Tuesday, February 14, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចមពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបតាមការអញ្ជើញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវនាពេលនេះ។

 ឯកឧត្តម ប្រធានាធិបតីឡាវ តាមរយៈសម្តេចតេជោនាយករដ្ឋមន្រ្តី សូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីវៀងច័ន្ទ តាមពេលវេលាដ៏សមស្របនាពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះរូបសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។ ឯកឧត្តមប្រធានាធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាល នៃ ប្រទេសទាំងពីរកម្ពុជា ដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ ប្រទេសនិងប្រជាជនទាំងពីរកម្ពុជា ឡាវ។  

បន្ទាប់មក ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកដ៏ខ្ពង់ខ្ពស់បំផុតនោះ៕

#HunSen #Cambodia 

#ThonglounSisoulit #Laos

No comments:

Post a Comment