Saturday, July 30, 2016

អ្នកជំនាញ​កសិកម្មចិន​ចុះមក​សិក្សាទី​តាំង​គម្រោង​ពិព័រណ៍​កសិកម្មផ្ទះ​កញ្ចក់​នៅភូមិ​ធម្មជាតិ​រុនតាឯក

ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បាននាំអ្នកជំនាញកសិកម្មរបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងសិក្សាទីតាំងក្នុងភូមិរុនតាឯកដើម្បីធ្វើកសិកម្ម កាលពីថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ២០១៦។

ការចុះត្រួតពិនិត្យទីតាំងនៅពេលនេះ គឺអនុលោមតាមអនុស្សរណៈយោគយល់គ្នារវាងភាគីចិនជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ជាលក្ខណៈផ្ទះកញ្ចក់។ គម្រោងនេះជាផ្នែកមួយនៃគម្រោង CAPROC ដែលរដ្ឋាភិបាលចិនសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា។

លោក Lan Tian Hoa ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ ការជ្រើសរើសយករុនតាឯកជាគោលដៅបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏ព្រោះទីនេះមានផ្ទៃដីធំទូលាយ និងមានភាពអនុគ្រោះចំពោះការធ្វើកសិកម្មផង។ ពួកយើងបានសិក្សាលើទីតាំង ពិភាក្សាអំពីការធ្វើផ្ទះកញ្ចក់ (ប្រវែង កម្ពស់ ពណ៌) ប្រព័ន្ធទឹក កន្លែងស្តុកទឹក លក្ខខណ្ឌក្នុងការធ្វើកសិកម្ម ការរកកម្មករ និងជួបជាមួយអ្នកជំនាញកសិកម្មខ្មែរ ដើម្បីឈ្វេងយល់បន្ថែមពីការធ្វើកសិកម្មនៅភូមិធម្មជាតិរុនតាឯកកន្លងមក។ យើងធ្វើនេះដើម្បីធ្វើជាគំរូដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯកផង ដើម្បីពាណិជ្ជកម្មផង ក៏ដូចជាជួយអភិវឌ្ឍទីនេះឱ្យជាក្លាយជាកន្លែងកសិកម្មដ៏ល្បីផងដែរ។


ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានបញ្ជាក់ថា ការចុះមកសិក្សាទីតាំងនេះ គឺដើម្បីពិនិត្យមើលលទ្ធភាពនិងរកវិធីជួយប្រជាជននៅភូមិធម្មជាតិរុនតាឯកឱ្យកាន់តែមានសេដ្ឋកិច្ចល្អប្រសើរតាមរយៈការធ្វើកសិកម្ម។ ការបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏នឹងនាំផលល្អដល់ប្រជាជននៅទីនេះឱ្យកាន់តែមានជំនាញធ្វើកសិកម្មផងដែរ ព្រោះគាត់បានទទួលបច្ចេកទេសថ្មីពីអ្នកជំនាញចិនបន្ថែមពីអ្នកជំនាញផ្សេងៗ។ មួយវិញទៀត គាត់ក៏អាចរកកម្រៃបានតាមរយៈការងារក្នុងកសិដ្ឋាននេះដូចគ្នា។ ក្រៅពីនោះ តាមរយៈការធ្វើកសិកម្មផ្ទះកញ្ចក់គំរូនេះ ក៏នឹងជួយទាក់ទាញទេសចរជាតិអន្តរជាតិឱ្យចូលមកទស្សនាតំបន់រុនតាឯក ក៏ដូចជាឧទ្យានអង្គរបានកាន់តែច្រើនផងដែរ៕






អាជ្ញាធរជាតិ​អប្សរាប្តេជ្ញាដាំដើម​ឈើឲ្យបាន​យ៉ាងតិច​៦ម៉ឺនដើមមុ​ន​ចប់រដូវភ្លៀង

តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។

មានប្រសាសន៍ក្នុងពិធីដាំកូនឈើ៥ពាន់ដើមនៅចន្លោះភូមិអារក្សស្វាយ និងភូមិអញ្ចាញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះជាបណ្តើរៗ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។

លោក សាមៀន បន្ថែមថា សម្រាប់ឆ្នាំ២០១៦នេះ ក្រុមអង្កេតផ្ទៃដីទំនេរសម្រាប់ដាំដើមឈើបាន មានចំនួន៩០ហិកតា ក្នុងនោះ៦០ហិកតាគឺសម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ និងអន្តរជាតិដាំក្នុងពេលប្រារព្ធពិធីម្តងៗ ចំណែក៣០ហិកតាទៀត សម្រាប់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំតាមស្ថានភាពជាក់ស្តែង។ ផ្ទៃដីទំនេរដែលអាចដាំដើមឈើបាន មិនមែនមានន័យថា អត់ដើមឈើសោះនោះទេ ជាក់ស្តែង ពិធីដាំក្នុងថ្ងៃនេះ គឺយើងដាំឆ្លោះៗ តាមចន្លោះណាដែលមិនមានដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ កុំឲ្យមានចន្លោះដីទំនេរ

