Tuesday, February 14, 2023

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់


(ភ្នំពេញ)៖ នៅវេលាម៉ោង១រសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញចាកចេញពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរ​ទស្សន​កិច្ចប្រកបដោយផ្លែផ្កាខ្ពស់។


សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ គឺជាដំណើរ​ទស្សន​កិច្ច​​​​ដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនង និងដាក់ចេញផែនការ​សកម្ម​ភាព​​​សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រតិភូអមដំណើរសម្តេចតេជោបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យ​សេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រីឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយន៍ នៃអាជ្ញាធរជាតិ​ទទួល​បន្ទុកកិច្ចការព្រំដែន លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងមន្ត្រីជាន់​ខ្ពស់​មួយ​ចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំ​ប្រទេស​ឡាវ​រួម​មាន ប្រមុខរដ្ឋ ប្រធានសភា និងនាយករដ្ឋមន្ត្រី។ ជាពិសេសនៅឯព្រលានយន្តហោះ​ក្នុង​ទីក្រុងវៀងច័ន្ទ ក្រៅតែពីកងកិត្តិយសហើយនោះ គេក៏ឃើញមានមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សជាច្រើនរូប ត្រូវបានឈរហែហមនៅព្រលានយន្តស្វាគមន៍​ចំពោះ​វត្តមានរបស់សម្តេចតេជោ។ ទិដ្ឋភាពនេះ ជាការបង្ហាញឱ្យឃើញនូវរបៀបរបបពិធីការ នៃ ការ​បដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយ ដែលរដ្ឋាភិបាលឡាវ រៀបចំទទួលដំណើរ​របស់​សម្តេច​តេជោ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយនាយករដ្ឋមន្ត្រីឡាវ ប្រមុខរដ្ឋឡាវ និងប្រធាន​រដ្ឋសភាឡាវ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ឡាវ បានពិភាក្សាផ្តោតជាសំខាន់​លើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេស​ទាំង​សម្តេចតេជោ និងថ្នាក់ដឹកនាំឡាវ សុទ្ធតែបានមើលឃើញថា ដំណើរទស្សនកិច្ច​របស់​សម្តេចតេជោ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កាន់តែ​ល្អ​ប្រសើរ។

សម្រាប់កិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាផ្តោតសំខាន់លើបញ្ហាជាច្រើន លើគ្រប់វិស័យរួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លង​ដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។

ភាគីទាំងពីរបានបង្ហាញ​ការពេញ​ចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហ​ប្រតិបត្តិការដ៏ល្អ រវាង​ប្រទេស​ទាំងពីរ ក្រោយពីការបង្កើតទំនាក់​ទំនងការទូត​នៅឆ្នាំ​១៩៥៦ ដែលរហូតមកដល់ពេលនេះ មានអាយុកាលប្រមាណ ៦៧ឆ្នាំហើយ ហើយដែលបានក្លាយជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅឆ្នាំ២០១៩។

មេដឹកនាំទាំងពីរ ក៏បានកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើន​ឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិក​នៅឆ្នាំ​២០២២។

សម្តេចតេជោ បានជំរាបលោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវ​លក្ខ​ខណ្ឌ​ល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើក​ទឹក​ចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាង​ការ​យក​ពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាព​សេដ្ឋ​កិច្ច​នៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការ​រៀបចំព្រឹត្តិការណ៍​ផ្គូ​ផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់​ឱកាសកាន់តែច្រើន​សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើក​ឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។

សម្តេចតេជោ បានស្នើឱ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ ដែលជាវិស័យមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ចប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចតេជោ និងលោក សនសៃ បាន​ឯក​ភាព​គ្នាជំរុញឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃ​បោះពុម្ភ​ផ្សាយស្នាៃដ ស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវ​ជ្រាវ​រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។

មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី «ទំនាក់​ទំនង​កម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជន​នៅតាមបណ្ដោយ​ព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រមឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតប្រទេសទាំងពីរ។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិវិញ មេដឹកនាំទាំងពីរ បានឯក​ភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន​ឱ្យមានប្រសិទ្ធ​ភាព តាមរយៈការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឱ្យ​ទាន់ពេល​វេលា។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល មេដឹកនាំប្រទេសទាំងពីរ បានឯកភាព​ជំរុញ​ឱ្យក្រសួង​ពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ​អនុស្ស​រណៈ​នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា​ដែលមានស្រាប់ស្ដីពីកិច្ច​សហប្រតិ​បត្តិ​ការ​​ថាមពលរវាងកម្ពុជា និងឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាង​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាព​របស់គណៈ​កម្ម​ការ​​ចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហា​ព្រំដែន ដែល​នៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច​របស់សម្តេច និងជំនួបពិភាក្សាជាមួយមេដឹកនាំឡាវនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​សម្រាប់ប្រជាជាតិទាំងពីរ ដោយហេតុថាសម្តេច និង សនសៃ ស៊ីផាន់ដន បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ និងងលោក សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

