Tuesday, February 14, 2023

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណសម្តេចព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារអបអរសាទរ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «ផូសៃឡានសាង»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រាបបង្គំទូលថ្វាយថ្លែងអំណរ​ព្រះរាជគុណ​ប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ​ដោយបានទទួល​ព្រះរាជ​សារ​លិខិត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ប្រោសព្រះរាជទាននូវ​ការអបអរសាទរ ព្រមទាំង​ប្រសិទ្ធពរបវរមហាប្រសើរជូន​សម្តេច ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់​បំផុត «ផូសៃឡានសាង» ពីលោក ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ។



សម្តេចតេជោ បានក្រាបបង្គំទូលថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាងឱឡារិកថា ជោគជ័យជាជាវិជ្ជមានដែលសម្តេចទទួលនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីចំណង​មិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឡាវ ហើយក៏ជាមោទនភាពរបស់​ប្រជាជន​កម្ពុជា​គ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេសតេជៈសម្ភារឫទ្ធាបារមី នៃសម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះករុណ អង្គព្រះមហាក្សត្រ​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រ​ជាអតិបរមា​ចំពោះកិច្ច​ខិត​ខំបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការ​ពរមហាប្រសើរ សូមសម្តេចព្រះមហាក្សត្រី ស្តេចទ្រង់ព្រះប្រកបដោយ​ព្រះពុទ្ធពរទាំងបួនប្រការគឺ ព្រះជន្មាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។

គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕



សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះព្រះរាជសារអបអរសាទរ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «ផូសៃឡានសាង»


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រាបបង្គំទូលថ្វាយថ្លែងអំណរ​ព្រះរាជគុណ​ប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ​ដោយបានទទួល​ព្រះរាជ​សារ​លិខិតព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំង​ប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេច ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់​បំផុត «ផូសៃឡានសាង» ពីលោក ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ។




សម្តេចតេជោ បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងយ៉ាងឱឡារិកថា ជោគជ័យជាជាវិជ្ជមានដែលសម្តេចទទួលនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឡាវ ហើយក៏ជាមោទនភាពរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេសតេជៈសម្ភារឫទ្ធាបារមី នៃព្រះករុណាជាអម្ចាស់ ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រជាអតិបរមាចំពោះកិច្ចខិតខំបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការ​ពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះប្រកបដោយ​ព្រះពុទ្ធពរទាំងបួនប្រការគឺ ព្រះជន្មាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។

គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕




សម្តេចព្រះវររាជមាតា សព្វព្រះរាជហឫទ័យ អបអរសាទរ និងជូនពរសម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង»


(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សម្តែងព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «ផូសៃឡានសាង» ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត។


ជាមួយការបង្ហាញទឹកព្រះទ័យអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរដ៏កក់ក្តៅចំពោះសម្តេចតេជោ ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើ ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។

សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគ​ជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។

គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕











វិភាគអន្តរជាតិ៖ ហេតុអ្វី រុស្ស៉ីប្ដូរផ្ដាច់ខ្លាំងម្ល៉េះដើម្បីវាយយកទីក្រុង Bakhmut?

(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ក្រុមអ្នកវិភាគស្ថានការណ៍សង្រ្គាម បាន និងកំពុងសម្លឹងមើលមិនដាក់ភ្នែកលើសមរភូមិក្នុងទីក្រុងបាកមូត (Bakhmut)។ បាកមូតគឺជាទីក្រុងដ៏តូចមួយនៅក្នុងតំបន់ដូណេត ហើយក៏ជាសមរភូមិប្រយុទ្ធយ៉ាង បង្ហូរឈាមជាងគេបំផុតនៅក្នុងសង្រ្គាមសព្វថ្ងៃផងដែរ។ ការវាយប្រយុទ្ធគ្នាក្នុងទីក្រុងបាកមូត អស់រយៈពេលរាប់ខែមកនេះ បានធ្វើឱ្យទាហានរុស្ស៉ី និងអ៊ុយក្រែនរងរបួស និងស្លាប់រាប់រយនាក់ នៅក្នុងមួយថ្ងៃៗ។

