Friday, October 28, 2022
រាជរដ្ឋាភិបាលប្រកាស ប្រកាសលទ្ធផល នៃ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២
អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឲ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការរួមចំណែកការពារការប្រកួតកីឡាជាតិ និងប្រកួតកីឡា Sea Game ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឲ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការចូលរួមចំណែកការពារជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡា ស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ធ្វើឡើងក្នុងកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ស្ដីពីការរៀបចំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងទិសដៅក្នុងការប្រកួតកីឡាស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនសន្ដិសុខឯកជន និងចលនាចូលរួមការពារព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ឆ្នាំ២០២២ និងលើកទិសដៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣។
តាងនាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ រួមមាន៖
*ទី១៖ បន្តជម្រុញអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ
*ទី២៖ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារសន្តិសុខ ឲ្យស្របទៅតាមអនុក្រឹត្យ និងប្រកាសរបស់លក្ខខណ្ឌ (ជៀសវាងសមាសភាពមិនល្អជ្រៀតចូលជាភ្នាក់ងារសន្តិសុខឯកជន) មន្ត្រីនគរបាលដែលចូលនិវត្តន៍ ហើយនៅមានសុខភាពល្អរឹងមាំ និងមានបំណងចង់ចូលធ្វើជាភ្នាក់ងារសន្តិសុខឯកជន គួរលើកទឹកចិត្ត
*ទី៣៖ លើកកម្ពុស់ និងគាំទ្រការបណ្តុះបណ្តាល បំប៉នជំនាញសន្តិសុខ (ចាត់បញ្ចូនកម្លាំងភ្នាក់ងារមកទទួលការបណ្តុះបណ្តាល បំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ)
*ទី៤៖ ចូលរួមចំណែកបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសការប្រើប្រាស់អាវុធខុសច្បាប់, ការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន, ចោរកម្ម, ការចាប់ជម្រិត (គាំទ្ររាល់កិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ នានា របស់សមត្ថកិច្ច ចូលរួមចំណែកអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល)
*ទី៥៖ បន្តកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍៖ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងប្រកួតកីឡាស៉ីហ្គេម Sea Game ឆ្នាំ២០២៣។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា ក្រៅពីការចូលរួមជួយក្នុងផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ឱកាសនេះក្រុមហ៊ុនក៏អាចផ្សព្វផ្សាយនូវសកម្មភាពដល់សាធារណៈ និងបង្កើននូវជំនឿទុកចិត្តពីគុណភាពសេវាកម្ម ដែលឆ្លុះបញ្ចាំងពីស្នាដៃគូមិនអាចខ្វះបានក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏អាចដកពិសោធន៍បានពីការចូលរួមដល់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបង្កើននូវសមត្ថភាព ចំណេះដឹង និងឈានទៅពង្រឹង ពង្រីកគុណភាពសេវាកម្មរបស់ខ្លួនផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី អគ្គនាយក/អគ្គនាយិកា ដែលបានអនុវត្តតាមគោលការណ៍ បទដ្ឋានគតិយុត្ត និងសហការជាមួយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងការចាត់កម្លាំងចូលរួមសហប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារក្នុងព្រឹត្តការណ៍ការពារបុណ្យជាតិនានា និងការបិទខ្ទប់រាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ដោយទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។
លោកប្រធាននាយកដ្ឋានបានបន្ដទៀតថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន បានចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមបណ្តាគោលដៅដែលឈរជើង ធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិទាំងមូល។ លោកថា ផ្អែកតាមផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ របស់គណៈបញ្ជាការការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ ឲ្យមានការចូលរួមពីកម្លាំងសន្តិសុខឯកជន ប្រមាណ៥០០នាក់៕
