Tuesday, May 31, 2022

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តសិទ្ធិធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កម្ពុជាបាននឹងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងគេ សម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ។

នៅក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្របជាមួយគ្នានោះដែរ រដ្ឋាភិបាលបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រ តាមរយៈការផ្តល់សាច់ប្រាក់ មានអាត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ ឱ្យបានអធិកអធ័មយ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននឹងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលយើងអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លងមករដ្ឋាភិបាលបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួន ក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមានរួមមាន៖ លើកកម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ជំរុញការចូលរួមរបស់កុមារ នៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍ តាមរយៈការសិក្សាបែបឌីជីថល (E learning)។ ហើយថ្មីៗ កម្ពុជាក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិ សម្រាប់ការអនុវត្តសិទ្ធិ របស់ក្មួយៗ ចៅៗផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័នដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារ ប្រកបដោយការទទួលខុសត្រូវ និងរឹងមាំបំផុតក្នុងការជំរុញឱ្យមាននវានុវត្តន៍ និងនិរន្តរភាពរបស់កម្មវិធី ដោយបង្កើតនូវច្បាប់ បទដ្ឋានគតិយុត្តិ ផែនការប្រត្តិបត្តិ និងជំរុញការអនុត្តយន្តការដែលមានស្រាប់សម្រាប់ក្មួយៗ ចៅៗ សំដៅឧត្តមប្រយោជន៍របស់ក្មួយៗ ចៅៗគ្រប់ៗគ្នា។ បន្ថែមលើនេះទៀតផងដែរ រដ្ឋាភិបាលក៏បានបំពេញការងារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះ និងងាយរងគ្រោះព្រមទាំងកុមារនៅតាមសហគមន៍ផងដែរ។

«រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ ត្រូវទទួលស្គាល់ថាកុមារ គឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឈសង្គមកម្ពុជាសូមកុំអស់សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងតែត្រូវការមនុស្សដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្ទរកថា៕









វីដេអូ៖ «កូវីដ ១៩ មិនបានបង្អាក់ដំណើរការ អភិវឌ្ឍប្រទេសកម្ពុជាទេ»

 

វីដេអូ៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ»

 

លិខិតប្រជាជន៖ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធទី៦ ខែកុម្ភៈឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុករបស់លោកបានថ្លែងថា លោកបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធានារក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្របដណ្តប់ទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យសង្គ្រាមវិនាសកម្មបំផ្លាញប្រទេស បំផ្លាញសេចក្តីសុខប្រជាពលរដ្ឋសារជាថ្មីបានឡើយ។ ទម្រាំយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិភាពសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់ច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលិកម្មខ្លាំងណាស់ ហើយក៏គ្មាននរណារប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ នៅលើហ្វេសប៊ុកដដែលបានបញ្ជាក់ច្បាស់ថា ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់រីកចម្រើន ប្រជាពលរដ្ឋកាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិផងដែរ។ នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសាជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។

 ជាការពិត សម្រាប់ប្រជាជនកម្ពុជា សន្តិភាពបានកើតមានពិតប្រាកដក្នុងទូទាំងប្រទេសកម្ពុជាចាប់តាំងពីចុងឆ្នាំ១៩៩៨ គឺជាសន្តិភាពដែលខ្មែរគ្រប់រូបបានស្គាល់ ក្រេបជញ្ជក់ និងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍជីវិតក្រុមគ្រួសារ និងសង្គមជាតិ ជាស្នាដៃដ៏អស្ចារ្យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សន្តិភាពបច្ចុប្បន្នបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ខ្មែរ។ សុខសន្តិភាពបាននិងកំពុង ផ្តល់សេចក្តីសុខសាន្ត និងសុភមង្គលដល់ខ្មែរ ដែលផ្ទុយពីក្រុមប្រឆាំងមួយចំនួនបានបង្កើតបដិវត្តពណ៌តាមបញ្ជារបស់បរទេសដែលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោតតាមប្រជាធិបតេយ្យ។

