Tuesday, October 10, 2017

ទស្សនៈមិត្តអ្នកអាន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការអភិវឌ្ឍជាតិ

នៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់រាប់មិនអស់ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅដែលបានដាក់ចេញតាំងពីដើមឆ្នាំ២០១៣ មក ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការធ្វើកែទម្រង់រដ្ឋឱ្យកាន់តែស៊ីជ្រៅ កាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយថែមទៀត សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែចំទិសដៅថែមទៀត។

ជាការកត់សម្គាល់ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើនប្រាក់បៀរវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ឱ្យមានជីវភាពកាន់តែប្រសើរឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ចជាតិ និងភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ដែលធ្វើឱ្យប្រាក់បៀរវត្សរបស់មន្ត្រីរាជការ បានកើនឡើង មិនតិចជាង១លានរៀលឡើយនៅឆ្នាំ២០១៨ នេះ។

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាព ព្រមទាំងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី រាជរដ្ឋាភិបាល បានខិតខំធ្វើការចរចាជាមួយតំណាងក្រុមសហជីព និងនិយោជក ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំជូនដល់កម្មករ ហើយជាលទ្ធផលប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ក្នុងវិស័យវាយណភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៨ មានចំនួន១៧០ដុល្លារអាមេរិក ក្នុង១ខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ នេះមិនទាន់រាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត របស់កម្មករឡើយដែលត្រូវទទួលបានស្របតាមច្បាប់ ក្នុងនោះមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តឬទទួលបានអាហារមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារ ជាដើម។ សរុបមក កម្មករនិយោជិតម្នាក់ អាចនឹងទទួលបានប្រាក់ឈ្នួលជាមធ្យមរង្វង់ពី ១៨៧ ដល់ ១៩៨ដុល្លារអាមេរិក ក្នុង១ខែ។ នេះមិនទាន់គិតពីអត្ថប្រយោជន៍នៃការបញ្ចុះថ្លៃទឹក ភ្លើង ដោយរួមទាំងការតបណ្តាញ ទឹក ភ្លើង ទៅដល់បន្ទប់ជួលរបស់កម្មករនិយោជិតថែមទៀតផង។ កាយវិកាយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នេះ គឺមិនមានការចូលរួមពីគណបក្សប្រឆាំងបន្តិចសោះឡើយ។ តែផ្ទុយទៅវិញ គណបក្សប្រឆាំងតែងតែស្នើជាប្រចាំឱ្យបរទេស និងសហគមន៍អន្តរជាតិកាត់ជំនួយមកកម្ពុជា តើនេះឬជាសកម្មភាពស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋរបស់ពួកគេនោះ?
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាពិចារណា និងសូមផ្តល់នូវយុត្តិធម៌ ដល់រាជរដ្ឋាភិបាល ជាពិសេសផ្តល់នូវសច្ចៈធម៌ជាប្រវត្តិសាស្ត្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែរស់នៅរួមសុខរួមទុក្ខជាមួយបងប្អូននៅក្នុងគ្រប់កាលៈទេសៈដែលមានការលំបាក។
ថ្មីៗនេះថែមទៀត ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាពលរដ្ឋ ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈក្នុងការទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ ឱ្យមកថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ការសម្រួលជាមួយក្រុមហ៊ុនសុខា បានឡើងទស្សនារមណីយដ្ឋានបូកគោដោយមិនបាច់បង់ថ្លៃ និងភាពអនុគ្រោះដទៃទៀតរាប់មិនអស់ ដែលប្រជាពលរដ្ឋគ្រប់រូប នឹងអាចធ្វើដំណើរ ឬឡើងទស្សនាកំសាន្ត ដោយមិនបាច់បង់ថ្លៃដូចមុនតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះជាការគិតគូរថ្មីមួយទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលគោលនយោបាយមួយនេះត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយជាអាទិភាពផ្សេងទៀត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ដូច្នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខក្នុងសករាជថ្មី នៃការអភិវឌ្ឍនេះ បានធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍខ្លួនចេញពីប្រទេសដែលមានចំណូលតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខណៈដែលបច្ចុប្បន្ននេះតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចំណូលសរុបរបស់ប្រជាពលរដ្ឋម្នាក់ៗ (GDP per Capita) អាចមានក្នុងរង្វង់ ១៤២២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៧នេះ។
នេះគឺពិតជាមោទនភាពរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ដែលរូបសញ្ញាទេវតាបាចផ្កា (នៃគណបក្សប្រជាជនកម្ពុជា) គឺជានិមិត្តរូបនៃការអភិវឌ្ឍជាតិ យ៉ាងពិតប្រាកដ៕
ដោយ៖ សួន ចំរើន

