យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមាន ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បង្ហោះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នេះបានឱ្យដឹងថា សម្តេចតេជោ បានផ្ញើសាររំលឹកដល់ថ្ងៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោត្តមសីហនុ និងផលវិបាកនៃសង្រ្គាមស៊ីវិល។
សម្តេចតេជោ បានលើកឡើងថា ថ្ងៃស្អែកគឺជាខួប ៤៦ ឆ្នាំ នៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោតម្ត សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា ១៩៧០-១៨មិនា ២០១៦)។ផ្តើមពី រដ្ឋប្រហារយោធានេះហើយ ដែលកម្ពុជាយើងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមបានដាក់មនុស្សគ្រប់រូប ពិសេសយុវជន ឱ្យស្ថិតនៅជាចំណាប់ខ្មាំង នៃសង្គ្រាមដែលគ្មានផ្លូវទី៣សំរាប់ជ្រើសរើសនោះទេ។ ស្ថិតនៅតំបន់ណា ត្រូវធ្វើទាហាន ឬបំរើឱ្យរបបគ្រប់គ្រងនៃតំបន់នោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា មានមនុស្សត្រូវស្លាប់ របួស ពិការយ៉ាងច្រើន និងខូចខាតទ្រព្យសម្បត្តិស្ទើរគ្មានសល់។ មកដល់របប ប៉ុល ពត របបនេះបានបំផ្លិចបំផ្លាញដល់ប្ញសគល់ជាមួយនឹងការស្លាប់ជីវិតមនុស្សរាប់លាននាក់។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងបានប្រឹងរស់ ប្រឹងតស៊ូ ដើម្បីការរស់រានមានជីវិតរបស់ជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលក៏បានខិតខំកសាងជាតិឡើងវិញជាមួយនឹងការខិតខំស្វែងរកសន្តិភាពតាមរយះកិច្ចព្រមព្រៀងក្រុងប៉ារីស និងចុងក្រោយតាមរយៈនយោបាយឈ្នះ-ឈ្នះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីសម្តេចជាជនរងគ្រោះនៃរដ្ឋប្រហារ នៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាផ្សេងទៀតរហូតក្លាយខ្លួនជាជនពិការក្តី ក៏ប៉ុន្តែសម្តេច មានមោទនៈភាពដោយបានរួមចំណែកដឹកនាំប្រទេសពីសង្គ្រាមមកកាន់សន្តិភាព និងការអភិវឌ្ឍន៍រហូតសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជា រួបរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាពដែលយើងរកបានទាំងលំបាកឱ្យបានគង់វង្ស ដែលជាលក្ខខណ្ឌមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍន៍៕