Thursday, July 13, 2023

ឯកឧត្តម អាន សុខខឿន៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ

ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ 

ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះគឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិ នោះទេ។ ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើមានចេតនាទុច្ចរិត និងបង្កឱ្យមានការភាន់ច្រឡំ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ជូននូវការពិត ដូចតទៅ៖ 

ទី១ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការ ក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុ និងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។ 

២ ដោយពុំបានអនុវត្តតាមវិធីសាស្ត្រ និងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាសូមច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាន នាពេលកន្លងមក របស់ WGAD ផងដែរ»៕

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១



FN (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) នឹងអញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ​ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង​លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន​អនុញ្ញាត​ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​បាន​ប្រកាស​ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ​លេ​ខាធិការ​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក​ដែល​ទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា​បត្យ​កម្មសហរចនាបថ ដោយរួម​បញ្ចូលនូវផ្នត់គំនិត​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ជា​ច្រើនសម័យកាល តាំងពីសម័យ​អង្គរដល់សម័យក្រោយអង្គរ។ ចំណុច​ពិសេស​​បំផុតនោះគឺ វិមាននេះមាន​ទស្សនៈ​មួយ​ភាគធំដូចគ្នាទៅនឹង​ប្រាសាទ​នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន​នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព​ដ៏ហាន​ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម​ដ៏រឹង​មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។

និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ​យកចិត្តទុក​ដាក់​របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ​ក្រុម​គ្រួ​សា​រ​យុទ្ធ​ជន​ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយ​ក៏ជា​ការរៀបចំឱ្យ​សម​នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

ខាងក្រោមនេះជាព័ត៌មានពាក់ព័ន្ធនឹងសំណង់៖

* វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ។

* ក្រុមការងារបច្ចេកទេសបានយកបំណែកលោហធាតុដែលនៅសេសសល់ពី​ការបែកបាក់ ផ្គុំគ្នាជាមួយនឹងរូបដែលធ្វើបំពេញថ្មី ដើម្បីរក្សាបាននូវតម្លៃ​អភិ​រក្ស និងភាពជាប្រវត្តិសាស្ត្រ។

* វិមានចាស់បែរមុខទៅទិសខាងលិច។ ចំណែករូបថ្មីនេះ បែរមុខទៅទិស​ខាង​កើត ស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ឱ្យអ្នកដែលធ្វើមរណកាលទៅបាន​ទៅកើតនាឋានសុគតិភព និងជាទិសមានជ័យភូមិល្អព្រោះមាន​ទន្លេនៅ​ខាង​មុខ។

* ការសិក្សាស្រាវជ្រាវជាមួយភាគីបារាំងលោកស្រី Gaelle ROGATIONS សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៅសាលា Lycée Français René Descartes បានរកឃើញឈ្មោះអ្នកដែលមិនទាន់​បានបញ្ចូល​ក្នុង​បញ្ជី​អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចំនួន ១០រូបបន្ថែម​ទៀត បូកនឹងបញ្ជីចាស់ដែលមានចំនួន ១៨៨រូប សរុបស្មើនឹង ១៩៨រូប ដែល​ក្នុងនោះមានទាហានបារាំងចំនួន ៣៣រូប ដែលបានធ្វើដំណើរពីកម្ពុជាទៅ​ច្បាំង​នៅគ្រានោះផងដែរ។

+ គ្រឿងទព្វសម្ភាររបស់វិមាននេះមានដូចតទៅ៖

* ខឿនវិមាន៖ សាងពីបេតុង និងថ្មក្រានីត មានរាងអដ្ឋកោណទំហំ ១៤,២០ម៉ែត្រ គុណនឹង ១៤,២០ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រ មានរៀបចំ​សួនផ្កា​នៅ​ថ្នាក់ខាងក្រោមខឿនប្រដូចគ្នាទៅនឹង ជើងភ្នំហេមពាន្ត នៅផ្នែកបន្ទាប់​មាន​ខឿនសាជីចំនួនបីថ្នាក់ប្រដូចទៅនឹងភ្នំព្រះសុមេរុក្នុងស្ថាបត្យកម្មខ្មែរជាទីឋានដែលមានទេវតារស់នៅ។ការរៀបចំខឿនសាជីចំនួនបីថ្នាក់នេះមាន វត្តមាន​ក្នុង​ប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៧ មកម្លេះ។

