Friday, July 29, 2022

បទអន្តរាគមន៍របស់ឯកឧត្តម កើត រិទ្ធ ឆ្លើយតបទៅនឹងកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងញតិរបស់គណបក្សនយោបាយចំនួនបួន ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

 បទអន្តរាគមន៍របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងញតិរបស់គណបក្សនយោបាយចំនួនបួន ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

=================

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 



ក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្ដេចតេជោសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ ។ 

ជាការឆ្លើយតប ឯកឧត្តម ដុ វ៉ាន់ចៀន បានសំដែងសេចក្ដីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចនាពេលនេះព្រោះជាឱកាសល្អក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រណសិរ្ស និងបក្ស ហើយដែលក្នុងឱកាសនោះ ឯកឧត្តម បាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រធានបក្ស ពីប្រធានាធិបតី ពីនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ជាមួយគ្នាដែរ ឯកឧត្តម ដុ វ៉ាន់ចៀន ក៏បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ឧដុង្គឧត្តមថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងមកនេះ ដែលបានទទួលជោគជ័យត្រចះត្រចង់ ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា នឹងជូនពរឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ដុ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរ បានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ ។ 

នៅក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការនាំការសួរសុខទុក្ខពីនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំប្រទេសវៀតណាមដទៃទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា អរគុណចំពោះការអបអរសាទរ ក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងល្អប្រសើររបស់ប្រទេសយើងទាំង២ រវាងគណៈបក្សទាំង២ ក៏ដូចជារណសិរ្ស នៅក្នុងនោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងពីរភាគបី នៃរយៈពេលទំនាក់ទំនងការទូត ៥៥ឆ្នាំនេះ ដែលទាំងនេះ បង្ហាញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាភាគីវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិយភាព ឱ្យក្លាយទៅជាតំបន់ ដែលមានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានប្រកបរបររកស៊ីជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើងជាលំដាប់ ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្កងលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឱ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ នេះ យើងប្រែក្លាយការលំបាកទាំងអស់នេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីវៀតណាម បានរម្លឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេច រំលឹកពីដំណើរតស៊ូរបស់សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ។

នៅក្នុងឆ្នាំខាងមុខនេះ ជាខួបទី ៤៥ឆ្នាំ នៃការបង្កើតកងទ័ពកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធ នឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ចំនួន ៤៩ ដែលនៅសេសសល់ បានវិលត្រឡប់មកកាន់មាតុភូមិរបស់កម្ពុជាយើងវិញ ។

ក្នុងកិច្ចសន្ទនានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរវៀតណាម ដែលបានគ្រប់គ្រងបានល្អនូវការឆ្លងរាលដាលជំងឺកូវីដ រហូតមកដល់ពេលនេះ នៅប្រទេសវៀតណាម បានថយចុះនូវការឆ្លងថ្មីគួរឱ្យកត់សម្គាល់ ។ សម្តេចតេជោក៏បានឆ្លៀតឱកាសនេះ អបអរសាទរចំពោះការប្រទេសវៀតណាម ដែលបានរៀបចំកីឡាស៊ីហ្គេមបានល្អប្រសើរ ដែលផ្ដល់ឱកាសឲ្យកម្ពុជា បានទទួលមេដាយច្រើន ហើយនឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។ សម្ដេចតេជោ បានសំដែងសេចក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅពេលនេះ គឺចំពេលដ៏ល្អ ដែលអាចឲ្យបំពេញការងារប្រាស្រ័យទាក់ទងបានយ៉ាងទូលំទូលាយ ។ 

ជាចុងក្រោយ ប្រធានគណៈប្រតិភូវៀតណាម បានជូនពរសម្ដេច សូមសម្ដេចមានសុខភាពល្អ ហើយនិងជូនពរសម្រាប់ភាពជោគជ័យរបស់សម្ដេច ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២នេះ និងសូមជូនពរឲ្យកម្ពុជាបានទទួលជោគជ័យ នៅក្នុងការរៀបចំស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ប្រកបដោយជោគជ័យ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យឯកឧត្តមជួយពាំនាំនូវការសួរសុខទុក្ខនិងជូនពរជូនចំពោះថ្នាក់ដឹកនាំវៀតណាម មានអគ្គលេខាធិការបក្ស, ឯកឧត្តមប្រធានាធិបតី, ឯកឧត្តមនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អជន្មាយុយឺនយូរ ដើម្បីបន្តធ្វើការសហប្រតិបត្តិការជាមួយគ្នាបានល្អប្រសើរតទៅទៀត ដើម្បីផលប្រយោជន៍នៃប្រទេសរបស់យើងទាំងពីរ ៕







វិភាគអន្តរជាតិ៖ រុស្ស៉ី ចិន និងអាមេរិក ពីរទល់នឹងមួយ?