លោក សុខ ឥសាន្ត៖ ការស្នើរបស់អ្នកវិភាគ និងក្រុមប្រឆាំង គឺជាទស្សនៈឡប់ៗ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានថ្លែងប្រតិកម្មទៅនឹងសម្តីរបស់អ្នកវិភាគ និងបក្សពួកប្រឆាំង ដែលនិយាយទាមទារឲ្យដោះលែងលោក កឹម សុខា។ ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង លើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស ស្នើឲ្យមានវប្បធម៌សន្ទនា និងស្នើឲ្យព្រះមហាក្សត្រដោះស្រាយ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃ ២៣ តុលា ២០១៧ ដែលជាថ្ងៃខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថា ចង់ឲ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយនៅកម្ពុជា។

បើតាមលោក សុខ ឥសាន្ត ទស្សនៈបែបនេះ គឺការបញ្ចេញទស្សនៈ បែបឡប់ៗ គឺជារឿងដែលមិនអាចកើតឡើង។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត បានហៅការបញ្ចេញមតិខាងលើ របស់ក្រុមប្រឆាំងថា ជាការបញ្ចេញទស្សនៈឡប់ឡែ ដែលរឿងទាំងនោះមិនអាចកើតឡើងទៅរួចនោះទេ។ លោកពន្យល់ថា វប្បធម៌សន្ទនាបានស្លាប់បាត់ទៅហើយ ដោយសារភាពមិនស្មោះត្រង់របស់មេបក្សប្រឆាំង។ ម្យ៉ាងទៀត ព្រះមហាក្សត្រទ្រង់មិនកាន់ជើងអ្នកប្រព្រឹត្តល្មើសច្បាប់ ដូចលោក កឹម សុខា ដែលប្រព្រឹត្តអំពើក្បត់ជាតិ ចង់នាំប្រទេសជាតិ ដាក់ក្រោមនឹមត្រួតត្រាបរទេសដូចអតីតកាល។ លោក សុខ ឥសាន្ត អះអាងថា ការចង់ឲ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា នោះអត់ផ្លូវទេ។ មន្ត្រីជាន់ខ្ពស់ទូតអាមេរិក និងអឺរ៉ុប បានបញ្ជាក់ហើយថា ការងារសេដ្ឋកិច្ច លក្ខ័ណ្ឌការងាររបស់កម្មករនិយោជិតល្អនៅកម្ពុជា មិនបានផ្សារភ្ជាប់ជាមួយបញ្ហាដទៃទៀតទេ។ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅតែបើកទូលាយទីផ្សារសម្រាប់មកម្ពុជា និងបង្កើនការនាំចូលផលិតផលឧស្សាហកម្មពីកម្ពុជា។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែលរូបនេះបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំដោះស្រាយបញ្ហាកម្ពុជាតែពេលណាមសនការឈ្លានពានពីខាងក្រៅដែលប៉ះពាល់ដល់ឯករាជ្យភាព អធិបតេយ្យជាតិកម្ពុជា និងនាំឲ្យអន្តរាយដល់ភាពមិនអាចបំបែកបានរបស់កម្ពុជាប៉ុណ្ណោះ ។ ក្រៅពីនេះ គេមិនលូកដៃចូលទេ ។

លោក កឹម សុខា បានប្រព្រឹត្តបទល្មើសសន្និដ្ឋិភាពជាមួយបរទេស បង្កើតអំពើប្រទូសរាយ ដល់ផលប្រយោជន៍ប្រទេសជាតិ ដែលត្រូវប្រឈមចំពោះមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាពីបទក្បត់ជាតិ។ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនបានបង្កើតទោសជូនលោក កឹម សុខា ទេ តែលោក កឹម សុខា បានប្រព្រឹត្តបទល្មើសខ្លួនឯង ហើយច្បាប់ជាអ្នកចោទទោសរបស់លោក កឹម សុខា។ ដោយឡែក ពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង គឺយោងទៅតាមអំពើប្រព្រឹត្តរបស់សាមីគណបក្ស ដែលត្រូវប្រឈមនឹងមាត្រា៦ថ្មី មាត្រា៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

យ៉ាងណាក៏ដោយបើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រឿងទាំងអស់ពាក់ព័ន្ធនឹងមេដឹកនាំបក្សប្រឆាំង និងបក្សប្រឆាំង គឺកើតឡើងពីទង្វើ និងអំពើប្រព្រឹត្តរបស់សាមីជន និងសាមីគណបក្សតែប៉ុណ្ណោះ កុំបន្ទោសលើអ្នកដទៃ៕

ទិវាសុខភាពភ្នែកពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក»

លោកឧបនាយរដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅ១០ថ្ងៃទី ខែតុលា ឆ្នាំ២១០៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួប២០ឆ្នាំ នៃមន្ទីរពេទ្យភ្នែកតាកែវ និងទិវាសុខភាពភ្នែកពិភពលោក នៅខេត្តតាកែវ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក» ។
លោកឧបនាយរដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះសមិទ្ធិផល ជាទីមោទនៈដែលអង្គការការីតាសកម្ពុជា សម្រេចបាន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ដែលរួមមាន ការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដាអន្តរជាតិដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ លោកបានបន្តថា ក្នុងរយៈ ពេល២០ឆ្នាំមកនេះ មន្ទីរពេទ្យភ្នែកតាកែវ បានផ្តល់ការព្យាបាល និងផ្តល់គំហើញដល់ប្រជាពលរដ្ឋ សរុបចំនួន ៤៣៨០៧១ នាក់ ទទួលអ្នកជំងឺសំរាកពេទ្យបានចំនួន ៩៨១៧០ នាក់ និងវះកាត់ ជំងឺភ្នែក បានចំនួន ៦៥៤៥៤ នាក់។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា សុខភាពភ្នែក គឺជាបញ្ហាសំខាន់សម្រាប់មនុស្សគ្រប់រូប តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក នៅលើពិភពលោកយើងបច្ចុប្បន្ននេះ មានមនុស្សចំនួន ២៨៥ លាននាក់ កំពុងមានបញ្ហាគំហើញ ក្នុងនោះ ៩០% ស្ថិតក្នុងប្រទេស កំពុងអភិវឌ្ឍន៍។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា តាមរបាយការណ៍របស់កម្មវិធីជាតិយ៉ាងហោច ណាស់ មានអត្រាប្រេវ៉ាឡង់នៃជម្ងឺភ្នែកមាន ០.៣៨% លើមនុស្សទូទៅ និង ២.៨% លើមនុស្ស ដែលមានវ័យចាប់ពី៥០ឆ្នាំឡើង។ ក្នុងចំណោមអ្នកមានបញ្ហាភ្នែក៥ករណី មាន៤ករណី ដែលអាច ចៀសវាងបាន ដូច្នេះរាល់សកម្មភាពរបស់មន្ទីរពេទ្យភ្នែកតាកែវ ក្នុងការជំរុញ និងលើកកម្ពស់ សកម្មភាពផ្សព្វផ្សាយ ការផ្តល់ចំណេះដឹងផ្នែកសុខភាពភ្នែក ការពិនិត្យព្យាបាល និងការផ្តល់ គំហើញ ដល់ប្រជាពលរដ្ឋទាំងនៅមន្ទីរពេទ្យ និងក្នុងសហគមន៍ ពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានលើកឡើងថា ថ្ងៃនេះមិនត្រឹមតែជាការប្រារព្ធ ខួប២០ឆ្នាំ នៃមន្ទីរពេទ្យភ្នែកតាកែវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃដែលពិភពលោកទាំងមូល ប្រារព្ធទិវា សុខភាពភ្នែកពិភពលោកផងដែរ។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក» ។ កម្ពុជាសូមចូលរួមចំណែកជាមួយពិភពលោក ក្នុងការកាត់បន្ថយអត្រាពិការភ្នែក ឱ្យបាន២៥% នៅក្នុងឆ្នាំ២០១៩។
មានប្រសាសន៍ក្នុងពិធីនេះ លោក តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានលើកឡើងថា បើយោងតាមការប៉ានប្រមាណ ពីអង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារបង្កាភាពពិការភ្នែក (IAPB) គឺនៅលើពិភពលោកយើង មានមនុស្សប្រហែល២៨៥លាននាក់ មានបញ្ហាគំហើញ ដែលក្នុងនោះ៣៩លាននាក់ពិការភ្នែក និង២៤៦លាននាក់ មានគំហើញខ្សោយ។ នៅក្នុងប្រទេស កម្ពុជាយើងមាន ៥២៥,៧២១នាក់ ក្នុងចំណោមប្រជាជន ១៤,១០០,០០០។ លោកបន្ថែមថា មូលហេតុចម្បងនៃភាពចុះខ្សោយគំហើញ គឺបញ្ហាកំហុសកំណុំជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់ ក្នុងភ្នែក។ 65% នៃគំហើញខ្សោយ និង 82% នៃភាពពិការភ្នែក កើតមាននៅលើមនុស្សដែលមានអាយុលើស៥០ឆ្នាំ។
តាមការឱ្យដឹងពីលោក តែ សេរីបុណ្យ មន្ទីរពេទ្យភ្នែកតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយអង្គការម៉ារីណុល ផ្តើមចេញពីកម្មវីធី ស្តារនីតិសម្បទា សំរាប់ជួយព្យាបាលអ្នកជំងឺភ្នែក ដែលមានបញ្ហាភ្នែកតាមសហគមន៍។ លោកបានបន្ថែមទៀតថា ក្រៅពីសេវាកម្មពិនិត្យព្យាបាលភ្នែក មន្ទីរពេទ្យក៏បានបន្ថែមនូវកម្មវិធីបណ្តុះបណ្តាលគ្រូពេទ្យឯកទេសចក្ខុមូលដ្ឋាន (Basic Eye Doctor) និងចក្ខុគិលានុបដ្ឋាកមូលដ្ឋាន (Basic Eye Nurse) ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីពង្រីកសេវាកម្មថែទាំសុខភាពភ្នែក នៅតាមខេត្តនានាទូទៅប្រទេស ក្នុងគោលបំណងដើម្បីកាត់ បន្ថយអត្រាពិការភ្នែកនៅកម្ពុជា។
ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានបញ្ជាក់ឱ្យដឹងថា យោងតាមការអង្កេតបានឱ្យឃើញថា យើងទទួលបានលទ្ធផលជាវិជ្ជមានទាំងបរិមាណ (ប្រេវ៉ាឡង់ភាពពិការភ្នែកពី ៦.០% មកដល់ ២.៨%) និងគុណភាព លទ្ធផលក្រោយការវះកាត់អ្នកជំងឺមើលឃើញល្អបានកើនឡើងពី៥៥% រហូត ដល់៩៨% និងកាត់បន្ថយផលវិបាកពី៣៩%មកនៅត្រឹម៨%។ លោក តែ សេរីបុណ្យ ក៏បានថ្លែង អំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅ ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន រួមទាំងអង្គការដៃគូរនានា ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភឱ្យមន្ទីរពេទ្យមានដំណើរការរហូតមក ដល់ពេលនេះ៕









លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងថា កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធសាសនានៅមជ្ឈមណ្ឌល ពិព័រណ៌កោះពេជ្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។
នាឱកាសនោះលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មាន ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ដែលបានផ្តួចផ្តើមគំនិត ជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោក ដែលពិធីនេះ ត្រូវបានរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ និងដោយមានព្រះសង្ឃជាង១០០អង្គ និមន្តមកពីសំណាក់ព្រះសង្គកម្ពុជា និងបណ្តាប្រទេសផ្សេងៗរួមមាន៖ ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុងផងដែរ។ ពិធីបុណ្យនេះមានគោលបំណងឧទ្ទិសមគ្គផលកុសលជូនទៅជីដូន ជីតា បុព្វការីជន គ្រូបាអាចារ្យ សាច់សាលោហិតនិងបងប្អូនញាតិកាទាំងប្រាំពីរសន្តាន ដែលបានស្លាប់បាត់បង់ជីវិត កាលពីសម័យរបប ប៉ុល ពត ដោយសារការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ក្តី និងសម័យក្រោយៗមកទៀត និងគ្រោះថ្នាក់នៅកោះពេជ្រនេះក្តី ក៏សូមបួងសួងឱ្យដួងព្រលឹងអ្នកទាំងនោះ បានរួចរំដោះចាកផុតកងទុក្ខទាំងពួង និងបានទៅកាន់សុគតិឋានកុំបីអាក់ខានឡើយ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានបួងសួងសុំឲ្យពិភពលោកជាពិសេស កម្ពុជាសូមទទួលបាន នូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក៏សូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា៕




ថ្នាក់ដឹកនាំខេត្តរតនគិរីកម្ពុជា និងខេត្តអត្តពឺឡាវ បើកកិច្ចប្រជុំរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន

រតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តចូលរួមប្រជុំទ្វេភាគី ជាមួយប្រតិភូ ខេត្តអត្តពឺ របស់ឡាវ ដឹកនាំដោយ លោក ណាម វិញ៉ាកេត អភិបាលខេត្ត នៅសាលាខេត្តអត្តពឺ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តរតនគិរី និងខេត្តអត្តពឺ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយគ្នា។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាព័ត៌មានពីគ្នាទៅវិញទៅមក សំដៅដោះ ស្រាយបញ្ហារួមគ្នា រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមមានខ្លឹមសារ ១៤ចំណុច ដែលបាន អះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសអនុវត្តនូវសេចក្តីថ្លែងការណ៍ រួមទាំង ១០ចំណុច នៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV លើកទី០៩ កាលពី ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦។

យោងតាមស្មារតីនៃកិច្ចប្រជុំនោះ គឺបានបង្កលក្ខណៈដល់សមត្ថកិច្ចខេត្តទាំងពីរ ក្នុងការរក្សាការពារបរិស្ថាន ព្រំដែនឧទ្យានជាតិវីរៈជ័យ សហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និងឧក្រិដ្ឋកម្ម ឆ្លងដែន ដូចជាការដាំដុះ ផលិតដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស អាវុធជាតិផ្ទុះ រត់ពន្ធទំនិញ ខុសច្បាប់ និងការដឹកជញ្ជូនផល-អនុផលព្រៃឈើ និងបទល្មើសផ្សេងៗ គោរពបូរណភាពទឹកដី សហការ ជួយដល់គណៈកម្មការចម្រុះត្រួតពិនិត្យ និងបោះបង្គោលព្រំដែនកម្ពុជា ឡាវ ក្នុងការបោះបង្គោល និងត្រួត ពិនិត្យ ថែរក្សាការពារបង្គោលខណ្ឌសីមារព្រំដែន ដែលបានបោះរួចឱ្យគង់វង្ស ជំរុញឱ្យមានការ តាំងពិព័ណ៌ ពាណិជ្ជកម្ម លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដើម្បីបណ្តុះ បណ្តាលធនធានមនុស្ស ជាពិសេសជំរុញអ្នកវិនិយោគទុនលើវិស័យពាណិជ្ជកម្ម លើវិស័យនានានៅ ក្នុងខេត្តទាំងពីរ៕