* ឆ្មាំតោចំនួន៤៖ រូបរាងស្រស់សង្ហាលម្អដោយក្បាច់រចនាផ្សេងៗយ៉ាងវិចិត្រ ស្ថិតនៅលើខឿនវិមានតាមជ្រុងអនុទិសនៃវិមាន បានយកលំនាំតាមទម្រង់​សិល្បៈ ខ្មែរសម័យអង្គរសតវត្សរ៍ទី១២នៃគ.ស. ប្រភពមកពីប្រាសាទព្រះ​ថ្កោល​ខេត្តព្រះវិហារ។

* បល្ល័ង្ក៖ ដែលយកមកបំពាក់នៅលើជើងកោសវិមាននេះ គេនិយមប្រើ​ប្រាស់​ក្នុងសម័យអង្គរនៅអំឡុងសតវត្សរ៍ទី១១នៃគ.ស.។ គំរូដើមដូចគ្នាទៅនឹង​បល្ល័ង្ក​វិមាន​នេះមានប្រភពដើម មកពីប្រាសាទបុរាណជាច្រើន ក្នុងនោះរួមមាន​ប្រាសាទរោងចិន ភ្នំគូលែន, វត្តល្វាក្រាំង ស្រុកវ៉ារិន ខេត្ដសៀមរាប, វត្ដហេម​វ័ន ស្រុកវ៉ារិន ខេត្ដសៀមរាប។ល។

* ដំរីចំនួន៤៖ នៅតាមជ្រុងអនុទិសនៃវិមាន តំណាងឱ្យកម្លាំងថាមពល និង​ភាពអំណត់អត់ធន់ អាចពុះពារប្រកបកិច្ចការលំបាកផ្សេងៗឱ្យសម្រេចបាន និងជាយានជំនិះបរិបូរណ៍ទៅដោយយស។ ទស្សនៈក្នុងការសាង​រូបដំរី​នៅជ្រុង​អនុទិសគឺត្រូវបានយកលំនាំតាមប្រាសាទបាគង ជាប្រាសាទរាងសាជី​តំណាង​ឱ្យភ្នំសុមេរុ ក្នុងរាជ្យព្រះបាទឥន្ទ្រវម៌្មទេវទី១ ចុងសតវត្សរ៍ទី៩នៃគ.ស. និង​ជា​ផ្ចិតនៃរាជធានីហរិហរាល័យ, ប្រាសាទដំរី កោះកេរ សតវត្សរ៍ទីនៃ១០គ.ស.។

* តួកណ្តឹង៖ សាងពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ មានលម្អដោយចម្លាក់មនុស្ស​ដែល​បាន​បន់ស្រន់ឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាម និងការមកទទួល​អប​អរ​ស្វាគមន៍ដោយមានបុរសកាន់ឆ័ត្ររួត ស្ត្រីបីកូន និងកាយវិការផ្សេងៗ គ្រា​មាន​ជ័យជម្នះត្រឡប់ពីសង្គ្រាមប្រទេសបារាំងវិញ នៅលើតួកណ្តឹងទៀត​សោត​ក៏​មាន​ចម្លាក់ដំណាំកសិផលដូចជា ពោត ល្ង ស្រូវជាដើម ដែលប្រជាជន​ខ្មែរ​ខិត​ខំធ្វើកសិផល ដើម្បីបំពេញតម្រូវការរបស់ប្រទេសបារាំង។

* នាគជ្រុងអនុទិស៖ នាគចំនួន៤ យកលំនាំតាមទម្រង់​សិល្បៈខ្មែរ​សម័យ​អង្គរ សតវត្សរ៍ទី១២នៃគ.ស. ស្ថិតនៅជ្រុងអនុទិសផ្នែកខាងលើនៃក្បាលដំរី និង​ខាងក្រោមតួកណ្តឹង។ មើលទៅដូចជាកំពុងព័ទ្ធជុំវិញតួកណ្តឹង ការរចនានា​គ​ នៅលើដំរីតាមជ្រុងអនុទិសនៃវិមាន គឺជាការសំយោគទស្សនៈផ្ទាល់ខ្លួន​បញ្ចូល​ក្នុងសំណង់។

