Friday, December 25, 2015

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ «សង្គ្រោះជនអស់សង្ឃឹម»

យោងតា​មទំព័រហ្វេសប៊ុក​រ​បស់សម្តេចតេជោនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  បង្ហោះផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នេះបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង ភរិយារួមជាមួយមន្រ្តីរាជរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំជាច្រើននាក់បានចុះមកសួរសុខទុក្ខកុមារកំព្រានៅ មណ្ឌលកុមារអស់ក្តីសង្ឃឹមបែកចាន រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសរ​សេរថា «នៅថ្ងៃទី ២៥ ធ្នូ នេះខ្ញុំ និង ភរិយារួមជា​មួយមន្រ្តីរាជរដ្ឋា​ភិបាល និងភរិយាថ្នាក់​ដឹកនាំជាច្រើនបានចុះ​មកសួរសុខទុក្ខកុមារ​កំព្រានៅ មណ្ឌលកុមារអស់​ក្តីសង្ឃឹមបែក​ចាន រាជធានីភ្នំ​ពេញ។ ភរិយាខ្ញុំ​បានមកទីនេះប៉ុន្មានលើ​ករួចម​កហើយ។ នេះជាលើកទី១សម្រាប់ខ្ញុំដែលបានមកសួរសុខទុក្ខកុមាកំព្រានៅទីនេះ។ ខ្ញុំនិងភរិយា តែងតែ​គាំទ្រ និងជួយឧប​ត្ថម្ភជាអង្ករ និង ថវិកាដើម្បីរួមចំណែកជួយដល់ដំណើរការមណ្ឌលនៅទីនេះ។ គ្មានកុមា​រណាចង់ក្លាយជាក្មេ​ងកំព្រាទេ ហើយពួកគេងា​យរងគ្រោះណាស់» 


សម្តេច​តេជោ ហ៊ុន សែន បានអរគុ​ណដល់អង្គការ សមាគ​មជាតិ និងអន្តរជាតិទាំ​ងអស់ដែលបានចូ​លរួមជួយកុមារកំព្រាគ្មា​នទីពឹងដើម្បីអោយពួ​កគេទទួលបាននូ​វការរស់រាន ការថែទាំទាំងសុ​ខភាព ការអប់រំ និងឱកាស​ជាច្រើនដូចកុមារទូទៅនៅក្នុ​ងសង្គមជាតិ៕













ពីធីទទួលសម្ភារៈការិយាល័យសំរាប់ជូនមជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន

នៅថ្ងៃទី​ ២៤ ខែ​ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១៥:៣០​ រសៀល នៅទីស្តីការ ក្រសួង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិ- បត្តិ​ការអន្តរជាតិ និងលោកជំទាវ ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​នៅកម្ពុជា​ បានធ្វើជាអធិបតីក្នុងពិធី​ប្រគល់​សម្ភារៈ​ការិយាល័យ ដែលរដ្ឋាភិបាល​ នៃ​សាធារ​ណ​​រដ្ឋ​​ប្រជា​មានិត​​ចិន ផ្តល់ជូន​​​​​មជ្ឈមណ្ឌល​តំបន់អាស៊ាន​​សំរាប់សកម្មភាពមីន ​(​ASEAN Regional Mine Action Center: ARMAC)  និងអាជ្ញាធរ​កម្ពុជា​​គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ​ជនពិការដោយសារមីន (Cambodian Mine Action and Victim Assistance Autority: CMAA)


ពីធីនេះក៏មានការចូលរួមពី​ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៌​ និងទូរគមនា​គមន៌​ ហើយជាអនុប្រធានអាជ្ញាធរកម្ពុជា​គ្រប់គ្រង​សកម្ម​ភាពកំចាត់មីន​ និងសង្គ្រោះជនពិការដោយ​សារ​មីន ហៅកាត់ CMAA ព្រមទាំង ឯកឧត្តម ហេង​ រតនា​ អគ្គនាយកនៃមជ្ឍមណ្ឌល​កំចាត់​មីន​កម្ពុជា​​ (Cambodian Mine Action Center: CMAC)