សង្រ្គាមនៅបាកមូត បានធ្វើឱ្យរុស្ស៉ី និងអ៊ុយក្រែនបាត់បង់ទាំងកងទ័ព និងសព្វាវុធយ៉ាងសម្បើម ក៏ប៉ុន្តែគួរឱ្យកត់សម្គាល់ នោះគឺរុស្ស៉ីកាន់តែបង្កើនចំនួនកងទ័ព និងបញ្ជូន អាវុធបន្ថែម ក្នុងគោលបំណងធ្វើយ៉ាងណាត្រូវតែវាយកាន់កាប់ទីក្រុងមួយនេះឱ្យបានដាច់។ នៅមុនសង្រ្គាមផ្ទុះឡើង បាកមូតជាទីក្រុងតូចមួយនៅក្នុងតំបន់ដូណេត សម្បូរ ទៅដោយរ៉ែអំបិល លោហៈ និងរោងចក្រផលិតស្រា ព្រមទាំងមានប្រជាជនរស់នៅជាង ៧០,០០០នាក់។ ឈ្មោះរបស់ទីក្រុងបាកមូត គឺយកតាមឈ្មោះទន្លេ​ Bakhmutovka តែឈ្មោះនេះត្រូវបានប្ដូរទៅជា Artyomovsk ក្នុងសម័យសូវៀត ហើយរហូតដល់ឆ្នាំ២០១៦ ទើបវាត្រូវបានប្ដូរទៅជាឈ្មោះដើមវិញ។ សម្រាប់ប្រជាជន ទីក្រុងបាកមូត សង្រ្គាមមិនមែនទើបតែផ្ទុះឡើងកាលពីឆ្នាំ២០២២នោះទេ តែសង្រ្គាមបានផ្ទុះឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលផ្ទុះការវាយប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី នៅក្នុងតំបន់ដុនបាស់។ មកទល់នឹងសព្វថ្ងៃ ប្រជាជនធ្លាប់រស់នៅទីក្រុងបាកមូត មុនសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើង មានត្រឹមតែ ១ភាគរយប៉ុណ្ណោះ កំពុងរស់នៅក្នុងទីក្រុងនេះ ដោយគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់។

* ហេតុអ្វី រុស្ស៉ីប្ដូរផ្ដាច់ត្រូវតែវាយយកបាកមូតឱ្យបាន?

ជាលក្ខណៈយុទ្ធសាស្ត្រ ប្រសិនរុស្ស៉ីចង់វាយគ្រប់គ្រងតំបន់ដូណេត និងលូហាន នៅនិទាឃរដូវខាងមុខ នោះការវាយកាន់កាប់ទីក្រុងបាកមូតអាចនឹងក្លាយជា ការបោះជំហានមួយដ៏សំខាន់ សម្រាប់យុទ្ធសាស្ត្រសង្រ្គាមនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ទីក្រុងបាកមូត ប្រៀបបានដូចជាមជ្ឈមណ្ឌលដឹកជញ្ជូន ដោយ មានផ្លូវផ្គត់ផ្គង់ជាច្រើន​ ហើយរុស្ស៉ីក៏អាចប្រើវាជាជាមូលដ្ឋានមួយដើម្បីបើកការវាយលុកទ្រង់ទ្រាយធំលើទីក្រុងដទៃទៀតដែលអ៊ុយក្រែនកំពុងគ្រប់គ្រងផងដែរ តួយ៉ាង ដូចជាទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងទីក្រុង ក្រាម៉ាទ័សស្កិ៍ (Kramatorsk) ក៏ដូចជាការផ្ដាច់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែនក្នុងតំបន់ដូណេត។

បើតាមលោក Michael Kofman ជានាយកផ្នែកសិក្សាពីរុស្ស៉ីមកពីមជ្ឈមណ្ឌល Center for Naval Analyses មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទីក្រុងបាកមូត គឺជាច្រកចូលទៅកាន់ទីក្រុង ស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងទីក្រុង ក្រាម៉ាទ័សស្កិ៍ (Kramatorsk) ដែលទីក្រុងទាំង២នេះស្ថិតនៅក្រោមការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី កាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀត ជ័យជម្នះនៅបាកមូត ជារឿងចាំបាច់បំផុតមួយ ពីព្រោះថាវានឹងក្លាយជាការជំរុញលើកទឹកចិត្តដល់ទាហានរុស្ស៉ី ក្រោយមិនទាន់អាច សម្រេចបានជោគជ័យអ្វីជាដុំកំភួនសោះក្នុងរយៈពេលជាច្រើនខែមកនេះ។ លើសនេះពីទៅទៀត និយាយពីមុខមាត់ខាងយោធាវិញសម្រាប់វិមានក្រឹមឡាំង និងលោក ពូទីន ព្រមទាំងថ្នាក់ដឹកនាំយោធារុស្ស៉ីកាន់តែសំខាន់ជាងនេះទៅទៀត ដ្បិតថារុស្ស៉ីបានធ្វើសង្រ្គាមនៅបាកមូតអស់រាប់ខែមកហើយ និងចំណាយក៏ច្រើនដែរ ដូច្នេះបើ មិនអាចទទួលបានជ័យជម្នះយកទៅអួតប្រាប់ប្រជាជនរុស្ស៉ី និងឥស្សរជនជាន់ខ្ពស់របស់ខ្លួនទេ តើយកមុខទៅទុកឯណា?