ដោយនិយាយពីការថែទាំវិញ លោក សាមៀន បញ្ជាក់ថា ដើមឈើដែលយើងបានដាំនៅចន្លោះព្រៃដែលមានស្រាប់ យើងមិនអាចចូលឡានមកស្រោចបានទេ ដូច្នេះទើបយើងជ្រើសរើសកូនឈើដែលអាចរស់បានដោយមិនចាំបាច់ស្រោច។ ចំណែកកូនឈើមួយចំនួនទៀត ដែលត្រូវការស្រោចទឹកច្រើន យើងដាំនៅតាមមាត់ផ្លូវ ទីធ្លាដែលឡានអាចចូលទៅស្រោចបាននៅរដូវប្រាំង។ តែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានរូបនេះអះអាងថា ដើមឈើដែលបានដាំជារៀងរាល់ឆ្នាំអាចរស់បានចន្លោះពី៧០ទៅ៨០%ប៉ុណ្ណោះ។ បញ្ហាមិនមែនដោយសារអាកាសធាតុតែម្យ៉ាងទេ តែក៏បណ្តាលមកពីប្រជាពលរដ្ឋខ្លះដែលមិនបានយល់ ព្រលែងគោក្របីទៅជាន់ ឬចងគោនឹងកូនឈើដែលទើបដាំក៏មានដែរ។ ក្នុងន័យនេះ លោកក៏បានអំពាវនាវឲ្យប្រជាពរលដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមដាំនិងថែរក្សាទាំងអស់គ្នា ព្រោះមិនអាចនរណាម្នាក់ ឬស្ថាប័នណាមួយធ្វើបាន ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះឡើយ។


សូមបញ្ជាក់ថា ក្នុងពិធីដាំកូនឈើព្រឹកមិញនេះ តាមលោក សូ សារ៉ម ប្រធានការិយាល័យដាំឈើ ឲ្យដឹងថា មានសិស្សានុសិស្សមកពីអនុវិទ្យាល័យស្រះស្រង់ចំនួន១៥០នាក់ ប្រជាពលរដ្ឋមកពីសង្កាត់នគរធំ១០០នាក់ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០០នាក់។ ពិធីដាំកូនឈើនេះបានដាំលើផ្ទៃដី២៥ហិកតា តាមចន្លោះដីព្រៃដែលទំនេរ ដែលមានប្រភេទឈើបេង កកោះ ធ្នង់ គ្រញូង គគីរ និងរំដួល សរុប ៥០០០ដើម៕







គម្រោង​អភិរក្ស​និងជួស​ជុល​ប្រាសាទ​អង្គរវត្ត ដោយ​ក្រុមអ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ

        ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក  ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។
ផ្អែកលើប្រវត្តិនៃកិច្ចការអភិរក្សប្រាសាទអង្គរវត្តបានបង្ហាញថា កំឡុងសតវត្សទី១៦ដល់ទី១៨ គឺក្នុងពេលរាជធានីត្រូវបានផ្លាស់ចេញពីអង្គរហើយ ព្រះបាទចន្ទរាជា បុត្រ និងចៅរបស់ព្រះអង្គបានធ្វើការជួសជុល និងបំពេញបង្រ្គប់លើរចនាសម្ព័ន្ធខ្លះៗដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀតប្រាសាទអង្គរវត្តត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលគឺពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះនិងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់និងទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។
​​       កិត្តិនាមលើតម្លៃនៃប្រាសាទអង្គរវត្តមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ  តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួនចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តបានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័នរួមមាន ៖

-គម្រោងរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែកខាងជើងបា្រសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធនៃអាជ្ញាធរជាតិអប្សរា។
-គម្រោងរបស់ប្រទេសអ៊ីតាលី   រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើបបញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិចនិងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្តក្នុងដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ ២០១៥កន្លងទៅ។
-គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិ
អប្សរា (APSARA-GACP)។ បច្ចុប្បន្នគម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់
ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ប្រាសាទអង្គរវត្ត។
-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន (APSARA-
SOPHIA) : គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាតនិងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះនៅឆ្នាំ២០១២៕