មានមតិក្នុងពិធីនេះ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ជា​អាទិ៍៖


មជ្ឈ​មណ្ឌល​​តំបន់​អាស៊ាន​​​សំរាប់​សកម្មភាព​​មីន ​ហៅកាត់ ARMAC ត្រូវបានបង្កើតឡើង​ដោយ​យោងទៅ​តាម​សេចក្តីប្រកាស​របស់ថ្នាក់ដឹកនាំ​​អាស៊ាន ស្តីពីការបង្កើត​មជ្ឈមណ្ឌល​កំចាត់មីន​តំបន់​អាស៊ាន ដែល​​បាន​​អនុម័ត នៅពេល​​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី២១​​ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភ្នំពេញ។​ ARMAC ត្រូវបំរើជាមជ្ឈមណ្ឌលរួម​ថ្នាក់តំបន់ ក្នុងការសហការ​ និងលើកទឹកចិត្តដល់​កិច្ច​​ខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហា​គ្រាប់​មីន​ និង សំណល់គ្រាប់រំសេវបន្សល់ពីសង្រ្គាម សម្រាប់​​ប្រទេសក្នុង​តំបន់​អាស៊ាន​។​​ មជ្ឈមណ្ឌល​នេះ​ត្រូវទទួល​បានការគាំទ្រ និងចាប់អារម្មណ៍​យ៉ាង​ខ្លាំងពីប្រទេសជាមិត្ត​ និងប្រទេសដែលជា​ដៃគូ​សន្ទនា​​របស់អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើក​ឡើងផងដែរថា ក្រោមជំនួយថវិការបស់រដ្ឋា​ភិបាលសាធារណ​រដ្ឋ​ប្រជាមានិតចិន​ ចំនួន ២០០.០០០ ដុល្លាអាមេរិក អាគារទីស្នាក់ការ​មជ្ឈម​ណ្ឌល ARMAC​ ត្រូវបាន​ជួសជុល​ និងបំពាក់សម្ភារៈសំរាប់បំរើការិយាល័យ​នេះ សបញ្ជាក់ការយក​ចិត្ត​ទុក​​​ដាក់របស់រដ្ឋាភិបាលចិន ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តការល្អជាមួយ​កម្ពុជា​​ ក៏ដូចជាទំនាក់ទំនងជាដៃគូល្អ​ក្នុងការរក្សា​​សន្តិភាព​ និង​សន្តិ​-សុខ​ក្នុងតំបន់អាស៊ាន​។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីជំនួយជារថយន្ត និងសំភារៈ​ការិយាល័យ​ដែល​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន​បានផ្តល់ឲ្យក្រសួងការបរទេសកន្លងមក ហើយនិងការរៀបចំប្រព័ន្ធកាម៉េរាសុវត្ថិភាពនៅក្នុងក្រសួង​ការ​បរ​ទេស​។

ការបង្កើត ARMAC  គឺមិនមែនសំរាប់តែប្រទេសកម្ពុជាទេ តែសំរាប់ប្រទេសផ្សេងទៀតរបស់អាស៊ាន ដែល​នៅមាន​គ្រាប់មីន ដូចជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ហើយក៏សំរាប់តំបន់ផ្សេងៗទៀត​នៅលើ​សកលលោក​មកធ្វើ​ការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹង ARMAC

