(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានបង្ហើបព័ត៌មានអ្វីច្រើនឡើយពីក្មេងស្រីម្នាក់ ដែលតែងតែមានវត្តមាននៅឯព្រឹត្តិការណ៍ធំៗជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃចូលឆ្នាំថ្មីកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយរូបថតជាច្រើនសន្លឹកដែលមិនមានការបញ្ជាក់ពីកាលបរិច្ឆេទ របស់ក្មេងស្រីរូបនេះ និងលោក គីម ជុងអ៊ុន ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់រោងចក្រមីស៊ីលនុយក្លេអ៊ែរមួយកន្លែង។ មកទល់នឹងពេលនេះ ឈ្មោះ និងអាយុពិតប្រាកដរបស់ក្មេងស្រីនេះ មិនត្រូវបានប្រកាសជាផ្លូវការឡើយ ដោយគ្រាន់តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងខ្លួនឯងបានហៅក្មេងស្រីរូបនេះថាជា «កូនស្រីសំណព្វ» របស់លោក គីម ជុងអ៊ុន។
ការណ៍នេះហើយបានបង្កឱ្យមានការសង្ស័យ និងការចោទសួរឡើងអំពីឋានៈរបស់ក្មេងស្រីរូបនេះនៅក្នុងគ្រួសារត្រកូលគីម ឬក៏ថាតើរូបនាងត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងបន្តពីលោក គីម ជុងអ៊ុន ឬក៏យ៉ាងណា? នៅលើក្រដាសស្នាមផ្លូវការ កូរ៉េខាងជើងមិនមែនជាប្រទេសគ្រប់គ្រងដោយអធិរាជដូចនៅសម័យចិនបុរាណនោះទេ ដោយការជ្រើសរើសមេដឹកនាំកំពូលត្រូវធ្វើឡើង តាមរយៈគណបក្សពលករដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង។ ប៉ុន្តែ ការពិតជាក់ស្ដែង អំណាចគ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃគ្រួសារត្រកូលគីម ចាប់តាំងពីសម័យ សង្រ្គាមលោកលើកទី២មកម្ល៉េះ។
ការសង្ស័យ និងការចោទសួរឡើងពីផែនការរើសអ្នកស្នងតំណែងពីលោក គីម ជុងអ៊ុន បានកើតឡើងជារឿយៗនៅពេលមានព័ត៌មានថាលោក គីម មានបញ្ហាសុខភាព ហើយវាបានកើតឡើងថ្មី ចុងក្រោយបំផុត បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM «Hwasong-17» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងការធ្វើតេស្ដមួយដ៏សំខាន់បំផុតនៃកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ មួយថ្ងៃក្រោយការធ្វើតេស្ដនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងស្រាប់តែបានរាយការណ៍ព័ត៌មានថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យមើលការបាញ់សាកល្បងមីស៊ីល នេះដោយផ្ទាល់ជាមួយកូនស្រីរបស់លោក និងបានចេញផ្សាយរូបថតជាច្រើនសន្លឹកពីក្មេងស្រីម្នាក់នេះពាក់អាវធំពណ៌ស ដើរកាន់ដៃលោក គីម ជុងអ៊ុននៅបរិវេណកន្លែងធ្វើតេស្ដ។
ប៉ុន្មានថ្ងៃក្រោយមកទៀត ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានបញ្ជាក់អត្ដសញ្ញាណក្មេងស្រីរូបនេះថាមានឈ្មោះ គីម ជូ អេ (Kim Ju ae) ធ្លាប់ជាទារកម្នាក់ដែលអតីតតារា បាល់បោះអាមេរិក NBA លោក ដេននីស រ៉ូដមែន (Dennis Rodman) ធ្លាប់បានបី កំលុងបំពេញទស្សនកិច្ច និងជួបលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាងកាលពីឆ្នាំ២០១៣។ ការបង្ហាញខ្លួន របស់ក្មេងស្រី ជូអេ គឺជាការទទួលស្គាល់ជាលើកដំបូងបំផុតថាលោក គីម ពិតជាមានកូនពិតមែន។ ពោលគឺរហូតទាល់តែក្មេងស្រីនេះបង្ហាញខ្លួន ប្រជាជនកូរ៉េខាងជើងធម្មតា មិនដែលបានឃើញ មុខកូនរបស់មេដឹកនាំកំពូលរបស់ពួកគេឡើយ។
