Friday, April 23, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន

នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច លោកនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយលោកនាយករដ្ឋមន្រ្តី និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំហាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «សូមជូនពរ បងប្អូនជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ ជាពិសេសចៀសឆ្ងាយពីជម្ងឺកូវីដ-១៩ និងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភារកិច្ចអ្វីចាំបាច់ ដើម្បីរួមគ្នាការពារជម្ងឺកូវីដ-១៩» ។

ព័ត៌មាននៃកិច្ចប្រជុំទាំងអស់នឹងផ្សាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមកម្មវិធីជាបន្តបន្ទាប់៕

 



ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នាឱកាសនៃការចុះសួរសុខទុក្ខនោះ លោក ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់ប្រជាពលតដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបាននាំយកអំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ FUTO ចំនួន ១០កេស, ទឹកផ្លែឈើ Freshy ចំនួន ០៥ កេស, ទឹកដោះគោជូ Freshy ចំនួន ០៥ កេស, មីកំប៉ុងចំនួន ០៦ឡូ (៧២ កំប៉ុង), ម៉ាស់ ចំនួន ១០ ប្រអប់ និងអាល់កុលចំនួន ១០ លីត្រ ៕




អំណោយជាគ្រឿងឧបភោគបរិភោគត្រូវបានផ្តល់ជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កទឹកហូត

 កំពង់ឆ្នាំង៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកស្រី គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ទូទាំងប្រទេស និងជាប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ប្រចាំខេត្តកំពង់ឆ្នាំង និងសហការី បានសួរសុខទុក្ខក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទឹកហូត ស្រុករលាប្អៀរ។

ក្នុងឱកាសនោះលោកស្រីបាននាំយកនូវសម្ភារៈរួមមាន៖ ទឹកសុទ្ធ១០០យួរ និង១០កេស ក្រមា៣០ និងថវិកា ៥០០,០០០រៀល ជូនដល់មណ្ឌលចត្តាឡីស័កទឹកហូត សម្រាប់យកទៅប្រើប្រាស់ជាតម្រូវការក្នុងពេលបរិបទកូវីដ-១៩។

លោកស្រី បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការគឺ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕





អភិបាលខេត្តបន្ទាយមានជ័យ ប្រគេន និងផ្តល់អំណោយជូនប្រជាពលរដ្ឋខ្វះខាត

 បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមប្រគេន និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃចំនួន ២វត្ត (វត្តសមិទ្ធផល និងវត្តសិរីមង្គល) និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចំនួន ៦០ គ្រួសារ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាអំណោយឧបត្ថម្ភរបស់លោក ឈឹម សារឿន (ហៅចិនខ្មៅ) ម្ចាស់ផ្សារ និងភោជនីដ្ឋានមហាសាល និងគ្រួសារ ។

អំណោយប្រគេន និងផ្តល់ជូនរួមមាន៖
១-ចំនួន ២វត្ត (វត្តសមិទ្ធផល និងវត្តសិរីមង្គល) ក្នុង១វត្ត អង្ករ ៩០គីឡូក្រាម មី៣កេស ទឹកបរិសុទ្ធ ៦យួរ ទឹកស៊ីអុីវ ៣យួរ
ទឹកត្រី៣យួរ និងថវិកាមួយចំនួន
២-ប្រជាពលរដ្ឋ ៦០គ្រួសារ ក្នុង១គ្រួសារ អ្ករ ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងទឹកបរិសុទ្ធ១យួរ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថ្លែងអំណរគុណដល់ លោកឈឹម សារឿន ជាអាជីវករ ដែលបានចូលរួមជាមួយអាជ្ញាធរខេត្ត ដើម្បីថោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ១៩ ជាសកលនេះ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕






ស.ស.យ.ក ស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារជូនដល់បងៗកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែងដែលកំពុងឈរជើងបំពេញការងារ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ចេង ចាន់ដូណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់លែង តំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារជូនដល់បងៗកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដែលកំពុងឈរជើងត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់លែង ចំណុចកំពង់ដរកំពង់ហៅ ឃុំកំពង់ហៅ។

