Wednesday, November 27, 2019

កិច្ចប្រជុំផ្សព្វផ្សាយដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នារដូវប្រាំងខាងមុខនេះ

ត្បូងឃ្មុំ៖ ដើម្បីធ្វើយ៉ាងណារក្សាទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នារដូវប្រាំងខាងមុខនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងធនធានទឹក តាមរយៈមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ១១សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចាត់វិធានការថែរក្សាទឹកទុករបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មន្ត្រីពាក់ព័ទ្ធជុំវិញខេត្ត និងប្រជាពលរដ្ឋតាមសហគមន៍ សរុបប្រមាណ១៤០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកចេង ប៊ុណ្ណរ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក ថោ ជេដ្ឋា និងលោក ចេង ប៊ុណ្ណរ៉ា បានឲ្យដឹងថា បើយោងតាមការព្យាករណ៍ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា ធាតុអាកាសមានសភាពក្តៅហូតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនលើវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹកអោយបាលត្រឹមត្រូវគឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយឬបូមបាចប្រភពទឹកដើម្បីចាប់ត្រី ចំពោះស្រែប្រាំងគឺធ្វើបានតែមួយដងគត់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវត្រៀមអន្តរាគមន៍សង្គ្រោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួមផ្សំ។
លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្ថានភាពទឹកភ្លៀង គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបរិមាណចំនួន១.៣៦៥,៧មម នៅឆ្នាំ២០១៨ ក្នុងពេលវេលាដូចគ្នា មានចំនួន១.៧៧៦,៦មម ប្រៀបធៀបឆ្នាំនេះតិចជាងឆ្នាំមុនចំនួន៤១០,៩មម ដោយបរិមាណទឹកភ្លៀងមានតិចបណ្តាលអោយស្រវរដូវវស្សាបានជួបនូវគ្រោះខ្វះទឹក នៅលើផ្ទៃដីមួយចំនួននៅក្នុងស្រុកត្បូងឃ្មុំ។ តែទោះជាយ៉ាងណា មន្ទីរនឹងបន្តខិតខំតាមគ្រប់មធ្យោបាយនាំយកទឹកទៅស្រោចស្រពសង្គ្រោះស្រូវបំពេញសំណូមពរ និងដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ៕

ក្រសួងព័ត៌មាន៖ កិច្ចប្រជុំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) លើកទី៣៩

ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) លើកទី៣៩ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញនៃរាជធានីភ្នំពេញ។
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសទាំងស្រុងខាងក្រោម៖


រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ អណត្តិទី៣

កំពង់ចាម៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អណត្តិទី៣ ក្នុងបរិវេណវត្តស្វាយខ្សាច់ភ្នំ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេងវណ្ណនី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាខេត្ត-ស្រុក-ឃុំ មន្ត្រីថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត និងការិយាលយ័-អង្គភាពជុំវិញស្រុក គណៈអភិបាលស្រុក និងប្រជាពលរដ្ឋចំនួនប្រមាណ២៦៥នាក់។
បន្ទាប់ពីមានការលើកជាសំនួរ សំណូមពរ និងបញ្ហាពាក់ពន្ធ័នានាក្នុងអង្គវេទិកា ដូចជាករណីទំនាស់កម្មការវត្ត បញ្ហារងផលប៉ះពាល់នៃការបាក់ច្រាំងទន្លេ គុណភាព និងតម្លៃប្រើប្រាស់ទឹកស្អាត ដែនអាជ្ញាបណ្ណ័អគ្គិសនី តំលៃពន្ធប្រថាប់ត្រា និងការចុះបញ្ជីដីធ្លីជាប្រពន្ធ័ តំលៃលក់ជី និងថ្លៃលក់កសិផល ល្បឿនបើកបរផ្លូវក្នុងឃុំ និងការស្នើសុំអភិវឌ្ឍផ្លូវថ្នល់។ល។ រួចមកគណៈអធិបតី និង មន្ទីរជំនាញបានបកស្រាយពន្យល់ និងឆ្លើយតបស្ទើរទាំងស្រុង ហើយសំណូមពរនៅសល់ត្រូវបូកសរុបទុកបន្តដោះស្រាយបណ្តើៗទៀត ជាមួយបណ្តាថ្នាក់ និងជំនាញពាក់ពន្ធ័នានា៕