លោកនាយករដ្ឋមន្រ្តី ផ្តល់អនុសាសន៍៧ចំណុច ដើម្បីអនុវត្តន៍គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីអនុវត្តន៍គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាព។

អនុសាសន៍សំខាន់ចំនួន៧ចំណុចរបស់លោកនាយករដ្ឋមន្រ្តីនាឱកាសនោះផ្តោតទៅលើ៖
ទី១- ត្រូវបន្តពង្រឹងគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអនុវត្តប្រព័ន្ធធនាគារ ប្រព័ន្ធធានាគុណភាព និងពង្រីកសមត្ថភាពបច្ចេកទេសគ្រូបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នផងដែរ។ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលបានអនុម័តរួច និងបន្តសមាហរណកម្មរវាងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាជាមួយក្របខណ្ឌគុណវុឌ្ឍិយោងអាស៊ាន។
ទី២- ត្រូវបន្តកែលំអរប្រព័ន្ធគ្រប់គ្រង់ព័ត៌មានអប់រំបណ្តុះបណ្តលបច្ចេកទេសវិជ្ជាជីវៈ និងពង្រីកប្រព័ន្ធព័ត៌មានទីផ្សារការងារ ព្រមទាំងពង្រឹងការវិភាគ ការព្យាករណ៍ទីផ្សារការងារ និងការស្រង់មតិលើតម្រូវការជំនាញ។
ទី៣- ត្រូវបន្តពង្រឹង និងពង្រីកទីភ្នាក់ងារជាតិមុខរបបរ និងការងារ មជ្ឈមណ្ឌលការងារ ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ វេទិកាការងារនិងមុខរបរ វេទិកាជាតិពិព័រណ៍ការងារនិងផ្តល់សេវាការងារឱ្យកាន់តែទូលំទូលាយ។
ទី៤- ត្រូវបង្កើនឱកាសបន្ថែមទៀតដល់ប្រជាជនដើម្បីទទួលបាននូវជំនាញសម្រាប់ជីវិតដោយយកចិត្តទុក្ខដាក់ ជាពិសេសលើស្ត្រី ជនរងគ្រោះ យុវជនទីទាល់ក្រ សិស្សដែលបានបោះបង់ការសិក្សា ពលករចំណាកស្រុក និងជនជាតិភាគតិច តាមរយៈការផ្តល់នូវជម្រើសសិក្សាផ្សេងៗដែលមានភាពបត់បែន។
ទី៥- ត្រូវបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងដល់សិស្សនិស្សិតរវាងប្រពន្ធ័អប់រំទូទៅ និង ប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈក្នុងនោះត្រូវផ្តល់អាហារូបករណ៍ ប្រាក់ឧបត្ថម្ភ និងអន្តេវាសិកឱ្យបានគ្រប់គ្រាន់ដល់ក្រុមគោលដៅ លើកទឹកចិត្តដល់សិស្សនិស្សិតឱ្យចូលមកសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង។
ទី៦- ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ន និងឯកជនឱ្យចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងគម្រោងដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌពហុភាគី ទ្វេភាគី ដើម្បីបន្តគៀងគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ទី៧- ត្រូវបំផុសនូវយុទ្ធនាការ បង្កើនផលិតភាពការងារ ទិន្នផលការងារ និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនៅក្នុងការទាក់ទាញវិនិយោគ និងការកើនឡើងនូវប្រាក់ឈ្នួលអប្បរមា៕





លោក ហ៊ុន សែន ថ្លែងថា ដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍ មិនអាចកើតមាននោះទេប្រសិនបើកម្ពុជាគ្មានសន្តិភាព