* រូបបដិមាទាហានខ្មែរ-បារាំង៖ កម្ពស់ ២,៨០ម៉ែត្រ ដោយរូបបារាំងដៃឆ្វេង​ដាក់​​លើស្មាទាហានខ្មែរដៃស្តាំកាន់ស្លឹកឡូរីយេ ចំណែកទាហានខ្មែរដៃទាំងពីរ​លើកឡើងលើកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព។ រូបបដិមា​ទាំង​ពីរនេះ តំណាងឱ្យវីរភាព ភាពក្លាហាន និងការលះបង់ខ្ពស់ ដែលបានធ្វើ​ឱ្យ​មានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រកម្ពុជា-បារាំង៕

វិភាគអន្តរជាតិ៖ តើសត្រូវរបស់កូរ៉េខាងជើង មានអ្វីត្រូវភ័យពីមីស៊ីល ICBM ប្រើឥន្ធនៈរឹង?


(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះបានទទួលស្គាល់ពីការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មីចុងក្រោយ គេបំផុតដំណើរការដោយឥន្ធនៈរឹង កាលពីថ្ងៃពុធ ទី១២ ខែកក្កដា តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទីក្រុងព្យុងយ៉ាង គំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍យោធា អាមេរិកដែលហ៊ានហោះបំពានចូលដែនអាកាសរបស់ខ្លួន។

សេតវិមានបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ដោយហៅការធ្វើតេស្ដមីស៊ីលឥតឈប់ឈររបស់ទីក្រុងព្យុងយ៉ាង បង្កអស្ថិរភាពដល់ស្ថានភាព សន្តិសុខនៅក្នុងតំបន់ ខណៈកូរ៉េខាងត្បូង និងជប៉ុន ក៏បានហៅការធ្វើការធ្វើតេស្ដមីស៊ីល ICBM​ នេះជារឿងមិនអាចទទួលយកបាន និងជាការគំរាមកំហែងដល់ ស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃពុធ គឺជាប្រភេទមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ដែលធ្លាប់ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដម្ដងរួចមកហើយកាលពីខែមេសាកន្លងទៅនេះ។ KCNA បន្ថែមទៀតថាលោក គីម ជុងអ៊ុន ដែល បានចុះត្រួតពិនិត្យ និងបញ្ជាការធ្វើតេស្ដដោយផ្ទាល់បាននិយាយថា Hwasong-18 នឹងផ្ដល់ឱ្យកូរ៉េខាងជើងនូវ «មធ្យោបាយវាយប្រហារយុទ្ធសាស្ត្រដ៏មានឥទ្ធិពល» ក៏ដូចជាពង្រឹងសមត្ថភាពនុយក្លេអ៊ែរ។ ខាងក្រោមនេះគឺជាចំណុចគួរដឹងពីឃ្លាំងមីស៊ីល ICBM របស់កូរ៉េខាងជើង៖

* មីស៊ីលប្រើឥន្ធនៈរឹង និងមីស៊ីលប្រើឥន្ធនៈរាវ

កូរ៉េខាងជើង កំពុងកាន់កាប់មីស៊ីល ICBM ២ប្រភេទគឺមីស៊ីលដំណើរការដោយឥន្ធ​នៈរឹង និងឥន្ធនៈរាវ។ Hwasong-17 គឺជាប្រភេទមីស៊ីល ICBM ដំណើរការដោយ ឥន្ធនៈរាវ ដែលត្រូវបានសម្ញែងក្នុងឆ្នាំ២០២២ នៅពេលកូរ៉េខាងជើងដឹកនាំការធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ។

