Tuesday, October 21, 2014

ទស្សនៈ ទោសក្នុងសីលវិបត្តិ នៃភិក្ខុទ្រុស្តសីល

ពាក្យថាទ្រុស្តសីលនេះ មានន័យថាះ "ដែលមានសីលមិនបរិសុទ្ធ "ហើយភិក្ខុទ្រុស្តសីល គឺ​ជាអ្នកបួសមិនសង្រួមក្នុងសិក្ខាបទ និងបដិបត្តិផ្ទុយទៅនឹងវិន័យដែលព្រះពុទ្ធជាបរមគ្រូបាន ត្រា​ស់សម្តែង និងបញ្ញត្តិទុកមកនោះ។

ដូច្នេះ ភិក្ខុ ឬអ្នកបួសដែលទ្រុស្តសីល មិនអាចចាត់ចូល ឬហៅថាជាសង្ឃបានឡើយ ព្រោះថាសង្ឃដែលជាសាវក ជាអ្នកទ្រ​ទ្រង់​ព្រះពុទ្ធសាសនា តាមរយៈការខិតខំរៀនសូត្រធ៌ម​វិន័យ​របស់ព្រះសម្មាសម្ពុទ្ធ រួចហើយក៏បដិបត្តិតាមធ៌មវិន័យនោះ យ៉ាងខ្ជាប់ខ្ជួន មិនឲ្យ​ពពាល​ពព្រុសធ្លុះធ្លាយឡើយ។ លើសពីនេះទៀត ព្រះអង្គនៅបានផ្សព្វផ្សាយ​​​​ទូន្មានប្រៀនប្រដៅ​ពុទ្ធ​បរិស័​ទ​ដទៃទៀត ឲ្យ​បាន​យល់​ដឹងអំពីធម៌វិន័យ និងតម្លៃសីលធម៌ព្រះពុទ្ធសាសនា​ថែមទៀ​តផង។
មានការប្រៀបធៀបខ្លះៗថា ភិក្ខុទ្រុស្តសីលជាបុគ្គលកម្រនឹងជម្រះខ្លួនឲ្យ​បានស្អាតល្អ​ហាក់​ដូចជារណ្តៅ​​លាមក​ដែលក្តាំង​អស់​កាល​យូរអង្វែងឆ្នាំ ជាអ្នកសាបសូន្យស្រឡះចាកគុណជា​របស់នៃសមណៈ ហាក់ដូចជាអង្កត់ឧសដែលសល់អំពីដុតខ្មោច បើ​ទុក​ជា​ប្តេជ្ញាខ្លួនថា ជាភិក្ខុ ក៏នៅ​ជាមិនមែនភិក្ខុដដែល ហាក់ដូចជាភ្លើងនៅក្នុង​ព្រៃស្មសានដែលមិនគួរ​ឲ្យព្រាហ្មណ៍​ទាំង​ឡាយ​បូជា ជាបុគ្គលអភ័ព្វក្នុងកិរិយាត្រាស់ដឹងនូវគុណវិសេស ហាក់ដូចជាមនុស្សពិការភ្នែក ដែល​​​អភ័ព្វក្នុងការឃើញរូបជាបុគ្គលផុតសង្ឃឹមក្នុងព្រះសទ្ធម្ម  ហាក់ដូចជាចណ្ឌាល​កុមារ​(untou‑​chable boy)ដែល​​ផុតសង្ឃឹមក្នុងការឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ។ល។និង។ល។

ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ សូមលើកយក​តែទោស​នៃការ​បរិភោគ​ប្រើប្រាស់​បច្ច័​យ​​បួន​​របស់​ភិក្ខុទ្រុស្តសីល មកពិភាក្សាស្របទៅតាមគម្ពីរ ដីកានានា ជាពិសេស​គម្ពីរវិសុទ្ធិ​មគ្គ ភាគ១ ដែលសំដែងអំពី សីលនិទ្ទេសតែប៉ុណ្ណោះ។ បច្ច័យបួនរួមមាន៖ ចីវរបច្ច័យ ( Clothing ), បិណ្ឌ​​បាត​បច្ច័យ (Food), សេនាសបច្ច័យ (shelter) និងគិលានភេសជ្ជៈបច្ច័យ (medicine)