Friday, July 22, 2016

សហជីពធំៗចំនួន៩ ធ្វើលិខិតទៅទូតអឺរ៉ុប

មេដឹកនាំ​សហជីពធំៗចំនួន៩ បានធ្វើលិខិត​រួមគ្នាមួយទៅ ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប ដើម្បីរារាំង​បំណងរបស់ លោក សម រង្ស៊ីដែលស្នើរ​កការបិទ​ផ្សារវាយន​ភណ្ឌពីកម្ពុជា ទៅកាន់ទី​ផ្សារអឺរ៉ុប ។ លិខិត​ស្នើរបស់មេដឹកនាំ​សហជីព​ទាំង៩ បាន​ធ្វើកាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ ក្រោយ​សម្តីរបស់​ប្រធាន គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ទៅកាន់​សភាអឺរ៉ុប ថ្ងៃទី១៣ ខែកក្កដា បាននិយាយ​បង្ហាញថា ការបិទ​ទីផ្សារនោះ បានប៉ះពាល់តែ​ថៅកែរោងចក្រ​នោះទេ ។
     លិខិតមេដឹកនាំសហជីព បានសរសេរ ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ការស្នើសុំបិទការនាំ ចេញសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប គឺប្រាកដណាស់នឹងធ្វើអោយប៉ះពាល់ដល់ ជីវភាពរស់នៅរបស់កម្មករ និយោជិត រាប់សែននាក់ និងប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ដែលទទួលផលដោយប្រយោលពីវិស័យមួយនេះ ។
     លិខិតបានសរសេរថា ការបិទទ្វារនេះក៏ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ ។ លិខិតបានសរសេរស្នើអោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មេត្តាពិនិត្យ និងពិចារណា កុំផ្តាច់កូតានាំចេញសម្លៀកបំពាក់ ហើយបន្តកិច្ច សហប្រតិបត្តិការ និងបន្ថែមការបញ្ជាទិញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបបន្ថែមទៀត ៕

រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យដាំដំណាំលើដី ដែលទទួលសម្បទានពីរដ្ឋ

  រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បាន​ជួបសំណេះ​សំណាល​និងពិភាក្សាការងារ​ជាមួយក្រុមហ៊ុន សម្បទានដី​សេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធជាង ៣៥០នាក់ នៅព្រឹក​ថ្ងៃទី២១កក្កដា ឆ្នាំ២០១៦ ។
     ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះជាវេទិកាពិភាក្សា រួមគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីវឌ្ឍនភាពបញ្ហាប្រឈម ដែលក្រុមហ៊ុនជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការ ដើម្បីរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយនោះ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឲ្យក្រុមហ៊ុនទាំងអស់ ដែលទទួលបានដីសម្បទានពីរដ្ឋ ប្រញាប់ធ្វើការដាំដុះលើផ្ទៃដីរបស់ខ្លួនទៅតាមកិច្ចសន្យា ។ ឯកឧត្តមក៏បានស្នើឲ្យ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលត្រូវដល់ពេលកំណត់បង់ថ្លៃឈ្នួលដីទាំងអស់ ត្រូវរួតរះបង់ថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន និងត្រូវសហការឲ្យបានល្អជាមួយគណៈកម្មការ ប្រមូលថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ។
     តាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មានសុពលភាពចំនួន២២៣ ក្រុមហ៊ុន មានទីតាំងតាមបណ្តាខេត្តចំនួន១៨ ដែលមាន ផ្ទៃដីអាជីកម្ម ផលិតកម្ម សរុបប្រមាណ ១លាន ៦ម៉ឺន ៩ពាន់ហិកតា ។ ក្នុងពិធីនោះដែរ តំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មួយចំនួនបានឡើងមានមតិ និងសំណូមពរពាក់ព័ន្ធ ជាការពន្លឿននីតិវិធីស្នើសុំឈូសឆាយ… ដាំដុះ… ការចុះបញ្ជីដី… ការបង់ថ្លៃសម្បទានដី… ជាដើម។ល។ ហើយឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការ បកស្រាយ ពន្យល់ និងស្នើមានកិច្ចសហការកាន់តែជិតស្និទ្ធ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ប្រកបដោយស្មារតីសហការ និងយោគយល់គ្នាខ្ពស់ ។




សម្តេចតេជោសែន បំពេញទស្សនកិច្ចតាមបណ្តាខេត្តនានា

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដានេះ ក្នុងដំណើរជុំវិញខេត្តទាំង២៤ របស់កម្ពុជា ។

     នៅក្នុងខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ គម្រោងនេះ គឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយទឹកប្រាក់សរុប ចំនួន ៣,៣៥៥ លានយ៉េន ដែលស្មើនឹង ៣៣លាន ៥៥ម៉ឺនដុល្លារ ។

     សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រព័ន្ធទឹកស្អាតនេះ មានកម្លាំងផលិតទឹកជាង ៣ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាម គឺទទួលទានបានតែម្តង ។ សម្តេចបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៌ផ្គត់ផ្គង់ទឹកស្អាតនៅទីរួមខេត្ត គឺគេបានបន្តជីក និងស្តារ អណ្តូង ប្រឡាយ និងស្រះ បន្ថែមទៀត ដើម្បីទប់ស្កាត់ ការខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ។

     ខេត្តបាត់ដំបង គឺជាខេត្តឈប់សំចតលើកដំបូងរបស់សម្តេច ក្នុងគម្រោងដំណើរទស្សនកិច្ចតាមបណ្តាខេត្តដទៃទូទាំងប្រទេស ។ សម្តេចបានមានប្រសាសន៍បង្ហាញតម្រាយផ្លូវធ្វើដំណើរទស្សនកិច្ចថា បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែកសម្តេចនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ ។

     ក្នុងឱកាសសម្ពោធជំនួយទឹកស្អាតនោះផងដែរ សម្តេចបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលបានផ្តល់នូវជំនួយទឹកស្អាតនេះ និងជំនួយជាច្រើនទៀត ដល់ប្រទេសកម្ពុជា ។ សម្តេចបានមានប្រសាសន៍ទៀតថា នៅខែកញ្ញា ខាងមុខនេះ នឹងមានជើងយន្តហោះជប៉ុន ដែលនឹងហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ និងវិនិយោគិន ដែលនឹងជួយពង្រឹងនិងពង្រីក នូវទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៀតផង ៕







លោក អ៊ូ វីរៈ រិះគន់មេដឹក​នាំបក្សប្រឆាំង និងមិន​គាំទ្រការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ទាមទារ​ឲ្យអឺរ៉ុប​បិទទីផ្សារ​នាំចេញ​ពីកម្ពុជា​

(ភ្នំពេញ)៖ លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរបង្ហោះក្នុង Facebook ផ្ទាល់ខ្លួនដោយបានសម្តែងនូវការរិះគន់ ចំពោះលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង និងបានបង្ហាញសារ មិនគាំទ្រចំពោះការលើកឡើងរបស់ប្រមុខបក្សប្រឆាំង ដែលទាមទារឲ្យអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ ពីកម្ពុជា ទៅដល់ទីផ្សារអឺរ៉ុប។

លោក អ៊ូ វីរៈ ដែលមានបងប្រុស២នាក់ ជាតំណាងរាស្ត្រក្នុងគណបក្សសង្គ្រោះជាតិកូតា លោក កឹម សុខា ដែលម្នាក់ឈ្មោះ អ៊ូ ច័ន្ទឬទ្ធិ និងម្នាក់ទៀតឈ្មោះ អ៊ូ ច័ន្ទរ័ត្ន បានរៀបរាប់នៅលើ Facebook ថ្ងៃទី២០ ខែកក្កដា ដោយលោក អ៊ូ វីរៈ រិះគន់ថា​ ការលើកឡើងរបស់លោក សម រង្ស៊ី ចោទប្រកាន់គណ​បក្សកាន់អំណាច នៅពីខ្នងក្រោយការសម្លាប់លោក កែម ឡី ជារឿងខុសឆ្គង។

គណបក្សប្រឆាំងក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី [គ្មានលក្ខណៈប្រជាធិបតេយ្យ] ហើយត្រូវតែធ្វើការកែទម្រង់តាមប្រជាធិបតេយ្យ ពិតប្រាកដ ដោយមិនត្រូវបន្តដឹកនាំ តាមវប្បធម៌អត្តនោម័តនោះទេ។ លោក សម រង្ស៊ី ខ្វះភាពជាអ្នកដឹកនាំ ហេតុដូច្នេះហើយ ទើបកម្លាំងប្រឆាំងមិនអាចរួបរួមបាន។ លោកបានបន្តនិយាយថា សូម្បីខ្លួនលោកផ្ទាល់ក៏រងគ្រោះ ដោយសារការចោទលាបពណ៌ពីលោក សម រង្ស៊ី នេះដែរ នេះបើតាមការអះអាងរបស់លោក អ៊ូ វីរៈ នៅលើបណ្តាញសង្គម។  

អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនោះ ក៏បានរិះគន់ទៅលើលោក សម រង្ស៊ី ដែលបានទាមទារឲ្យអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា, ដោយសរសេរថា៖ «ខ្ញុំមិនគាំទ្រការលើកឡើងនេះទេ»