មន្ទីរសាធារណការខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត

ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នួន លីហួន ប្រធានមន្ទីរ និងមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុកទាំងប្រាំបី និងមន្ត្រីរាជការសរុបចំនួន៦០នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលទៅតាមផែនការ និងប្រតិទិនការងារ ដែលបានគ្រោងទុក ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក។
ជាមួយគ្នានោះ លោក លោកស្រី ជាថ្នាក់គ្រប់គ្រងការិយាល័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារ ដែលសម្រេចបានលើវិស័យសាធារណការ វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនផ្លូវទឹក និងបញ្ហាប្រឈមនានាលើការអនុវត្តកន្លងមក។
បន្ថែមពីនោះ លោក នួន លីហួន ក៏បានធ្វើការបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់បន្តខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ។
ជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា មានភាពច្បាស់លាស់ ហើយរួមគ្នាផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវនូវឥរិយាបថគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានខ្ជាប់ខ្ជួន (អ្នកបើកបរម៉ូតូ ទាំងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត ទាំងអ្នករួមដំណើរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអស់គ្នា)៕



សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱកាសសន្និបាតបូសរុបការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣




សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសសន្និបាតបូសរុបការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧



សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ « ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»




សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ « ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»





កុមារកម្ពុជាជាង១លាននាក់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាគិតត្រឹម១១ខែនេះ

តាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញថាក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកុមារចំនួន៩០៤,៣៦៦ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ កុមារចំនួន១៩១ ២៤៩ នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣៣ ៩៤៤ នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤,៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន ៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ។ លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០ នាក់។
លទ្ធផលទាំងនេះ មួយផ្នែកកើតឡើងដោយសារការរួមចំណែកប្រកបដោយទឹកចិត្តសប្បុរសពីសំណាក់សប្បុរសជននានាក្នុងស្មារតី “ខ្មែរជួយខ្មែរ”តាមរយៈមូលនិធិកន្ធបុប្ផាកម្ពុជា នាពេលកន្លងមក។
ជាក់ស្ដែងត្រឹមតែរយៈពេល១១ ខែ ក្នុងឆ្នាំ២០១៩នេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាដែលបានមកពីការបរិច្ចាគពីសប្បុរជនានាចំនួន ១០ ៨៩២ ៤០៤ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឨ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕





ពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានទីក្រុងមានសោភ័ណ្ឌភាពល្អ

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង បានប្រារព្ធពិធី យុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ
លោក គាត ហ៊ុល អភិបាល នៃគណៈភិបាលក្រុងប៉ោយប៉ែត បាមសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ សូមចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយសូមស្វែងយល់អំពីបញ្ហាបរិស្ថានឲ្យបានស៊ីជម្រៅ និងចូលរួមក្នុងការងារបរិស្ថានទាំងអស់គ្នា សូមមានការយល់ដឹង ប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ ឈប់បំផ្លាញ់បរិស្ថាន ទោះដោយចេតនាក្តី ឬអចេតនាក្តី ក្នុងក្តីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុកភាព សំបូរសប្បាយរុងរឿង និងសុភមង្គល ដើម្បីមុខមាត់ការរីកចំរើនក្រុងរបស់យើងទាំងអស់គ្នា ។
ក្នុងឱកាសចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៧ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” អប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ” ដែលរៀបចំដោយ រដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយ ការិយាល័យបរិស្ថានក្រុង និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ព្រមទាំងមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន សង្កាត់-ភូមិ ប្រជាការពារ ក្នុងគោលបំណងធ្វើឲ្យកាន់តែមានការយល់ដឹងពីបរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ សម្រាប់ការរស់៕