មេដឹកនាំទាំងពីរ បានឯកភាពថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវ​ជាប្រធានអាស៊ានឆ្នាំ២០២៤។

នៅក្រោយជំនួបពិភាក្សាការងារទ្វេភាគីនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះ​ហត្ថលេខា​ជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់​ព្រំដែន​​រដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាព​ជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់​ឆ្នាំ២០២៣-២០២៧។

បន្ថែមពីលើនោះនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ​កំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះ​ព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការ​ចម្រុះព្រំដែនឡាវ។

នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» ផងដែរ។

គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបណ្តា​ប្រទេស​ភូមិផងរបងជាប់កម្ពុជា។ សម្រាប់ប្រទេសឡាវ មិនត្រឹមទទួលបានការយកចិត្ត​ទុកដាក់ខ្ពស់ពីសម្តេចតេជោ ក្នុងការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការ​ប៉ុណ្ណោះទេ តែសម្តេចតេជោ តែងចូលរួមចំណែកដោះស្រាយរាល់ពេលឡាវ​ ជួបការ​លំបាកនានា។

កាលពីឆ្នាំ២០២១ នៅពេលឡាវ ជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាបន្តបន្ទាប់នូវជំនួយជាថវិកា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ចំនួនជិត ១លានដូស គ្រឿងបរិក្ខារពេទ្យ និងរថយន្តសម្រាប់ដឹកវ៉ាក់សាំង​ប្រមាណជា ១០គ្រឿង។ ថវិកាដែលសម្តេចតេជោ បានជួយទៅប្រទេសឡាវ មានសរុប​ជាង ១៣លានដុល្លារ។ ក្នុងនោះថវិកាជាង ១លានដុល្លារ ជារបស់រាជរដ្ឋាភិបាល និង​១០លានដុល្លារ ជាការចូលរួមរបស់សប្បុរសជនតាមរយៈសម្តេចតេជោ។

ការជួយជ្រោមជ្រែងក្នុងគ្រាឡាវជួបការលំបាកនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាល និង​ប្រជាជនឡាវ ផ្តល់ការគោរពយ៉ាងធំធេងសម្រាប់សម្តេចតេជោ រាជរដ្ឋាភិបាល និង​ប្រជា​ជនកម្ពុជា ហើយឈានដល់ការផ្តល់គ្រឿងឥស្សរិយយសកម្រិតកំពូល​ជូន​សម្តេចតេជោ​នាយករដ្ឋមន្ត្រី។

សម្តេចតេជោ បានថ្លែងគូសបញ្ជាក់ថា «មោទនភាពដែលខ្ញុំទទួលបាននៅពេលនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ហើយជាការរួមចំណែកដ៏ធំធេង​របស់​រដ្ឋា​ភិបាល និងប្រជាជនឡាវ ជាបងប្អូនក្នុងការពូនជ្រុំទំនាក់ទំនងល្អជាប្រពៃណី និងកិច្ច​សហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់​នៃប្រទេស​ទាំងពីរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកផងដែរថា ចំណងមិត្តភាពជាប្រពៃណី ជាបងប្អូន​កម្ពុជា-ឡាវ រាប់សតវត្សរ៍មកនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ និងយូរ​អង្វែង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការធ្វើឱ្យសម្រេច​បាន​នូវ​សមិទ្ធផល​ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចតេជោ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា គ្រឿងឥស្សរិយយសនេះ នឹងមាន​គុណតម្លៃជាប្រវត្តិសាស្ត្រ គឺជានិមិត្តរូបដ៏សំខាន់គ្មានពីរ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព​ដ៏រឹ​ង​​មាំរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រៅតែពីការបំពាក់គ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ឡាវ​ ជូនសម្តេច​តេជោ​ហើយនោះ រដ្ឋាភិបាលឡាវ ក៏បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា ឧកញ៉ា របស់កម្ពុជា ៦រូប ដែលបានឧបត្ថម្ភថវិកា ជូនរដ្ឋាភិបាលឡាវ​ សម្រាប់ដោះស្រាយការលំបាកពីការរាតត្បាតជំងឺកូវីដ១៩ផងដែរ។

អ្នកឧកញ៉ា ឧកញ៉ាទាំង៦រូបនោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងឧកញ៉ា លី ហុង។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជាទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ដែលកំពុងសិក្សានៅប្រទេសឡាវប្រមាណ ៨៦រូប។

ក្នុងឱកាសនោះ សម្តេចតេជោ បានណែនាំដល់និស្សិត និងសិក្ខាកាមទាំងអស់ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជាទៅបម្រើជាតិមាតុភូមិ។

សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ពួកគេ ឱ្យប្រឹងប្រែងរក្សាទំនាក់ទំនង់ល្អជាមួយសាស្ត្រាចារ្យ និស្សិត និងប្រជាជនឡាវ៕ អត្ថបទ៖ Fresh News

No comments:

Post a Comment