ក៏ប៉ុន្តែផែនការបដិវត្តពណ៌របស់ក្រុមប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងពីឆន្ទៈរបស់ប្រជាជន ត្រូវបានរាំងស្កាត់ទាន់ពេលេវលា តាមរយៈវិធានការច្បាប់ដ៏ម៊ឹងម៉ាត់ និងប្រសិទ្ធភាព។ ការរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់បុគ្គលថ្នាក់ដឹកនាំនៃគណបក្សនេះ ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចដាលដីកាស្ថាពររបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើឱ្យអង្កការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវរំលាយ ហើយបានបញ្ឈប់មិនឱ្យរាលដាលទៅមុខទៀតនូវចលនាជ្រុលនិយមដ៏គ្រោះថ្នាក់នេះ។

ក្នុងន័យនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានការពារយ៉ាងរឹងមាំរាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យ និង អធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាជន និងធានាឱ្យកម្ពុជាបន្តដើរតៅមុខយ៉ាងរឹងមាំ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ហើយសន្តិភាព ស្ថិរភាព និងសមិទ្ធផលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកជីវិតមកធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន និងយុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ ដើម្បីជាតិមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ ដូច្នេះ ប្រជាជនកម្ពុជារាល់រូបត្រូវនាំគ្នាខិតខំការពារថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះជាត្រូវបង់ដោយតម្លៃណាក្តី។

អាស្រ័យដោយ មានទស្សនៈវិស័យច្បាស់លាស់ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាមានមោទនភាពបំផុត ក្នុងការដឹកនាំប្រទេស ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាង៧% ក្នុងមួយឆ្នាំ ហើយមូលដ្ឋាននៃកំណើនត្រូវបានរីកដុះដាលកាន់តែច្រើនវិស័យដោយបានធ្វើឱ្យទំហំសេដ្ឋកិច្ចកាន់តែធំឡើងជាលំដាប់។ ជាក់ស្តែងទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពីប្រមាណជាង១៥២៣៧ លានដុល្លារអាមេរិកនៅឆ្នាំ២០១៣ ដល់ប្រមាណជាង២៤៦០៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ៗធៀបនឹងទំហំសេដ្ឋកិច្ចទាំងមូល ក៏បានកើនឡើងពី១០៤២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១៥៦៣ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។ អត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់៤០៥០រៀលក្នុងមួយដូល្លារអាមេរិក ខណៈដែលអត្រាអតិផលរណាជាមធ្យមស្ថិតក្នុងរង្វង់៣% ដែលជាកម្រិតមួយទៀប និងអាចគ្រប់គ្រងបាន។

នេះជាមោទនភាពមួយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈប្រទេសចំណូលមធ្យមកំរិតទាប ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយនៅត្រឹមក្រោម១០% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជន ស្ថិតក្នុងកំរិតទាប តាមរយៈការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនគ្រប់ស្រទាប់ ពិសេស តាមរយៈការអនុវត្តគោលនយោបាយដំឡើងបៀវត្សមន្រ្តីរាជការ និងប្រាក់ឈ្នួលអប្បរមា ព្រមទាំងការគិតគូរពីសុខមាលភាពរបស់កម្មករ តាមរយៈការតភ្ជាប់បណ្តាញអគ្គីសនី និងបណ្តាញទឹកស្អាត ដោយតម្លៃទាប ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម និងមូលនិធិសមធម៌ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈ និងការជំរុញការដោះស្រាយវិវាទការងារ។