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីខួប ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៨ព្រះវស្សា ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់១៨ឆ្នាំ ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណា ថ្លៃវិសេស សូមព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ចៅ របស់ ព្រះអង្គ ជ្រកកោនដ៏ត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ជាព្រះរាជវីរគំរូនៅក្នុងពុទ្ធចក្រ និងអាណាចក្រ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទំនាក់ទំនងនយោបាយការទូតល្អ ធ្វើឲ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺសុះសាយថែមទៀត តាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ។
ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយវរវន្ទាដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖
អ្នកវិភាគ ៖ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនគ្រាន់តែជាលិខិតមួយ ដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ សម រង្ស៊ី
ដោយៈមុនីរ័ត្ន/ភ្នំពេញៈ
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស
ចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ
និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា។
ការចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ខែតុលានេះគឺមិនបានថ្កោលទោសទៅលើទណ្ឌិតដែលជាជនក្បត់ជាតិ
៣ជំនាន់ សម រង្ស៊ី
ដែលបានប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរនោះទេ
ពោលគឺថ្កោលទោសតែ”បុគ្គលណា”ដែលមានចេតនាប្រមាថព្រះមហាក្សត្រ
ប៉ុន្តែដល់ជនក្បត់ជាតិ សម រង្ស៊ី ដែលធ្វើការប្រមាថចំៗទៅលើអង្គព្រះមហាក្សត្រ
គឺគណបក្សភ្លើងទៀន មិនបានថ្កោលទោសនោះទេ។
ទាក់ទងសេចក្តីថ្លែងការណ៍នេះ អ្នកតាមដានព្រឹត្តិការណ៍នយតយោបាយនៅកម្ពុជា លោកសួន សេរីរដ្ឋា បានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើហទៀនថា គ្រាន់តតែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់រាជបល្ល័ង្គ ប្រមាថព្រះមហាក្សត្រ ដែលនៅពីក្រោយកំពុងតែបញ្ជាគោលនយោបាយ និងគណបក្សនយោបាយគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ បើពិនិត្យមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះគឺមានលក្ខណៈសរសេរពង្វាង និងចេញថ្លែងការណ៍ពង្វាងនូវអ្វីដែលជាការលើកឡើងជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ករីនៃកម្ពុជា ដែលសម្តេចបានថ្លែងចំឈ្មោះតែម្តងទៅលើលោក ទាវ វណ្ណុល លោកសុន ឆ័យ លោកថាច់ សេដ្ឋា ដែលជាប្រធាន អនុប្រធានគណបក្សភ្លើងទៀន។ ដោយសម្តេចតេជោបានចោទសួរថា តើទង្វើរបស់ សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ មើលងាយស្ថាប័នរាជបល្ល័ង្គ វាត្រឹមត្រូវ ឬក៏មិនត្រូវត្រូវ។ ហេតុនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនត្រូវឆ្លើយឲ្យចំនឹងសំណួរ ដើម្បីឆ្លើយតបទៅនិងការចង់ដឹងជាសាធារណៈរបស់ប្រជារាស្ត្រកម្ពុជាដែលជាអ្នកគោរពស្រឡាញ់ព្រះមហាក្សត្រជាសក្ការៈដ៏ខ្ពង់ខ្ពស់។
ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សនយោបាយត្រូវតែសម្តែងឆន្ទៈឆ្លើយឱ្យចំនឹងសំណួរដែលលើកឡើងដែលសម្តេចតេជោ ហ៊ុន សែន។
លោកសួន សេរីរដ្ឋា បានបង្ហាញនូវការបកស្រាយថា សេចក្តីថ្លែងការណ៍នេះ នៅតែមានភាពបិទបាំង លាក់បាំងអំពីឥទ្ធិពលនឹងការជាប់ទាក់ទងរបស់ក្រុមថ្នាក់ដឹកនាំ នៃគណបក្សភ្លើងទៀន ជាមួយនឹងបុគ្គលក្បត់ជាតិ សម រង្ស៊ី។ ….ហើយសេចក្តីថ្លែងការណ៍នេះ ពង្វាងស្ថានការណ៍ដោយបែរទៅជាការអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតជាដើម ដែលវាមិនឆ្លើយតបទៅនិងបញ្ហាជាក់ស្តែងដែលកំពុងតែក្តៅគគុក និងជាប្រធានបទមួយធ្វើឱ្យមានការខឹងសម្បារពីសំណាល់ប្រជារាស្ត្រខ្មែរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល យោធាគ្រប់ជាន់ថ្នាក់ ដែលបានប្រតិកម្មចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គល សម រង្ស៊ី ដែលជាមេដឹកនាំនយោបាយរត់ចោលស្រុក និងក្បត់ជាតិនោះ ឡើយ។
វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅពេលណា?