បើតាមក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក គីម ជុងអ៊ុនមានកូនចំនួន៣នាក់ ក្នុងនោះកូនប្រុសម្នាក់ទំនងជាកូនច្បង រីឯក្មេងស្រី ជូអេ ជាកូនបងទី២ មានអាយុប្រហែលជា ៩ ឬ១០ឆ្នាំ។ ក្រុមអ្នកវិភាគមួយចំនួនបានកត់សម្គាល់ឃើញថាការណ៍ដែលក្មេងស្រី ជូអេ ត្រូវបានចាត់ទុកថា «កូនសំណព្វ» ហាក់ដូចជាមានន័យថារូបនាងនឹងត្រូវបានជ្រើសរើសជាស្នងតំណែងជំនាន់ក្រោយ នៃគ្រួសារត្រកូលគីម។ ការយល់ឃើញបែបនេះគឺដោយសំអាងលើការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការបង្ហាញមុខកូនស្រី នៅឯទីតាំងបាញ់សាកល្បងមីស៊ីលដែលជាទូទៅត្រូវបានគេ ចាត់ទុកថាជាទំនាក់ទំនងរវាងគ្រួសារគីម និងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ ការសង្ស័យពីក្មេងស្រី ជូអេ កាន់តែមានសភាពខ្លាំងក្លាឡើង នៅពេលដែលរូបនាងបានបង្ហាញខ្លួនសាជាថ្មីជាមួយលោក គីម នៅឯពិធីថតរូបជុំគ្នាជាមួយវិស្វករមីស៊ីលកូរ៉េខាងជើងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២។ នៅលើកនេះក្មេងស្រី ជូអេ បានស្លៀកសម្លៀកបំពាក់កាន់តែផ្លូវការជាងមុនជាមួយអាវធំខាងក្រៅ ពណ៌ខ្មៅ និងយកដៃដាក់លើស្មារបស់ឪពុកកំពុងអង្គុយនៅខាងមុខក្រុមវិស្វករមីស៊ីលដែលនាំគ្នាទះដៃអបអរសាទរយ៉ាងកងរំពង។
លោក ជុង សឹងចាង (Cheong Seong Chang) ជាអ្នកសា្រវជ្រាវម្នាក់ពីគ្រួសារត្រកូលគីម មកពីវិទ្យាស្ថានសេជុង (Sejong) មានមូលដ្ឋាននៅកូរ៉េខាងត្បូង បាននិយាយថារូបថតទាំងនោះ ហាក់ដូចជាផ្នែកមួយនៃផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្ហាញទៅកាន់ប្រជាជនកូរ៉េខាងជើងថា «ក្មេងស្រី គីម ជូអេ» នឹងក្លាយជាអនាគតអ្នកបន្តវេនពីលោក គីម ជុងអ៊ុន។ នៅក្នុងករណីនេះ ប្រសិនបើលោក គីម ជុងអ៊ុន ជ្រើសរើសកូនស្រី មិនរើសកូនប្រុសឱ្យបន្តវេនពីរូបលោក នោះវានឹងក្លាយជាអព្ភូតហេតុមួយនៅក្នុងប្រទេសកូរ៉េខាងជើងដែលមានមេដឹកនាំកំពូលសុទ្ធតែជា មនុស្សប្រុស ហើយណាមួយការជ្រើសរើសមនុស្សស្រីឱ្យដឹកនាំប្រទេសត្រូវបានគេមើលឃើញជាទូទៅថាមិនអាចទៅរួចឡើយ។ ប៉ុន្តែ គេក៏មិនអាចច្រានចោលលទ្ធភាពទាំងស្រុងបាននោះដែរ តួយ៉ាងដូចជាលោក គីម ជុងអ៊ុនផ្ទាល់ ក៏មិនធ្លាប់ត្រូវបានគេរំពឹងថាអាចនឹងក្លាយជាអ្នកដឹកនាំប្រទេសមកដល់សព្វថ្ងៃនេះដែរ ពីព្រោះថានៅពេលនោះមនុស្សភាគច្រើនជឿថា អ្នកដែលអាចក្លាយជា មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ (ស្លាប់) ជាកូនប្រុសចម្បងរបស់លោក គីម ជុងអ៉ីល និងត្រូវជាបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន ឬក៏លោក គីម ជុងចុល ដែលបងប្រុស បង្កើតរបស់លោក គីម ជុងអ៊ុន ទៅវិញទេ។ ក្រុមអ្នកវិភាគជឿថាលោក គីម ជុងអ៉ីល សម្រេចរើសយកលោក គីម ជុងអ៊ុន រំលងបងប្រុសទាំង២ គឺដោយសារតែលោក គីម ជុងអ៉ីល ពេញចិត្តនឹង «ចរិតម៉ឺងម៉ាត់ និងដាច់ខាត» របស់លោក គីម ជុងអ៊ុន។
