វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅតំបន់ជួរភ្នំក្រវ៉ាញ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រ ពីទីតាំងខាងក្រោម និងចម្ងាយប្រមាណ ៤៩គីឡូម៉ែត្រពីទីតាំងខាងលើទៅទីរួមខេត្តកោះកុង ដែលតម្លៃ ៤៩៥លាន ៧សែន ៦ម៉ឺនដុល្លារអាមេរិក វិនិយោគទុនដោយក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិន បានសម្ពោធបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយចាត់ទុកវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាវារីអគ្គិសនីកំរិតធំបំផុតសម្រាប់កម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដែលប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលវារីអគ្គិសនីសម្ពោធដាក់ឱ្យដំណើរការនៅពេលនេះ និងកោតសរសើរដល់ក្រុមហ៊ុនសាជីវកម្ម China Huadian Hongkong company ប្រទេសចិន ដែលបានខិតខំសិក្សាកសាងទំនប់វារីអគ្គិសនីនៅក្នុងតំបន់ដាច់ស្រយាលមួយនេះ ដើម្បីបង្កើតឡើងនូវសមិទ្ធផលដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសបានថ្លែងអំណេគុណ ចំពោះការគាំទ្រទាំងឡាយរបស់រដ្ឋាភិបាលចិនដែលជានិច្ចកាល បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនរបស់ចិនមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះ ចិនមានលទ្ធភាពច្រើន បន្ថែមទៅដោយចិនមានទុនពិតប្រាកដនៅក្នុងការសាងសង់ មិនមែនគ្រាន់តែបញ្ហាទាក់ទង នឹងបញ្ហាបច្ចេកទេសក្នុងការសាងសង់នោះទេ តែមួយផ្នែកទៀតទាក់ទង ការតភ្ជាប់បណ្តាញ បើគ្រាន់តែមានវារីអគ្គិសនីនៅទីនេះ ហើយពុំមានបណ្តាញបញ្ជូនសម្រាប់ចែកចាយនោះទេ ប្រៀបដូចជាមានការផលិតរថយន្ត ប៉ុន្តែអត់មានផ្លូវបើកអញ្ចឹងដែរ។ ដូច្នេះហើយបានជារយៈពេលកន្លងទៅយើងបានប្រឹងប្រែងខ្លាំងណាស់ដើម្បីតភ្ជាប់ការផលិតវារីអគ្គិសនីពីតំបន់នេះ រួមមានឫស្សីជ្រុំក្រោម, អាតៃ និងតាតៃ ហើយវារីអគ្គិសនីស្ទឹងតាតៃនេះ ក៏នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៥ នេះផងដែរ។
ជាមួយនឹងការរំលឹកពីអតីតកាលដ៏យូរលង់ ជាពិសេសបើគិតត្រឹមតែពីឆ្នាំ១៩៧០ មកចុះតំបន់នេះជាតំបន់អសន្តិសុខ គឺខ្មែរមិនដែលគ្រប់គ្រងបាននោះ សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ថា អញ្ចឹងទេ សមិទ្ធផលសន្តិភាព គឺផ្តល់ឱកាសឱ្យយើងមានលទ្ធភាព ដើម្បីបានអភិវឌ្ឍន៍វារីអគ្គិសនីនៅតំបន់នេះ ហើយបើសិនជាគ្មានសន្តិភាពដែលបង្កើតឡើងតាមរយៈនយោបាយឈ្នះឈ្នះទេ កុំនិយាយទៅដល់ការកសាងសមិទ្ធផល តែអ្វីៗក៏ត្រូវបំផ្លាញដែរ។ ផ្ទុយទៅវិញសមិទ្ធផលតំបន់វារីអគ្គិសនីនៅតំបន់នេះ មួយចំនួនក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណជាមួយនឹងទឹកចិត្តបង្រួបបង្រួមជាតិ នៃប្រជាពលរដ្ឋកម្ពុជា គ្រប់ភាគីពាក់ព័ន្ធ ដែលអនុញ្ញាតឱ្យប្រទេសរបស់យើងអាចបង្រួបបង្រួមបាន និងមានសន្តិភាពពេញលេញ ហើយផ្តល់ឱកាសអភិវឌ្ឍន៍នៅថ្ងៃនេះ។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីឫស្សីជ្រុំក្រោម សម្តេចតេជោបានជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា អាជ្ញាធរដែនដី និងក្រសួងរ៉ែ និងថាមពល ពិនិត្យមើលការលក់ភ្លើងរបស់ផ្នែកឯកជន ដែលមកដល់ពេលនេះ តម្លៃអគ្គិសនី មិនបានចុះសោះ នៅពេលដែលតម្លៃប្រេងនៅលើទីផ្សារ មានការធ្លាក់ចុះជាងពាក់កណ្តាលទៅហើយនោះ។ ជាមួយនេះសម្តេចក៏បានស្នើឲ្យក្រុមហ៊ុនប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា បន្តចុះថ្លៃបន្ថែមទៀត ព្រោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតទៅក្រុមហ៊ុនទាំងនោះឲ្យបញ្ចុះតម្លៃមកនៅត្រឹម ៣.៩០០ រៀលក្នុង ១លីត្រ តែមកទល់ពេលនេះក្រុមហ៊ុនសាំងមួយចំនួន មិនទាន់បានចុះនៅឡើយទេពិសេសក្រុមហ៊ុនបរទេស។
សម្តេចតេជោក៏បានស្នើឲ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា សហការជាមួយអជា្ញធររាជធានីភ្នំពេញ ចុះធ្វើការសិក្សាផងដែរ ចំពោះលំនៅដ្ឋាន ដែលកម្មករកម្មការិនី កំពុងជួលស្នាក់នៅរាជធានីភ្នំពេញ ដែលមានជាង ៣ម៉ឺនបន្ទប់ ហើយដែលតម្លៃភ្លើងនៃបន្ទប់ជួលនោះ មានតម្លៃពី ៨៥០រៀល ទៅ ២៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលម្ចាស់ផ្ទះជួលទារពីកម្មករ ដូចនេះត្រូវរកវិធីដោះស្រាយធ្វើយ៉ាងណា ដើម្បីឲ្យតម្លៃនេះមានការធ្លាក់ចុះសម្រាប់បងប្អូនកម្មករ។
ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋក្នុងខេត្តកោះកុងទទួលបាន ផលប្រយោជន៍ពីវារីអគ្គិសនីនេះផងដែរនោះ សម្តេចតេជោមានប្រសាសន៍ថា ខេត្តកោះកុងនេះ បានផ្តល់ឱកាសច្រើនណាស់ ដល់ការអភិវឌ្ឍន៍ ផ្នែកផលិតអគ្គិសនីដែលមកដល់ពេលនេះ បានជាង ១.០០០ មេហ្គាវ៉ាត់ហើយតែការអភិវឌ្ឍនេះ គឺមិនមែនគ្រាន់តែអគ្គិសនី ជារឿងអគ្គិសនីនោះទេ អគ្គិសនី គឺជាសេដ្ឋកិច្ចសង្គម និងអគ្គិសនីជាបញ្ហាដទៃទៀតដែលមានការពាក់ព័ន្ធ ក្នុងដំណើរការរបស់ប្រទេសជាតិ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះ មានទុនវិនិយោគចំនួន៤៩៥លាន ៧សែន ៦ម៉ឺនដុល្លារ វិនិយោគតាមរូបភាព សាងសង់តាមដំណើរការផ្ទេរ(BOT) រយៈពេលសម្បទាន ៣៥ឆ្នាំ ក្នុងនោះ៥ឆ្នាំសម្រាប់ការសាងសង់ និង ៣០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។ បរិមាណថាមពលផលិតប្រចាំឆ្នាំ១០២០ លានគីឡូវ៉ាត់ម៉ោង តម្លៃលក់អគ្គិសនី ៧,៣៥ សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង។ ចំណូលពន្ធចូលរដ្ឋជាមធ្យមប្រមាណ ១២,៥៥ លាន ដុល្លារអាមេរិក ក្នុង១ឆ្នាំ ឬសរុបរួម ៣៧៦,៥លានដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន ៣០ឆ្នាំ។