* តើអង្គភាពរុស្ស៉ីណាដែលកំពុងដឹកនាំសង្រ្គាមនៅបាកមូត?

សង្រ្គាមនៅក្នុងទីក្រុងបាកមូត ធ្វើឡើងក្រោមការដឹកនាំរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner និងមានការគាំទ្រពីកងអង្គភាពកំាភ្លើងធំ និងកងទ័ពអាកាសរុស្ស៉ី។ បើតាមក្រសួងការពារជាតិអង់គ្លេស ទាហានសីឈ្នួលរបស់ក្រុមហ៊ុន Wagner មានប្រហែលជា ៥០,០០០នាក់ត្រូវបានដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយសមាជិកទាហានទាំងនេះភាគច្រើនត្រូវបានជ្រើសរើសនៅក្នុងចំណោមអ្នកទោសមានទោសឧក្រិដ្ឋធ្ងន់ៗ នៅតាមពន្ធនាគារក្នុងប្រទេសរុស្ស៉ី។ ទាហានស៊ីឈ្នួលរុស្ស៉ី Wagner កាលពីប៉ុន្មានខែមុនបានប្រកាសពីការវាយកាប់កាប់បានទីក្រុង Soledar ស្ថិតនៅចម្ងាយត្រឹមតែជាង ១៤គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងជើងទីក្រុងបាកមូត។

* តើ Wagner នឹងទទួលបានផលអ្វី បើដណ្ដើមបាកមូត?

យោធារុស្ស៉ីនៅក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ បានរងសម្ពាធ និងការរិះគន់ជាច្រើនចំពោះបរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែននាពេលកន្លងមក ខណៈជ័យជម្នះ របស់ទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅទីក្រុង Soledar បានលើកមុខមាត់ក្រុមហ៊ុនទាហានស៊ីឈ្នួលយ៉ាងខ្លាំង។ លោក Mark Galeotti ជាអ្នកជំនាញម្នាក់ស្ដីពី សន្តិសុខរុស្ស៉ី មកពីសាកលវិទ្យាល័យ University College London បានលើកឡើងថាប្រសិនបើទីក្រុងបាកមូត ពិតជាធ្លាក់ទៅក្នុងដៃទាហានរុស្ស៉ីមែន នោះវានឹងក្លាយ ជាជ័យជម្នះជានិមិត្តរូបនយោបាយដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Wagner ជាពិសេសគឺ ប្រធានក្រុមហ៊ុននេះលោក យ៉េវហ្កេនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) តែម្ដង។ ពោលគឺលើកមុខមាត់ និងកតិ្តយសរបស់លោកនៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា អ៊ុយក្រែន និងអគ្គលេខាធិការអង្គការ NATO បានអះអាងថាការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ី បានចាប់ផ្ដើមហើយនៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner វិញ ក៏បាននិងកំពុងសម្រេចបានភាពរីកចម្រើនទៅមុខដោយសន្សឹមៗដែរ។ ចំណែកឯ កងកម្លាំង អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធ និងវាយបកទៅលើការវាយលុកពីទាហានរុស្ស៉ី ដោយលោក ហ្សេលេនស្គីក៏បានទទួលស្គាល់ដែរពីស្ថានភាពដ៏លំបាកនៅក្បែរទីក្រុងបាកមូត អមជាមួយការអំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធមកបន្ថែម។ លោក ហ្សេលេនស្គី បានពិព័ណ៌នាថាសមរភូមិនៅបាកមូត វាប្រៀបបានដូចជាសង្រ្គាមលេណដ្ឋាន នាសម័យសង្រ្គាមលោកលើកទី១៕



ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ អបអរសាទរ និងជូនពរសម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត។


ជាមួយនឹងការបង្ហាញទឹកព្រះទ័យអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានកោតសរសើរដ៏កក់ក្តៅចំពោះសម្តេចតេជោ ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើ ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។

គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕













ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ បានបន្តដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ច ក្រោយអញ្ជើញទស្សនាប្រាសាទខ្មែរ នៅខេត្តសៀមរាប


(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ។

ការអញ្ជើញមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ លោកប្រធានាធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ហើយក៏ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីផងដែរ។

មុនមកដល់រាជធានីភ្នំពេញ នៅព្រឹកមិញនេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ និងភរិយា រួមទាំងគណៈប្រតិភូ បានចុះចតនៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ក៏ដូចជាទស្សនាស្វែងយល់អំពីការរុករកមីន និងបំផ្ទុះមីន ក្នុងចំការមីន នៃគម្រោង Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ។

តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