ម្យ៉ាងវិញទៀត ទោះបីជានៅកូរ៉េខាងជើងមានមេដឹកនាំសុទ្ធតែជាមនុស្សប្រុសក៏ដោយ ក៏នៅក្រោមរបបដឹកនាំលោក គីម សព្វថ្ងៃមានមនុស្សស្រីកំពុងកាន់តំណែងសំខាន់ៗដូចជាលោកស្រី រី ជុន ហ៊ី (Ri Chun Hee) ជាពិធីករទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son hui) និងអ្នកនាង គីម យូជុង (Kim yo jong) ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ដែលបានចេញមុខជំនួសលោក គីម ក្នុងការចេញសារព្រមានដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ កាលពីជំនាន់លោក គីម ជុងអ៊ុន រហូតទាល់តែឪពុករបស់លោកមាន ជំងឺដាច់សសៃឈាមខួរក្បាលកាលពីឆ្នាំ២០០៨ ទើបកូរ៉េខាងជើងចាប់ផ្ដើមបង្ហើបជាបណ្ដើរៗថាលោក គីម ជុងអ៊ុនត្រូវបានជ្រើសឱ្យបន្តវេនជាមេដឹកនាំថ្មី។ ប្រជាជនកូរ៉េខាងជើងមិនដែលបានឃើញ លោក គីម ជុងអ៊ុនឡើយរហូតទាល់តែលោកបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រដ្ឋក្នុងឆ្នាំ២០១០ ហើយនៅពេលដែលឪពុករបស់លោកទទួលមរណភាព នៅឆ្នាំ២០១១ មានការសង្ស័យជាច្រើនពី សមត្ថភាពដឹកនាំប្រទេសលោក គីម។ ប៉ុន្តែ ត្រឹមតែប៉ុន្មានឆ្នាំ លោក គីម ជុងអ៊ុន បានពង្រឹងអំណាចរបស់លោក និងបោសសម្អាតផ្ទៃក្នុងក្នុងនោះរួមមានទាំងការប្រហារជីវិតពូបង្កើតរបស់ខ្លួនឯង ផងដែរ។
នៅក្រោយឡើងកាន់អំណាច លោក គីម ជុងអ៊ុន បានទម្លាយការសម្ងាត់មួយចំនួន ដូចជាការបង្ហាញមុខភរិយាគឺលោកស្រី រី សុល ជូ (Ri Sol Ju) ផ្ទុយពីឪពុករបស់លោកដែលធ្លាប់បង្ហាញមុខភរិយា ក្នុងនោះមានទាំងម្ដាយរបស់លោក គីម នៅទីសាធារណៈឡើយ។ តាមរយៈការបង្ហាញមុខអ្នកបន្តវេនមុនកាលកំណត់ ត្រូវបានក្រុមអ្នកវិភាគខ្លះដូចជាលោក ជុង សឹងចាង យល់ថាលោក គីម ចង់ទុក ពេលវេលាគ្រប់គ្រាន់ឱ្យអ្នកស្នងតំណែងពីរូបលោកដើម្បីត្រៀមខ្លួន ខណៈអ្នកវិភាគផ្សេងទៀតដែលមានគំនិតដូចគ្នានេះបាននិយាយថាការបង្ហាញមុខកូនស្រីនៅឯព្រឹត្តការណ៍មានជាប់ពាក់ព័ន្ធនឹង ឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក គឺលោក គីម ចង់រំឮកដល់ប្រជាជនកូរ៉េខាងជើង ជាពិសេសយុវជនថារបបដឹកនាំដោយគ្រួសារត្រកូលគីម និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនឹងត្រូវបន្តចូលដល់ ជំនាន់បន្ទាប់នៃគ្រួសារគីម។ តែទោះជាយ៉ាងណាក៏ដោយ លោក ថេ យ៉ុង ហូ អតីតមន្ត្រីទូតកូរ៉េខាងជើងដែលបានរត់ទៅជ្រកកោននៅកូរ៉េខាងត្បូង យល់ថាពិភពលោកនឹងបានដឹងច្បាស់ថាតើលោក គីម ជុងអ៊ុន បានជ្រើសរើសអ្នកបន្តវេនពីលោក នៅពេលដែលកូរ៉េខាងជើងចាប់ផ្ដើមលើកមុខមាត់បេក្ខភាពរូបនោះដូចជាតួអង្គព្រះ ដូចដែលពួកគេធ្លាប់បានធ្វើជូនលោក គីម នៅពេលមួយដែល ការស្នងតំណែងរបស់លោកក្លាយជាការពិត។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ដែលនឹងឈានចូលអាយុ ៣៩ឆ្នាំ នៅថ្ងៃអាទិត្យ ទី៨ ខែមករានេះ គឺជាមេដឹកនាំជំនាន់ទី៣ នៃគ្រួសារត្រកូលគីមដែលបានឡើងកាន់តំណែងបណ្ដាក់គ្នាចាប់តាំងពី កូរ៉េខាងជើងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។ លោក គីម បានស្នងតំណែងបន្តពីឪពុក គឺលោក គីម ជុងអ៉ីល នៅខែធ្នូ ឆ្នាំ២០១១ រីឯលោក គីម ជុងអ៉ីល ឡើងកាន់តំណែងពីឪពុក និងត្រូវ ជាជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង ដែលបានស្លាប់នៅឆ្នាំ១៩៩៤៕