Wednesday, April 10, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងារចម្រុះបានកំពុងអនុវត្តការងារជាអាទិភាព ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់ពីថ្ងៃប្រកាសរហូតមកដល់ថ្ងៃនេះ មានចំនួន ៧០ថ្ងៃគត់ ដែលបានធ្វើកិច្ចការងារជាច្រើនជុំវិញបញ្ហាបឹងទន្លេសាបមានក្រុមការងារចម្រុះ ដូចជាក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនបានរួមសហការជាមួយមន្ត្រីអាជ្ញាធរខេត្តមួយចំនួន បានស្រុះគ្នាចុះធ្វើការជាបន្តបន្ទាប់ ដែលការងារខ្លះបានបង្ហោះផ្សព្វផ្សាយ និងការងារខ្លះត្រូវចុះជាប់ជាប្រចាំដោយមិនបានបង្ហោះផ្សព្វផ្សាយជាសាធារណៈបាននោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នោក្នុងរយៈពេល ៧០ថ្ងៃនេះ គឺបានសម្រេចការងារច្រើន លាយឡំគ្នា តែការងារភាគច្រើនដែលក្រុមការងារចម្រុះ បានអនុវត្តដោយផ្ទាល់មូលដ្ឋានរួមមាន៖

១- ការផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធក្នុងតំបន់ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នផែនទីឡើងវិញ ដោយកំណត់តំបន់១, ២ និង៣ ស្ថិតនៅចំណុចណាមួយ និងតំបន់ណាដែលអាចត្រូវកាត់ឆ្វៀល ។

២- ការរៀបចំបោះបង្គោលកំណត់ព្រំដី ដែលបានរាជរដ្ឋាភិបាល បានអនុម័តថវិកាចំនួន ៤លានដុល្លារ ជាជំហានមួយសម្រេចក្នុងបោះបង្គោល ដោយចាប់ផ្តើមបណ្តើរៗហើយ ដើម្បីបង្កាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ បឹងបួ នៅទូទាំងប្រទេស៕









សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗ សំដៅលើការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយមរយៈពេលមធ្យមនិងវែង គឺជាការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី « បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំពោះបញ្ហាបឹងទន្លេសាប យើងត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពនិងចីរភាព




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម សម្ដេចបានផ្ដល់គោលការណ៍ឱ្យរួមគ្នាធ្វើកិច្ចការងារក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលនៅតែមានបញ្ហាទន្រ្ទានកាន់កាប់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតិបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។


សម្តេចធិបតី បានថ្លែងបន្តថា នាពេលកន្លងទៅក៏មានអ្នកវិភាគមួយចំនួន បានលើកឡើងថា បទបញ្ជារបស់នាយករដ្ឋមន្ត្រី បានដាក់ចេញហើយ ប៉ុន្តែមិនមានប្រសិទ្ធិភាពទេ ស្ងាត់ឈឹង ពោលគឺគ្មានមន្ត្រីធ្វើអ្វីទាំងអស់។ ត្រង់ចំណុចនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា វិធីសាស្ត្រនៅក្នុងការធ្វើការងារមានច្រើន ជាពិសេសការដោះស្រាយបញ្ហាធំៗដូចជាបញ្ហាបឹងទន្លេសាបនេះជាដើម ត្រូវមានវិធីសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា ឈានទៅរកការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក


នៅក្នុងឱកាស «បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធិភាព និងសក្ដិសិទ្ធិភាពគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ស្តីពីការធានាឱ្យមានលទ្ធភាព និងការគ្រប់គ្រងទឹក និងមានចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា។ ដូច្នេះ ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលតែងយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិងប្រទេសមួយចំនួននៅលើលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ



ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់និងសកលលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទេនោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ជាក់ស្តែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍនប្រកបដោយចីរភាព ធនធានទឹក ត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ស្តីពីការធានាឱ្យមានលទ្ធភាពនិងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីតួនាទីនិងភារកិច្ចចម្បងចំនួន៦ចំណុច របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព)




នៅក្នុងកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មហៅកាត់ថា (គ.ផ.គ.ព) កាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ចំនួន ៦ ចំណុច។


នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានឱ្យដឹងថា គោលបំណងនិងភាពចាំបាច់នៃការបង្កើត គ.ផ.គ.ព ដើម្បីដើរតួនាទីជាសេនាធិការប្រឹក្សាយោបល់របស់រាជរដ្ឋាភិបាលដែលមានតួនាទីសំខាន់ក្នុងការផ្តល់យោបល់លើការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការលើកកម្ពស់កំណើនសេដ្ឋកិច្ច-សង្គមនៅប្រទេសកម្ពុជាប្រកបដោយចីរភាព ដ៏ដូចជាបន្តចូលរួមធ្វើឱ្យមានសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់ និងសេដ្ឋកិច្ចសកលលោក។


នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតនូវតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ក្នុងនោះរួមមាន៖ 

១- ពិនិត្យមើលលើភាពខ្លាំង និងខ្សោយនៃគោលនយោបាយពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារបស់ប្រទេសកម្ពុជាដោយផ្តោតលើប្រសិទ្ធភាពនៃការអនុវត្ត និងភាពដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

២- រៀបចំជំនួយស្មារតីលើផ្នែកគោលនយោបាយពាណិជ្ជកម្ម សក្តានុពលពាណិជ្ជកម្មទាំងទំនិញ និងសេវាអាទិភាព

៣- ផ្តល់ចំណុចសំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មរបស់ប្រទេសឬតំបន់ដែលប្រមុខរាជរដ្ឋាភិបាលត្រូវធ្វើដំណើរទស្សនកិច្ច

៤- លើកយោបល់អំពីទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្តានុពលដែលកម្ពុជាគួរចរចាក្នុងកម្រិតទ្វេរភាគី និងពហុភាគីដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

៥- តាមដានការវិវត្តន៍នៃស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាការប្រែប្រួលនៃគោលនយោបាយសេដ្ឋកិច្ច និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក

៦- ធ្វើការវាយតម្លៃលើសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដើម្បីផលិតទំនិញអាទិភាពសម្រាប់ការនាំចេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា តួនាទី និងភារកិច្ចខាងលើនេះទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកទាំងអស់នៃគណៈកម្មាធិការ ដើម្បីធានាឱ្យបាននូវគោលនយោបាយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ។ បន្ថែមពីលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តមានកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយហេតុថា កិច្ចសហការនេះគឺជាកត្តាសារវ័ន្តក្នុងការអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបទៅដោយប្រសិទ្ធភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងអំពាវនាវឱ្យបន្តថែរក្សា នូវសុខដុមនីយកម្មជាតិសាសន៍



(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ។


បន្ថែមពីនេះ សម្តេចក៏បានអរគុណ បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ​ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍។


សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃពុធ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ២កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤


ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ​ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជាដែលបានស្វែងរកមកយ៉ាងលំបាក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។


ខ្ញុំសូមបួងសួងសុំឱ្យបងប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកបដោយ សុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ»៕