(សេអ៊ូល)៖ ការបាញ់សាកល្បងមីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បាននិងកំពុងជំរុញឱ្យក្រុមអ្នកវិភាគ រួមទាំងមន្ត្រីយោធាអាមេរិក មួយចំនួន ជឿជាក់ថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឆាប់ៗនេះ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។ កូរ៉េខាងជើងក៏ត្រូវបានគេ រាយការណ៍ថាបានបញ្ចប់ការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ការធ្វើតេស្ដថ្មីមួយរួចរាល់ហើយ នៅឯរូងក្រោមដីនៃកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងហ្គេរី (Punggye-ri) ដែលត្រូវបានបិទកាលពីឆ្នាំ២០១៨។ ពោលគឺ «បញ្ហាពេលវេលា» ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក គីម ជុងអ៊ុន។
ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តសព្វាវុធ ក្នុងសន្ទុះមិនដែលឃើញពីមុនមកនោះទេ ដោយក្នុងកំលុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង បានបាញ់តេស្តមីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយខ្លី និងមធ្យមច្រើនជាង២០គ្រាប់ ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលផ្លោង១គ្រាប់ ហោះរំលងជប៉ុនថែមទៀតផង។
*តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅពេលណា?
ចំពោះសំណួរនេះគ្មាននរណាម្នាក់ដឹងឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ កូរ៉េខាងជើងជាប្រទេសមួយឯកោ និងលាក់ការបំផុតមួយនៅលើ ពិភពលោក ដោយសូម្បីតែចារកម្មបរទេសដូចជាសហរដ្ឋអាមេរិក ក៏ធ្លាប់មានការភ្ញាក់ផ្អើលដោយមិនបានដឹងមុនឡើយ នៅពេលកូរ៉េខាងជើងធ្វើតេស្ដបំផ្ទុះគ្រាប់ បែកអ៉ីដ្រូសែន និងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) មានសមត្ថភាពវាយប្រហារដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។
«ជាធម្មតា យើងជឿជាក់ថាយើងអាចនឹងចាប់សញ្ញាសកម្មភាពរបស់ពួកគេតាមរយៈផ្កាយរណប ឬបច្ចេកស៊ើបការណ៍សម្ងាត់ដទៃទៀត ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាគឺ ស្ថិតនៅក្នុងចិត្តលោក គីម ជុងអ៊ុន ហើយយើងមិនបានដឹងឱ្យប្រាដកឡើយ»។ នេះបើតាមមន្ត្រីយោធាលោកខាងលិច ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីដើមខែតុលាកន្លងទៅនេះ។ រូបភាពផ្កាយរណបជាច្រើនបានបង្ហាញថាក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានស្ដារឡើងវិញនូវ រូងក្រោមដីមួយចំនួនដែលទីក្រុងព្យុងយ៉ាងបានបិទកាលពីឆ្នាំ២០១៨ ក្រោយជំនួបកំពូលក្នុងប្រទេសសិង្ហបុរី រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែ ក្រោយបរាជ័យក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម លោក គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីល ឡើងវិញ និងធ្វើសកម្មភាពគួរឱ្យសង្ស័យជាច្រើននៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ហើយកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ក៏បានជាប់គាំងចាប់តាំងពី ឆ្នាំ២០១៩មកដែរ។
យ៉ាងណាក៏ដោយ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានទទួលការជូនដំណឹងពីចារកម្មកូរ៉េខាងត្បូងកាលពីខែកញ្ញាថា វាអាចទៅរួចថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ នៅចន្លោះពេលរវាងសមាជបក្សកុម្មុយនិស្ដចិននៅថ្ងៃទី១៦ ខែតុលានេះ និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ មិនតែប៉ុណ្ណោះ កត្តាដែលអាចជំរុញលោក គីម ជុងអ៊ុន ក្នុងនោះរួមមានស្ថានភាពកូវីដ១៩នៅក្នុងប្រទេស សង្រ្គាមនៅ អ៊ុយក្រែន, បុណ្យជាតិឈប់សម្រាកនៅក្នុងតំបន់ និងការឱ្យសញ្ញាពីចិន និងរុស្ស៉ី។
*តើកូរ៉េខាងជើងនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរប្រភេទណា?
