កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ រោងចក្រ នីស៊ីគូ (Nishiku) ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានបាក់ស្រុត ដែលបណ្តាលឲ្យកម្មកររងរបួសមួយចំនួន ក្នុងនោះកម្មករចំនួន៨នាក់ ៦នាក់រងរបួសត្រូវចំ ខ្នង ដៃ និងជើង និងកម្មករ២នាក់របួសស្រាល ដោយគ្រាន់តែមានអាការៈភ័យថប់ដង្ហើម វឹលមុខ និងអស់កម្លាំង ដែលបណ្តាលមកពីការបាក់ស្រុតអគាររោងចក្រ ដោយការធ្លាក់ម៉ាស៊ីនដេរ និងសម្ភារៈមួយចំនួនសង្កត់ពីលើ តែគ្មានកម្មករណាម្នាក់រងរបួសធ្ងន់ និងបាត់បង់ជីវិតនោះទេ។
លោក គឹម ចាន់សំណាង និងលោក សាត់ ឈាងហួរ តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានឲ្យដឹងថា យោងតាមការសាកសួរ ពីសមត្ថកិច្ច និងកម្មករនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ខណៈពេលដែលកម្មករ កម្មការីនីប្រមាណជា៣០០នាក់ កំពុងធ្វើការ ស្រាប់តែលឺសម្រឹបបាក់ស្រុតនៃអគាររោងចក្រ កម្មករក៏ជ្រួលច្រប់ នាំគ្នារត់គេចចេញក្រៅ ខណៈដែលមានម៉ាស៊ីនកាត់ដេរ ធ្លាក់ចុះក្រោម បណ្តាលឲ្យត្រូវរបួសដល់កម្មករមួយចំនួន។ ភ្លាមៗបន្ទាប់ពីហេតុការណ៍បាក់ស្រុតអគារ កម្មករចំនួន៨នាក់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ។
កម្មករទាំង៨នាក់ដែលរងរបួស មានឈ្មោះ ១‑ នួន ធី ភេទស្រីអាយុ៣៣ឆ្នាំ នៅភូមិរវាង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ២‑ ឈ្មោះ ចាន់ រ៉ុង ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ៣‑ ឈ្មោះ ឌួង ម៉ាឡៃ ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិ រវាង ឃុំរវាង ស្រុកសំរោង ៤‑ ឈ្មោះ សៀង សុផាន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិរវាង ស្រុកសំរោង ៥‑ ឈ្មោះអឿ ពេជ្រ អាយុ ៤៦ឆ្នាំ នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី និងទី៦‑ ឈ្មោះ ឆន ធាវី ភេទស្រី អាយុ២៩ឆ្នាំ នៅឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ៧‑ ឈ្មោះ ខន ផារី អាយុ២៤ឆ្នាំ នៅភូមិរុន ឃុំចំបក់ ស្រុកបាទី និងទី៨‑ ឈ្មោះ វង្ស ច្រឹប អាយុ ២៦ឆ្នាំ នៅភូមិរុន ឃុំចំបក់ ស្រុកបាទី មានអាការៈថប់ៗដង្ហើម ដោយការភ័យ។ លោក គឹម ចាន់សំណាង តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា តាមព័ត៌មាន គឺនៅមានកម្មករមួយចំនួនទៀតរបួសស្រាល និងបានធ្វើដំណើរត្រឡប់ទៅសម្រាកព្យាបាលនៅតាមផ្ទះរាងៗខ្លួន។ ក្នុងករណីនេះ ក្រុមការងាររបស់លោក នឹងបន្តស្រាវជ្រាវ ដើម្បីទៅចុះជួបសួរសុខទុក្ខបន្តទៀត។
លោក គឹម ចាន់សំណាង នៅបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តតាកែវ និងក្រុមការងាររបស់កាកបាទក្រហមកម្ពុជានឹងចុះទៅជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្មករដែលរងរបួសនៅថ្ងៃស្អែក។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងសហការជាមួយអ្នកជំនាញពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ពិនិត្យឡើងវិញ អំពីមូលហេតុនៃការបាក់ស្រុតអគាររោងចក្រ នីស៊ីគូ នោះ ជាមួយនឹងការរកមូលហេតុពិតប្រាកដថា តើការសាងសង់អគារនោះ បានធ្វើឡើងត្រឹមត្រូវតាមស្តង់ដាររោងចក្រ ដែរឬអត់ ហើយនិងមានសំណូមពរផ្សេងៗទៀតដល់ថៅកែរោងចក្រ ដើម្បីឲ្យពិនិត្យឡើងវិញអំពីបច្ចេកទេសនៃសំណង់។ ឯកឧត្តម ក៏បានជម្រាបថា រូបឯកឧត្តមផ្ទាល់ និងអភិបាលរងខេត្តតាកែវ និងកាកបាទក្រហមកម្ពុជា នឹងរៀបបចំអំណោយមួយចំនួនដើម្បីយក ទៅចែកជូនដល់កម្មកររងបួស នៅព្រឹកស្អែក និងបានឲ្យដឹងថា នៅពេលនេះ ក្រុមការងាររបស់ខេត្ត និងមន្ត្រីកាកបាទក្រហមកម្ពុជាបានចុះទៅជួបផ្ទាល់ជាមួយកម្មកររង របួសហើយ។
សូមរំលឹកថា សំណង់រោងចក្រ នីស៊ីគូ នៅឃុំពត់សរ ស្រុកបាទី មានទទឹង៥ម៉ែត្រ និងបណ្តាយ៥០ម៉ែត្រ ដោយផ្នែកមួយនៅខាងក្រោមក្នុងរោងចក្រ អគារB ផ្នែកខាងត្បូង មានសាងសង់អាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងរោងចក្រ ហើយនៅពេលបាក់ស្រុត ម៉ាស៊ីនដេរមួយចំនួនបានធ្លាក់ចូលទឹក និងបណ្តាលឲ្យត្រូវកម្មកររងរបួសមួយចំនួន។
ការចុះទៅជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់កម្មករ គឺជាកាយវិការដ៏ប្រពៃបំផុត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ អភិបាល នៃគណៈអភិបាលខេត្តតាកែវ កាកបាទក្រហមកម្ពុជា អាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅក្នុងការងារមនុស្សធម៌ និងការយកជួយទុក្ខធុរៈគិតគូរដល់កម្មករគ្រប់ពេលវេលា ដើម្បីធានាបាននូវការរស់នៅសមរម្យជូនកម្មករ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕










No comments:
Post a Comment