បច្ច័យទាំងបួននេះ ពិតមែនតែជាបច្ច័យដែលពុទ្ធបរិស័ទ ជាគ្រហស្ថបានថ្វាយ​ប្រគេន​សង្ឃ​ហើយក៏ដោយ ក៏នៅតែ​ជាមរតក​របស់​ព្រះ​ពុទ្ធជាបរមគ្រូ ហៅថាបច្ច័យមរតកបន្ថែមទៅលើ​ធម្មមរតក​​ដែលព្រះអង្គបានបន្សល់ទុកអោយ ព្រោះថា បច្ច័យទាំងនេះកើតចេញមកតែពីសទ្ធា​របស់​​ទាយកទាយិកាចំពោះព្រះពុទ្ធអង្គប៉ុណ្ណោះ។ ដូច្នេះ ការបរិភោគ ប្រើប្រាស់បច្ច័យទាំងបួននេះ​​ត្រូវតែ​​​ប្រកប​ដោយ​ការ​កោត​ក្រែង​ចំពោះព្រះពុទ្ធជាបិតា។

ចំពោះភិក្ខុដែលទ្រុស្តសីល ការបរិភោគប្រើប្រាស់នូវបច្ច័យបួននេះ គឺជាការលួចប្រើប្រាស់​​បច្ច័យទាំងនោះរបស់គេ គឺជាចោរ​លួច​នូវ​មរតក​របស់ព្រះបរមគ្រូ ព្រោះព្រះអង្គទ្រង់អនុញ្ញាតិនូវបច្ច័យ​​​​ទាំងឡាយបួននេះ។ រីឯទោស​នៃការបរិភោគ​ប្រើប្រាស់​បច្ច័យបួន​របៀប​ជាចោរ​នេះ មានទម្ងន់​​ធ្ងន់ជាងបុគ្គលដែលទទួលទានដុំលោហៈដែលកំពុងឆេះ និងហ៊ុំព័ទ្ធដោយបន្ទះដែកដែលកំពុង​​​​​ឆេះទៅទៀត ព្រោះ​បុគ្គល​ខាងលើនេះ មានការឈឺចាប់ និងស្លាប់បាន តែបន្ទាប់ពីស្លាប់ទៅមិនបានទៅកើតក្នុងអបាយភូមិ មានអវចី នរកជា​ដើម​ដូច​ជាភិក្ខុទ្រុស្តសីលដែលបរិភោគ ប្រើប្រាស់​​​បច្ច័យទាំងបួននោះឡើយ។

ការលើកឡើងនូវទ្រឹស្តីខាងលើនេះ គឺសំដៅចូលរួមចំណែកចែករំលែកចំណេះដឹងក្នុងចំណោម​​​ពុទ្ធបរិស័ទ​​ដែលជាទាយក ទាយិកា​អ្នកធ្វើទានឲ្យបានយល់ដឹងបន្ថែមទៀតទៅលើការធ្វើ​ទានដែលបានផលច្រើន និងមិនបានផលនោះ គឺការធ្វើទានប្រកបដោយបញ្ញា និង​មិនប្រកបដោយបញ្ញា ជាពិសេសការធ្វើទានជាមួយសង្ឃដែលជាសាវកពិតប្រាកដ និងជាមួយភិក្ខុទ្រុស្តសីល ឬសង្ឃក្លែងក្លាយ។

ធម្មតា អ្នកដែលអាចធ្វើទានបាន លុះណាតែមានសទ្ធាគឺការជឿទៅលើគុណព្រះពុទ្ធគុណ​​​ព្រះធម៌ គុណព្រះសង្ឃ។ សទ្ធាគឺ​ជឿ​ថា​ធ្វើបុណ្យ បានបុណ្យ ធ្វើបាប បានបាប មាតា​បិតា​មាន​គុណ ជាដើម។ល។ ប៉ុន្តែព្រះពុទ្ធជាបរមគ្រូបានប្រៀនប្រដៅថា សទ្ធាត្រូវតែប្រកប​ដោយ​បញ្ញា​។ ព្រះអង្គតែងតែសំដែងអំពីសទ្ធាពីខាងដើម និងបញ្ញាជាខាងចុងជាដរាប។