ជារួម ការសម្រេចបាននូវសមិទ្ធិកម្មសេដ្ឋកិច្ចដ៏ល្អខាងលើនេះ បានធ្វើឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជន ដែលត្រូវបានវាស់វែងឃើញថា ប្រមាណ៥៣.៥% ក្នុងឆ្នាំ២០០៤ បានធ្លាក់ចុះមកក្រោម១០% នៅក្នុងឆ្នាំ២០១៨។ ហើយភាពក្រីក្ររបស់ប្រជាជននឹងបន្តធ្លាក់ចុះនាពេលខាងមុខទៀត នៅពេលដែលកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលោក ហ៊ុន សែន ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ក្នុងយុគ្គសម័យមាស មានសន្តិភាព មានការអភិវឌ្ឍ។

ដោយ៖ ឡុង បូរិតា





វីដេអូ៖ «រាជរដ្ឋាភិបាលចំណាយថវិកាជាង ៤០លានដុល្លារ ក្នុង១ខែ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនិងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍»

អ្នកវិភាគ៖ សម រង្ស៊ី វ័ណ្ឌកនឹងសំណុំរឿងក្បត់ជាតិ

 (ភ្នំពេញ)៖ រាសីរបស់ទណ្ឌិត សម រង្ស៊ី កាន់តែលិចខ្លាំងហៅមិនឮហើយនៅពេលនេះព្រោះ អស់លក្ខណ៍! អស់ពីរឿងមួយចេញរឿងមួយទៀតដោយសារតែទង្វើក្បត់ជាតិរបស់ ខ្លួន! សម រង្ស៊ី ជាប់ជនក្បត់ជាតិពីការញុះញង់បំបែកបំបាក់ជាតិ បំផ្លាញសន្តិភាពនិង ស្ថិរភាពនយោបាយតាមរយៈផែនការធ្វើបដិវត្តន៍ពណ៌មកការបង្កើតព័ត៌មានមិនពិត ញុះញង់បង្កចលាចលសង្គម និងចុងក្រោយនេះកំពុងវ៉ល់នឹងអំពើក្បត់ជាតិខ្លួនកាត់ខេត្តខ្មែរ ៤ ឱ្យក្រុមវៀតណាមសេរី! ចុងក្រោយនេះបានលេចធ្លាយនូវរូបភាពដែល សម រង្ស៊ី បានលួចទៅចរចាជាសម្ងាត់ជាមួយថ្នាក់ដឹកនាំវៀតណាម នៅអំឡុងឆ្នាំ ២០០៣ និង ២០០៤ ក្នុងនាមពេលនោះសម រង្ស៊ី គឺជាប្រធានគណបក្សប្រឆាំងនៅ កម្ពុជា។ កិច្ចសន្យាជាច្រើនបានធ្វើជាសម្ងាត់ជាមួយវៀតណាមសេរីផង និងជាមួយអតីតថ្នាក់ដឹកនាំវៀតណាមផង។ តើទង្វើនេះជាទង្វើអ្វីឱ្យពិតប្រាកដ?

១៖ ម៉ុងតាញ៉ា គឺជនជាតិដើមភាគតិចដែលបានរស់នៅនៅតំបន់ភ្នំភាគឥសានកម្ពុជា និងខេត្តពីររបស់វៀតណាម មុន ពេលខ្មែរ និងវៀតណាមកាន់កាប់លើដែនដីទាំងនេះ។ ប៉ុន្តែបច្ចុប្បន្នស្ថិតក្រោមការដឹកនាំគ្រប់គ្រងរបស់ប្រទេសវៀតណាម គឺជាជនជាដើមភាគតិចរបស់វៀតណាម និងមានសញ្ជាតិវៀតណាម ហើយបើរស់នៅក្នុងប្រទេសកម្ពុជា គឺជាជនជាតិដើមភាគតិចរបស់កម្ពុជា និងមានសញ្ជាតិខ្មែរ។ ជនជាតិដើមភាគតិចទាំងអស់ដែលរស់នៅលើដីខ្មែរ គឺត្រូវបានទទួលស្គាល់ថា ជាខ្មែរដែលមានសិទ្ធិដូចខ្មែរដទៃទៀត មិនត្រឹមតែមានសញ្ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិនយោបាយពេញលេញ ព្រមទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតតាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទៀតផង។ ដូច្នេះបើពួកគេជាជនជាតិខ្មែរដូច រង្ស៊ី និងក្រុមគូកនបានអះអាង គេមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងឡើយ និងមិនត្រូវដាក់ទងជាតិរៀងៗខ្លួន នោះទេ។

