Tuesday, February 14, 2023

ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ អបអរសាទរ និងជូនពរសម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត។


ជាមួយនឹងការបង្ហាញទឹកព្រះទ័យអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានកោតសរសើរដ៏កក់ក្តៅចំពោះសម្តេចតេជោ ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើ ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។

គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕













No comments:

Post a Comment