនៃច្បាប់ ការរៀបចំ តាក់តែង អនុម័ត អនុវត្ត និងតាមដានការអនុវត្តច្បាប់៕













សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម







នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោ អំពីសាវតាសង្ខេបរបស់សមាគម ដោយបានរំលឹកពីការគាំទ្រ និងជំនួយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាគម និង អំពីសកម្មភាពការងារសំខាន់ៗក្រោយការបោះឆ្នោតជ្រើរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និង គណកម្មការប្រតិបត្តិសមាគម និង ការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ ព្រមទាំង ការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃ សិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេចគោលដៅដែលបានកំណត់ ដូចជា៖
(១) កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយសិល្បៈ និង វប្បធម៌ជាតិ
(២) ការពារសិទ្ធិ និង ផលប្រយោជន៍របស់សមាជិក
(៣) ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និង កិច្ចការសង្គម
(៤) ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង
(៥) រួមចំណែកលើកកម្ពស់សីលធម៌សង្គម និង ក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមកនិងផែនការដំណោះស្រាយមួយចំនួន។ បញ្ហាប្រឈមទាំងនោះ មានដូចជា៖
ក) អាណត្តិថ្មីនេះ បានធ្វើឱ្យសិល្បករទាំងអាជីពនិងមិនអាជីព មកចុះឈ្មោះជាសមាជិកនៃសមាគមសិល្បកខ្មែរជាច្រើន ដោយពួកគេគិតថាសមាគមនឹងអាចមានលទ្ធភាពផ្តល់ជំនួយ ជាអ្នកស្វែងរការងារ ឬ ផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ
ខ) ការប្រើប្រាស់ភាសា កាយវិកា សម្តី សម្លៀកបំពាក់ ក្នុងជួរសិល្បករខ្លះ បាននិងកំពុងបង្ហាញតាមបណ្តាញទំនាក់ទំនងសង្គម ដែលមានឥទ្ធិពលបែបអវិជ្ជមាន
គ) កង្វះខាតធនធានមនុស្ស ការបាត់បង់នូវសិល្បករ ដែលមាន វ័យចំណាស់ៗតាមវ័យនិងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារសេរី ការវិវត្តនៃបរិវត្តកម្មឌីជីថលដែលមានទំនោរអវិជ្ជមានមួយចំនួន។ រីឯ ផែនការដំណោះស្រាយ មានដូចជា សមាគមសិល្បករខ្មែរ នឹងបង្កើតគណៈកម្មការវាយតម្លៃគុណវុឌ្ឍិសិល្បករ ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខណសម្បត្តិ សិល្បករ ដោយលើកទឹកចិត្តឱ្យសិល្បករទាំងអស់រួមគ្នាបង្កើតស្នាដៃច្នៃប្រឌិត បញ្ចូលនូវបច្ចេកវិទ្យាទំនើប និងបង្កើតនូវភាពទាក់ទាញ ការពេញនិយមក្នុងសង្គមតែត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរ ...។ល។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពស្នើសុំ សម្តេចតេជោ ផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដល់សមាគមសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះការរៀបចំសមាគម ចាប់ពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ សម្តេច បានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចជៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និង ការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។

សម្តេចក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និង ដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយ ពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។ ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺ ដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានលើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និង ខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺ បញ្ញាសិប្បនិម្មិត (AI) ដែល ជំនួសការងារមនុស្សកាន់តែច្រើនឡើង។”

សម្តេចបានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារ កាលពីសម័យបារាំង ទីអារាម និង ព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ ...។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។”

សម្តេចបានលើកឡើងថា ចាប់ផ្តើម អាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និង មានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។ សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយ នៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។

សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និង ត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។"
ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បាន អំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok ...។ល។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ អ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគម ឱ្យមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖ សំ សីហា















សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្តែងការគួរសម និងជម្រាបលា




នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ 


ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និង រីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់ឯកឧត្តម ។ 


ឯកឧត្តម Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ នាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានចាត់ទុកសម្តេចជាប្អូនប្រុស និង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានការកោតសរសើរ និង ស្រឡាញ់ពីប្រជាជនបង់ក្លាដែស ។ ឯកឧត្តម បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។ 


ឯកឧត្តមបានរំលឹកថា ឯកឧត្តមធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ ឯកឧត្តម មានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។  រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ...  ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប ។ 

ឯកឧត្តម ក៏បានអបអរសារនិងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូននិងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកជំទាវប្រធានសភាជាតិបង់ក្លាដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Mohammed Abdul Hye ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្តេច ចាត់ទុកសម្តេចជាបងធម៌ និង បានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង។ ពិតណាស់ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព ។ ក៏ប៉ុន្តែ នៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ២ពាន់លានដុល្លារ អ៊ុនតាក់ ទុកប្រទេសកម្ពុជាមួយដែលមានមានតំបន់ត្រួតត្រាពីរ។ សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។ 


សម្តេចមានការកើតសរសើរថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍប្រទេសដែលមានប្រជាជនច្រើន ជិត១៧០លាននាក់ស្មើ ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។ សម្តេច វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូច និង ចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងារស្រួលទេ ជាពិសេស ពេលសម័យជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពរបស់ប្រទេសកម្ពុជា បង់ក្លាដែស និងនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ 


ពាក់ព័ន្ធនឹងការផ្ទេរអំណាចដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា វាគឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឱ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត អតិផលរណាទាប ... ។  សម្តេចតេជោ នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសផងដែរសម្រាប់សម្តេចជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina។ 


ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឱ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina និងសូមជូនពរឯកឧត្តមឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕







ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ពន្យល់លម្អិតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញដល់ការបើកការដ្ឋានឱ្យបានឆាប់រហ័ស




ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងនាយកដ្ឋានទុនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០២៤ ។


កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងអ្នកជំនាញការជាច្រើនរូប នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។


ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។


ក្នុងអំឡុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Zhang Jianhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន ភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាយផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ  សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជា បានគិតគូរជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។ សរុបមក ផ្លូវទឹកនេះ នឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។ នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង៕






អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរកសារធាតុញៀន លទ្ធផលអវិជ្ជមានទាំងអស់




នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរកសារធាតុញៀន និងបានបញ្ចប់ដោយជោគជ័យជាលទ្ធផលបានបង្ហាញថាអវិជ្ជមានគ្រប់ៗគ្នា។


លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀន ជាការអនុវត្តកាតព្វកិច្ច និងឆ្លើយតបការណែនាំរបស់អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេសអនុវត្តនូវអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឱ្យធ្វើតេស្តរកសារធាតុញៀនដោយផ្ដើមចេញមុនគេពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេស។


នាឱកាសនោះ លោកវរសេនីយ៍ទោ សំ រាត្រី នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរធនធានទឹកចំនួន៤៧នាក់ ក្នុងនោះស្ត្រីចំនួន៩នាក់ បានឆ្លងកាត់ការធ្វើតេស្តរួចរាល់ ហើយពុំមានវិជ្ជមាននោះទេ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិ ដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាកុមារអន្តរជាតិនេះឡើងដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនឹងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារ ត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង។


នៅក្នុងសារាចរស្តីពីការរៀបចំខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសិទ្ធិកុមារផង ត្រូវបានការពារនិងលើកកម្កើងដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តបញ្ចកោណ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រមខណ្ឌនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិផងដែរ។


នៅក្នុងសារាចរនោះដែរ បានឱ្យដឹងថា កម្ពុជា តែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងទៀត៕