ទីក្រុងព្យុងយ៉ាងបានអះអាងថា Hwasong-18 គឺជាប្រភេទមីស៊ីល ICBM ប្រើឥន្ធនៈរឹងដែលទំនើប និងផ្ដល់ភាពងាយស្រួលក្នុងការបាញ់ចេញភ្លាមៗ។ បើតាម ក្រុមអ្នកជំនាញវិញ មីស៊ីល ICBM ប្រើឥន្ធនៈរឹងមានស្ថិរភាពខ្លាំង និងមានភាពងាយស្រួលក្នុងការរៀបចំបាញ់ចេញដោយប្រើពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ធ្វើឱ្យ សត្រូវពិបាកក្នុងការចាប់សញ្ញា បើធៀបទៅនឹងមីស៊ីល ICBM ឥន្ធនៈរាវចាំបាច់ត្រូវប្រើពេលជាច្រើនម៉ោង ដើម្បីត្រៀមបាញ់ចេញ ដែលនេះអាចទុកពេលឱ្យសត្រូវ ចាប់សញ្ញាបាន និងបាញ់កម្ទេចោល។ ក្រុមអ្នកជំនាញបន្ថែមថាភាពរីកចម្រើនរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍមីស៊ីល Hwasong-17 ចាប់ពីឆ្នាំ២០២២ ទៅជា មីស៊ីល Hwasong-18 ក្នុងឆ្នាំ២០២៣នេះ អាចសន្មត់បានថាកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងមានភាពជឿនលឿនទៅមុខ ឆ្លុះបញ្ចាំងពីគោលបំណងរបស់លោក គីម ជុងអ៊ុន ដែលចង់ឱ្យកូរ៉េខាងជើងមានយោធាអាចស៊ីសងគ្នាជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។

* តើ Hwasong-18 អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ ដែរទេ?

ជាទ្រឹស្ដី គ្រប់មីស៊ីល ICBM គឺផលិតឡើងសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចឱ្យកូរ៉េខាងជើងបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែមានរឿង ជាច្រើនដែលគេមិនបានដឹង នោះគឺថាតើមីស៊ីលដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍមានសមត្ថភាពពិតប្រាកដពាំក្បាលគ្រាប់នុយក្លេអ៊ែរ វាយប្រហារចំគោលដៅដែរ ឬក៏យ៉ាងណា?

KCNA បានឱ្យដឹងថានៅក្នុងការធ្វើតេស្ដកាលពីថ្ងៃពុធ មីស៊ីល Hwasong-18 ហោះបានចម្ងាយ ១,០០១គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៦,៦៤៨គីឡូម៉ែត្រ ដោយប្រើ ពេលហោះជាង ៧៤នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ តែបើធៀបទៅនឹងការធ្វើតេស្ដកន្លងមក Hwasong-18 ប្រើពេលវេលាហោះយូរជាង Hwasong-17 ដែលកាលពីឆ្នាំ២០២២ ហោះបានចម្ងាយ ១,០៩០គីឡូម៉ែត្រ ដោយប្រើពេល ៦៨នាទី មុនធ្លាក់ចូលទឹកសមុទ្រ ហើយរយៈពេល ៧៤នាទីនេះទៀត សោត ក៏យូរជាងការធ្វើតេស្ដមីស៊ីល ICBM របស់កូរ៉េខាងជើងក្នុងខែមីនា និងខែមេសាកន្លងទៅផងដែរ។ មិនមានការបញ្ជាក់ឱ្យច្បាស់នោះទេថាតើក្បាលគ្រាប់ ប្រភេទណាបំពាក់លើមីស៊ីលដែលត្រូវបានធ្វើតេស្ដទាំងនេះ។ ក្រុមជំនាញបាននិយាយថាទម្ងន់ក្បាលគ្រាប់នុយក្លេអ៊ែរអាចបញ្ជាក់បានថាតើមីស៊ីល អាចហោះបាន ឆ្ងាយប៉ុនណា ដូច្នេះបើគ្មានព័ត៌មាននេះទេ នោះគេមិនអាចដឹងឱ្យប្រាកដថាតើមីស៊ីលអាចបាញ់បានចម្ងាយប៉ុន្មានឱ្យបា្រកដនោះទេ។

