Tuesday, May 31, 2022

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តសិទ្ធិធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កម្ពុជាបាននឹងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងគេ សម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ។

នៅក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្របជាមួយគ្នានោះដែរ រដ្ឋាភិបាលបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រ តាមរយៈការផ្តល់សាច់ប្រាក់ មានអាត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ ឱ្យបានអធិកអធ័មយ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននឹងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលយើងអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លងមករដ្ឋាភិបាលបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួន ក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមានរួមមាន៖ លើកកម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ជំរុញការចូលរួមរបស់កុមារ នៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍ តាមរយៈការសិក្សាបែបឌីជីថល (E learning)។ ហើយថ្មីៗ កម្ពុជាក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិ សម្រាប់ការអនុវត្តសិទ្ធិ របស់ក្មួយៗ ចៅៗផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័នដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារ ប្រកបដោយការទទួលខុសត្រូវ និងរឹងមាំបំផុតក្នុងការជំរុញឱ្យមាននវានុវត្តន៍ និងនិរន្តរភាពរបស់កម្មវិធី ដោយបង្កើតនូវច្បាប់ បទដ្ឋានគតិយុត្តិ ផែនការប្រត្តិបត្តិ និងជំរុញការអនុត្តយន្តការដែលមានស្រាប់សម្រាប់ក្មួយៗ ចៅៗ សំដៅឧត្តមប្រយោជន៍របស់ក្មួយៗ ចៅៗគ្រប់ៗគ្នា។ បន្ថែមលើនេះទៀតផងដែរ រដ្ឋាភិបាលក៏បានបំពេញការងារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះ និងងាយរងគ្រោះព្រមទាំងកុមារនៅតាមសហគមន៍ផងដែរ។

«រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ ត្រូវទទួលស្គាល់ថាកុមារ គឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឈសង្គមកម្ពុជាសូមកុំអស់សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងតែត្រូវការមនុស្សដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្ទរកថា៕









No comments:

Post a Comment