(ហុងកុង)៖ សង្រ្គាមរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានអ្នកវិភាគខ្លះមើលឃើញថាគឺជាការសើរើឡើងវិញនូវសណ្ដាប់ធ្នាប់ពិភពលោកដែលធ្លាប់តែ ស្ថិតនៅក្រោមកណ្ដាប់ដៃសហរដ្ឋអាមេរិក អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ហើយវាក៏បានជំរុញផងដែរឱ្យមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៉ី ប្រញាប់ប្រញាល់អូសទាញឱ្យប្រទេសដទៃចូលរួមក្នុងក្លឹបរបស់ពួកគេរៀងៗខ្លួន ដែលនេះមិនខុសពីសង្រ្គាមត្រជាក់យុគសម័យឡើយ។


សហរដ្ឋអាមេរិក មើលទៅដូចជាមមាញឹកជាងគេខាងការទូត ដោយរាប់ចាប់ពីខែឧសភា ដល់ខែកក្កដា រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានរៀបចំកិច្ចប្រជុំ ជាមួយមេដឹកនាំអាស៊ាន ក្រុមប្រទេសក្វាដ (Quad) តំបន់អាមេរិកឡាទីន G7 ព្រមទាំងមេដឹកនាំនៃបក្សសម្ព័ន្ធយោធាណាតូ (NATO) ជាដើម។ ចិន និងរុស្ស៉ី ឯណេះវិញ ក៏មិនទំនេរដៃដែរដោយពួកគេបានធ្វើសកម្មភាពការទូតដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រពីបណ្ដាប្រទេសមិនមែន លោកខាងលិច។


ការប្រជែងគ្នានេះបានបង្ហាញយ៉ាងច្បាស់ពីការព្យាយាមបង្កើតប្លុកបក្សពួកនៃពួកមហាអំណាច ហើយនេះសបញ្ជាក់ឱ្យឃើញតាមរយៈការបរាជ័យរបស់ក្រុម រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G20 ក្នុងការចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ។ 

អាមេរិក និងចិនបានប្រជែងគ្នារៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយបណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងគោលបំណងស្វែងរកការគាំទ្រពីបណ្ដា ប្រទេសទាំងនេះដើម្បីខ្ទប់ឥទ្ធិពលគ្នាទៅវិញទៅមក ក្រោយប្រទេសដែនកោះសូឡូម៉ុន (Solomon Islands) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយចិន កាលពីដើមឆ្នាំ២០២២។ ជាមួយគ្នា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក៏បានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាដែរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជា បង្កើនសកម្មភាពយោធានៅក្បែរដែនទឹករបស់ជប៉ុន ស្របពេលចិនបានជំទាស់ទៅនឹងគំនិតផ្ដួចផ្ដើមមួយដឹកនាំដោយសហរដ្ឋអាមេរិកដែលមានបំណងកំណត់ តម្លៃប្រេងរុស្ស៉ី ផ្ដាច់ដង្ហើមសេដ្ឋកិច្ចកុំឱ្យលោក ពូទីន មានលុយយកទៅធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។


លើសពីនេះទៅទៀតនោះ គឺការនាំចូលប្រេងរបស់ចិនពីរុស្ស៉ីបានកើនឡើងដល់ទៅ ៥៥ភាគរយក្នុងខែឧសភា បើធៀបទៅនឹងកាលពីដើមឆ្នាំ២០២២ ដោយ បានធ្វើឱ្យរុស្ស៉ី ឡើងមកឈរលើអារ៉ាប៊ីសាអូឌីត ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតសម្រាប់ចិន ហើយកាលពីពាក់កណ្ដាលខែកក្កដានេះ ក្រុមហ៊ុនរដ្ឋរុស្ស៉ី ហ្គាសព្រុំ (Gazprom) ថែមទាំងបានរាយការណ៍ទៀតផងពីការបង្ហូរឧស្ម័នប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយទៅឱ្យចិនតាមរយៈបំពង់ឧស័្មននៃតំបន់ស៊ីបេរី ទៀតផង។ តែយ៉ាងណាក៏ដោយ សម្រាប់សហរដ្ឋអាមេរិក ចិនជាការគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំក្នុងស.វទី២១នេះ រីឯចិន និងរុស្ស៉ីមើលគ្នាទៅវិញទៅ មកថាជាមិត្តផង និងជាគូប្រជែងផង។ ជាមិត្តនៅពេលនិយាយពីការប្រឆាំងជាមួយសហរដ្ឋអាមេរិក ហើយជាគូប្រជែងនៅពេលដែលនិយាយដល់ការប្រជែង ឥទ្ធិពលធ្វើជាកំពូលមហាអំណាចដឹកនាំពិភពលោក ពោលគឺ «ភ្នំមួយមិនអាចមានខ្លាពីរ»។


វិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន វាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រជាជនទូទៅនោះទេ តែវាក៏បានធ្វើឱ្យប្រទេសមួយ ចំនួនដូចជាស្រីលង្កា ក្លាយជារដ្ឋក្ស័យធនផងដែរ។ ដើម្បីដោះស្រាយបញ្ហាអតិផរណាឱ្យបានមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ចូលមកដល់ លោក ចូ បៃដិន ក្នុងខែកក្កដានេះ បានបំពេញទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានាធិបតីទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយឈប់សំចតនៅអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ នៅអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះត្រូវបានគេរាយការណ៍ថាបានព្យាយាមបញ្ចុះ បញ្ចូលឱ្យមេដឹកនាំអារ៉ាប៊ីសាអូឌីតបង្កើនការផលិតប្រេងជួយដល់ទីក្រុងវ៉ាស៊ីនតោនបញ្ចុះតម្លៃប្រេងនៅលើទីផ្សារពិភពលោក។


ក៏ប៉ុន្តែ ទឹកមាត់របស់សហរដ្ឋអាមេរិកលែងប្រៃដូចមុនទៀតហើយ ព្រោះជាការពិត តំបន់មជ្ឈិមបូព៌ា ជាពិសេសនៅក្រោយពេលលោក បៃដិនផ្ទាល់ដក សហរដ្ឋអាមេរិក ចេញពីអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១ តំបន់មួយនេះបានក្លាយទៅជា «សង្វៀនដណ្ដើមឥទ្ធិពល» គីឡូយក្សដែលរុស្ស៉ី ជាពិសេសគឺចិន ក៏បានដាក់ពាក្យសុំឡើងវ៉ៃដែរ។ ចិនបានបង្កើនការចូលរួមភាពជាដៃគូជាមួយប្រទេសអារ៉ាប់ ដោយបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមកពី ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្សកាលពីខែមករា ឆ្នាំ២០២២ និងបានពង្រីកទំនាក់ទំនងសន្តិសុខជាមួយអ៉ីរ៉ង់កាលពីខែមេសា ហើយបាន បង្ហាញការប្ដេជ្ញាចិត្តផ្សារភ្ជាប់គំនិតផ្ដួចផ្ដើមខែក្រវាត់ និងផ្លូវ ជាមួយ «ចក្ខុវិស័យឆ្នាំ២០៣០» របស់អារ៉ាប៊ីសាអូឌីត។


លោក ចូ បៃដិន បានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដោយមិនមានការសន្យា ឬការប្ដេជ្ញាចិត្តយ៉ាងរ៉ឹងមាំណាមួយពីមេដឹកនាំអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនឹង ការបង្កើនការផលិតប្រេងនោះទេ ដោយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានត្រឹមបញ្ជាក់ថាការបង្កើនការផលិតប្រេង គឺត្រូវធ្វើឡើងក្រោម ក្របខណ្ឌ «Opec Plus» ដែលមានរុស្ស៉ីនៅក្នុងនោះដែរ។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ភ្លាមៗ និងបានឯកភាពគ្នាបន្តធ្វើកិច្ចសហការលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេង សកល នៅមុនកិច្ចប្រជុំ «Opec Plus» នៅថ្ងៃទី១៣ ខែសីហាខាងមុខ។ លើសពីនេះទៅទៀត ក្រោយលោក ចូ បៃដិន បញ្ចប់ទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ដោយត្រឡប់ទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញ លោក ពូទីន បានបំពេញទស្សនកិច្ចទៅកាន់អ៉ីរ៉ង់ដែលនេះជាដំណើរទស្សនកិច្ចដំបូង នៅក្រៅប្រទេសដែល មិនមែនជាអតីតរដ្ឋក្រោមអតីតសហភាពសូវៀត គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។