លោក អ៊ូ វីរៈ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះនៅលើ Facebook ថា៖ «លោក កែម ឡី មិនធ្លាប់នៅជាមួយ CPP ឬ ក៏ CNRP នោះឡើយ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នា នឹងឈប់អះអាងពីរឿង ដែលខុសនេះបន្តទៀត។ នេះជាក៏ជាអ្វីដែលលោក សម រង្ស៊ី ធ្លាប់បាននិយាយពីលោក កែម ឡី ដែរកាលពីមុន។ បក្សប្រឆាំង ក្រោមការដឹកនាំរបស់លោកត្រូវការនូវកំណែទម្រង់ដើម្បី ក្លាយខ្លួន គណបក្សនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមិនមែនជាកន្លែងសម្រាប់ គោរពបុគ្គលរៀងៗខ្លួនឡើយ។ ហេតុដូច្នេះហើយទើបកម្លាំងប្រឆាំង មិនអាចរួបរួមបាន។ លោកខ្វះភាពជាអ្នកដឹកនាំ និងមានអារម្មណ៍ថា ងាយទទួលការ គំរាមពីបុគ្គលខ្លាំងៗ។ ចាំបានទេ លោកក៏ធ្លាប់ចោទលោក កឹម សុខា ដែលបច្ចុប្បន្នជាអនុប្រធានរបស់លោក ថាជាអ្នកដើរតាមការបង្គាប់របស់ CPP។ បញ្ឈប់ការចោទប្រកាន់ដោយ មិនហេតុផលនេះតទៀតទៅ។ ខ្ញុំក៏ធ្លាប់ជាជនរងគ្រោះក្នុងរឿងដូចគ្នានេះដែរ»


សូមជំរាបថា ការលើកឡើងរបស់ លោក សម រង្ស៊ី ដែលបានស្នើឲ្យ EU បិទការនាំចេញសម្លៀកបំពាក់ពីកម្ពុជា ត្រូវបានក្រុមកម្មករសម្តែងការខឹងសម្បារ នឹងជំហរនយោបាយវាយបំបែកឆ្នាំងបាយជាតិ។ លោក សម រង្ស៊ី ដែលធ្វើនយោបាយ ប្រឆាំងផលប្រយោជន៍ជាតិជាង២០ឆ្នាំមកហើយនេះ ត្រូវកម្មករបញ្ចេញមតិនៅលើបណ្តាញសង្គមថា «បើគ្មានបក្សប្រឆាំង ឬបើរំលាយបក្សប្រឆាំងចោល នោះប្រទេសជាតិពិតជាបានសុខ»៕ ប្រភពពី Fresh News:



ប្រទេសទីម័រ​ខាងកើតមាន​បំណង​សិក្សា​ស្វែង​យល់​លើវិស័យ​កសិកម្ម និងទេសចរណ៍​ពីប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកជំទាវ Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបពិភាក្សាការងារ ។ ហើយប្រទេសកម្ពុជានិងប្រទេសទីម័រខាងកើតបានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួនរួមមាន វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ។

លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី
បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយរដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុង
ជំនួបទ្វេភាគីជាមួយលោកជំទាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជាថា កម្ពុជាមានបំណងចង់សិក្សាស្វែងយល់លើ វិស័យឧស្សាហកម្ម ផ្នែករុករករ៉ែ ប្រេងកាត់ពី ប្រទេសទីម័រខាងកើត តាមរយៈកិច្ចសប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រ ក្នុងគោលបំណងសិក្សា ផ្នែក បច្ចេកទេស និងការដោះស្រាយតាមបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ខណៈដែលប្រទេសទីម័ បច្ចុប្បន្ន ទទួលបានជោគជ័យ លើការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនទឹក ជាមួយប្រទេសជិតខាង របស់ខ្លួនដោយមានភាគីអន្តរជាតិចូលរួមផងនោះ។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី សុខ អាន បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍របស់ ព្រះរាជាណាចក្រ កម្ពុជា មានការគាំទ្រនិងរីកចម្រើននាបច្ចុប្បន្ន ដោយសារតែមានការដឹកនាំយ៉ាងត្រឹមត្រូវ របស់ សម្តេចគអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា គឺចាប់ផ្តើមពី ឆ្នាំ១៩៩២ ប្រាសាទអង្គវត្តបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តមបានលើកឡើងថា ប្រាសាទអង្គរវត្តបានចុះបញ្ជីជាបេតិកភណ្ឌពិភព លោកក៏ពិតមែន ប៉ុន្តែមិនទាន់មានភ្ញៀវទេសចរមកទស្សនាឬកម្សាន្តច្រើនកកកុញ ដូចសព្វថ្ងៃឡើយ។

