Thursday, April 18, 2024

ឯកឧត្តមទេសរដ្ឋមន្រ្ដី គន់ គីម ជំរុញលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ


នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។


នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីកិច្ចការងារមួយចំនួនដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះមានការដោះស្រាយដីធ្លី ការរៀបចំសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងបានចលនាតាមបណ្ដាមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ក្នុងការដោះស្រាយគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងពេលកន្លងមកថ្មីៗនេះផងដែរ។


ជាមួយនឹងវឌ្ឍនភាពការងារនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ សោម ស៊ុន  ដែលបានរួមគ្នាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន បានល្អប្រសើរ។


ទន្ទឹមនឹងនេះ ដើម្បីឱ្យការងាររបស់សមាគមកាន់តែមានលទ្ធផលល្អប្រសើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានប្រគល់ភារកិច្ចចំនួន៣បន្ថែមទៀត ដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដកំពង់ធំអនុវត្ដ ដែលរួមមានដូចខាងក្រោម៖

១- ត្រូវយកចិត្តទុកដាក់រៀបចំដីធ្លីសម្រាប់សាងសង់ផ្ទះ និងផ្ដល់ជូនបងប្អូនអតីតយុទ្ធជនបន្តទៀត។

២- ត្រូវខិតខំដោះស្រាយរកដី ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីងាយស្រួលក្នុងការបំពេញការងារ និងដើម្បីនិរន្តរភាពការងារ។

៣- បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ឱ្យបានល្អប្រសើរបន្ថែមទៀត៕