ដូច្នេះ ពុទ្ធ​បរិស័ទមិនត្រូវជាមនុស្សងាយក្នុងការអូសទាញ​​ទៅរកអំពើជាអកុសលណាមួយ និងឆាប់ជឿការបោកប្រាស់ ញុះញង់​បំបែក​បំបាក់ពីសំណាក់បុគ្គលជាអសប្បុរស ទ្រុស្តសីល ដែល​នាំទៅរកការវិនាសអន្តរាយដល់សីលដែលខ្លួន បាន និងកំពុងសមាទាន និងធ្វើឧ្យទានទាំងឡាយដែលខ្លួនបានបរិច្ចាគទៅជាឥតប្រយោជន៍ទៅវិញ។

នៅក្នុងវិស័យសាសនា និយាយរួម  និងក្នុងព្រះពុទ្ធសាសនា និយាយ​ដោយឡែក​ដរាប​ណា​អ្នកបួសជា​សង្ឃ​សាវក​របស់​ព្រះ​សម្មា​សម្ពុទ្ធជាអម្ចាស់ មិនបានបដិបត្តិដោយល្អតាមធម៌ តាម​​វិន័យដែលព្រះអង្គបានត្រាស់សំដែង និងបញ្ញត្តិទុកមក និងម្យ៉ាងទៀត ពុទ្ធបរិស័ទជា​គ្រហស្ថ​មិនមានការយល់ដឹងឲ្យ​ស៊ី​ជំរៅទៅក្នុងធម៌ ក្នុងវិន័យទេនោះ ហើយ​ធ្វើការគោរព​បូជា​ទាំង​ងងិតងងល់ និងមានសទ្ធា (ជឿ) ដោយខ្វះបញ្ញានោះ សាសនានេះ នឹងឈានទៅ​រកការ​វិនាស​អន្តរាយជាមិនខាន។

ដោយសារហេតុផល​ដូចខាងលើនេះ​ហើយ បាន​ជាមុន​ព្រះអង្គ​យាង​ចូលបរិនិព្វាន ព្រះ​ពុទ្ធ​ជាបរមគ្រូនៃយើង បានផ្តាំ​ផ្ញើសាសនា​របស់​ព្រះអង្គនឹងបរិស័ទបួនពួក គឺភិក្ខុ ភិក្ខុនី ឧបាសក និង​ឧបាសិការ។ ដូច្នេះ បុគ្គល​ទាំងបួនពួកនេះ​ជាអ្នក​ទទួលខុស​ត្រូវចំពោះ​ការ​រីកចំរើន ឬការ​វិនាស​​​អន្តរាយរបស់ព្រះសាសនានេះ។ 

ទន្ទឹមនឹងនេះព្រះអង្គក៏បានផ្តាំផ្ញើនឹងព្រះអានន្ទផងដែរថា ម្នាល​អាន្ទ « ធម៌ក្តី​ វិន័យ​ក្តី​  ដែល​តថាគតសំដែងហើយ បញ្ញត្តិ​ហើយ​ដល់​អ្នក​ទាំងឡាយ លុះអំណិះអត់ពីតថាគតទៅ ធម៌ និង​វិន័យនោះជាគ្រូរបស់អ្នកទាំងឡាយហើយ។ ចំណែកឯការបូជាចំពោះព្រះអង្គវិញ ព្រះ​ពុទ្ធ​បាន​​សំដែងថា « ម្នាលអានន្ទ ! បុគ្គលណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី  ឧបាសកក្តី ឧបាសិកា​ ​អ្នក​ប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិ​បត្តិ​ដោយ​សេចក្តីកោតក្រែង ប្រព្រឹត្ត​តាមធម៌ បុគ្គល​នោះ​ឈ្មោះថាធ្វើសក្ការៈ  គោរពរាប់អាន បូជាតថាគតដោយគ្រឿង​បូជាដ៏ឧត្តម» ៕


អត្ថបទ៖  សុខ សាធ អ្នកនិពន្ធ​ និងរៀបរៀងសៀវភៅ កម្រង «កំ​ណប់​សីលធម៌ និង​​អភិសមាចារ»

No comments:

Post a Comment