ក្រោយពីប្រទេសកម្ពុជាមានស្ថេរភាពនយោបាយពេញលេញហើយ នៅក្នុងឆ្នាំ១៩៩៨ ពេលនោះកម្ពុជា
បានទាក់ទាញអ្នកវិនិយោគិននិងទេសចរឱ្យចូលមកវិនិយោគ និង កម្សាន្តកាន់តែច្រើនឡើងៗ រហូតដល់ឆ្នាំ២០១៤កន្លងទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១លាន៥សែននាក់ឆ្នាំ២០១៥។ កំណើនទេសចរកើនដល់ប្រមាណជាង៤លាន៧សែននាក់ ដោយសារកម្ពុជា មានសក្តានុពល ទេសចរវប្បធម៌ ទេសចរធម្មជាតិ ហេតុដូច្នេះហើយចំណូលពីឧស្សាហកម្ម សេវាកម្ម ទេសចរបានចាក់ បញ្ចូលក្នុងថវិកា ជាតិប្រមាណជាង២ពាន់លានដុល្លារផងដែរ។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានបន្ថែមថា បើទោះបីវិស័យកសិកម្មវាមិនអាចមាន ចំណូលច្រើន ដូច វិស័យទេសចរក៏ពិតមែន ប៉ុន្តែកម្ពុជាមានសក្តានុពលខ្ពស់ផ្នែកវិស័យកសិកម្ម ជាហេតុធ្វើឱ្យ លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយទីម័រខាងកើត ប្រចាំនៅកម្ពុជាចង់ធ្វើការសិក្សា ឈ្វេងយល់លើវិស័យកសិកម្មនិងទេសចរពីកម្ពុជាតាមរយៈ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា ដើម្បីយកទៅធ្វើការអភិវឌ្ឍវិស័យទេសចរ និងវិស័យកសិកម្មនៅប្រទេសរបស់លោកជំទាវ ដោយសារតែប្រទេសទីម័រខាងកើត ក៏មានសក្តានុពលខ្លាំងផ្នែកវិស័យទាំងនេះដែរ ដូចជា ដំដាំម្រេច និងកាហ្វេជាដើម ចំណែកកម្ពុជាក៏មានដំណាំម្រេច កៅស៊ូនិងការហ្វេ។


ជាមួយគ្នានោះ ដែរឯកឧត្តមឧបនាយរដ្ឋមន្ត្រី សុខ អាន បានថ្លែគាំទ្រចំពោះបេក្ខភាពចូលជាសមាជិក ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍(Asian)នោះ ក្នុងនោះឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានជំរុញ ប្រទេសទីម័រខិតខំអភិវឌ្ឍវិស័យទេសចរណ៍ របស់ខ្លួនបន្ថែមទៀត៕





នារីពិការម្នាក់បានឡើង​លើរួតបាកាណនៃ​ប្រាសាទអង្គរវត្ត​បានដោយជោគជ័យ

ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។

        មុនពេលឡើងទៅលើរួតបាកាណ ជឿន គឹមហេង មានអាយុ២៥ឆ្នាំ និងក៏ជាមន្ត្រីរាជការមួយរូប ដែលបានពិការស្វិតជើងតាំងពីតូចមក បានរៀបរាប់ថា នាងពិតជាប្រាថ្នាចង់ឡើងលើរួតបាកាណខ្លាំងណាស់។ នៅពីរបីខែមុនដោយសារតែពុំបានដឹងមុន នាងបានមកកម្សាន្តនៅប្រាសាទអង្គរវត្ត ហើយបានសុំភ្នាក់ងារឡើងទៅជាន់លើដូចភ្ញៀវដទៃទៀតដែរ តែត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ ក្រោមហេតុផលសុវត្ថិភាពរបស់នាង។

        ដោយមិនអស់ចិត្ត គឹមហេង បានស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលយ៉ាងណាឲ្យនាងអាចឡើងទៅរួតបាកាណបាន ដោយនាងជាអ្នកទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រោយទទួលបានការអនុញ្ញាត នាងបានរៀបរាប់ទាំងក្តីរំភើបថា ក្តីប្រាថ្នារបស់នាងពិតជាបានសម្រេចហើយ ដោយអាជ្ញាធរជាតិអប្សរាគ្រាន់តែតម្រូវឲ្យនាងសរសេរលិខិតធានាសុវត្ថិភាពផ្ទាល់ខ្លួនមួយច្បាប់ប៉ុណ្ណោះ។ “កាលពីដើមអង្គរដូចជារឿងនិទានប៉ុណ្ណោះ តែពេលនេះ ខ្ញុំបានមកដល់ហើយ អង្គរពុំមែនជារឿងនិទានទៀតទេ វាជារបស់មានពិត”។