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី ការរីកចំរើនដ៏ល្អក្នុងទំនាក់ទំនងកម្ពុជា-ចិន​ ដែល​បាន​ឈានដល់ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយដែលបានរួមចំណែកយ៉ាងធំធេង​ក្នុងការ​អភិវឌ្ឍន៍​កម្ពុជា ពិសេសគឺការអភិវឌ្ឍន៍វារីអគ្គីសនី ដែលរួមចំនែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យ​ឧស្សាហ​-កម្ម និង​ការ​លើកកំពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្ភារៈទាំងនោះរួមមាន៖
សំរាប់ ARMAC :
១-      កុំព្យូទ័រយួរដៃ                                        ចំនួន ១០ គ្រឿង
២-      កុំព្យូទ័រ                                                ចំនួន ៤ គ្រឿង
៣-      ម៉ាស៊ីនថតរូប                                        ចំនួន ២ គ្រឿង
៤-      ម៉ាស៊ីនបញ្ចាំងរូបភាព LCD Projectors      ចំនួន ៣ គ្រឿង
៥-      ម៉ាស៊ីន​ព្រីនធ័រ​​ (ស-ខ្មៅ)                          ចំនួន ៥ គ្រឿង
៦-      ម៉ាស៊ីនស្កេន                                         ចំនួន ៣ គ្រឿង
៧-      ម៉ាស៊ីនថតចម្លងខ្នាតធំ                            ចំនួន ២ គ្រឿង
សំរាប់ CMAA :
១-      ម៉ូតូ  (JIALING-JH200-8)                        ចំនួន ៤៩ គ្រឿង
២-      កុំព្យូទ័រយួរដៃ                                        ​ចំនួន ៣២ គ្រឿង
៣-      កុំព្យូទ័រ                                                ចំនួន ១៩ គ្រឿង
៤-      ម៉ាស៊ីនថតរូប                                        ចំនួន ២៣ គ្រឿង
៥-​      ម៉ាស៊ីនថតចម្លងខ្នាតធំ                            ចំនួន ១៦ គ្រឿង
៦-      ម៉ាស៊ីន GPS (Garmin 62s)           ចំនួន ១៨ គ្រឿង
៧-​      ម៉ាស៊ីន​ព្រីនធ័រ​​ពណ៌                               ចំនួន ២៧ គ្រឿង
៨-      ម៉ាស៊ីន ERW Disposal Kit                    ចំនួន ៦ គ្រឿង
៩-      ប្រដាប់រាវរកមីន Deep Search Detector   ចំនួន ២០ គ្រឿង
១០-    ប្រដាប់ដោះមីន Demining Kit                  ចំនួន ៣០ គ្រឿង
១១-    សំភារៈការពារខ្លួន (PPE)                               ចំនួន ៦០ គ្រឿង។
                   




សមាជិកសមាជិការដ្ឋសភានីតិកាលទី៥ ទទួលគ្រឿងឥស្សរិយយសលើកទី១ ឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិ និងប្រជាជន