មួយវិញទៀត សំណួរមួយដែលមិនទាន់មានចម្លើយដែរនោះ គឺថាតើក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចទ្រាំទ្រនឹងខ្យល់ ឬកម្ដៅបានដែរឬក៏យ៉ាងនោះទេ នៅពេលដែលវាធ្លាក់ត្រឡប់ចូលបរិយាកាសផែនដីវិញ។ ជាធម្មតា ICBM ត្រូវបានបាញ់ទៅកាន់ចូលទៅកាន់ទីអវកាសចេញក្រៅបរិយាកាសផែន ហើយក្រោយមក ទើបក្បាលគ្រាប់ត្រូវឆ្លងកាត់ដំណើរត្រឡប់ចូលបរិយាកាសផែនដី មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់ទុក។ ប៉ុន្តែ នៅពេលត្រឡប់ចូលបរិយាកាសផែនដីវិញ បើក្បាលគ្រាប់នុយក្លេអ៊ែរមិនអាចទ្រំាទ្រនឹងក្ដៅបានទេ នោះក្បាលគ្រាប់អាចនឹងផ្ទុះឆេះ មុនពេលវាទៅដល់គោលដៅ។ នៅត្រង់បច្ចេកវិទ្យាត្រឡប់ចូលបរិយាកាស ផែនដីវិញនេះ គេមិនទាន់ដឹងថាតើកូរ៉េខាងជើងសម្រេចបានបច្ចេកវិទ្យានេះទាំងស្រុងបានហើយ ឬនៅឡើយទេ។ តែយ៉ាងណាក៏ដោយ ការធ្វើតេស្ដមីស៊ីលកាន់តែ ច្រើន មិនយូរមិនឆាប់ កូរ៉េខាងជើងត្រូវបានគេជឿថាអាចនឹងរកឃើញរបកគំហើញនៃបច្ចេកវិទ្យានេះ។

*​ តើនឹងមានអ្វីកើតឡើងតទៅទៀត ក្នុងកម្មវិធីមីស៊ីលកូរ៉េខាងជើង?

លោក គីម ជុងអ៊ុន បានដាក់ចេញផែនការដ៏មានមហិច្ឆតា ដោយចង់ឱ្យកូរ៉េខាងជើងមានសមត្ថភាពនុយក្លេអ៊ែរខ្លាំងក្លា ដែលអាចកំញើញ និងទប់ស្កាត់ការវាយប្រហារ ណាមួយពីសត្រូវ តួយ៉ាងដូចជាសហរដ្ឋអាមេរិក។ លោក គីម បានបញ្ចេញបញ្ជីនៃប្រភេទអាវុធជាច្រើនដែលកូរ៉េខាងជើងត្រូវធ្វើទំនើបកម្មឱ្យបានជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែអាវុធដែលលោក គីម កំពុងផ្ដោតជាងគេ នោះគឺមីស៊ីល ICBM ខណៈបច្ចេកវិទ្យាបន្ទាប់បន្សំដ៏សំខាន់ផ្សេងទៀតគឺ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាទៅកាន់ទីអវកាស ព្រមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

កូរ៉េខាងជើងក៏ធ្លាប់បានប្រកាសផងដែរពីផែនការពង្រឹងសមត្ថភាពកំណត់គោលដៅឱ្យជាក់លាក់ និងបង្កើនចម្ងាយបាញ់របស់មីស៊ីលឱ្យដល់ ១៥,០០០ គីឡូម៉ែត្រ។ មហិច្ឆតាទាំងនេះត្រូវបានប្រកាសដោយផ្ទាល់ពីលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០២២ ជាពេលដែលលោកបានបង្កើនការធ្វើតេស្ដបាញ់មីស៊ីល ក្នុងកម្រិតមួយ មិនធ្លាប់មានពីមុនមក។ ក្នុងឆ្នាំ២០២៣នេះ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងមានកម្រិតទាបជាងកាលពីឆ្នាំ២០២២ តែវានៅតែខ្ពស់ជាង បណ្ដាឆ្នាំមុនៗដដែល។

ឆ្នាំ២០២២ គឺជាឆ្នាំដែលកូរ៉េខាងជើងធ្វើតេស្ដបាញ់មីស៊ីលច្រើនជាងឆ្នាំណាៗទាំងអស់ រហូតដល់ទៅជាង ៩៥គ្រាប់ ស្របពេលមានការព្រមានជាបន្តបន្ទាប់ថា កូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរសាជាថ្មីលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៧មក ដោយរង់ចាំតែកាលៈទេសៈ អំណោយផលប៉ុណ្ណោះ។ លោក Joseph Dempsey ជាសហការីស្រាវជ្រាវផ្នែកការពារជាតិ និងការវិភាគខាងយោធា មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សា យុទ្ធសាស្ត្រ International Institute for Strategic Studies បានកត់សម្គាល់ថាអ្វីដែលគេអាចរំពឹងបានពីកូរ៉េខាងជើង នោះគឺការបង្កើនការធ្វើតេស្ដមីស៊ីល បន្ថែម។