        ឆ្លើយតបនឹងសំណួរដែលថា ហេតុអ្វីនាងចេះតែទទូចចង់ឡើងលើរួតបាកាណដ៏ខ្ពស់ ដែលពិតជាពិបាកសម្រាប់មនុស្សពិការដូចជារូបនាងនេះ គឹមហេង បានពន្យល់យ៉ាងមុតមាំថា “ហេតុអ្វីខ្ញុំមិនអាចឡើងបាន? ខ្ញុំគ្រាន់តែពិការ តែខ្ញុំដឹងថា ខ្ញុំពិតជាអាចឡើងបាន។ ជាក់ស្តែង គេនិយាយថា អង្គរវត្តមានជណ្តើរខ្ញុំមិនអាចទៅបានទេ តែពេលនេះខ្ញុំមកបានហើយតើ។ ខ្ញុំដឹងថា ទីនេះលំបាក តែបើខ្ញុំអាចធ្វើវាបាន វាជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ បើខ្ញុំមកទីនេះបាន កន្លែងណាក៏ខ្ញុំអាចទៅបានដែរ។ ខ្ញុំនឹងឡើងទៅលើ និងចុះមកវិញដោយខ្លួន​ឯង ព្រោះខ្ញុំទុកចិត្តខ្លួនឯងជាងអ្នកដទៃជួយ”។

        ពេលឡើងមកដល់រួតបាកាណ គឹមហេង បានរៀបរាប់ទាំងអារម្មណ៍រំភើបសប្បាយរីករាថា “វាពិតជាអស្ចារ្យណាស់!ឡូយ... ឡើងបានមែន! អម្បាញ់មិញ អ្នកនៅទីនេះបានទះដៃអបអរសាទរឲ្យខ្ញុំ បើគ្រប់គ្នាដឹង ប្រហែលជាគេទះដៃឲ្យខ្ញុំដែរហើយ! ខ្ញុំពិតជាអាចធ្វើបានមែន!”។


ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេង តុលា បានរៀបរាប់ថា តាមគោលការណ៍ យើងមិនអនុញ្ញាតឲ្យអ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ឡើងលើរួតបាកាណទេ ព្រោះយើងបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់។ តែចំពោះករណីនេះ យើងឃើញថា គោលបំណងរបស់គាត់មុះមុតខ្លាំង ទើបសុំឲ្យគាត់សរសេរលិខិតធានាសុវត្ថិភាពដោយខ្លួនឯង។ ជាមួយគ្នានេះ យើងក៏បានជួយសម្រួលដល់ការឡើងទៅលើរបស់គាត់ ដោយយើងបញ្ជូនភ្នាក់ងារបុរសម្នាក់ជួយដើរអមគាត់ ទាំងពេលឡើង ពេលកម្សាន្ត និងពេលចុះមកវិញ៕








អ្នកជំនាញនិយាយពីការ​ជួសជុលនិងអភិរក្ស​នៅព្រះវិហារវត្តរាជបូណ៌

វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀម​រាប​ កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង ន្លឹកទ្វារ សន្លឹក​បង្អួ​ ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់​អារម្មណ៍​បំផុតសម្រាប់​អ្នក​ទេស​ចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។
ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អ​ពិ​ចិ​ត្រនៃ​សំណ​​ង់ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយ​សារ​អាកាសធាតុ អាយុកា​​ល ការធ្វើថ្មី ការប្រេះស្រាំធូលី និងផ្សែធូបទៀនរុំជាដើម។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។
ក្នុងសម្លៀកបំពាក់ខោសជើងវែង អាវយឺតប្រផេះដៃខ្លី មួកលឿង ទឹកមុខប្រកប​ដោយ​ភាពរួសរាយ កញ្ញា មាស សុភាព បុគ្គលិកអភិរក្សនៃសារមន្ទីរនរោត្តមសីហនុអង្គរ បានប្រាប់ថា ការជួសជុលព្រះវិហារវត្តបូណ៌ គឺចាប់ផ្តើមនៅឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នា។ ការជួសជុលនិងសម្អាតនេះផ្តោតសំខាន់លើសន្លឹកបង្អួច សន្លឹកទ្វា ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្ក គំនូរ រចនាសម្ពន្ធសសរ ដែ​​លរងនូវការខូចខាត ប្រេះស្រាំ រលុបបាត់បង់ភាពដើម ដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់។