២៖ តើជនជាតិម៉ុងតាញ៉ាដែលបានចុះកិច្ចព្រមព្រៀងជាមួយ សម រង្ស៊ី ជានរណា? ជនជាតិដើមម៉ុងតាញ៉ាវៀតណាម ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ សម រង្សី ហើយសម រង្ស៊ី សន្យាកាត់ដី ៤ ខេត្តឱ្យពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនោះ គឺជាចលនានយោបាយមួយ ដែលជាចលនាវៀតណាមសេរី និងទាមទារផ្តាច់ទឹកដី បង្កើតជាតំបន់ស្វ័យតខ្លួនឯង ដោយទាមទារយកខេត្តបួនរបស់ខ្មែរនៅភាគឥសាន (ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ) និងខេត្តពីររបស់វៀតណាម មកគ្រប់គ្រង់ ដើម្បីបង្កើតជារដ្ឋឯករាជ្យមួយ។ ដូច្នេះ កិច្ចព្រមព្រៀងនយោបាយដែល សម រង្ស៊ី បានចុះហត្ថលេខាជាមួយម៉ុងតាញ៉ាវៀតណាម គឺបំផ្លាញអធិបតេយ្យកម្ពុជា ហើយវាជាអំពើក្បត់មាតុភូមិឯងយ៉ាងពិតប្រាកដ។ ការណ៍ដែលសម រង្ស៊ី ចុះកិច្ចព្រមព្រៀង ដោយទទួលស្គាល់ថា ម៉ុងតាញ៉ាវៀតណាម ទាំងអស់ គឺជាខ្មែរ ក្រោយគាត់បានឡើងកាន់អំណាច គឺជាអំពើខុសច្បាប់ ប្រឆាំងនឹងឆន្ទៈប្រជាជនកម្ពុជា។
ជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ត្រូវបានចាត់ទុកជាពលរដ្ឋខ្មែរពេញសិទ្ធិ និងពេញច្បាប់ ដូចពលដ្ឋខ្មែរដទៃទៀត រួចអស់ហើយ ដោយពុំមានភាពចាំបាច់ខាងផ្លូវច្បាប់ ឬខាងនយោបាយ ក្នុងការចុះកិច្ចព្រមព្រៀងដើម្បីទទួលស្គាល់នោះឡើយ!

៣៖ កុក ស ដែលសម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់ខេត្តខ្មែរឱ្យជាជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជាខ្មែរទេ គឺជាជនបន្លំធ្វើខ្មែរ ហើយសម រង្ស៊ី និងជនក្បត់ជាតិមយយក្តាប់តូច បានជួយបិទបាំងនូវទង្វើក្បត់ជាតិនេះ! បើ កុក ស ជាជនជាតិខ្មែរ ហេតុអ្វីមិនចេះនិយាយភាសាខ្មែរ? សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាអំពើក្បត់ជាតិត្រូវប្រឈមនឹងមុខច្បាប់ជាដាច់ខាត សម រង្ស៊ី ព្រោះចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជនជាតិខ្មែរគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! សម រង្ស៊ី ពិតជាក្បត់ជាតិជាន់ក្បត់ជាតិហើយ! ក្នុងការចរចាសម្ងាត់ជាមួយវៀតណាម សម រង្ស៊ី បានសន្យាបញ្ហាមួយចំនួនរឿងព្រំដែន ខ្មែរ និងជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ព្យាយាមដោះស្រាយជម្លោះដែលមាន នៅពេលនោះដោយសន្តិវិធី និងការពារផលប្រយោជន៍ជាតិ។ ស្បែកមុខពិតប្រាកដនៃជនដែលតែងតែដើរលាបពណ៌មេដឹកនាំកម្ពុជាថា ជាអាយ៉ងវៀតណាម កាត់ដីឱ្យវៀតណាម ទីបំផុតត្រូវបានបកអាក្រាត ហើយតាមពិតគឺអ្នកដែលតែងតែចោទលាបពណ៌គេសោះដែលជាជនក្បត់ជាតិ កាត់ដីឱ្យជនបរទេស និងចរចាសម្ងាត់បំផ្លាញផលប្រយោជន៍ខ្មែរ។

