Tuesday, March 26, 2024

ឯកឧត្តមប្រធានរដ្ឋឡាវមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ


នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ 


ក្នុងជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានសម្ដែងនូវក្ដីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ប្រកបដោយផ្លែផ្កា រវាងសម្តេចធិបតី និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីម្សិលមិញនេះ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានទទួលបដិសណ្ឋារកិច្ចនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។ សម្ដេចធិបតី ក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។ 


ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេចធិបតីបានគូសបញ្ជាក់ ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។ ឯកឧត្តមប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលឯកឧត្តមមានទំនាក់ទំនងដ៏ល្អ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក ហើយឯកឧត្តមមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះនឹងក្លាយជាមុដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។


 មុននឹងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ



នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ 


ក្នុងឱកាសនៃជំនួប ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។


ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