រដ្ឋសភា នៃព្រះរាជាណា​ចក្រកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿ​ងឥស្សរិយយសលើកទី១ ជូន សមាជិក សមាជិការ​ដ្ឋសភា នីតិកាលទី៥ នៅរសៀលថ្ងៃព្រ​ហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅវិមាន​រដ្ឋសភា ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបនឹង​គុណបំណាច់ដ៏ឧត្តុង្គ​ឧត្តម ដែល​សមាជិក សមាជិការដ្ឋ​សភា បានបំពេញកា​រងារជូនជាតិ និងប្រជា​ជន។
តាមព្រះ​រាជក្រឹត្យ ព្រះករុណាព្រះ​បាទសម្តេចព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា បានត្រាស់បង្គាប់បំ​ពាក់គ្រឿងឥស្សរិយយស​នៃព្រះរាជាណាចក្រ កម្ពុជា តាមឋានុក្រម​ដល់សមាជិក សមាជិកា​រដ្ឋសភា លើកទី១ នៃនីតិកា​លទី៥ ចំនួន១២៣រូប ដោយក្នុង​នោះ២៧រូប ទទួលបានគ្រឿង​ឥស្សរិយយស ជាតូបការ ២៦រូប ទទួលបាន​គ្រឿងឥស្សរិយ​យស ឯករាជ​ជាតិ ៧រូប ទទួលបានគ្រឿង​ឥស្សរិយយស ព្រះរាជាណា​ចក្រកម្ពុជា ថ្នាក់មហា​សេរីវឌ្ឍន៍ ២រូបទទួលបានគ្រឿង​ឥស្សរិយ​យស សុវត្ថារាថ្នា​ក់មហាសេរីវឌ្ឍន៍ ១រូប ទទួលបានគ្រឿង​ឥស្សរិយយស មុនីសារា​ភ័ណ្ឌ ថ្នាក់មហា​សេរីវឌ្ឍន៍ ២៤ទទួល​បានគ្រឿងឥស្សរិ​យយស ព្រះរាជាណាចក្រ​កម្ពុជាថ្នាក់មហា​សេនា ២រូប ទទួលបានគ្រឿង​ឥស្សរិយយស មុនីសារា​ភ័ណ្ឌ ថ្នាក់មហា​សេនា ៦រូប ទទួលបាន​គ្រឿងឥស្សរិយយស ព្រះរាជាណា​ចក្រ ថ្នាក់ធិបឌិន្ទ និង២៨រូបទទួល​បានគ្រឿងឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់សេនា។
ឯកឧត្តម​បណ្ឌិតរដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាអនុ​ប្រធានគណៈកម្មាធិការ​ឥស្សរិយយស នៃរដ្ឋសភា បានមាន​ប្រសាសន៍ថា ការផ្តល់ជូនគ្រឿងឥស្សរិយយសជូនសមាជិក សមាជិការដ្ឋសភា នៅពេលនេះ គឺអនុវត្តតាម ច្បាប់ស្តីពីលក្ខន្តិកៈ​តំណាងរាស្រ្ត ដែលឆ្លើយតប​ទៅនឹងគុណបំណាច់​ដ៏ឧត្តុង្គឧត្តម ដែលសមា​ជិកសមាជិការ​ដ្ឋសភា បានបំពេញ​ការងារជូនជាតិ និងប្រជា​ពលរដ្ឋ។
“ជំពូកទី៤ មាត្រា២៦ នៃច្បាប់ស្តីពី លក្ខន្តិកៈ​តំណាងរាស្រ្ត បានចែងថាតំណាង​រាស្រ្តក្នុងតំណែងត្រូវ​ទទួលបាននូវ គ្រឿងឥស្សរិយយស​ពីរដង ក្នុងមួយ​អាណត្តិ“ នេះជាការគូស​បញ្ជាក់ របស់ឯកឧត្តម​បណ្ឌិតរដ្ឋ។
សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា បានអញ្ជើញផ្តល់​កិត្តិយសដ៏ខ្ពង់​ខ្ពស់បំពាក់គ្រឿង​ឥស្សរិយយស​ជូន សមាជិកសមា​ជិការដ្ឋសភា ដែលទទួល​បានគ្រឿង​ឥស្សរិយយស ជាតូបការ និងឯករាជ​ជាតិ ចំណែកឯក​ឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រ​ធានទី២ នៃរដ្ឋសភា បានអញ្ជើញ​បំពាក់គ្រឿងឥស្សរិយយស​ជូនសមាជិកសមា​ជិការដ្ឋសភា ដែល​ទទួលបានគ្រឿ​ងឥស្សរិយយស ព្រះរាជាណា​ចក្រកម្ពុជា មុនីសា​រាភ័ណ្ឌ និងសុវ​ត្ថារា។
ព្រះរាជ​ក្រឹត្យ ត្រាស់​បង្គាប់ បំពាក់គ្រឿង​ឥស្សរិយយស នៃព្រះរាជា​ណាចក្រកម្ពុជា តាមឋានា នុក្រម ដល់ស​មាជិក សមាជិការ​ដ្ឋសភា ទំាងស្រុង មាននៅក្នុងគេហ​ទំព័ររដ្ឋសភា។
សូមជម្រាប​ដែរថា ឆ្លៀតក្នុង​ឱកាសនោះ ដោយថ្ងៃ​ចូលឆ្នាំថ្មី ឆ្នាំសកល ខិតជិតមក​ដល់ សមា ជិកសមាជិកា​រដ្ឋសភា និងថ្នាក់ដឹក​នាំអគ្គលេខាធិកា​រដ្ឋានរដ្ឋសភា បានជូនពរ ដោយបួង​សួងដល់គុណ​ព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិ​ទាំងឡាយលើ​លោក និងសូម​ទេវតា តាមជួយបី​បាច់ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល គ្រប់ប្រកា​រជូន សម្តេចអគ្គ​មហាពញា​ចក្រី ​ហេង សំរិន ប្រធានរ​ដ្ឋសភា និងលោក​ជំទាវ ព្រម​ទំាង ថ្នាក់ដឹកនាំរដ្ឋ​សភាទំាងអស់ សូ​មមានជន្មា​យុយឺន​យូរ និងសុខមា​លភាពបរិបូ​រណ៍ ដើម្បីបន្តដឹកនាំ​រដ្ឋសភា ក៏ដូចជាប្រ​ទេសកម្ពុជា​ទំាងមូល ឆ្ពោះទៅ​កាន់វឌ្ឍន​ភាព ក្នុងសុខ​សន្តិភាព ស្ថេរ​ភាព រឹងមាំ​តរៀងទៅ៕
អត្ថបទ​និងរូបភាព នាយកដ្ឋាន​ព័ត៌មាន