អំពីហេដ្ឋារចនាសម្ព័ន្ធ និងលក្ខណៈបច្ចេកទេសសំខាន់ៗនៃគម្រោងនេះ មានទំនប់២ ដំណាក់ គឺទំនប់លើប្រវែង៤៣៩ម៉ែត្រ កំពស់១២៥ម៉ែត្រ និងទំនប់ក្រោមប្រវែង ៣២២ម៉ែត្រ កំពស់៥៨ ម៉ែត្រ។ មានស្ថានីយ៍វារីអគ្គិសនី២ គឺស្ថានីយ៍វារីអគ្គិសនីលើមានអានុភាព ២០៦មេហ្គាវ៉ាត់ និងស្ថានីយ៍វារីអគ្គិសនីក្រោម មានអានុភាព ១៣២មេហ្គាវ៉ាត់។ ខ្សែបញ្ជូនតុងស្យុង ២៣០គីឡូវ៉ុល ប្រវែង ១៥,៥គីឡូម៉េត្រ ពីស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ទៅភ្ជាប់ជាមួយខ្សែបញ្ជូនរបស់គម្រោងវារីអគ្គិសនីស្ទឹងតាតៃ និងបញ្ជូនទៅអនុស្ថានីយ៍ រួម អូសោម ដែលបន្តភ្ជាប់ទៅជាមួយខ្សែបណ្តាញបញ្ជូន ភ្នំពេញ-កំពង់ឆ្នាំង-ពោធិសាត់-បាត់ដំបង ដើម្បីផ្គត់ផ្គង់អគ្គិសនីទៅទូទាំងប្រទេស។ ខ្សែបញ្ជូនតង់ស្យុង២២គីឡូវ៉ុល ប្រវែង ៣១,៧៤គីឡូម៉ែត្រ ភ្ជាប់ពីស្ថានីយ៍ស្ទឹងឫស្សីជ្រុំក្រោមទៅភ្ជាប់ជាមួយបណ្តាញចែកចាយទីរួមខេត្តកោះកុង។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍បញ្ជាក់ថា ក្នុងអភិវឌ្ឍគម្រោងវារីអគ្គិសនី ឬស្សីជ្រុំក្រោមនេះ ពិតជាបានផ្តល់ផលប្រយោជន៍ ជូនជាតិមាតុភូមិ រួមចំណែកក្នុងការបង្កើតមុខរបរជូនប្រជាជន បង្កើតបានប្រាក់ចំណូលចូលរដ្ឋ ជាពិសេសបង្កើនសមត្ថភាព ផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាព គុណភាព និងតំលៃសមរម្យ បង្កើនកំរិតឯករាជ្យភាពរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អគ្គិសនី បង្កើនសន្តិសុខថាមពលរបស់ជាតិ កាត់បន្ថយហានិភ័យ ផ្នែកផ្គត់ផ្គង់អគ្គិសនី ដែលពឹងផ្អែកតែលើការនាំចូលប្រេង ឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមចំនែកអភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឲ្យដឹងថា រហូតមកដល់ពេលនេះ មានការចុះកិច្ចព្រមព្រៀងប្រភពអគ្គិសនីចំនួន ១១រួចមកហើយ ដែលមានអនុភាពផ្គត់ផ្គង់សរុប ចំនួន ២១២៣មេហ្គាវ៉ាត់។ ក្នុងចំណោមប្រភពអគ្គិសនីទាំង១១នោះ មានប្រភពអគ្គិសនីចំនួន៨ ត្រូវបានដាក់ឲ្យដំណើរការរួចរាល់ហើយ ដែលអនុភាពផ្គត់ផ្គង់សរុប ១០៧២មេហ្គាវ៉ាត់ រួមមានទី១៖ ការនាំចូលអគ្គិសនីពីប្រទេសវៀតណាម តាមច្រកភ្នំដឹន ខេត្តតាកែវ (១៧០មេហ្គាវ៉ាត់) ទី២៖ ការនាំចូលពីប្រទេសថៃចំនួន ១២០មេហ្គាវ៉ាត់ ទី ៣៖ វារីអគ្គិសនីគិរីរម្យ១(១២មេហ្គាវ៉ាត់) ទី៤៖ វារីអគ្គិសនីកំចាយ (១៩៤.១មេហ្គាវ៉ាត់) ទី៥៖ វារីអគ្គិសនីគិរីរម្យ៣ (១៨មេហ្គាវ៉ាត់) ទី៦៖ វារីអគ្គិសនីស្ទឹង អាតៃ (១២០មេហ្គាវ៉ាត់) ទី ៧៖ អគ្គីសនីដើរដោយធ្យូងថ្ម (១០០មេហ្គាវ៉ាត់) និងទី ៨៖ វារីអគ្គិសនីឬស្សីជ្រុំក្រោម ៣៣៨មេហ្គាវ៉ាត់ ដែលដាក់ឲ្យដំណើរការនៅថ្ងៃនេះ៕