Thursday, July 13, 2023

ឯកឧត្តម ប៉ែន បូណា៖ តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច កំពុងធ្លាក់ចុះដល់បាតដី?

 ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣--រដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្តម ប៉ែន បូណា បានលើកឡើងថា តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច ធ្លាក់ចុះដល់បាតដី ខណៈព័ត៌មានបានផ្សាយ ព័ត៌មានគ្មានវិជ្ជាជីវៈ និងច្បោលៗគ្មានប្រភពច្បាស់លាស់។

ឯកឧត្តម ប៉ែន បូណា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៣យ៉ាងដូច្នេះថា "កាលពីមុនយើងខំឱ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើន ដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។ ប៉ុន្តែចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដារកម្រិតទាបក្រោមសូន្យ ដោយគ្មានតម្លៃវិជ្ជាជីវៈ សូម្បីប៉ុនសរសៃសក់ "។ 

ឯកឧត្តមបានសរសេររៀបរាប់ថា មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោង ដោយគ្មានអ្នករាយការណ៍ព័ត៌មាន។ មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។ និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសា ឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាម ក៏ពួកគេប្រើយ៉ាងពេញមាត់ ដោយមិនញញើត។  ឯកឧត្តមលើកឡើងថាការ និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសារ ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។ ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្ត ដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ ក្រៅពីមាត់ខ្លួនឯងថា ដោយការបូកផ្សំច្បោលៗ ។ អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិក ក៏ចេះតែផ្សាយទៅរួច។ 

ឯកឧត្តមបន្តថា ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថា ជាអ្វីឱ្យពិតប្រាកដផងនោះមកធ្វើជាល្បោយ ដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។ យកមនុស្សដែលគេស្គាល់ពេញស្រុក ថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំ ដើម្បីឱ្យវាយប្រហារលើរាជរដ្ឋាភិបាល ដោយគ្មានសង្ស័យ សូម្បីតែបន្តិច។  

ជាមួយគ្នានោះដែរឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងថា បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់ ឬទប់ស្កាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជា ដែលជាប្រទេសតូចមួយសោះថាជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។ ឯកឧត្តមបញ្ជាក់ថា "បើសារព័ត៌មានប្រភេទនេះ កើតនៅក្នុងប្រទេសតូចតាច​ ដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែវាបានកើតក្នុងមហាប្រទេស ដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌ មាន? តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិច ពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដារសារព័ត៌មានលោកខាងលិច ពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន? 

ជាមួយគ្នានោះដែរ ឯកឧត្តមដែលមានបទពិសោធន៍ ក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំងមកហើយ បានលើកឡើងដោយគូសបញ្ជាក់ថា "ប្រសិនបើប្រទេសលោកខាងលិច ពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឱ្យអស់ទៅ ព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ" ៕


No comments:

Post a Comment