កញ្ញាបន្តទៀតថា ដើម្បីរក្សាគុណតម្លៃនៃបុរាណវត្ថុនេះឱ្យបានល្អ យើងមានវិធីសម្អាស្ងួត សម្អាតសើម ដើម្បីយកពណ៌ថ្នាំថ្មី ធូលីឬលាងកំណកផ្សែងដែលរុំព័ទ្ធលើរូបបដិមា រូបគំនូ និងចង់ដឹងដែរថា តើពណ៌ដើមនៃសំណង់មានពណ៌អ្វី ធ្វើពីអ្វី។ មួយទៀតក៏ដើម្បីអភិរក្សនិងលើកតម្លៃសោភ័ណដើមនៃសិល្បៈសំណង់នេះផងដែរ។ យើងសម្អាតមួយស្រទាប់​​​ម្តងៗ ដើម្បីបកថ្នាំទាំងនោះ រហូតដល់ស្រទាប់ដើម ដែលភាគច្រើនជាពណ៌​បែប​ស្រ​គត់​ស្រគំ​ តែកន្លែងខ្លះ រូបខ្លះយើងក៏មិនអាច​សម្អាតឱ្យដល់ស្រទាប់ដើមដែរ ព្រោះវានាំឱ្យប៉ះពាល់វត្ថុនោះ។ នៅតាមជញ្ជាំង សសរ រូប​ចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាតជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមាន​ជំនាញ​លាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះ​គូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។
កញ្ញា សុភាព បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលការងារដែល សម្រេចបាន បើទោះជាយើងធ្វើបានតិចក៏ពិតមែន តែវាប្រកបដោយភាពអស្ចារ្យចំពោះអ្វី ដែលយើងបានឃើញ ដូចជាពណ៌ដើមនៃសសរ ជញ្ជាំង ចម្លាក់ គំនូរ សន្លឹកទ្វារបង្អួច ភាពស្រស់ស្អាតនៃបល្ល័ង្ក។ល។ យើងខ្ញុំក៏សូមឱ្យមានការលើកទឹកចិត្តចំពោះអ្នកជួសជុលទាំងអស់ឱ្យបានខ្ពស់ផងដែរ ពីសំ​​ណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ព្រោះមានបុរាណដ្ឋាន បុរាណវត្ថុខ្មែរច្រើនណាស់ ដែ​ល​ត្រូវការអ្នកជួសជុលធ្វើការងារនេះដើម្បីសង្គ្រោះវត្ថុទាំងនោះឱ្យនៅរស់រវើកគ្រប់ជំនាន់។

បន្ថែមពីនោះ អ្នកជំនាញរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការជួសជុលបុរាណវត្ថុដែរថា៖ យើងគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី បើយើងមិនប្រយ័ត្ននៅ​ពេលឡើងឈរនៅលើរន្ទា ពេលខ្លះតកៅអីលើរន្ទាទៀតដើម្បីកោសលុបឬគូររូបទាំងនោះ។ ពេល​​កាន់​​ស្កាប៉ែលម្តងៗ (កាំបិតវះកាត់) ដើម្បីបកស្រទាប់ថ្នាំ ពេលខ្លះ​អាចនាំឱ្យ​មុតដៃ។ មិនតែប៉ុណ្ណោះក៏ប្រឈមនឹងបញ្ហាសុខភាពពេលប្រើប្រាស់សារធាតុគីមី​ផងដែរ។ កម្តៅថ្ងៃ ក៏ជា​បញ្ហា​សំខាន់​ចំពោះភាពអំណត់របស់ពួកយើងលើការងារដូចគ្នា។ ក្រៅពីប្រឈមមុខនឹង ខ្លួន​ឯងហើយ ក្រុមអ្នកជួសជុលត្រូវទទួលខុសត្រូវលើការងារខ្លួនឯងខ្ពស់ បើភ្លាត់តែបន្តិច អាចធ្វើឱ្យរូបនិងវត្ថុបុរាណទាំងនោះខូចទ្រង់ទ្រាយដើមទាំងស្រុង។ រឹតតែសំខាន់ជាងនេះ ទៅទៀត ពួកយើងក៏មានសម្ពាធផ្លូវចិត្តដែរ នៅពេលដែលការខិតខំប្រឹងប្រែងរបស់យើង ធ្វើអស់ពីលទ្ធភាពហើយ បែរជាគេថាធ្វើការយឺត។ កញ្ញាក៏ទទួលស្គាល់ដែរចំពោះបញ្ហា​យឺ​ត​យ៉ាវ ធ្វើបានចំនួនតិច តែត្រូវដឹងថា ការងារនេះមិនមែនធ្វើឱ្យតែរួចពីដៃទេ គឺត្រូវការភាព ផ្ចិតផ្ចង់ ជំនាញ អត់ធ្មត់ ស្រឡាញ់ វិភាគ សិក្សា ធ្វើតេស្តគ្រប់វត្ថុ និងពេលវេលាសមរម្យ ដើម្បីធ្វើបានល្អ៕