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មិនអាចកើតមានឡើងបាននោះទេ ប្រសិនបើកម្ពុជាគ្មានសន្តិភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដែលដឹកនាំដោយ លោក ផាន សុភា ដែលនេះជាលើកទី៤៤ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បានរៀបចំចេញដំណើរបន្តទៀត ដែលមានសមាជិកចំនួន២៩នាក់ ដែលនឹងគ្រោងចេញដំណើរពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ខាងមុខ ដែលមានរយៈពេល៥២ថ្ងៃ។
ក្នុងឱកាសសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូក្មួយៗយុវជនថា ដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មិនអាចកើតមានឡើងបាននោះទេ ប្រសិនបើកម្ពុជាគ្មានសន្តិភាព។ លោក ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាពមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយក៏ជាអ្វីដែលកម្ពុជាយើងបានរកបានមកដោយលំបាកជាទីបំផុត ហើយសន្តិភាពនេះគឺបានផ្ដល់ឱកាសដល់យុវជនបានចូលរួមក្នុងកម្មវិធីនាវាយុវជននៅពេលនេះ។ គោលដៅនៃការធ្វើដំណើរនេះ គឺដើម្បីពង្រឹងនូវមិត្តភាពរវាងប្រជាជន និងប្រជាជន និងរវាងប្រទេសអាស៊ីអាគ្នេយ៍ និងជប៉ុន ហើយកសាងសាមគ្គីភាពរវាងប្រជាជននៅអាស៊ីអាគ្នេយ៍ និងជប៉ុនផងដែរ។ នាវាយុវជន គឺបានបង្កើតឡើនៅឆ្នាំ១៩៧៤ តាមរយៈការដំណើរទស្សនកិច្ចលើនាវានៅដែលត្រូវឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក ពីជប៉ុនមកកាន់កម្ពុជា ហើយបន្តទៅកាន់ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ហើយវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាន៍ផងដែរថា មានសន្តិភាពតែមួយមុខ តែគ្មានគោលនយោបាយត្រឹមត្រូវ ក៏គ្មានឱកាសសម្រាប់យុវជនយើងទាំងអស់គ្នាដែរ។ ជាមួយគ្នានេះដែរ លោកបានជម្រាបជូនយុវជនអំពីយុទ្ធសាស្ត្រត្រីកោណ ដែលបានដាក់ចុះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានមុំ៣សំខាន់គឺ៖ ទី១- គឺធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា, ទី២- ធ្វើសមាហរណកម្មកម្ពុជាឱ្យឆាប់បំផុតក្នុងឆាកអន្តរជាតិ និងទី៣- ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុងគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយើងឱ្យបានឆាប់រីកចម្រើន។ ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនក្មួយៗប្រតិភូអំពីមូលហេតុ៤យ៉ាង ដែលនាំឱ្យកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ានគឺ៖ ១-គឺគោលការណ៍មិនជ្រៀតជ្រែកចូលផ្ទៃក្នុងប្រទេសដទៃ, ២-គឺស្មារតីសហគមន៍ធ្វើការតាមកុងសង់ស៊ីស, ៣-គឺផលប្រយោជន៍ខាងសេដ្ឋកិច្ច និង ៤-គឺច្រកចេញការទូតរបស់កម្ពុជាតាមអាស៊ាន មានកាន់តែច្រើនទូលំទូលាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឱ្យជាតិសាសន៍យើងទាំងមូលមិនមែនតំណាងឱ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឱ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍, ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ៕





(សូមទស្សនាវីដេអូ) បទវិភាគ៖ តើកម្ពុជាត្រូវការបក្សប្រឆាំងបែបណា?

គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នឹងជួយបង្កើតឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ពិតជាមានភាពចាំបាច់ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាជនកម្ពុជាគ្រប់រូប ដោយសមធម៌ និងលើកកម្ពស់ជីវភាពរស់នៅ ភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីរការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់កម្លាំងពលកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងកាន់តែប្រសើរជាងមុន ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា ជាការពិតការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពនៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតឡើងនូវសង្គមពុទ្ធិប្រកបដោយវិបុលភាព ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានកម្លាំងពលកម្មប្រកបដោយជំនាញ និងមានសមត្ថភាពឈោងចាប់បច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំសម្របសម្រួលរៀបចំ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០១៥ ដ៏មានសារៈសំខាន់នេះឡើង។ លោក៏បានវាយតម្លៃខ្ពស់លើការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងដៃគូរអភវិឌ្ឍន៍ ជាពិសេសធនាគាអភវិឌ្ឍន៍អាស៊ីដែលបានគាំទ្រ និងផ្តល់កិច្ចសហការដល់ការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំគោលនយោបាយជាតិនេះឡើង រហូតទទួលបានជោគជ័យ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទាំងប្រាក់បៀរវត្សរបស់មន្ត្រីរាជការ និងកម្មករ នឹងត្រូវដំឡើងព្រមគ្នានៅខែមករាឆ្នាំ២០១៨ខាងមុខ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ ទន្ទឹមនឹងប្រាក់បៀរវត្សរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កើនឡើងមិនតិចជាង ១លានរៀល ប្រាក់បៀរវត្សអប្បបរមារបស់កម្មករក៏នឹងកើតឡើងរហូតដល់១៧០ដុល្លារអាមេរិកផងដែរ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបានដល់តួលេខប្រាក់បៀរវត្សអប្បបរមា ១៧០ដុល្លារនេះ គឺរាជរដ្ឋាភិបាលក៏ត្រូវបន្ថែមជូនចំនួន៥ដុល្លារទៅឱ្យវិស័យឯកជនផងដែរ ដែលគិតជាទឹកប្រាក់សរុបប្រមាណជា ៤០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា យ៉ាងហោចណាស់ក៏មានពីរផ្នែកដែលរាជរដ្ឋាភិបាលត្រូវលះបង់ប្រហែលជា៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនោះគឺ៖ ទី១- គឺពន្ធកាត់ទុកដែលត្រូវពន្យាពេលរហូតដល់ឆ្នាំ២០២២ និងទី២- គឺកម្រៃត្រួតពិនិត្យលើការនាំចេញដែលកាំកុងត្រូលត្រូវបាត់បង់ប្រហែលជាជាង២៤លានដុល្លារសហរ ដ្ឋអាមេរិក។ ដូចនេះសរុបពីរផ្នែកនេះ រាជរដ្ឋាភិបាលត្រូវបាត់បង់ថវិកាប្រមាណជា ៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកុំឱ្យទម្ងន់នេះធ្លាក់ធ្ងន់ពេកទៅលើខាងនិយោជកជាម្ចាស់រោងចក្រ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលទើបជាប់ពន្ធ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលឡើងទៅទើបជាប់ពន្ធ។​ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ​បណ្តាលប​ច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ២០១៦ បៀរវត្ស៥០ម៉ឺនរៀលត្រូវជាប់ពន្ធ ក្រោយមកឡើងដល់ ៨០ម៉ឺនរៀល។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលសម្រេចថាប្រាក់បៀរវត្សទៅដល់១លានរៀលទើបជាប់ពន្ធ។ ជាមួយនឹងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨ ដែលនឹងដាក់ឆ្លងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ខាងមុខ គឺបានដាក់ដំឡើងពី១លានរៀលទៅដល់១លាន២សែនរៀលពោលគឺបៀរវត្សចាប់ពី១លាន២សែនរៀលឡើងទៅទើបជាប់ពន្ធ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អត្ថប្រយោជន៍នេះ វាមិនត្រឹមតែបានមកលើមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែវាបានទូទៅទៅដល់កម្មករ ទៅដល់គ្រប់ផ្នែកដែលមានប្រាក់បៀរវត្ស ដែលយើងអាចនិយាយថាចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅទើបជាប់ពន្ធ៕




