សមិទ្ធផលជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបានមេដាយពីការប្រកួតសរុបចំនួន ២៨២ គ្រឿង ដោយឈរលេខរៀងទី៤ ក្នុងចំនួន១១ ប្រទេស ក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានមេដាយសរុប ៧៣ គ្រឿង ដោយឈរលេខរៀងទី ៨ ក្នុងចំនួន ១១ ប្រទេស ក្នុងតំបន់អាស៊ាន។
ជាមួយគ្នានោះ សម្តេចបវរធិបតី បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ នៅឆ្នាំ ២០២៩។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជា មួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។
ក្នុងពិធីនោះ សម្តេចបវរធិបតី បានបញ្ជាក់ថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និងគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ២០២៩ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា៕