អាជ្ញាធរខេត្តក្រចេះ បានបញ្ចប់សម្រេចនូវបញ្ហាទំនាស់ដីសម្បទានសង្គមកិច្ចនៅឃុំ២ធ្នូ ស្រុកស្នួល

ក្រចេះ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋ និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមក្នុងពិធីបែងចែកដីសម្បទានសង្គមកិច្ចឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងប្រធានគណៈកម្មាការបែងចែកដីសម្បទានសង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល បានបញ្ជាក់ថា ដំណើរការនៃការបែងចែកដីសម្បទានសង្គមកិច្ចឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺបានបញ្ចប់ជាស្ថាពរ មានរយៈពេលមួយឆ្នាំ ចាប់ពីខែតុលាឆ្នាំ២០១៨ ហើយបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលដីសម្បទានសង្គមកិច្ចទាំងនោះមាន២ទីតាំង គឺទីតាំងទី១ នៅចំណុចគីឡូម៉ែត្រ ៩៤-៩៦ ជាប់ផ្លូវជាតិលេខ៧៦ ដែលមានផ្ទៃដីទំហំជាង៦០០ ហិកតា ហើយចំណុចទី២ គឺនៅចំណុច ដេ៥-ដេ៦ ជាប់ព្រំប្រទល់ប្រទេសវៀតណាម មានផ្ទៃដីជាង៣ពាន់ហិកតា។ ហើយការបែងចែកជូនមុខសញ្ញាទទួលដី ពេលនេះយើងហៅថាជាសប្បទានិកបានចំនួន១.៥៤១គ្រួសារ ស្មើនឹងប្រមាណជាង ៥.៦០០នាក់ បានដោះស្រាយជូនបងប្អូនប្រជាពរដ្ឋដែលពួកគាត់បានកាន់កាប់ដីខុសច្បាប់មានលំនៅឋានជាក់ស្ដែងបានចំនួន ២៤៤គ្រួសារ និងដោះស្រាយជូនជនជាតិដើមភាគតិចស្ទៀងបានចំនួន៩៩ គ្រួសារទៀត។
សរុបនៃការបែងចែកដី និងការដោះស្រាយដីជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណនៃដីសម្បទានសង្គមកិច្ចឃុំ ២ធ្នូនេះ គឺបានរហូតទៅដល់ ១.៨៨៤ គ្រួសារហើយមានសមាជិកគ្រួសារគឺជិត ៧០០០ នាក់។
មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់លោក វ៉ា ថន បានថ្លែងថា នេះគឺជាជោគជ័យមួយក្រោមការដឹកនាំចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី បានធ្វើការណែនាំដឹកនាំផ្ទាល់មកអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិដើម្បីសម្រេចនូវការបែងចែកដីជូនប្រជាពលរដ្ឋ ហើយជាការបញ្ចប់នូវទំនាស់ដីធ្លីបាននៅក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការកៅស៊ូមេមត់ដោយបានកាត់យកដីសម្បទានសេដ្ឋកិច្ចរបស់ចំការក្រុមហ៊ុនកៅស៊ូមេមត់នេះ ប្រមាណជាង ៤ពាន់ហិកតា យកមករៀបចំជាដីសម្បទានសង្គមកិច្ច។ ហើយឥឡូវនេះដីសម្បទានសេដ្ឋកិច្ចដែលយើងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទវិញ។
ដូច្នេះរវាងប្រជាពលរដ្ឋទទួលផលនៅក្នុងដីសម្បទានសង្គមកិច្ច និងការទទួលវិនិយោគរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ជួលដីពីរដ្ឋពីក្រសួងកសិកម្មនេះ គឺញែកដាច់ពីគ្នាលែងមានទំនាស់ទៀតហើយ និងបានថ្លែងអំណរគុណចំពោះការដឹកនាំផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែចង្អុលណែនាំគ្រប់ដំណាក់កាលនៃការអនុវត្តដើម្បីក្រុមការងារសម្រេចបាន១០០% ។
លោកបញ្ជាក់ទៀតថា ចំពោះបញ្ហាប្រឈមផ្សេងយើងបានដោះស្រាយជាបន្តបន្ទាប់ហើយ បញ្ហាដែលនៅសេសសល់មានដូចជាប្រើប្រាស់ទៅប្រើប្រាស់ជាផ្លូវចូលទៅកាន់លើដីសម្បទានសង្គមកិច្ច យើងនិងសិក្សាបន្ថែមអំពីបញ្ហាអណ្តូងទឹក សំណើសុំធ្វើផ្លូវចូលទៅកាន់ដីសម្បទានសង្គមកិច្ចទាំងពីរចំណុចនេះ ហើយក៏ទទួលបានពីការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមដោះស្រាយនូវទំនាស់របស់បងប្អូន និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនក្នុងការទទួលបានដីប្រកបដោយស្របច្បាប់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕



វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩

កោះកុង ៖ លោក អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកបូទុមសាគរ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៥០នាក់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះផ្តោតសំខាន់ទៅលើ :
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ដំណើរការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
៦-បូកសរុបលទ្ធផលវេទិកា។
លោក អ៊ុន ឆាលី បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូនឡើយ។
ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្តកោះកុង សូមធានាថានឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុង ស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការវត្តរបស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង៕



វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី៣ ឆ្នាំទី១ នៅស្រុកព្រែកប្រសព្វ

ក្រចេះ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តតបសុខារាម ស្រុកព្រែកប្រសព្វ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក ប៉ែន លីណាត អភិបាលរងខេត្ត បានចូលរួមជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណតិ្តទី៣ ឆ្នាំទី១ និងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋប្រមាណជា២៥០ នាក់។
អង្គវេទិការមានបញ្ហាមួយចំនួនរួមមាន ៖ បញ្ហាខ្វះទឹកធ្វើស្រែប្រាំង ដោយប្រព័ន្ធប្រឡាយទឹកស្ទះ តម្រូវឲ្យមានស្តារ បញ្ហាសាលារៀននៅតំបន់មួយចំនួន ចាស់ទ្រុឌទ្រោម បញ្ហាទំនាស់ព្រំដីតំបន់អភិរក្ស បញ្ហាផ្លូវក្នុងស្រុក/ឃុំមានការខូចខាតតម្រូវឲ្យជួសជុល  ហើយរាល់បញ្ហាសំណូមពរខាងលើ ក៏ត្រូវបានអង្គវេទិការ និងមន្ត្រីជំនាញលើកដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋ នៅកន្លែងភ្លាមៗ បានចំនួន៥ និងសំណូមពរមួយចំនួនតម្រូវឲ្យរដ្ឋបាលខេត្តក្រចេះ និងរៀបចំធ្វើផែនការលម្អិត ដើម្បីពិនិត្យ និងរិះរកដំណោះស្រាយតាមលទ្ធភាព។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានធ្វើការឆ្លុះបញ្ចាំងអោយឃើញពីវឌ្ឍនភាពនៃការយកចិត្តទុកដាក់ក្នុងការឆ្លើយតប ក្នុងនាមមានតួនាទីបំរើសេវាជូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយនូវលទ្ធផលការងារឆ្នាំ២០១៩ និងធ្វើការពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋនូវបញ្ហាចាំបាច់ដែលជាអាទិភាព និងដើម្បីប្រមូលក្ដីកង្វល់ក្នុងមូលដ្ឋាន និងពីគ្រប់មជ្ឈដ្ឋាននានាដើម្បីរួមគ្នាកសាងសង្គមល្អ ដោយរួមគ្នាបង្កើតឡើងនូវសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យអោយកាន់តែធំធេង និងរឹងមាំឡើង ។
ការមានវេទិការជាសាធារណៈ ក៏ដើម្បីអោយបានយល់ បានដឹងពីសុខទុក្ខ ពីក្ដីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមនានានៅក្នុងជីវភាពរស់នៅ និងបង្កើតបាននូវភាពស្និតស្នាលរវាងមន្ត្រី និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋាន រួមគ្នាថែរក្សានូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដែជាកត្តាគន្លឹះដ៏មានសារៈសំខាន់ក្នុងការធ្វើអោយមូលដ្ឋាននិមួយៗមានភាពរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅដោយក្ដីសុខសាន្តដោយសារភូមិ.ឃុំមានសុវត្តិភាព ម្យ៉ាងវិញទៀត ត្រូវត្រៀមបង្ការនូវវិធានការថែរក្សាទឹកទុក ក្នុងកំឡុងពេលខាងមុខ ដែលរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាស់ពីគ្រោះរងស្ងួត ៕


គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញារវាងកូរ៉េ-អាស៊ាន និងកូរ៉េ-កម្ពុជា

(សេអ៊ូល, កូរ៉េខាងត្បូង)៖​ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ព្រមទាំងសហការីបានចូលរួម កិច្ចប្រជុំថ្នាក់ប្រមុខការិយាល័យកម្មសិទិ្ធបញ្ញាកូរ៉េ និងអាស៊ាន ស្តីពីការច្នៃប្រឌិតសម្រាប់ភាពរីកចម្រើន ភាពរីកចម្រើនសម្រាប់មនុស្សជាតិ និងសន្និសីទ ស្តីពីបច្ចេកវិទ្យាសមស្រប-អង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ និងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងពិព័រណ៍លើការផ្ទេរ និងកិច្ចសន្យាជំនួញពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញាកូរ៉េ និងអាស៊ាន នៅថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នាក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ។

នៅក្នុងឱកាសកិច្ចប្រជុំនោះដែរ ក៏បានចេញជាសេចក្តីថ្លែងការណ៍រួមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញា រវាងសាធារណរដ្ឋកូរ៉េ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការចែករំលែកបទពិសោធន៍ល្អៗលើការប្រើប្រាស់បច្ចេកវិទ្យាសមស្របពីប្រទេសជាច្រើន និងទស្សនាពិព័រណ៍លើការផ្ទេរ និងកិច្ចការជំនួញពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញា ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់បច្ចេកវិទ្យា និងការវិនិយោគក្នុងប្រទេសកម្ពុជា   ជួយអភិវឌ្ឍសហគមន៍  កាត់បន្ថយភាពក្រីក្រ  និងចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ផាក វ៉ុនចូ (PARK Wonjoo) ប្រមុខអង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ លើការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញា ក្រោមទម្រង់នៃអនុស្សរណនៃការយោគយល់គ្នារវាងកម្ពុជា និងកូរ៉េ និងកូរ៉េ-អាស៊ានកន្លងមក។ ជាពិសេស បានស្នើសុំឲ្យភាគីកូរ៉េជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ ការពង្រឹងស្ថាប័ន ការកសាងម៉ាកយីហោ និងគំនូរឧស្សាហកម្ម ការបង្កើតថ្មី។ល។ ដោយមន្ត្រីជំនាញភាគីទាំងពីរនឹងពិភាក្សា និងដាក់ចេញផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូកម្ពុជាបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ដែលបានភាគីកូរ៉េបានផ្តល់មកកម្ពុជាប្រកបដោយផ្លែផ្កាកន្លងមកនេះ ដោយឡែកភាគីកូរ៉េបានសំដែងនូវសេចក្តីរីករាយ លើការជួយជ្រោមជ្រែងកន្លងមក ហើយប្តេជ្ញាចិត្តនឹងពិនិត្យលទ្ធភាពជួយកសាង និងពង្រឹងការងារពាក់ព័ន្ធនឹងវិស័យកម្មសិទិ្ធបញ្ញា និងលើកទឹកចិត្តឲ្យមានការវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕





ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងអំណរអរគុណជូនចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ

ប៊ូសាន, សាធារណរដ្ឋកូរ៉េ៖ កិច្ចប្រជុំកំពូលជាលើកដំបូងនៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូងនោះ បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលសន្និសីទ Nurimaru APEC House នៅមាត់សមុទ្រ ក្នុងទីក្រុងប៊ូសាន ចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
កិច្ចប្រជុំកំពូលជាលើកដំបូងរវាងតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ធ្វើឡើងក្រោមប្រធានបទ «ផ្លូវទៅកាន់ទន្លេមេគង្គ»។ លោកប្រធានាធិបតី មូន ជេអ៊ីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់របស់មេដឹកនាំប្រទេសតំបន់មេគង្គរួមមាន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១១ ហើយតែងតែមានកិច្ចប្រជុំជាមួយគ្នាជាទៀងទាត់ផងដែរ។ កិច្ចប្រជុំនោះធ្វើឡើងត្រឹមកម្រិតរដ្ឋមន្ត្រីការបរទេសតែប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមើលឃើញថា កិច្ចពិភាក្សា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៅមានកម្រិត និងមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានផ្តួចផ្តើមគំនិត និងស្នើឱ្យមានការបង្កើនកម្រិតកិច្ចប្រជុំរវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ពីកម្រិតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទៅជាកិច្ចប្រជុំកម្រិតកំពូល ដូចគ្នាទៅនឹងចិន និងជប៉ុនផងដែរ។
លោក មូន ជេអ៊ីន ក្នុងពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកនេះ បើទោះបីមិនមានវត្តមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន យ៉ាងណាក៏ដោយនោះ តែលោកបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលនេះឡើង។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា ប្រសិនបើបទពិសោធន៍នៃការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានផ្សំជាមួយសក្ដានុពល នៃតំបន់មេគង្គនោះ អព្ភូតហេតុនៅលើដងទន្លេហាននឹងនាំទៅរកអព្ភូតហេតុនៃទន្លេមេគង្គ។
លោកបានគូសបញ្ជាក់ថា «កូរ៉េខាងត្បូងនឹងនៅជាមួយមេគង្គដោយជឿជាក់ថា ការអភិវឌ្ឍមេគង្គ ក៏ជាការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ»។
លោក មូន ជេអ៊ីន បានលើកឡើងដែរថា ប្រទេសតាមដងទន្លេមេគង្គ បានក្លាយជាទឹកដីពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ ហើយកូរ៉េខាងត្បូង បានក្លាយជា «មិត្តពិសេស» របស់មេគង្គ ព្រោះតំបន់នេះបានបង្កើតទំនាក់ទំនងប្រកបដោយវិបុលភាពជាមួយអាស៊ានក្នុងការត្រៀមរៀបចំសម្រាប់យុគសម័យអាស៊ី-ប៉ាស៊ីហ្វិក។
ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គទាំង៥ មានចំនួនសរុប ៨៤.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើង ២.៤ ដងក្នុងរយៈពេល៨ឆ្នាំ ក្រោយមានកិច្ចសហប្រតិបត្តិការវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គ។
លោកប្រធានាធិបតី បានកត់សម្គាល់ថា ប្រទេសតាមដងទន្លេមេគង្គ បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កូរ៉េខាងត្បូង ក្នុងនោះជំនួយអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងប្រមាណ ២០ភាគរយ ត្រូវបានផ្តល់សម្រាប់ប្រទេសតាមដងទន្លេមេគង្គទាំង៥នេះ៕







ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី២២-២៦អង្សាសេ និងអតិបរមា២៩-៣៣អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព ធាតុអាកាសជាប្រចាំទាំង នៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុង គ្របដណ្តប់លើកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖
១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ។
២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។
៣៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមាមានពី ២៥-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចបង្កើតនាយកដ្ឋានពូជដំណាំ ចំណុះអគ្គនាយកដ្ឋានកសិកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតនាយកដ្ឋានពូជដំណាំ ចំណុះអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ។
ព័ត៌មានលម្អិតសូមអានអនុក្រឹត្យ មានខ្លឹមសារដូចតទៅ៖





កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នា ផ្តោតលើវប្បធម៌-ទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការខ្សែក្រវ៉ាត់ និងវិថី

ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ ព្រមទាំងដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិន ដែលជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្រ្ត «ខ្សែក្រវ៉ាត់ និងវិថី» រវាងកម្ពុជា-ចិន។
តាមរយៈការសម្ដែងសិល្បៈរបាំ ចម្រៀង កំប្លែង សៀករហ័សកម្ម និងការពិពណ៌នាអំពីវប្បធម៌នៃប្រទេសទាំងពីរ ហាក់បង្ហាញថា មហាមិត្តកម្ពុជា-ចិន កំពុងឈានឆ្ពោះទៅសម្រេចបានការកសាង «សហគមន៍ជោគវាសនារួមគ្នា»។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះដែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិជាច្រើនកុះករ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
មុនចាប់ផ្ដើមការសម្ដែងសិល្បៈ លោក វ៉ាង វិនធាន បានថ្លែងថា ការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននាពេលនេះ គឺពិតជាបានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់មានភាពល្អប្រសើរថែមទៀតក្នុងក្របខណ្ឌយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់ និងវិថី»។
លោកឯកអគ្គរដ្ឋទូតបានបន្តថា តាមរយៈការសម្ដែងសិល្បៈនេះ កាន់តែធ្វើឱ្យប្រជាជនទាំងពីរស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាផ្សព្វផ្សាយពីវិស័យវប្បធម៌ និងទេសចរណ៍ទៅកាន់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងដែរថា ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អចេះជួយយកអាសាគ្នាទៅវិញទៅមក។ ប្រជាជនទាំងពីរមានភាពស្រដៀងគ្នា និងចែករំលែកនូវប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានបន្តថា ទំនាក់ទំនងនេះត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត នាពេលបច្ចុប្បន្ន ក្រោមស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពីព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង។
លោករដ្ឋមន្ត្រីបានបន្ថែមថា «កម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន និងពិភពលោកទាំងមូល»៕



ព្រះមហាក្សត្រ៖ សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង។
ការកោតសរសើររបស់ព្រះមហាក្សត្រធ្វើឡើងតាមរយៈព្រះរាជសារចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ និងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្តរជាតិលើកទី៣៧ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ក្នុងព្រះរាជសារ ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង តាមរយៈការលើកកម្ពស់ កំណើនការងារ និងអាជីពសមស្រប ព្រមទាំងការពង្រឹងភាពជាម្ចាស់ការ ដោយលើកទឹកចិត្តដល់ជនមានពិការភាព មានមុខរបរផ្ទាល់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលទៀតថា សមិទ្ធផលរយៈពេល៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងមក បានធ្វើឱ្យជនមានពិការភាព ទទួលបានទាំងសេវាសុខភាព ប្រកបដោយគុណភាព និងសមធម៌ ព្រមទាំងការស្តារលទ្ធភាព ពលកម្មកាយ សម្បទា និងសតិបញ្ញាបានល្អប្រសើរ។
ការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាព ដើម្បីសម្តែងមតិទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ត្រូវបានលើកទឹកចិត្តទាំង នៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងការធានាបាននូវសកម្មភាពសង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ ដែលធ្វើឱ្យជនមានពិការភាពទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ព្រះមហាក្សត្របានជំរុញឲ្យមានការលើកទឹកចិត្ត និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តការគាំទ្រ ដល់សកម្មភាពនានារបស់ជនមានពិការភាព ដើម្បីលុបបំបាត់ឧបសគ្គរារាំងឈាន ទៅពង្រឹងភាពជាម្ចាស់ការឱ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព។
ព្រះអង្គក៏បានអរគុណចំពោះសហគមន៍ជាតិ និងអន្តរជាតិដែលមានទឹកចិត្តសប្បុរស បានផ្តល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងថវិកាដ៏ច្រើន ដើម្បីជួយឱ្យវិស័យ
ពិការភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