នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ទិត សុធា និងឯកឧត្តម
ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ
ចុះជួយឃុំកុមាររាជា តំណាងរបស់ឯកឧត្តម
ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកុមាររាជា ក្នុងស្រុកបាទី
ខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិក្រាំងពង្រ
ប្រមាណជា៥០នាក់ ដើម្បីធ្វើការបកស្រាយនូវចំងល់
និងពាក្យចចាមអារាមពាក់ព័ន្ធនឹងការស្ដារស្រះទឹកក្នុងភូមិ។
គួរបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ដែលដឹកនាំដោយ ឯកឧត្តម ស្វាយ ស៊ីថា ជាប្រធាន
បានចុះមកធ្វើការសិក្សា និងបើកការដ្ឋានស្តារស្រះទឹកទាំង១៥ក្នុងឃុំកុមាររាជា កាលពីទី១១ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋក្នុងភូមិទាំង១៣ នៃឃុំកុមាររាជា បានសម្តែងការអបអរសាទរ
និងចូលរួមសហការដោយក្តីរីករាយជាមួយក្រុមការងារថ្នាក់ជាតិ ប៉ុន្តែថ្មីៗនេះមានពត៌មានបំពុលមួយចំនួន ពីសំណាក់សកម្មជនបក្សនយោបាយខ្លះ
ដែលបានរាំងស្ទះដល់ដំណើរការចូលរួមរបស់ប្រជាពលរដ្ឋក្នុងភូមិក្រាំងពង្រ ក្នុងការស្តារស្រះទឹក។
កន្លងមក មេឃុំ មេភូមិ សមាជិកក្រុមប្រឹក្សាឃុំ នៃភូមិទាំង១៣
ក្នុងឃុំកុមាររាជា បានធ្វើការជួបប្រជុំជាមួយប្រជាពលរដ្ឋតាមភូមិនីមួយៗ ដើម្បីផ្តល់ជាពត៌មាន
និងសុំការសហការពីប្រជាពលរដ្ឋក្នុងការជួយទិញអាចម៍ដី
ក្នុងតំលៃសម្បទាន គឺក្នុងមួយឡានចំណុះ ៥ម៉ែត្រគីប តំលៃ
១៧០០០រៀល ដែលថោកជាងតំលៃទិញលក់លើទីផ្សារពាក់កណ្តាល។
ការជួយទិញអាចម៍ដីនេះ ក្រៅពីជួយសម្រួលដល់ដំណើការស្តារស្រះទឹកក្នុងភូមិហើយ ថែមទាំងជួយប្រជាពលរដ្ឋឱ្យទទួលបានអាចម៍ដីក្នុងតំលៃថោកសមរម្យ
សម្រាប់ចាក់លំនៅដ្ឋានរបស់គាត់ទៀតផង។ ទោះយ៉ាងណាតាមការបញ្ជាក់ពី ឯកឧត្តម
ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណារិទ្ធ ការសុំឱ្យប្រជាពលរដ្ឋចូលរួមវិភាគទានដោយការទិញអាចម៍ដីនេះ
គឺជាគោលការណ៍ស្មគ្រ័ចិត្ត ដោយមិនមានការបង្ខំទេ។
តំណាងក្រុមការងារថ្នាក់ជាតិ បានបន្ថែមថា ដោយមើលឃើញ
បញ្ហាទឹកជាបញ្ហាប្រឈមប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ហើយស្រះទឹកទាំង១៣ភូមិ ក្នុងឃុំកុមាររាជា កំពុងជួបបញ្ហារឹងនោះ ឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានផ្តួតផ្តើមគំនិត
ស្តារស្រះទឹកទាំង១៣នេះឡើងវិញ
ដោយក្នុងនោះមានស្រះសរុបចំនួន១៥ ដែលត្រូវស្តារ
ដែលចំណាយថវិកាសរុបប្រមាណជា៦ម៉ឺនដុល្លារអាមេរិក
ដោយក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា នៃស្រុកបាទី ខេត្តតាកែវ មិនមានកញ្ចក់ថវិកាសម្រាប់ការងារនេះទេ ដូច្នេះគឺមានការតែបរិច្ឆាគថវិកាផ្ទាល់ខ្លួន របស់ក្រុមការងារចុះឃុំកុមាររាជាទាំងអស់ ហើយថវិកាមួយចំនួនទៀតដែលនៅខ្វះ គឺតម្រូវឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការទិញអាចម៍ដីនៅតាមភូមិរៀងៗខ្លួនរបស់គាត់។ ឆ្លើយតបនិងបញ្ហានេះ លោក លឹម លី សមាជិកក្រុមប្រឹក្សាឃុំ និងលោក មាស ង៉ែត
មេភូមិក្រាំងពង្រ បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិក្រាំងពង្រទាំងអស់ថា ប្រសិនបើបងប្អូនចង់បានស្រះទឹកប្រើប្រាស់
សូមបងប្អូននាំគ្នាទិញអាចម៍ដីអោយបានច្រើន។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ បន្ទាប់ពីសាកសួរសំនួរ
លើកជាចម្ងល់ និងបកស្រាយនូវពត៌មាន បំពុលមួយចំនួនរួចហើយ
ប្រជាពលរដ្ឋក្នុងភូមិក្រាំងពង្រ ដែលបានចូលរួមទាំងអស់
បានសំដែងការអបអរសាទរ និងបានបញ្ជាក់ថាពួកគាត់នឹងចូលរួមទិញអាចម៍ដីគ្រប់ៗគ្នាទៅតាមលទ្ធភាព ដើម្បីសំរួលដល់ដំណើរការស្តារស្រះទឹកក្នុងភូមិរបស់ពួកគាត់។
សូមបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា
ដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី
និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ដោយសម្លឹងមើលឃើញប្រជាពលរដ្ឋក្នុងឃុំ
កំពុងជួបប្រទះនូវការកង្វះខាតទឹក
មានតែស្រះ តែខ្វះទឹក ដោយតបតាមសេចក្តីត្រូវការជាចាំបាច់ ដែលមិនអាចខ្វះបាន ប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស រួមទាំងសមាជិកទាំងអស់បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែក្នុងខែឧសភា មួយខែ
សម្រាប់ចូលរួមក្នុងការស្ដារស្រះទឹកទាំង ១៥ ទូទាំងឃុំកុមាររាជា ហើយដែលសកម្មភាពស្តារស្រះ គ្រឿងចក្រកំពុងដំណើការយ៉ាងមមាញឹក ដោយគ្រាន់តែរយៈពេលប្រមាណ១៥ថ្ងៃមកនេះ ស្រះចំនួន៣ក្នុងឃុំ ត្រូវបានស្តាររួចរាល់ជាស្ថាពរហើយ៕
(អត្ថបទ៖ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា)
(អត្ថបទ៖ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា)