ពាក្យថាទ្រុស្តសីលនេះ មានន័យថាះ
"ដែលមានសីលមិនបរិសុទ្ធ "ហើយភិក្ខុទ្រុស្តសីល គឺជាអ្នកបួសមិនសង្រួមក្នុងសិក្ខាបទ
និងបដិបត្តិផ្ទុយទៅនឹងវិន័យដែលព្រះពុទ្ធជាបរមគ្រូបាន ត្រាស់សម្តែង និងបញ្ញត្តិទុកមកនោះ។
ដូច្នេះ ភិក្ខុ ឬអ្នកបួសដែលទ្រុស្តសីល មិនអាចចាត់ចូល ឬហៅថាជាសង្ឃបានឡើយ
ព្រោះថាសង្ឃដែលជាសាវក ជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា តាមរយៈការខិតខំរៀនសូត្រធ៌មវិន័យរបស់ព្រះសម្មាសម្ពុទ្ធ រួចហើយក៏បដិបត្តិតាមធ៌មវិន័យនោះ យ៉ាងខ្ជាប់ខ្ជួន
មិនឲ្យពពាលពព្រុសធ្លុះធ្លាយឡើយ។ លើសពីនេះទៀត ព្រះអង្គនៅបានផ្សព្វផ្សាយទូន្មានប្រៀនប្រដៅពុទ្ធបរិស័ទដទៃទៀត ឲ្យបានយល់ដឹងអំពីធម៌វិន័យ និងតម្លៃសីលធម៌ព្រះពុទ្ធសាសនាថែមទៀតផង។
មានការប្រៀបធៀបខ្លះៗថា ភិក្ខុទ្រុស្តសីលជាបុគ្គលកម្រនឹងជម្រះខ្លួនឲ្យបានស្អាតល្អហាក់ដូចជារណ្តៅលាមកដែលក្តាំងអស់កាលយូរអង្វែងឆ្នាំ
ជាអ្នកសាបសូន្យស្រឡះចាកគុណជារបស់នៃសមណៈ ហាក់ដូចជាអង្កត់ឧសដែលសល់អំពីដុតខ្មោច
បើទុកជាប្តេជ្ញាខ្លួនថា ជាភិក្ខុ ក៏នៅជាមិនមែនភិក្ខុដដែល ហាក់ដូចជាភ្លើងនៅក្នុងព្រៃស្មសានដែលមិនគួរឲ្យព្រាហ្មណ៍ទាំងឡាយបូជា ជាបុគ្គលអភ័ព្វក្នុងកិរិយាត្រាស់ដឹងនូវគុណវិសេស
ហាក់ដូចជាមនុស្សពិការភ្នែក ដែលអភ័ព្វក្នុងការឃើញរូបជាបុគ្គលផុតសង្ឃឹមក្នុងព្រះសទ្ធម្ម
ហាក់ដូចជាចណ្ឌាលកុមារ(untou‑chable boy)ដែលផុតសង្ឃឹមក្នុងការឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ។ល។និង។ល។
ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ សូមលើកយកតែទោសនៃការបរិភោគប្រើប្រាស់បច្ច័យបួនរបស់ភិក្ខុទ្រុស្តសីល មកពិភាក្សាស្របទៅតាមគម្ពីរ ដីកានានា ជាពិសេសគម្ពីរវិសុទ្ធិមគ្គ
ភាគ១ ដែលសំដែងអំពី សីលនិទ្ទេសតែប៉ុណ្ណោះ។ បច្ច័យបួនរួមមាន៖ ចីវរបច្ច័យ ( Clothing
), បិណ្ឌបាតបច្ច័យ (Food), សេនាសនបច្ច័យ (shelter) និងគិលានភេសជ្ជៈបច្ច័យ (medicine)។
បច្ច័យទាំងបួននេះ ពិតមែនតែជាបច្ច័យដែលពុទ្ធបរិស័ទ ជាគ្រហស្ថបានថ្វាយប្រគេនសង្ឃហើយក៏ដោយ ក៏នៅតែជាមរតករបស់ព្រះពុទ្ធជាបរមគ្រូ ហៅថាបច្ច័យមរតកបន្ថែមទៅលើធម្មមរតកដែលព្រះអង្គបានបន្សល់ទុកអោយ ព្រោះថា បច្ច័យទាំងនេះកើតចេញមកតែពីសទ្ធារបស់ទាយកទាយិកាចំពោះព្រះពុទ្ធអង្គប៉ុណ្ណោះ។
ដូច្នេះ ការបរិភោគ ប្រើប្រាស់បច្ច័យទាំងបួននេះត្រូវតែប្រកបដោយការកោតក្រែងចំពោះព្រះពុទ្ធជាបិតា។
ចំពោះភិក្ខុដែលទ្រុស្តសីល ការបរិភោគប្រើប្រាស់នូវបច្ច័យបួននេះ
គឺជាការលួចប្រើប្រាស់បច្ច័យទាំងនោះរបស់គេ
គឺជាចោរលួចនូវមរតករបស់ព្រះបរមគ្រូ ព្រោះព្រះអង្គទ្រង់អនុញ្ញាតិនូវបច្ច័យទាំងឡាយបួននេះ។
រីឯទោសនៃការបរិភោគប្រើប្រាស់បច្ច័យបួនរបៀបជាចោរនេះ មានទម្ងន់ធ្ងន់ជាងបុគ្គលដែលទទួលទានដុំលោហៈដែលកំពុងឆេះ
និងហ៊ុំព័ទ្ធដោយបន្ទះដែកដែលកំពុងឆេះទៅទៀត ព្រោះបុគ្គលខាងលើនេះ មានការឈឺចាប់
