ពិធីចូលកាន់តំណែងរបស់សមាជិកគណៈកម្មការសម្រាប់អាណត្តិទី៨ នៃសមាគមអ្នកជំនួញចិនហុងកុង និងម៉ាកាវរួមជាមួយនឹងពិធីជប់លៀងសែននំព្រះខែនៃប្រពៃណីជនជាតិចិននា ត្រូវបានប្រារព្ធធ្វើឡើងនៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត្យសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានសម្តែងនូវការអបអរសាទរចំពោះសមាជិកគណៈកម្មការសមាគមទាំង២៥នាក់ ដែលទើបត្រូវបានជ្រើសតាំងថ្មីសម្រាប់អាណត្តិទី៨ ជាពិសេសអបអរសាទរចំពោះលោកឧកញ៉ា Yum Sui Sangដែលត្រូវបានជាប់ឆ្នោតជាប្រធានសមាគមនេះ ចំនួន៧អាណត្តិជាប់ៗគ្នា។ ឯកឧត្តម បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ផងដែរចំពោះស្មារតីសាមគ្គីភាពជាធ្លុងមួយរបស់លោកឧកញ៉ា អស់លោក លោកស្រី សមាជិកសមាជិកា ទាំងអស់នៃសមាគមអ្នកជំនួញចិនហុងកុង និងម៉ាកាវក្នុងការដឹកនាំសមាគមធុរកិច្ចដ៏ធំនេះឱ្យសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់។
សមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវគឺជាសមាគមមួយដែលសកម្មមានវ័យចំណាស់ និងមានសារៈសំខាន់ក្នុងចំណោមសមាគមធុរកិច្ចបរទេសនៅព្រះរាជាណាចក្រកម្ពុជា។
សមាគមនេះបានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៩៨មកម្ល៉េះដោយមានលោកឧកញ៉ាYum Sui Sangជាស្ថាបនិកមួយរូបដ៏សំខាន់។ ក្នុងរយៈពេល១៦ឆ្នាំមកនេះសមាគមបានខិតខំជួយផ្សព្វផ្សាយដល់សហគមន៍ធុរកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសនៅទីក្រុងហុងកុង និងម៉ាកាវឱ្យបានយល់ជ្រួតជ្រាបអំពីកាលានុវត្តភាព និងសក្តានុពលភាពនៃការវិនិយោគនៅកម្ពុជាព្រមទាំងជួយសម្របសម្រួលដល់ការធ្វើវិនិយោគនិងធុរកិច្ចរបស់សមាជិកខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាលទ្ធផលនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗជិត១០០ ជាសមាជិក ដែលកំពុងធ្វើប្រតិបត្តិ ការអាជីវកម្មនៅក្នុងវិស័យផ្សេងៗដូចជា វាយនភណ្ឌឱសថដឹកជញ្ជូនគ្រឿងចក្រផលិតផលក្រដាសគីមីនិងប្លាស្ទិក ជាដើម។
ក្នុងន័យនេះសមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវបានចូលរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជាដែលជាសមាសភាគដ៏ចាំបាច់ក្នុងការកសាងមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ក្រៅពីបេសកកម្មចម្បងរបស់ខ្លួនក្នុងការជួយគាំទ្រនិងសម្រួលដល់ការធ្វើធុរកិច្ចរបស់សមាជិកសមាគមដូចជាតាមរយៈការផ្តល់ព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ គោលនយោបាយបរិយាកាសវិនិយោគ និងលក្ខខណ្ឌរស់នៅនៅកម្ពុជាព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗនិងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកខ្លួនសមាគមថែមទាំងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរកម្ពុជា-ចិន។
ជាការពិតណាស់ភាពរីកចម្រើននិងជោគជ័យដ៏ត្រចះត្រចង់របស់សមាគមនឹងមិនអាចសម្រេចឡើងបានទេប្រសិនបើគ្មានការគាំទ្រជំរុញលើកទឹកចិត្តនិងការបង្កលក្ខណៈងាយស្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ជាងនេះទៅទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនបាននិងកំពុងផ្តល់លក្ខណៈអំណោយផលកាន់តែខ្លាំងឡើងថែមទៀតដល់ការធ្វើវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនសហគ្រាសជាសមាជិកនៃសមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវក៏ដូចជាដល់កិច្ចសហប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មជាទូទៅរវាងប្រជាជនកម្ពុជា-ចិនផងដែរពីព្រោះថាទំនាក់ទំនងការទូតនិងពាណិជ្ជកម្មអន្តរជាតិគឺជាធាតុពីរដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។
ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុ ខ អាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតBu Jianguo ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនិងការជួយឧបត្ថម្ភគាំទ្រជារៀងរហូតមក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា និងបានជូនពរសមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវជាពិសេសសមាជិកនៃគណៈកម្មការសមាគមដែលចូលកាន់តំណែងថ្មី សូមទទួលបានជោគជ័យត្រចះត្រចង់បន្ថែមទៀតនៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន ៕