ក្រុមអ្នកជំនាញជឿថាប្រសិនបើកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញពិតមែន នោះវាអាចជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ដែលអាចបំពាក់លើមីស៊ីល រយៈចម្ងាយខ្លីដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដជាច្រើនលើកកាលពីពេលថ្មីៗនេះ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងដែរថាមីស៊ីលដែលត្រូវបាន ធ្វើតេស្ដកន្លងមក គឺជាផ្នែកមួយនៃការអភិវឌ្ឍ «អាវុធនុយក្លេអ៊ែរតាក់ទិក»។ ក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ក៏អាចនឹងអនុញ្ញាតឱ្យកូរ៉េខាងជើងយកវាទៅបំពាក់ ក្បាលគ្រាប់ជាច្រើននៅលើមីស៊ីលបាលិកស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ផងដែរ ដែលនេះមានន័យថាមីស៊ីលតែមួយគ្រាប់មានសមត្ថភាពវាយប្រហារលើ គោលដៅច្រើន និងមិនងាយឱ្យប្រព័ន្ធខែលការពារមីស៊ីលស្ទាក់ចាប់បាន។
លោក គីម ជុងអ៊ុន កំពុងស្វែងរកភាពស្របច្បាប់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយចង់ប្រើប្រាស់ការធ្វើតេស្ដអាវុធរបស់ខ្លួនដើម្បីបង្កើន សម្ពាធលើសហរដ្ឋអាមេរិកដែលកំពុងរវល់ដកខ្លួនសឹងមិនរួចនឹងការជួយអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយរុស្ស៉ី និងវិបត្តិជាច្រើនទៀតដូចជា សំណុំរឿងតៃវ៉ាន់។
*តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបញ្ចេញប្រតិកម្មបែបណា?
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ការព្រមាននេះធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែតុលានេះចំពោះមុខការបន្តបង្ហាញក្តីបារម្ភ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ដែលថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងគិតចាប់តាំងពី ឆ្នាំ២០១៧មក។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងតូក្យូ ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី (Takeo Mori) និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ចូ យុនដុង (Cho Hyun-dong) បាននិយាយដូច្នេះថា «យើងបានឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៧»។
នាឱកាសនោះ លោកស្រី សឺមែន បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុតទៅទៀត និងបានអះអាងផងដែរថាសហរដ្ឋអាមេរិកប្រើប្រាស់សមត្ថភាព យោធាគ្រប់បែបយ៉ាង ដើម្បីការពារជប៉ុននិងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ បើតាមការសង្កត់ធ្ងន់របស់លោកស្រី កូរ៉េខាងជើងត្រូវតែយល់ឱ្យច្បាស់ អំពីការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកចំពោះ សន្តិសុខនៃប្រទេសជប៉ុននិងកូរ៉េខាងត្បូង។
ក៏ប៉ុន្តែ គេពិបាកនឹងរំពឹងណាស់ថាអាចនឹងមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ឬការចំណាត់ការក្ដៅណាមួយប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងករណីដែល ទីក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអ៊ែរមែននោះ។ ជាឧទាហរណ៍ ការចង់អនុម័តដំណោះស្រាយដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយប្រឆាំងនឹងកូរ៉េខាងជើង ច្បាស់ ជានឹងត្រូវបានចិន និងរុស្ស៉ីដែលជាខ្នងបង្អែកដ៏ធំរបស់លោក គីម ជុងអ៊ុន បោះឆ្នោតវេតូជំទាស់។ ជាការពិតណាស់ ទាំងរុស្ស៉ី និងចិន ក៏មិនសូវជាសប្បាយ ចំពោះការធ្វើតេស្ដអាវុធនុយក្លេអ៊ែពីសំណាក់កូរ៉េខាងជើង ប៉ុន្មានដែរ។ ប៉ុន្តែ ដោយសារតែធម្មជាតិនៃទំនាក់ទំនងមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក ទាំងរុស្ស៉ី និងចិន ពួកគេនឹងមិនគាំទ្រការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ ឬធ្ងន់ធ្ងរប្រឆាំងទីក្រុងព្យុងយ៉ាងទេ។ មួយវិញទៀត ការបង្ករឿងរបស់កូរ៉េខាងជើងក៏អាចជា ប្រយោជន៍សម្រាប់ប៉េកាំង និងមូស្គូដែរ នោះគឺការបង្វែរចំណាប់អារម្មរបស់សហរដ្ឋអាមេរិក ចេញពីសំណុំរឿងតៃវ៉ាន់ និងសង្រ្គាមនៅអ៊ុយក្រែន៕ by: Fresh News