និងស្លាប់បាន តែបន្ទាប់ពីស្លាប់ទៅមិនបានទៅកើតក្នុងអបាយភូមិ
មានអវចី នរកជាដើមដូចជាភិក្ខុទ្រុស្តសីលដែលបរិភោគ ប្រើប្រាស់បច្ច័យទាំងបួននោះឡើយ។
ការលើកឡើងនូវទ្រឹស្តីខាងលើនេះ គឺសំដៅចូលរួមចំណែកចែករំលែកចំណេះដឹងក្នុងចំណោមពុទ្ធបរិស័ទដែលជាទាយក ទាយិកាអ្នកធ្វើទានឲ្យបានយល់ដឹងបន្ថែមទៀតទៅលើការធ្វើទានដែលបានផលច្រើន
និងមិនបានផលនោះ គឺការធ្វើទានប្រកបដោយបញ្ញា និងមិនប្រកបដោយបញ្ញា
ជាពិសេសការធ្វើទានជាមួយសង្ឃដែលជាសាវកពិតប្រាកដ និងជាមួយភិក្ខុទ្រុស្តសីល ឬសង្ឃក្លែងក្លាយ។
ធម្មតា អ្នកដែលអាចធ្វើទានបាន លុះណាតែមានសទ្ធាគឺការជឿទៅលើគុណព្រះពុទ្ធគុណព្រះធម៌ គុណព្រះសង្ឃ។ សទ្ធាគឺជឿថាធ្វើបុណ្យ បានបុណ្យ ធ្វើបាប
បានបាប មាតាបិតាមានគុណ ជាដើម។ល។ ប៉ុន្តែព្រះពុទ្ធជាបរមគ្រូបានប្រៀនប្រដៅថា សទ្ធាត្រូវតែប្រកបដោយបញ្ញា។
ព្រះអង្គតែងតែសំដែងអំពីសទ្ធាពីខាងដើម និងបញ្ញាជាខាងចុងជាដរាប។
ដូច្នេះ ពុទ្ធបរិស័ទមិនត្រូវជាមនុស្សងាយក្នុងការអូសទាញទៅរកអំពើជាអកុសលណាមួយ និងឆាប់ជឿការបោកប្រាស់ ញុះញង់បំបែកបំបាក់ពីសំណាក់បុគ្គលជាអសប្បុរស ទ្រុស្តសីល ដែលនាំទៅរកការវិនាសអន្តរាយដល់សីលដែលខ្លួន បាន និងកំពុងសមាទាន និងធ្វើឧ្យទានទាំងឡាយដែលខ្លួនបានបរិច្ចាគទៅជាឥតប្រយោជន៍ទៅវិញ។
នៅក្នុងវិស័យសាសនា និយាយរួម និងក្នុងព្រះពុទ្ធសាសនា និយាយដោយឡែកដរាបណាអ្នកបួសជាសង្ឃសាវករបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់
មិនបានបដិបត្តិដោយល្អតាមធម៌ តាមវិន័យដែលព្រះអង្គបានត្រាស់សំដែង
និងបញ្ញត្តិទុកមក និងម្យ៉ាងទៀត ពុទ្ធបរិស័ទជាគ្រហស្ថមិនមានការយល់ដឹងឲ្យស៊ីជំរៅទៅក្នុងធម៌ ក្នុងវិន័យទេនោះ ហើយធ្វើការគោរពបូជាទាំងងងិតងងល់
និងមានសទ្ធា (ជឿ) ដោយខ្វះបញ្ញានោះ សាសនានេះ នឹងឈានទៅរកការវិនាសអន្តរាយជាមិនខាន។
ដោយសារហេតុផលដូចខាងលើនេះហើយ បានជាមុនព្រះអង្គយាងចូលបរិនិព្វាន
ព្រះពុទ្ធជាបរមគ្រូនៃយើង
បានផ្តាំផ្ញើសាសនារបស់ព្រះអង្គនឹងបរិស័ទបួនពួក គឺភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិការ។
ដូច្នេះ បុគ្គលទាំងបួនពួកនេះជាអ្នកទទួលខុសត្រូវចំពោះការរីកចំរើន ឬការវិនាសអន្តរាយរបស់ព្រះសាសនានេះ។
ទន្ទឹមនឹងនេះព្រះអង្គក៏បានផ្តាំផ្ញើនឹងព្រះអានន្ទផងដែរថា ម្នាលអាន្ទ «
ធម៌ក្តី វិន័យក្តី ដែលតថាគតសំដែងហើយ
បញ្ញត្តិហើយដល់អ្នកទាំងឡាយ លុះអំណិះអត់ពីតថាគតទៅ ធម៌ និងវិន័យនោះជាគ្រូរបស់អ្នកទាំងឡាយហើយ។
ចំណែកឯការបូជាចំពោះព្រះអង្គវិញ ព្រះពុទ្ធបានសំដែងថា « ម្នាលអានន្ទ
! បុគ្គលណាមួយ ទោះភិក្ខុក្តី
ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកា អ្នកប្រតិបត្តិនូវធម៌
សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ បុគ្គលនោះឈ្មោះថាធ្វើសក្ការៈ
គោរពរាប់អាន បូជាតថាគតដោយគ្រឿងបូជាដ៏ឧត្តម» ៕
អត្ថបទ៖
សុខ សាធ អ្នកនិពន្ធ និងរៀបរៀងសៀវភៅ កម្រង «កំណប់សីលធម៌ និងអភិសមាចារ»