Friday, December 11, 2020

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះ Tan Sri Dato 'Dr CHEN LIP KEONG ដែលបានចូលរួមចំណែកជា ថវិកាចំនួន ៥.០០០.០០០(ប្រាំលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ COVID-19

**************
(ភ្នំពេញ)៖ លោក Tan Sri Dato' Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
តបនឹងការបរិច្ចាគនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក Tan Sri Dato' Dr Cheng Lip Keong ។ សម្តេចតេជោ បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា វិភាគទានរបស់លោក Tan Sri Dato' Dr Cheng Lip Keong ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័នជាតិ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ថវិការបស់សប្បុរសជនមានជាង ៤០លានដុល្លារអាមេរិកហើយ៕




សម្ដេចតេជោ ថ្លែងអំណរគុណលោកជំទាវ សៀង ស៉ីពោធិ និងស្វាមី, លោកស្រី ប៉ាវ សុទ្ធ និងស្វាមី, លោក ហេង ងួន និងលោកស្រី, លោក លឹម គឹមស្រ៊ាង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំង


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណលោកជំទាវ សៀង ស៉ីពោធិ និងស្វាមី លោកស្រី ប៉ាវ សុទ្ធ និងស្វាមី, លោក ហេង ងួន និងលោកស្រី, លោក លឹម គឹមស្រ៊ាង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
ក្នុងនោះ លោកជំទាវ សៀង ស៉ីពោធិ និងស្វាមី ឧបត្ថម្ភថវិកា៥ពាន់ដុល្លារ, លោក លឹម គឹមស្រ៊ាង និងលោកស្រី ឧបត្ថម្ភថវិកា១ពាន់ដុល្លារ, លោក ហេង ងួន និងលោកស្រី ឧបត្ថម្ភថវិកា២ពាន់ដុល្លារ និងលោកស្រី ប៉ាវ សុទ្ធ និងស្វាមី ឧបត្ថម្ភថវិកា១ពាន់ដុល្លារ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕




សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់លោកឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ដែលបានបរិច្ចាគថវិកា១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

****************
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ ដែលបានបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកឧកញ៉ា ហេង សិទ្ធី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺកូវីដ១៩ កំពុងញាំញីសុខភាព និងគំរាមអាយុជីវិតរបស់ប្រជាជនកម្ពុជា វិភាគទានរបស់លោកឧកញ៉ា និងលោកជំទាវ ជាទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក សម្រាប់ជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន។
ខ្ញុំសូមកោតសរសេរយ៉ាងស្មោះចំពោះស្មារតីស្នេហាជាតិ និងប្រជាជនកម្ពុជា របស់លោកឧកញ៉ា និងជំទាវ។ សូមលោកឧកញ៉ា និងជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី និងអតិថិជនទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕



លោក ម៉ែន វិបុល ទទួលយកអំណោយនិងថវិកាមួយចំនួនពីឱសថស្ថានអរុណរះដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយនិងថវិកាមួយចំនួនពីឱសថស្ថានអរុណរះដឹកនាំដោយលោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងនោះរួមមាន អង្ករ២តោនមី២០កេស ត្រីខ២០ឡូ ម៉ាស២កេស ស្មើនឹង (៥០០០ម៉ាស) អាល់កុល៦០លីត្រ និងថវិកា១លានរៀល។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះលោក ថោង ប៊ុនធឿន និងក្រុមគ្រួសារដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្ទាល់ខ្លួន ក្នុងផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕




អភិបាលខេត្តកែប ជំរុញឱ្យអនុវត្តគម្រោងលើការងារសាងសង់ និងជួលជុលផ្លូវឱ្យបានឆាប់រហ័យ និងប្រកបដោយគុណភាព

កែប៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណ:កម្មការរៀបចំគម្រោងខេត្ត បានដឹកនាំក្រុមការងារគណ:កម្មការរៀបចំគម្រោងខេត្ត រួមជាមួយអភិបាលរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញ ចុះពិនិត្យការងារជួសជុលផ្លូវចាក់កៅស៊ូAC ចំនួន៣ខ្សែ ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប÷

ខ្សែទី១៖ លើកំណាត់ផ្លូវលេខ២៣១០០ មានប្រវែង១៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីកែងផ្លូវលេខ២៣៤៣ ទៅដល់កែងផ្លូវលេខ២៣៤៥ ។
ខ្សែទី២៖ លើកំណាត់ផ្លូវលេខ២៣៤៥ មានប្រវែង ២២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣១០០ ទៅដល់កែងលេខ២៣០០។
ខ្សែទី៣៖ លើកំណាត់ផ្លូវលេខ២៣០០ មានប្រវែង ១៨៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣៤៥ ទៅដល់កែងលេខ២៣៤៣។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីសាងសង់ផ្លូវឲ្យជាប់បានយូរ ត្រូវផ្តោតលើគុណភាព ហើយធ្វើឲ្យបានរឹងមាំ ដោយផ្អែកតាមលក្ខណៈបច្ចេកទេស ជាពិសេស លោកបានទទូចសូមឲ្យក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំឲ្យដឹកទំនិញលើសទម្ងន់ ដែលនាំឆាប់ខូចផ្លូវថ្នល់ និងសុំឱ្យប្រជាពលរដ្ឋនៅក្បែរផ្លូវនេះចូលរួមថែរក្សាឱ្យបានល្អ៕





ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលបានឆ្លងពីមិត្តភក្តិដែលបានចូលហាង Zando នៅសាខាបឹងកេងកង