សម្ភារដែលបានប្រគល់ជូនដល់បងៗកងកំលាំងរួមមាន៖ ទឹកសុទ្ធ ៣០ យួរ មីកំប៉ុង ១០ យួរ ទឹកក្រូចទឹកផ្លែឈើ ៥ កេស ម៉ាស ១០ ប្រអប់ ស្មើនឹង ៥០០ សន្លឹក និងអាល់កុលចំនួន ១០ លីត្រ ដើម្បីជាការរួមចំណែកលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះបងៗកងកំលាំងដែលបានចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ កុំអោយកើតមានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក៕





រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

 ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖




រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុនៃខេត្តព្រះសីហនុរយៈពេល១៤ថ្ងៃ

 ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៣ខែមេសា ដល់ ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២១ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សូមអានសេចក្តីសម្រេចដូចខាងក្រោម៖




អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការខេត្ត និងលោកស្រី ហេង លីនដា ព្រមទាំងក្រុមគ្រួសារ

 ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ហេង លីនដា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភនូវសម្ភារមួយចំនួនដូចជា អង្ករចំនួន៨០បាវ ក្នុងបាវ​២៥​គីឡូក្រាម ស្មើនឹង២,០០០គីឡូក្រាម ,មីចំនូន ២៤០កេសតូច ,ម៉ាសចំនួន១៦កេសធំ ស្មើនឹង៤០,០០០ម៉ាស និងអាល់កុលចំនួន ៨កាន ។

មានប្រសាសន៍នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា យើងមានវត្តមានជំងឺកូវីដ១៩ ក៏ដូចជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបិទការឆ្លងកាត់ការធ្វេីដំណេីរពីខេត្តមួយទៅខេត្តមួយ នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លង រីករាល នៃជំងឺនេះយ៉ាងសកម្ម ជាពិសេសការអនុវត្តនូវសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ទន្ទឹមនេះ កន្លងមករដ្ឋបាលខេត្ត បានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ខេត្ត ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ មួយចំនួនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលនេះ ដែលសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងបរិបទនាពេលបច្ចុប្បន្ន។ លោក ក៏បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕





ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំស្ដីពីការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង២៥

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ហេង ពិទូ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ តាមរយៈប្រព័ន្ធអេឡិចត្រូនិកដោយប្រើប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង(FMIS) ដោយមានការចូលរួមពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានអង្គភាពលទ្ធកម្ម។

នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង (FMIS) ស្ដីពីទិដ្ឋភាពទូទៅរបស់គម្រោង និងលក្ខខណ្ឌតម្រូវការសម្រាប់ការអនុវត្តគម្រោង (FMIS)។ កម្រងសំនួរសិក្សាស្វែងយល់លើនីតិវិធីអនុវត្តការងារបច្ចុប្បន្ននិងលក្ខខណ្ឌតម្រូវការរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការដាក់ប្រើប្រាស់ប្រព័ន្ធ៕





ក្រសួងអប់រំ បន្តរៀបចំដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់បុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញ

 នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យ អប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន នៅតែបន្តទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២ ក្រោមការរៀបចំផ្ដល់សេវាផ្ដល់វ៉ាក់សាំងដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល នៅតាមមណ្ឌលចំនួន១៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងស្នើសុំ ឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២ នៅខណ្ឌដែលខ្លួនរស់នៅ ជៀសវាងការធ្វើដំណើរឆ្លងខណ្ឌ និងត្រូវចាក់នៅទីតាំងដែលក្រសួងបានរៀបចំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងលើកទី១មកជាមួយ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នេះ ជាវិធានការតែមួយគត់ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព និងដើម្បីការពារបុគ្គលិកអប់រំ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអង្គការគ្រប់រូប កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឬ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះបីឆ្លងជំងឺកូវីដ-១៩ ក៏ដោយ៕







លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវពលរដ្ឋគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ

 លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គិតមកដល់ថ្ងៃទី២៣ ខែមេសាមនេះ ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ត្រូវបានដាក់ឱ្យអនុវត្តបានរយៈពេល៩ថ្ងៃ មកហើយ ក្រៅពីបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រាជរដ្ឋាភិបាលក៏បន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសផងដែរ។

តាមរយៈ Facebook នៅថ្ងៃទី២៣ ខែមេសានេះ លោក ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីអំពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យើងរួមគ្នាស៊ូលំបាកក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តក្នុងរយៈពេលវែង»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