រដ្ឋមន្ត្រីក្រសួងការងារ ផ្តល់អនុសាសន៍​ដល់ប្រតិភូយុវជន​អាស៊ីអាគ្នេយ៍​ ឱ្យរក្សាជានិច្ច ​នូវទំនាក់ទំនងល្អ ​រវាងគ្នានិងគ្នា​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើនដូចជា ចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា រវាងយុវជននិងយុវជនអាស៊ាន ពង្រីកចំណេះដឹង និងទស្សនៈវិស័យអន្តរជាតិរបស់យុវជនក្នុងក្របខណ្ឌតំបន់ និងពិភពលោកជាដើម។
លោកបានបន្តថា យុវជនត្រូវតែរក្សាជានិច្ចនូវទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ជាពិសេសត្រូវ ប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីវប្បធម៌របស់ជាតិ និងត្រូវរួមគ្នាថែរក្សាវប្បធម៌ និងការពារបេតិភណ្ឌជាតិរូបីយ ពិសេសកុំឲ្យមានការរើសអើងជាតិសាសន៍។
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់អំពីតួនាទីរបស់យុវជនអាស៊ានកម្ពុជាថា ត្រូវហ៊ាននិយាយពីការពិត នៃសភាពការណ៍នយោបាយនៅកម្ពុជា ដើម្បីឱ្យយុវជននៃបណ្តាប្រទេសផ្សេងទៀតបានដឹងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការពារបាននូវសុខដុមនីយកម្មជូនប្រជាពលរដ្ឋ ដែលមានការអភិវឌ្ឍរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះកម្ពុជា អាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អមួយ ដែលធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបន្តអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អគួរឱ្យកត់សម្គាល់។
លោក ផាន់ សុភា ប្រធានប្រតិភូ នាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា បង្កើនមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនអាស៊ាន និងយុវជនជប៉ុន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងទស្សនៈទានរបស់យុវជន លើកិច្ចការងារតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ យុវជននឹងអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនងឪពុកម្តាយធម៌ និងពង្រីងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែក កសាង និងអភិវឌ្ឍន៏សង្គមជាតិ។

សូមជម្រាបថា យុវជនចំនួន២៩រូប ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើជាតំណាងរបស់ប្រទេសកម្ពុជា នឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៤ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ ខែតុលា រហូតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងប្រទេសចំនួន០៦ គឺប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា៕


តុលាការកំពូលចេញដីកាបង្គាប់ឱ្យ ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀមលើពាក្យបណ្ដឹងសុំរំលាយគណបក្ស

ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកស្រី សែម សក្ដិកូឡា បានចេញដីកា បង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឱ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយ គណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ នេះបើយោងតាមដីកាបង្គាប់ឱ្យដាក់ ឯកសារត្រៀមរបស់ចៅក្រម ដែលទើបទទួលបាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

ដីកាបង្គាប់ឱ្យដាក់ឯកសារត្រៀមរបស់ចៅក្រមតុលាកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា «បង្គាប់មកប្រធាន គណបក្សសង្គ្រោះជាតិ មានទីស្នាក់ការនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលភ្ជាប់ជាមួយនេះ ជូនតុលាការកំពូលក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧)»៕

សមាជិកាសហភាពសហព័ន្ធយុវជន​កម្ពុជា២០រូប ​ទទួលបាន​ឪកាសចូលរួម​វគ្គបណ្តុះបណ្តាល​ អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហូ ឈុនគ្រី ប្រធានគណៈប្រតិភូ។

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្មួយៗសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង២០រូប ដែលបានទទួលឪកាសសម្រាប់ទស្សនៈកិច្ចសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់ថ្មីៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការ១០០ថ្ងៃ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់នាពេលកន្លងមក ដើម្បីបង្ខិតសេវាធារណៈមកជិតប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងឆាប់រហ័ស។

សេវាទាំងនោះមានដូចជា៖ មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ ការចែកផ្លាកសុវត្ថិភាព ( ចំណាំងផ្លាត) ដល់ប្រជាពលរដ្ឋ ប្រគល់រ៉ឺម៉ក់ម៉ូតូកង់បី ដើម្បីជួសជុល និងលុបបំបាត់សំបុកមាន់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួមមាន ការចុះបញ្ជីយានយន្ត ប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ការដាក់លក់លេខពិសេសតាមប្រព័ន្ធអនឡាញ ធ្វើផ្លាកលេខម៉ូតូ នៅតាមបណ្តាហាងលក់ម៉ូតូ ជាង៨០០ក្រុមហ៊ុន ផ្លាកលេខឡាន និងម៉ូតូដែលមាន QR CODE កែសម្រួលបច្ចេកទេសសាងសង់ និងជួសជុលផ្លូវថ្នល់ ពីពេលថ្ងៃមកពេលយប់ ដើម្បីសម្រួលការកកស្ទះដល់ប្រជាពលរដ្ឋ ជាពិសេសគ្រោងនិងធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាចុងបញ្ចប់ លោកក៏បានផ្តាំផ្ញើដល់យុវជនជាសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ ត្រូវរឹងមាំ ក្លាហាន យោគយល់អធ្យាស្រ័យគ្នា ក្នុងដំណើរទស្សនៈកិច្ចសិក្សា ដែលតំណាងឲ្យយុវជនកម្ពុជា ប្រទេសកម្ពុជា និងត្រូវបង្ហាញនូវសម្ថភាពដែលខ្លួនមាន ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ ហើយពាំនាំនូវបទពិសោធន៍ដែលទទួលបានពីភាគីចិន និងបណ្តាប្រទេសដទៃទៀតមកបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន៕




ខេត្តកែប បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ

កែប៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមគណៈអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទេព យុទ្ធី អភិបាលរងខេត្ត និងជាតំណាង លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកែប។

សិក្ខាសាលានេះមានគោលបំណងអោយសិក្ខាកាមទាំងអស់យល់ដឹងអំពី៖
១-ការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
២-ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក តំណាងសភាពាណិជ្ជកម្មខេត្តកំពត-កែប អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកែប និងសមាគមក្រុមប្រឹក្សាឃុំ សង្កាត់សរុបប្រមាណ ១៤៥រូប៕


ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពផ្សព្វផ្សាយការបញ្ជ្រាបការអនុវត្តគោលនយោបាយជីវៈចម្រុះ និងជីវសុវត្ថិភាព

ទី០៩-១០ ខែតុលា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយគម្រោងអនុសញ្ញារីយ៉ូទាំងបី និងគម្រោង CAMPAS បានរៀបចំ “សិក្ខាសាលាស្តីពីការបញ្ជ្រាបការអនុវត្តគោលនយោបាយជីវៈចម្រុះ និងជីវសុវត្ថិភាព” ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ ការគ្រប់គ្រងធនធានជីវៈចម្រុះ តម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ការងារជីវសុវត្ថិភាព និងសេចក្ដីសម្រេចនានានៃសន្និសីទរដ្ឋភាគី (COPs) នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក គង់ វិតានៈ អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ មន្រ្តីមកពីនាយកដ្ឋានចំណុះ អ.ក.អ.ច និងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សា មន្ទីរពាក់ព័ន្ធ យុវជនបរិស្ថាន យុវជន ស.ស.យ.ក ខេត្តព្រះសីហនុ និងអង្គការដៃគូ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ កីឡាករ-កីឡាការិនីជំនាញ អាចប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីជំនាញ ប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនបង់ប្រាក់នេះ គឺត្រូវមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់ មានចំនួនប្រមាណ៥០០០នាក់ផងដែរ ដែលនឹងទទួលបានអត្ថប្រយោជន៍នេះ៕