Tuesday, February 14, 2023

ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អញ្ជើញទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីននៅភូមិប្រាសាទចារ ខេត្តសៀមរាប, ប្រធានាធិបតីអាល្លឺម៉ង​ថា នឹងបន្តគាំទ្រការងារបោសសម្អាតមីន​នៅកម្ពុជា

(សៀមរាប​)​៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើទស្សនាតំបន់ប្រតិបត្តិការ បោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមអមដំណើរដោយទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរមីន។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍​យ៉ាង​កក់ក្ដៅ​ និង​បានថ្លែងអំណរគុណប្រធានាធបតី និង​លោកស្រី ដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែល​ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់​ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្ស​ធម៌នៅកម្ពុជាដល់អង្គការ Halo Trust។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺមង់ បានផ្តល់ថវិកាចំនួនជាង ១៧លានអ៉ឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ចម្ការមីន និងមានទទួលផលជាង ១៣ម៉ឺននាក់។

ជាមួយគ្នានេះ​ ប្រទេស​អាល្លឺម៉ង់​ ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល​់អង្គភាពស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ​១៩៩៩​នូវថវិកាជាង ១៩លានដុល្លារ ដោយបា​នរំដោះផ្ទៃដីមានមីនប្រមាណជា ៣០គីឡូម៉ែត្រ​ក្រឡា។

ក្នុងឱកាសនោះ​ ក្នុងនាមសម្តេច​តេជោ ហ៊ុន សែន, ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឱ្យអស់ត្រឹមឆ្នាំ២០២៥។ ប្រធានាធិបតីអាល្លឺម៉ង​ បានឱ្យដឹងថា​ នឹងបន្តគាំទ្រការងារបោសសម្អាតមីន​ ស្រមតាមទស្សនវិស័យរបស់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​កម្ពុជាគ្មានមីនឆ្នាំ២០២៥៕

No comments:

Post a Comment