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានកូវី១៩ ថ្មីម្នាក់ទៀត ដែលបានឆ្លងពីមិត្តភក្តិ ដែលចូលហាង Zando នៅសាលាបឹងកេងកង ហើយរកឃើញវិជ្ជមានកូវីដ-១៩។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុសអាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបចំនួន៣១៥៨សំណាក់ ត្រូវបានធ្វើការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានកូវីដ១៩ ថ្មីចំនួន ម្នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡើង នៅសល់វត្ថុសំណាកចំនួន២៤៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្ត នៅថ្ងៃទី១១ ខែធ្នូនេះ។

សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ មានចំនួន៤០នាក់ (ស្រី១៩នាក់ និងប្រុស២១នាក់)។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអញ្ជើញអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ទាំងអស់ ទៅធ្វើតេស្តដោយយកវត្ថុសំណាកលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំង៖
* បរិវេណក្រសួងមហាផ្ទៃ (សម្រាប់បុគ្គលិក-មន្ត្រីរាជការ) ពីម៉ោង៨ព្រឹក
* បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា) ពីម៉ោង៧ព្រឹក
* ដោយឡែកសម្រាប់អ្នកប៉ះពាល់ទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅតាមបណ្តាខេត្ត សូមអញ្ជើញទៅធ្វើតេស្តជាលើកទី៣ នៅតាមមន្ទីរសុខាភិបាលខេត្ត។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនៅព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់ ៕




អាជ្ញាធរខេត្តក្រចេះ ប្រកាសបិទសណ្ឋាគារមួយកន្លែង និងមនុស្សចំនួន៧១នាក់ ត្រូវបានយកសំណាកដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានសម្រេចបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែង យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន និងបុគ្គលិកសរុបចំនួន ៧១នាក់ ត្រូវបានយកសំណាកដើម្បីធ្វើតេស្ដរកកូវីដ-១៩។ ការបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងខាងលើនេះ គឺធ្វើឡើងកាលពីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីរកឃើញថា មានបុរសឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។ 


សូមជម្រាបផងដែរថា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងអជ្ញាធរស្រុកស្នួល បានចុះស្រង់ស្ថិតិចំនួនបុគ្គលិក នៅសណ្ឋាគារនិងភោជនីយដ្ឋាន ចម្ប៉ា ពេជ្រ សរុបមានចំនួន ៧១នាក់ និងបានយកសំណាកទៅធ្វើតេស្តលើកទី១រួចហើយដែរ។ 


តាមការបញ្ជាក់ពីលោក ឈុន មករា អនុប្រធានផ្នែកបង្ការ និងគ្រប់គ្រង់ជំងឺនៃមន្ទីរ សុខាភិបាលខេត្តក្រចេះ បានអោយដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារ មួយនេះ សរុបមានចំនួន ៧១នាក់ ហើយថ្ងៃនេះ ក្រុមការងារបានយកសំណាកទៅធ្វើតេស្ត លើកទី១ និងទទួលបានលទ្ធផលនៅថ្ងៃស្អែក។ ដោយឡែកសម្រាប់ ម្ចាស់ និងបុគ្គលិកទាំង ៧១នាក់ គឺក្រុមការងារតម្រូវឲ្យធ្វើចក្តាឡីស័ក្ត ឬស្នាក់នៅខាងក្នុងសណ្ឋាគារនេះ ក្នុងរយៈពេល ១៤ថ្ងៃ។ 


តាមគោលការរបស់ប្រធានមណ្ឌលចក្តាឡីស័ក្ត គឺតម្រូវឱ្យអ្នកទាំង ៧១នាក់ ស្នាក់នៅក្នុងសណ្ឋាគារទាំងអស់គ្នា ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច២ម៉ែត្រ មិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។ សម្រាប់ការទំនាក់ទំនង់ជាមួយ សាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទង់គ្នាតាមរយៈទូរសព្ទ័ជាមួយគ្នា នៅខាងក្រៅ មិនអាចទាក់ទង់គ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ថិភាព និងជាការអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕







អភិបាលរងខេត្តកោះកុង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បាន ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អនុភាព ១៥០ មេហ្កាវ៉ាត់(BOT) នៅខេត្តកោះកុង របស់ក្រុមហ៊ុន China National Heavy Machinery Corporation។


លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវារីអគ្គិសនីស្ទឹងតាតែលើ អនុភាព ១៥០ មេហ្គាវ៉ាត់ នេះ និងសំណូមពរនូវចំណុចមួយចំនួនដូចខាងក្រោម៖

១-ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីកាត់បន្ថយពីវិវាទដីធ្លី

២-ស្នើសុំឱ្យក្រុមហ៊ុនជួយគាំទ្រដល់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង ខណៈដែលគម្រោងនឹងមានផលប៉ះពាល់ទៅដល់តំបន់សក្តានុពលអេកូទេសចរណ៍ ព្រៃឈើ ធនធានដីវចម្រុះ ដែលនឹងបង្កឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគាត់

៣-ក្រុមហ៊ុនត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានជាពិសេស រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង មន្ទីរបរិស្ថានខេត្តកោះកុង និងអ្នកពាក់ព័ន្ធផ្សេងទៀត

៤- ចំពោះបុគ្គលិក កម្មករ គួរចុះបញ្ជីជាមួយ ប.ស.ស 

៥-ពាក់ព័ន្ធនឹងការជូនដំណឹងក្នុងការបើកទឹកឱ្យបានយ៉ាងតិច ២ ម៉ោង ក្រៅពីការប្រើប្រាស់សារ៉ែន គួរមានការទំនាក់ទំនងតាមរយៈ ទូរស័ព្ទមកកាន់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកថ្មបាំង ដើម្បីមានមូលដ្ឋានក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា (កន្លងមកធ្លាប់មានករណីបើកទ្វារទឹកពុំជូនដំណឹងហើយធ្វើឱ្យមាន ការប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕





វីដេអូ៖ សារលិខិតជូនពរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