តាមរយៈសកម្មភាពរបស់ចិន និងរុស្ស៉ី វាបានបង្ហាញពីការកើនឡើងឥទ្ធិពលនៃប្រទេសមិនមែនលោកខាងលិចនៅលើឆាកអន្តរជាតិ ដែលនេះឯងត្រូវបាន គេមើលឃើញថាជាការសើរើឡើងវិញនៃសណ្ដាប់ធ្នាប់ពិភពលោក និងការកើនឡើងនៃប្រជែងដណ្ដើមឥទ្ធិពលរវាងរុស្ស៉ី ចិន និងក្លឹបប្រទេសប្រជាធិបតេយ្យ ដឹកនាំដោយសហរដ្ឋអាមេរិក។ សកម្មភាពរបស់លោក ពូទីន វាក៏បានឆ្លុះបញ្ចំងដែរពីការព្យាយាមរកច្រកចេញរបស់រុស្ស៉ីទប់ទល់ជាមួយទណ្ឌកម្ម លោកខាងលិច និងបញ្ចៀសភាពឯកោនៅលើឆាកអន្តរជាតិ។ ដោយឡែក បើតាមលោក ដានីល បុចកូវ (Danil Bochkov) ជាអ្នកជំនាញម្នាក់មកពី ក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៉ី (Russian International Affairs Council) តំបន់ដែលនឹងក្លាយជាសង្វៀនដណ្ដើមឥទ្ធិពលបន្ទាប់ រវាងពួកមហាអំណាច អាមេរិក ចិន និងរុស្ស៉ី នោះគឺ «តំបន់អាហ្វ្រិក»។ សហរដ្ឋអាមេរិក បានប្រកាសពីការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ខាងមុខ ដែលនឹងក្លាយជាជំនួបរវាងអាមេរិក និងអាហ្វ្រិក ចាប់តាំងពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។


ក៏ប៉ុន្តែ ខណៈបណ្ដាប្រទេសអាហ្វ្រិក កំពុងមានភាពរកាំរកូសជាមួយលោកខាងលិចជុំវិញប្រជាជាធិបតេយ្យ និងសិទ្ធិមនុស្ស ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ចិនបានរីកសាយពាសពេញក្នុងតំបន់ស្រាប់ទៅហើយនោះ កិច្ចប្រជុំកំពូលនេះប្រហែលជាមិនអាចកែប្រែអ្វីបានច្រើនឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ចិនបានរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកអាហ្វ្រិកជាមួយការសន្យាផ្ដល់ជំនួយ ៤០ពាន់លានដុល្លារ ជួយសម្រួលដល់ការនាំចេញរបស់អាហ្វ្រិក។


ចំណែកឯ រុស្ស៉ីវិញ បានរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ខ្លួនជាអាហ្វ្រិកកាលពីឆ្នាំ២០១៩ ហើយគ្រោងនឹងរៀបចំម្ដងទៀតនៅឆ្នាំ២០២៣ ដែលនេះ បានបញ្ជាក់ពីនយោបាយបំបែកការហ៊ុមព័ទ្ធពីលោកខាងលិច ហើយបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ដែលកាលពីខែឧសភាកន្លងទៅ បានហៅប្រទេសក្នុងតំបន់អាហ្វ្រិកថាជាមិត្ត បានបំពេញទស្សនកិច្ចទៅកាន់ អេហ្ស៊ីប អេត្យូពី អ៊ូហ្កង់ដា និងសារធារណរដ្ឋកុងហ្គោ ក្នុងសប្ដាហ៍នេះ ជាមួយគោលបំណងបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាហ្វ្រិក។


គួរបញ្ជាក់ថា នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយទស្សនាវដ្ដីអាមេរិក Foreign Policy កាលពីដើមឆ្នាំ២០២២ បានលេចឡើងថាលោក ពូទីន គឺជា មនុស្សម្នាក់ដែលអាចគ្រប់គ្រង «ល្បែងភូមិសាស្ត្រនយោបាយ» តាមរយៈការពង្រីកឥទ្ធិពលរុស្ស៉ីចេញពីតំបន់អឺរ៉ុបឆ្ពោះទៅកាន់អាហ្វ្រិក អាមេរិកឡាទីន និងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះខណៈពិភពលោកសព្វថ្ងៃកំពុងតែចលាចល ការព្យាយាមរបស់ចិន រុស្ស៉ី និងសហរដ្ឋអាមេរិក ក្នុងការពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច នឹងកាន់តែកើនឡើង ហើយការប្រឈមមុខដាក់គ្នា ក៏កាន់តែកើនឡើងដែរ ធ្វើឱ្យពិភពលោកក្លាយជា «គ្រាប់បែកកំណត់ពេលវេលា» រង់ចាំតែ ផ្ទុះតែប៉ុណ្ណោះ៕ ដោយៈ Fresh News