ប្រហែលជាមកពីការចាញ់ពាក្យសម្បថនៅមុខប្រាសាទអង្គរវត្តហើយ
ទើបធ្វើឲ្យគណបក្សសង្គ្រោះជាតិ
ចាប់ផ្តើមរលំរលាយបន្តិចម្តងៗយ៉ាងដូច្នេះ។ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣
មេដឹកនាំបក្សនេះ បាននាំកូនចៅខ្លួនទៅស្បថនៅទីនោះថានឹងមិនក្បត់ឆន្ទះរាស្ត្រក្នុងការចង់បានអំណាចអ្វីទាំងអស់
និងមិនចូលប្រជុំសភាជាដាច់ខាត តែទីបំផុតមេបក្សទាំងពីរបានចូលប្រជុំសភាយ៉ាងត្រជាក់គូទ
ហើយទាមទារចែកអំណាចនៅក្នុងសភាថែមទៀត។
ម្យ៉ាងទៀត
វាក៏កាន់តែដូចទៅនឹងទំនាយរបស់ហោរាសាស្ត្រថៃផងដែរ ដែល លោក ភិនយ៉ូ
ភុងចារឺន ជាគ្រូទស្សន៍ទាយដ៏ពូកែនៅប្រទេសថៃ បានទស្សន៍ទាយកាលពីចុងឆ្នាំ២០១៤ថា
នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុតត្រឹមពាក់កណ្តាលឆ្នាំនេះ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំមួយរយភាគរយ។
លោកបានទស្សន៍ទាយថាគណបក្សសង្គ្រោះជាតិ នឹងរលាយ បែកបាក់ផ្ទៃក្នុងទាំងស្រុង
ដោយសារជំងឺប្រជែងអំណាចគ្នា បក្ខពួកនិយម វ័ណ្ឌកជាមួយលុយកាក់
និងការមិនទុកចិត្តគ្នា។
មកដល់ពេលនេះ ជាការកត់សំគាល់
យើងឃើញថា ក្រោយពីគណបក្សសង្គ្រោះជាតិបានក្បត់ឆន្ទះរាស្ត្រ
ចូលប្រជុំសភា គឺគណបក្សនេះហាក់ដូចជាកំពុងត្រូវបណ្តាសាយ៉ាងពិតប្រាកដមែន។
ជាក់ស្តែង កាលពីចុងឆ្នាំ២០១៤
សមាជិកបក្សក្នុងស្រុកល្វាឯមជាច្រើនរយនាក់បាននាំគ្នាចាកចេញពីគណបក្សសង្គ្រោះជាតិ
ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងពពាក់ពពូន
ដោយសារពួកគេឆ្អែតចិត្តនូវនយោបាយប្រជាភិថុតិ របស់លោក សម រង្ស៊ី និង កឹម
សុខា កន្លងមក។ ប្រជាពលរដ្ឋចាប់ផ្តើមភ្លឺភ្នែក
មើលឃើញអំពីទង្វើកេងចំណេញលើញើសឈាមប្រជារាស្ត្រ
របស់មេដឹកនាំបក្សនេះ ដែលធ្វើឲ្យសកម្មជនធ្លាប់គាំទ្រទាំងនោះ មានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង
ទើបសម្រេចចិត្តដើរចេញទាំងក្រុមតែម្តង។
លោកស្រី ឡាក់ សុភាព ដែលជាមន្ត្រីជំនិតក្នុងបក្ស
ហើយស្អប់ខ្ពើមនឹងរឿងអំពើពុករលួយ ក្នុងទឹកប្រាក់ពី២០លាន
ទៅ៤០លានដុល្លារ ដែលលោក សម រង្ស៊ី លួចកឹបកេង ក៏បានចេញមកបកអាក្រាតពីអំពើដ៏ថោកទាបរបស់មេបក្សថែមទៀត។
នេះហើយជាមូលហេតុដ៏ធំ ដែលនាំទៅដល់ភាពរង្គោះរង្គើ
និងការបែកបាក់នាពេលដ៏ខ្លីខាងមុខនេះយ៉ាងច្បាស់។
ដើម្បីជាការបិទបាំងនូវអំពើដ៏អាក្រក់របស់ខ្លួន
មេបក្សប្រឆាំងទាំងពីរ បានបញ្ជាឲ្យបណ្តេញមន្ត្រីបក្សនោះចេញពីបក្ស
ដើម្បីបំបិទភស្តុតាង និងជាការគម្រាមសម្រាប់មន្ត្រីផ្សេងទៀតដែលហ៊ានហើបមាត់រិះគន់ថ្នាក់ដឹកនាំ
តទៅទៀត។
នៅពេលថ្មីៗនេះទៀតសោត