៤៖ ចុះបើដឹងថា កុក ស មិនមែនជាខ្មែរ ហេតុអ្វីបានជា សម រង្ស៊ី និងគូកនរីករាយសប្បាយចិត្តក្នុងការចាប់ដៃសហការ? គោលបំណងធំរបស់ សម រង្ស៊ី គឺប្រមូលកម្លាំងគាំទ្រទាំង នយោបាយ និងហិរញ្ញវត្ថុ ចំណែក កុក ស គឺស្វែងរកការគាំទ្រដើម្បីបានស្វ័យភាពទឹកដី ងាយស្រួលគ្រប់គ្រង និងបំបែកខ្លួនជារដ្ឋឯករាជ្យមួយ។ នៅពេលចុះហត្ថលេខាអ្នកដែលមាន មោទនភាពជាងគេគឺ កុក ស ព្រោះតាមរយៈកិច្ច ព្រមព្រៀងនេះ គោលដៅរបស់ខ្លួនដែលទាមទារបំបែកទឹកដី និងមានស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងក្នុងនាម ជារដ្ឋមួយនឹងអាចទទួល បានជោគជ័យ ពេលដែលគណបក្សគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។

អ្វីដែលសម រង្ស៊ី រំពឹងពី កុក ស? គឺការគាំទ្រផ្នែកនយោបាយពីបរទេសនៅពីក្រោយ វៀតណាមសេរី កុក ស នេះហើយ និងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមចលនាវៀតណាមសេរី កុក ស ដើម្បីមក ធ្វើនយោបាយបង្កព្យុះភ្លៀងនៅកម្ពុជា ស្វែងរកការឡើងកាន់កាប់អំណាច តាមផ្លូវ កាត់មិនប្រជាធិបតេយ្យ។ សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយកុក ស នៅអំឡុងខែ មីនា ឆ្នាំ២០១៣ ប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ ភស្តុតាងជាក់ស្តែង ក្រោយដឹងថាខ្លួនចាញ់ការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានញុះញង់ បញ្ឆេះកំហឹងប្រជាជនធ្វើបាតុកម្មដោយចេញពីការតវ៉ានឹង លទ្ធផលបោះឆ្នោតមកជាការអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរបប និងមេដឹកនាំរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។

តើក្រុមបក្សសង្គ្រោះជាតិបានថវិកាមកពីណាដើម្បីទ្រទ្រង់ចំណាយលើផែនការបដិវត្តន៍ពណ៌នេះ? ច្បាស់ណាស់បក្សសង្គ្រោះជាតិពេលនោះត្រូវបានគេដឹងថា បានចរាចរណ៍ថវិកាជាច្រើនលានដុល្លារដើម្បីចំណាយលើការធ្វើបាតុកម្ម ហើយមួយផ្នែកធំ ពិតជាសង្ស័យថា បានមកពីក្រុម កុក ស វៀតណាមសេរី ជអ្នកជួយដើម្បីសម្រេចគោលបំណងដូច មានចែងនៅក្នុងកិច្ចព្រមព្រៀង។

សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាមគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងសន្យាកាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀត ។ សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើងកាន់អំណាច បានចរចាសម្ងាត់ជាមួយវៀតណាម។ តើនេះជាទង្វើអ្វី? ជនក្បត់ជាតិ សម រង្ស៊ី មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ!!

ដោយ៖ ចៅចាក់ស្មុក
កំចាយមារ, ខេត្តព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