Sunday, November 06, 2016

ថ្នាក់ដឹកនាំ និងមន្ត្រី​ជាច្រើននាក់ នៃទីស្តីការគណៈ​រដ្ឋមន្រ្តី ដង្ហែរ​ក​ឋិនទានទៅកាន់​វត្តឧទម្ពរក្រោម ដើម្បីរួម​ចំណែកទ្រទ្រង់​វិស័យព្រះពុទ្ធសាសនា

នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ  ឯកឧត្តម ស៊ូ ភិរិន្ទ និងលោកជំទាវ ​ឯកឧត្ដម ជីវ កេង និងលោកជំទាវ  តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ បានដឹកនាំកឋិនទាន ដែលបានផ្តូចផ្តើមគំនិតដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ   រួមជាមួយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងមន្រ្ដីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយនិងពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែយកទៅវេប្រគេន ដល់ភិក្ខុសង្ឃ ដែលគង់ចាំព្រះវវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ដ ឧទម្ពរក្រោម ស្ថិតក្នុងភូមិកំពុង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ខេត្តតាកែវ។


អង្គកឋិនទានសាមគ្គីនេះ ត្រូវបានប្រារព្ធធ្វើឡើងតាមគន្លងប្រពៃណីយព្រះពុទ្ធសាសនា  ដោយបានដង្ហែប្រទក្សិណ ៣ ជុំព្រះវិហារ រួចវេអង្គកឋិនទាន ប្រគេនព្រះសង្ឃ ដើម្បីក្រាលគ្រង និងធ្វើសង្ឃកម្មតាមពុទ្ធានុញ្ញាត។

ព្រះមហាកល្យាណមិត្តោ លី ម៉ុនថា ព្រះគ្រូចៅអធិការវត្តឧទុម្ពរ ក្រោមបានមាន ថិរៈ ដិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពុទ្ធបរិស័ទ ទាំងអស់ ដែល មានសទ្ធាជ្រះថ្លាបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានការរីកចំរើន ថែមទៀត។


បច្ច័យសង្កត់ត្រ័យដែលប្រមូលបានពីបុណ្យកឋិនទាននាពេលនេះ មានចំនួន សរុប១២០លានរៀល ត្រូវបានវេប្រគេនព្រះសង្ឃ  សំរាប់យកទៅជួសជុលព្រះវិហារ និងកសាងកុដិ ធម្មត្រ័យថ្មី១ខ្នងដែលមានបណ្ដោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្ពស់១៩ម៉ែត្រ  ប្រើប្រាស់ជាប្រយោជន៍ នៅក្នុងទីអារាម ឲ្យកាន់តែមានភាពល្អប្រសើរ ថែមទៀតសាកសមជាទីសេនាសេនៈ សំរាប់ប្រជាពុទ្ធបរិ ស័ទ គ្រប់រូបមកសិក្សារៀនសូត្រធម៌វិន័យ៕