តំណាងរាស្រ្តមណ្ឌលខេត្តកំពតម្នាក់ គឺលោក វ៉ាន សំអឿន ក៏បានចាកចេញពីបក្សប្រឆាំងមួយនេះ
ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។ នេះបញ្ជាក់ថា
ជំរុំព្រះអាទិត្យ គឺកំពុងឆេះរោលក្តៅក្រហាយពេញបន្ទុកហើយ
សូម្បីតែថ្នាក់ដល់តំណាងរាស្ត្រហើយ
ក៏មិនអាចទ្រាំទ្រនិងភាពផ្តាច់ការរបស់មេបក្សទាំងពីរនោះបានដែរ។ បើទឹកក្នុងជំរុំក្តៅយ៉ាងនេះ
តើត្រីឯណាទ្រាំនៅតទៅទៀតបាន គឺមានតែការចាកចេញអញ្ចឹងហើយ។
រឹតតែបញ្ជាក់ច្បាស់ថែមទៀតថាគណបក្សសង្គ្រោះជាតិពិតជាកំពុងប្រយុទ្ធគ្នានៅផ្ទៃក្នុង
គឺនៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០១៥ សើមៗនេះ
សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប ប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នាមកតវ៉ា
ដល់មុខទីស្នាក់ការបក្សក្នុងរាជធានីភ្នំពេញ ជំរុញឲ្យមេបក្សប្តូរតំណាងរាស្ត្រមួយរូបចេញពីខេត្តនេះ
គឺលោកស្រី កែ សុវណ្ណរតន៍ នូវអ្វីដែលក្រុមអ្នកតវ៉ាយល់ថា ដើម្បីពង្រឹង
លទ្ធិប្រជាធិបតេយ្យក្នុងបក្ស។ ក្រុមអ្នកតវ៉ាបានលើកបដា និងស្រែកមេក្រូ
មុខទីស្នាក់ការបក្សយ៉ាងកងរំពងថា ក្រោមការដឹកនាំការងារ របស់
លោកស្រី កែ សុវណ្ណរតន៍ ធ្វើឲ្យក្បាលម៉ាស៊ីនដឹកនាំថ្នាក់ខេត្តសៀមរាបនេះ
ក្លាយជាយន្តការដឹកនាំបែបបក្សពួកនិយម។ ក្រុមអ្នកតវ៉ាបានចោទប្រកាន់ថាលោកស្រី
កែ សុវណ្ណរតន៍ មិនមែនជាថ្នាក់ដឹកនាំទេ គឺចាត់ទុកសកម្មជននៅខេត្តទាំងអស់គឺជា
គូលីនឹងចៅវាយ ចង់ដូរអ្នកណា ចង់ដាក់អ្នកណា ស្រេចតែចិត្ត ហើយបើនៅតែបន្តទុកនៅដដែល
ពួកគេនឹងបន្តធ្វើសកម្មភាពតវ៉ាបែបនេះ ទ្វេដប់ដង ២០ដង ៣០ដង នៅមូលដ្ឋានបន្តទៅទៀត។
ពេលនេះ យីអ៊ុនក៏ដាក់ អារក្សក៏ជាន់ កាន់តែធ្ងន់កហើយ។
រឿងមិនមែន
ចប់ប៉ុណ្ណឹងនោះទេ
មានសកម្មជនសង្គ្រោះជាតិប្រមាណជាពាក់កណ្តាលទៀតដែលធ្លាប់
បោះឆ្នោតគាំទ្របក្សនេះកាលពីឆ្នាំ២០១៣
កន្លងទៅ ដែលក្នុងនោះមានទាំងអង្គការក្រៅរដ្ឋាភិបាលរបស់លោក កែម ឡី
និងសហជីពផងនោះ
ក៏បានប្រកាសនិងត្រៀមខ្លួនប្រកាសបង្កើតគណបក្សថ្មីៗជាច្រើនទៀត
ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិកាន់តែរង្គោះរង្គើខ្លាំងឡើង
ហើយឈានទៅរកភាពរលំរលាយ មែនទែនយ៉ាងប្រាកដ។
មិនមែនតែសកម្មជនគណបក្សក្នុងប្រទេសអស់ជំនឿប៉ុណ្ណោះទេ
សូម្បីតែសមាជិកបក្សនៅក្រៅប្រទេសក៏លែងគាំទ្រផងដែរ។
ក្រុមរបស់លោក យឿន សំរិទ្ធី ឈ្មោះក្រៅថា ធី ចរចារ ដែលពីមុនបានធ្លាប់គាំទ្រយ៉ាងផ្កាប់មុខ
ជាមួយគណបក្សសង្គ្រោះជាតិ ហើយក៏ជាអ្នកប្រមែរប្រមូលលុយកាក់
ដើម្បីជួយផ្គត់ផ្គង់គណបក្សផងនោះ
ពេលនេះក៏បានចេញមកប្រកាសឈប់គាំទ្រមេបក្សទាំងពីរយ៉ាងឈឺចាប់
និងបានប្រកាសចាំស្វាគមន៍គ្រាប់ពងមាន់ស្អុយដល់លោក សម រង្ស៊ី និង កឹម
សុខា នៅពេលលេចមុខនៅសហរដ្ឋអាមេរិកទៀតផង។
ទាំងអស់នេះមិនមែនជារឿងសាមញ្ញសម្រាប់បក្សសង្គ្រោះជាតិនោះទេ
គឺវាបានបញ្ជាក់ថាទឹកបានឡើងដល់រន្ធច្រមុះហើយ ហេតុនេះហើយទើបលោក សម
រង្ស៊ី និង កឹម សុខា
កំពុងនាំគ្នាដើរទប់ជម្លោះ និងការតវ៉ា តាំងពីក្រៅប្រទេសរហូតមកដល់ក្នុងប្រទេស
ពីខេត្ដមួយ ទៅខេត្ដមួយ។ តើគាត់ទប់យ៉ាងម៉េចជាប់ បើពេលនេះមិនមែនត្រឹមតែរង្គោះរង្គើទេ
គឺថែមទាំងបែកខ្ញែកទាំងថ្នាក់លើ រហូតដល់ថ្នាក់ក្រោមបែបនេះទៅហើយនោះ?
រវាងលោក សម រង្ស៊ី និងលោក កឹម សុខា គឺយើងទាំងអស់គ្នាពិតជាបានដឹងច្បាស់ណាស់ថា
អ្នកទាំងពីរគឺម្នាក់ជាធាតុប្រេង ហើយម្នាក់ទៀតគឺជាធាតុទឹក
ដូច្នេះធាតុទាំងពីរនេះគឺមិនអាចរស់នៅជាមួយគ្នាបានទេ
ម្នាក់ៗសុទ្ធតែកំពូលល្បិច កេងចំណេញគ្នាទៅវិញទៅមក ទាំងមុខនាទី
និងការត្រួតត្រាក្នុងបក្ស ដូច្នេះហើយបានជាទំនាស់វាបានកើតមានឡើងតាំងពីមុនពេលរួមបញ្ចូលគ្នារវាងគណបក្ស
សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មកម្លេះ។ ការរួមបញ្ចូលគ្នាមកជាគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឆ្នាំ២០១៣
របស់លោក សម រង្ស៊ី និងលោក កឹម សុខា គឺដោយសារតែមហិច្ឆតាអំណាច
ប្រយោជន៍នយោបាយ និងប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ។
ពួកគាត់ទាំងពីរធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នាទាំងអារម្មណ៍ភិតភ័យ
និងបន្លំភ្នែកគេឯងជាប់រហូតមក។
បើតាមការវិភាគរបស់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា
បានវាយតម្លៃថា នៅអាណត្តិក្រោយ គណបក្សសង្គ្រោះជាតិ ច្បាស់ជានឹងក្លាយទៅជាគណបក្សតូចតាចមួយដូចដើមយ៉ាងពិតប្រាកដ
ពីព្រោះអ្នកតាមដាននោះដឹងថាគណបក្សសង្គ្រោះជាតិ នឹងមិនអាចឈ្នះឆ្នោតបានឡើយ
លោកថែមទាំងហ៊ានភ្នាល់ដាក់ជីវិតថែមទៀត។ នៅពេលដែលដល់ដំណាក់កាលចុងក្រោយនោះ
មេបក្សប្រឆាំងទាំងពីរ នឹងចែកផ្លូវគ្នាដើរសារជាថ្មី ហើយក៏ជាពេលវេលាដែលលោក
សម រង្ស៊ី និងលោក កឹម សុខា ត្រូវចោទគ្នាទៅវិញទៅមកដែរ។ លោកសម
រង្ស៊ី នឹងចោទថា កឹម សុខា លក់ខ្លួនឲ្យគណបក្សប្រជាជនកម្ពុជា ចំណែកលោក
កឹម សុខា ក៏នឹងចោទវិញដែរថា គណបក្សប្រជាជនច្បាស់ជាទិញខ្លួនលោក សម
រង្ស៊ី បានហើយ។ ធ្វើបែបនេះ ទើបពួកគេអាចបិទបាំងនូវភាពអាម៉ាស់
និងភាពបរាជ័យរបស់ពួកគេនូវការសន្យា រាប់រយ
រាប់ពាន់សន្យាចំពោះមុខប្រជាពលរដ្ឋបាន៕