លោក Dempsey បានគូសបញ្ជាក់ប្រាប់ CNN ដូច្នេះថា «កងកម្លាំងមីស៊ីល ICBM របស់កូរ៉េខាងជើងដែលកំពុងលេចចេញជារូបរាងឡើងមិនទាន់មានបទពិសោធន៍ អ្វីនោះទេ... ដូច្នេះចាំបាច់ណាស់ ត្រូវតែមានការធ្វើតេស្ដបាញ់មីស៊ីលបន្ថែម ដើម្បីផ្ទៀងផ្ទាត់ពីភាពគួរឱ្យទុកចិត្តបាន និងប្រតិបត្តិការរបស់ពួកគេ»៕


សម្តេចតេជោ ហ៊ុន សែន៖ ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា

 


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។

តាមរយៈ Twitter សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសម្លេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះ ក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះ បានរលាយដូចអំបិលត្រូវទឹកហើយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមប្រឆាំងថា «សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»។

សូមជម្រាបថា បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភាថៃ ដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជា​បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រត្រឹម៣២៤សំឡេងប៉ុណ្ណោះ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន។

មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣សំឡេងគាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ក្នុងចំណោមអាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភានិងព្រឹទ្ធសភា) សរុបចំនួន៧៤៩នាក់ ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយតំណាងរាស្រ្តថៃសរុបមានអាសនៈ៧៥០ ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេងភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។

គួរបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕

ឯកឧត្តម ប៉ែន បូណា៖ តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច កំពុងធ្លាក់ចុះដល់បាតដី?

 ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣--រដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្តម ប៉ែន បូណា បានលើកឡើងថា តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច ធ្លាក់ចុះដល់បាតដី ខណៈព័ត៌មានបានផ្សាយ ព័ត៌មានគ្មានវិជ្ជាជីវៈ និងច្បោលៗគ្មានប្រភពច្បាស់លាស់។

ឯកឧត្តម ប៉ែន បូណា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៣យ៉ាងដូច្នេះថា "កាលពីមុនយើងខំឱ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើន ដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។ ប៉ុន្តែចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដារកម្រិតទាបក្រោមសូន្យ ដោយគ្មានតម្លៃវិជ្ជាជីវៈ សូម្បីប៉ុនសរសៃសក់ "។ 

ឯកឧត្តមបានសរសេររៀបរាប់ថា មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោង ដោយគ្មានអ្នករាយការណ៍ព័ត៌មាន។ មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។ និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសា ឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាម ក៏ពួកគេប្រើយ៉ាងពេញមាត់ ដោយមិនញញើត។  ឯកឧត្តមលើកឡើងថាការ និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសារ ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។ ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្ត ដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ ក្រៅពីមាត់ខ្លួនឯងថា ដោយការបូកផ្សំច្បោលៗ ។ អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិក ក៏ចេះតែផ្សាយទៅរួច។ 

ឯកឧត្តមបន្តថា ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថា ជាអ្វីឱ្យពិតប្រាកដផងនោះមកធ្វើជាល្បោយ ដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។ យកមនុស្សដែលគេស្គាល់ពេញស្រុក ថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំ ដើម្បីឱ្យវាយប្រហារលើរាជរដ្ឋាភិបាល ដោយគ្មានសង្ស័យ សូម្បីតែបន្តិច។  

ជាមួយគ្នានោះដែរឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងថា បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់ ឬទប់ស្កាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជា ដែលជាប្រទេសតូចមួយសោះថាជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។ ឯកឧត្តមបញ្ជាក់ថា "បើសារព័ត៌មានប្រភេទនេះ កើតនៅក្នុងប្រទេសតូចតាច​ ដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែវាបានកើតក្នុងមហាប្រទេស ដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌ មាន? តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច ពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដារសារព័ត៌មានលោកខាងលិច ពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន? 

ជាមួយគ្នានោះដែរ ឯកឧត្តមដែលមានបទពិសោធន៍ ក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំងមកហើយ បានលើកឡើងដោយគូសបញ្ជាក់ថា "ប្រសិនបើប្រទេសលោកខាងលិច ពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឱ្យអស់ទៅ ព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ" ៕